Saturday, May 19, 2018

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១២២)


ទុក្ខកើតក្នុងលំដាប់នៃសុខ ទុក្ខនិងសុខជាគូនឹងគ្នា រមែងផ្លាស់ប្តូរគ្នាឲ្យផលម្ដងម្នាក់, ជួនកាលក៏ទុក្ខ ជួនកាលក៏សុខ ទុក្ខនិងសុខជាធម្មជាតិមានប្រចាំគតិធម្មតា, បុគ្គលនឹងប្រាថ្នាយកតែសុខដោយចំណែកមួយពុំបានឡើយ ព្រោះខុសនឹងគតិធម្មតា ។

ព្រោះហេតុនោះ ក្នុងខណៈណាដែលបុគ្គលបានសោយសុខ ជាផលហើយ បន្ទាប់អំពីនោះគង់នឹងបានសោយទុក្ខពុំខាន, ដូច្នេះវេលាដែលជួបប្រទះសុខនិងទុក្ខ បុគ្គលមិនគួរប្រើសោមនស្ស ឬទោមនស្សហួសប្រមាណឡើយ ។ សេចក្ដីនេះសមដូច ព្រះសម្ពុទ្ធបរមគ្រូជាម្ចាស់នៃយើង ទ្រង់ប្រដៅភិក្ខុទាំងឡាយក្នុងសាសនាមណ្ឌល ឲ្យមានសតិពិចារណាក្នុងលោកធម្មសូត្រថា សុខនេះកើតឡើងដល់អាត្មាអញហើយហ្ន៎ ! តែសុខនោះមិនទៀងទាត់ នឹងក្លាយជាទុក្ខវិញ មានសេចក្ដីប្រែប្រួលជាធម្មតា

 សូម្បីក្នុងវេលាជួបប្រទះនូវសេចក្ដីទុក្ខ ក៏ទ្រង់ត្រាស់ប្រដៅឲ្យមានសតិពិចារណា ដោយន័យដូចគ្នាថា ទុក្ខកើតឡើងដល់អាត្មាអញហើយហ្ន៎! តែទុក្ខនោះ មិនទៀង នឹងក្លាយជាសុខវិញ មានសេចក្ដីប្រែប្រួលជាធម្មតា

សុមេធជន កាលបើបានជ្រាបលក្ខណសុខទុក្ខយ៉ាងនេះហើយ សុខទុក្ខក៏មិនអាចគ្របសង្កត់ចិត្តបាន បើទុកជាគ្របសង្កត់បានខ្លះ ក៏មិនហួសប្រមាណដូចទុម្មេធជនដែរ កាលបើសុមេធជនខំប្រព្រឹត្តទាល់តែបន្ទោបង់សោមនស្ស និងទោមនស្សបានហើយ ព្រះអរហំសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ត្រាស់ប្រកាសសំដែងថា តថគត ពោលថា បុគ្គលនោះ រមែងរួចស្រឡះចាកទុក្ខបាន....


Cr. ផោក យិប
ក.សូ. ភ.១ គ.ស.១៩៥៤ ទំ.៤០៤

No comments:

Post a Comment