Saturday, June 16, 2018

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១៣២)



ជីវិតនេះមានប្រមាណតិចណាស់ តែក៏សំខាន់ណាស់ដែរ ចូរពិនិត្យមើលនូវផ្លូវបែកជាពីរ នឹងទៅកាន់ទីទាប ឬទីខ្ពស់ ទៅល្អឬអាក្រក់ យើងអាចជ្រើសរើសបានក្នុងជីវិតនេះតែប៉ុណ្ណោះ គប្បីចងចាំឃ្លានេះឲ្យច្បាស់ ហើយជ្រើសរើសសម្រេចចិត្តយកមួយណាដោយខ្លួនឯង

មនុស្សក្នុងត្រៃលោកនេះ អ្នកណាៗក៏ចង់មានអាយុវែងនេះណាស់ ហើយក៏គ្មានណាម្នាក់ចង់មានអាយុខ្លីដែរ ពួកគេខិតខំប្រឹងប្រែងថែទាំបំប៉ន ប៉ូវសរីរាង្គនេះឲ្យតាំងនៅបានយូរ ប្រឹងប្រែស្វះស្វែងរកនូវគ្រឿងប្រើប្រាស់ គ្រឿងហូបចុក ប្រយោជន៍ដើម្បីតាំងនូវអាយុនេះឲ្យបានយូរអង្វែង ប៉ុន្តែតាមការជាក់ស្ដែងមិនជាដូច្នេះឡើយ កើតមកបន្តគ្នារាល់ថ្ងៃ ហើយស្លាប់ទៅវិញក៏មានជាហូរហែមិនដែលដាច់ ព្រោះអី? ព្រោះថា មនុស្សលោកដែលស្ថិតនៅក្នុងត្រៃភពនេះ គ្មានមនុស្សណាអាចមានជីវិតអមតៈឡើយ ទោះបីក្នុងសម័យសព្វថ្ងៃនេះ មានវេជ្ជសាស្ត្រទំនើបៗ មានឱសថល្អៗមកព្យាបាលរោគក៏ដោយ គ្រាន់តែបានបណ្ដោះអាសន្នប៉ុណ្ណោះ នៅទីបំផុតក៏ត្រូវស្លាប់ទាំងអស់គ្នា ។

ពេលខ្លះ យើងដឹង យើងឮពាក្យអាយុមនុស្សមានប្រមាណតិច កុំមានក្ដីប្រមាទឲ្យសោះនេះ រាល់ៗថ្ងៃ ប៉ុន្តែមនុស្សមួយចំនួនមិនគិត មិនយកចិត្តទុកដាក់ឡើយ ពួកគេគិតថា សព្វថ្ងៃនេះពួកគេមិនទាន់ចូលដល់ដំណាក់កាលត្រូវស្លាប់ឡើយ ពួកគេកំពុងសប្បាយសោយសុខជាមួយនឹងសម្ភារៈទាំងឡាយដ៏សម្បូរបែប មិនគិត មិននឹកដល់សេចក្ដីស្លាប់ថា មានគ្រប់ដង្ហើមចេញចូលរបស់ខ្លួនឡើយ ។ ពួកគេតែងតែគិតថាមនុស្សស្លាប់ មានតែលើចាស់ៗ ក្មេងៗដូចជាពួកគេមិនស្លាប់ឡើយ ។ ពួកគេស្ថិតនៅក្នុងវ័យលូតលាស់ ដូចជាដើមឈើ មិនងាយស្លាប់ងាយៗទេ ម្លោះហើយពួកគេមិនខ្វល់នឹងរឿងសេចក្ដីស្លាប់ មិនគិតរឿងសាងអំពើល្អ សាងបុណ្យកុសលទុកសម្រាប់ខ្លួននៅពេលដែលខ្លួនចាកចេញពីលោកនេះទៅឡើយ ព្រោះពួកគេកំពុងមានផាសុកជាមួយទ្រព្យសម្បត្តិកេរអាកររបស់ឪពុកម្ដាយគេ ដោយមិនគិតថា ខ្លួនមកកាន់ទីនេះ ដោយអំណាចបុណ្យកុសលរបស់ខ្លួនឡើយ ។

លោកថាមនុស្សមានអាយុប្រមាណតិចនេះ បើយើងប្រៀបធៀបជាមួយអាយុរបស់ទេវតា និងពួកអមនុស្សផ្សេងៗគឺ មនុស្សនេះមានអាយុតិចជាងគេ ។ ជាក់ស្ដែង សេចក្ដីស្លាប់នេះ មិនមែនមានតែលើមនុស្សចាស់ មនុស្សធំ កម្លោះក្រមុំ កូនក្មេងក៏ស្លាប់ទៅរាល់ថ្ងៃដែរ ។ សេចក្ដីស្លាប់នេះ មិនរើសបុគ្គល មិនរើសពេលវេលា និងមិនរើសទីកន្លែងឡើយ ។ បុគ្គលក្មេង កម្លោះក្រមុំ ចាស់ ពាល បណ្ឌិត អ្នកក្រ អ្នកមាន ក៏ស្លាប់ទៅទាំងអស់ ស្លាប់ទៅរាល់ថ្ងៃ នៅសព្វទីកន្លែងមិនថាស្រុកខ្មែរ ស្រុកបារាំង ស្រុកអាមេរិកកាំងទេ គឺសុទ្ធតែមានមនុស្សស្លាប់ទាំងអស់ លើភពផែនដីនេះ មិនមែនកន្លែងណាមួយថា មិនមានមនុស្សស្លាប់នោះដែរ ។

ដូចនេះ មុននឹងខ្លួនចាកចេញពីលោកនេះទៅ ឬនៅក្នុងជីវិតនេះ យើងអាចមានជម្រើសពីរ ដែលខ្លួនយើងម្នាក់ៗអាចមានសិទ្ធិជ្រើសរើសយក។ ជម្រើសទី១ គឺផ្លូវឆ្វេង ឬផ្លូវអាក្រក់ ផ្លូវបាបលាមក ឬអាចថា ផ្លូវនៃសេចក្ដីវិនាស ។ ជម្រើសទី២ គឺផ្លូវស្ដាំ ផ្លូវល្អ ផ្លូវបុណ្យកុសល ដែលជាផ្លូវនាំមកនូវសេចក្ដីសុខសេចក្ដីចម្រើនដល់ខ្លួននិងអ្នកដទៃ ។

ប្រសិនបើយើងម្នាក់ៗចង់បានសេចក្ដីទុក្ខ សេចក្ដីក្ដៅក្រហាយកាយ មិនសប្បាយចិត្ត ដល់ជីវិតអាចយកជម្រើសទីមួយ ប្រសិនបើយើងចង់បានសេចក្ដីសុខ សេចក្ដីចម្រើន សុខកាយសប្បាយចិត្តក្នុងជីវិតដល់ខ្លួននិងអ្នកដទៃ អាចមានសិទ្ធិរើសចំណុចទីពីរ ។ យ៉ាងណា ជម្រើសទាំងពីរនេះ ជាជម្រើសរបស់យើងម្នាក់ៗក្នុងការសម្រេចចិត្តដោយខ្លួនឯងណ៎ា ព្រោះសុខទុក្ខខ្លួនយើងជាអ្នកសម្រេច ខ្លួនយើងជាអ្នកទទួលដោយខ្លួនឯង គ្មានបុគ្គលណាមួយមកទទួលជំនួសខ្លួនយើងឡើយ ។   




No comments:

Post a Comment