យើងមិនចូលចិត្ដលេបថ្នាំទេ
ប៉ុន្ដែពេលយើងឈឺយើងត្រូវតែលេប ។ យើងមិនចូលចិត្ដម្ជុលចាក់ថ្នាំទេ ប៉ុន្ដែពេលយើងឈឺ
យើងត្រូវតែទទួលការចាក់ថ្នាំ ។ យើងមិនចូលចិត្ដការឈឺចាប់ទេ ប៉ុន្ដែបើយើងមិនព្រមលេប
យើងនឹងឈឺធ្ងន់លើសដើម ។ របួសមិនអាចជាទៅបាន ប្រសិនបើយើងមិនព្រមទទួលការព្យាបាល ។
រឿងគ្រប់យ៉ាងនៅក្នុងជីវិត វាមិនអាចកន្លងផុតបានឡើយ ប្រសិនបើយើងមិនបានឆ្លងកាត់ ។
យើងមិនអាចទាមទារឲ្យផែនដីត្រូវតែរាបស្មើបានទេ ។ យើងមិនអាចទាមទារឲ្យអ្វីៗក្នុងលោកនេះ
ត្រូវតែស្របនឹងចិត្ដយើងតែម្នាក់ឯងបានឡើយ ។
ពេលយើងឈឺ ទោះយើងមិនចូលចិត្ដថ្នាំពេទ្យ
ក៏យើងត្រូវតែលេប ។ ពេលយើងជួបរឿងលំបាកក្នុងជីវិត ទោះយើងមិនចូលចិត្ដក៏ត្រូវតែទទួល ។
ពេលយើងព្យាយាមហាមឃាត់ព្រះអាទិត្យមិនឲ្យរះ ក៏ព្រះអាទិត្យនៅតែរះ ទោះយើងយំដល់ស្លាប់
ក៏គ្រប់យ៉ាងនៅតែដំណើរការតាមធម្មតារបស់វា
ប៉ុន្ដែប្រសិនបើយើងយល់ព្រមទទួលស្គាល់ថាគ្រប់យ៉ាងត្រូវតែបែបនេះ នោះយើងនឹងលែងឆ្ងល់ថា
ហេតុអ្វីបានជាជីវិតយើងទៅជាបែបនេះឬបែបនោះទៀតហើយ ។
ផ្អែមខ្លះ ល្វីងខ្លះ នេះគឺរសជាតិនៃជីវិត ។
រឿងលំបាកៗ តែងតែមកដល់មុនរឿងសមបំណងទាំងឡាយជានិច្ច ។ ចាស់លោកថា "នឿយមុនស្រណុកក្រោយ" ។
ឆ្លងកាត់រសជាតិល្វីងនៃថ្នាំពេទ្យ ទើបយើងអាចជាសះស្បើយពីជំងឺ។ ការឆ្លងកាត់ភាពល្វីងជូរចត់នៃភាពតស៊ូ
ទើបយើងអាចទទួលបានផ្លែផ្កាជីវិត ។ រឿងគ្រប់យ៉ាងដែលបានកើតឡើងក្នុងជីវិត
គឺសុទ្ធតែជាអ្វីដែលយើងត្រូវឆ្លងកាត់ ហើយមានតែការឆ្លងកាត់នេះទេ
ទើបយើងអាចទៅដល់គោលដៅដែលយើងចង់ទៅ ។ ត្រូវចងចាំថា ចាញ់ជាមេរៀន ឈ្នះជាជោគជ័យ ៕
ប.ភ៖ ប្រាជ្ញាជីវិត
No comments:
Post a Comment