Friday, August 24, 2018

មនុស្សស្រីដែលខ្ញុំស្រឡាញ់ !



អាចថាខ្ញុំរើសច្រើន តែខ្ញុំត្រូវតែរើសអ៊ីចឹងហើយ រឿងអនាគត មិនមែនជាល្បែងលេងបាត់ពួនទេ វាជាទំនួលខុសត្រូវ និងកាតព្វកិច្ចក្នុងភាពជាម្ចាស់ការលើជីវិតខ្លួនឯង ។ ខ្ញុំមិនដែលគិតទេថា ខ្ញុំអាចនឹងរកបានមនុស្សយល់ចិត្ដខ្ញុំម្នាក់ ហើយមានគ្រប់យ៉ាងដែលខ្ញុំចង់បាន ។ ខ្ញុំអាចជាមនុស្សមិនល្អប៉ុន្ដែបើខ្ញុំមិនល្អទៅហើយ ខ្ញុំជ្រើសរើសមនុស្សមិនល្អទៀតនោះ គឺរឹទ្ធតែមិនល្អទ្វេដង ។ ខ្ញុំដឹងថាខ្ញុំគិតច្រើន តែធម្មជាតិបង្កើតមនុស្សមកមានខួរក្បាលសម្រាប់គិត បើមិនគិតមិនខុសពីសត្វគោ ក្របី ជ្រូក មាន់ ទា ឡើយ ។

មនុស្សស្រីភាគច្រើន មុននឹងស្រឡាញ់មនុស្សប្រុស គេតែងតែសម្លឹងមើលពីក្រោយខ្នងមនុស្សប្រុស បើមានជញ្ជាំងរឹងមាំគេនឹងទៅផ្អែកជាមួយ តែបើមានជញ្ជាំងស្លឹកត្នោតពុកផុយវិញណា៎ កុំថាឡើយមើល សូម្បីតែគិតក៏មិនអាចដែរ។

ខ្ញុំជាកូនប្រុស ខ្ញុំមិនដែលខ្លាចថាខ្លួនឯងរកប្រពន្ធមិនបាននោះទេ អ្វីដែលខ្ញុំគិតគឺពេលនេះខ្ញុំត្រូវតែមើលឲ្យបានវែងឆ្ងាយ ហើយធ្វើឲ្យខ្លួនឯងរឹងមាំ។ មនុស្សប្រុសប្រៀបដូចជាដើមឈើអ៊ីចឹង បើដើមឈើតូចតាចមិនរឹងមាំមិនកក់ក្ដៅ គ្មានសត្វបក្សាបក្សីណាភ្លើទៅធ្វើសំបុកលើនោះទេ បើមានមែននោះពិតជារឿងចម្លែកហើយ។

ក្នុងនាមខ្ញុំជាកូនប្រុស ខ្ញុំទទួលស្គាល់ថាមនុស្សប្រុសចង់បានប្រពន្ធស្អាត តែទន្ទឹមនឹងស្អាត ក៏មិនអាចខ្វះចរិយាយមាយ៌ាទបានដែរ ។ គេថា "មនុស្សថ្លៃថ្នូរឬមិនថ្លៃថ្នូរឋិតលើចរិត មនុស្សល្អពិតៗឋិតលើនិស្ស័យ " បើនិស្ស័យល្អអនាគតនឹងល្អ តែបើនិស្ស័យជាមនុស្សមិនល្អនឹងមានតែរឿងក្ដៅក្រហាយ គ្មានសុភមង្គលទេ។

មនុស្សដែលខ្ញុំស្រឡាញ់ មិនមែនត្រូវតែស្អាតទេ តែត្រូវតែជាមនុស្សដែលខ្ញុំអាចទុកចិត្ដបាន គេអាចមិនមែនជាមនុស្សអស្ចារ្យ តែអាចជាមនុស្សសាមញ្ញធម្មតាដូចខ្ញុំ មិនឡូយឆាយ មិនបាច់មានចំណេះដឹងច្រើនពេកទេខ្ញុំមិនត្រូវការឡើយ មិនបាច់ល្អពេកទេនៅជាមួយគ្នាទៅចេះកែលម្អគ្នាហើយ ជាមនុស្សសាមញ្ញៗធម្មតាៗ ឃើញផ្ទះរញេរញៃចេះរៀបចំទុកដាក់ ជាមនុស្សម្នាក់ជាទីគាប់ចិត្ដនៃញាតិជិតខាង ជាមនុស្សដែលចេះស្រឡាញ់ខ្លួនឯង ជាមនុស្សដែលចេះរក្សាកិត្តិយសគ្រួសារ ជាមនុស្សដែលមិនចេះលាក់បាំង ជាមនុស្សដែលនិយាយស្ដាប់គ្នាបាន មិនមានមានះទិដ្ឋិរឹងត្អឹង ជាមនុស្សដែលប្រកបដោយកតញ្ញូតាធម៌ចំពោះអ្នកមានគុណទាំងសងខាង ជាមនុស្សចិត្ដល្អចេះធ្វើបុណ្យចេះធ្វើអំពើល្អទុកក្នុងសង្គម ជាសាច់ញាតិដ៏ល្អនៃគ្រួសារខ្ញុំ ហើយក៏ជាមនុស្សត្រូវតែស្មោះត្រង់ ។

ខ្ញុំមិនមែនជាជនដែលចាំតែសុំពីគេទេ ខ្ញុំមិនហ៊ានសន្យាទេថាខ្ញុំត្រូវតែជាមនុស្សល្អ។ ខ្ញុំគិតថាកើតជាកូនប្រុស បើខ្លួនឯងមិនរឹងមាំ ខ្លួនឯងមិនទាន់មានលក្ខណសម្បត្ដិល្អគ្រប់គ្រាន់ ក៏ខ្ញុំមិនហ៊ានទាមទារភាពល្អពីមនុស្សស្រីដែរ ។ អាចថាខ្ញុំអាត្មានិយម ដែលយល់តែពីការទាមទារ តែមិនព្រមកែប្រែខ្លួនឯង ប៉ុន្ដែបើយើងពាក់អាវរហែក តើយើងសប្បាយចិត្ដនឹងពាក់ទេ? ប្រាកដណាស់ថាមិនអាច តែបើយើងមិនអាចពាក់ អ្នកដទៃក៏មិនអាចដែរ ។ បើខ្ញុំដឹងថាខ្ញុំខ្វះអ្វី ខ្ញុំនឹងបន្ថែមនោះ ។

រឿងរៀបការមិនមែនជាការកំណត់ថាជីវិតគូត្រូវតែស្រឡាញ់គ្នាជាអមតៈទេ មានមនុស្សច្រើនណាស់ដែលបានលែងលះគ្នាដោយសាររឿងមិនចុះសម្រុង ខ្វះការយោគយល់ មានះចង់ឈ្នះតែរៀងខ្លួន ។ ខ្ញុំមិនចង់ជួបរឿងអវិជ្ជមានទាំងនោះទេ ព្រោះខ្ញុំមិនចង់ឲ្យទំព័រជីវិតខ្ញុំ ត្រូវគេសរសេរលេងតែផ្ដេសតែផ្ដាសឡើយ ។

ខ្ញុំមិនប្រាថ្នាចង់ធ្វើអ្នកមានទេ ខ្ញុំគ្រាន់តែចង់មានគ្រួសារមួយដ៏កក់ក្ដៅ រស់នៅជាមួយធម្មជាតិ ចាកចេញពីការប្រកួតប្រជែងរបស់មនុស្សក្នុងវណ្ណៈសង្គម រស់ដោយពឹងលើកម្លាំងខ្លួនឯង មានមុខរបរខ្លួនឯង តូចក្ដីធំក្ដីឲ្យតែបានជួបជុំគ្រួសារ មានក្រមិនឋិតលើព្រហ្មលិខិតទេ គឺឋិតលើការខិតខំប្រឹងប្រែងនិងការចេះជួយគ្នា។ ទីណាក៏ដោយ ឲ្យតែអាចរស់នៅបានសុខសាន្ដ ទីនោះហើយជាស្រុកកំណើតពិតប្រាកដ។ ទីណាក៏ដោយឲ្យតែអាចមើលថែគ្រួសារបានល្អ អាចរីករាយជាមួយគ្នា ផ្ដល់ក្ដីសុខភាពកក់ក្ដៅនិងស្នាមញញឹមឲ្យគ្នា សុខទុក្ខចែករំលែកគ្នា ទីនោះហើយគឺជាផ្ទះដ៏កក់ក្ដៅបំផុត ហើយក៏ជាការសោយសុខលើពាក្យថាជីវិតដែរ ព្រោះគ្មានក្ដីសុខណាធំជាង ក្ដីស្រឡាញ់ក្នុងរង្វង់គ្រួសារឡើយ យើងអាចកំណត់ក្ដីស្រឡាញ់ចំពោះអ្វីមួយ តែមិនអាចកំណត់បានលើក្ដីស្រឡាញ់របស់គ្រួសារបានទេ៕...

Cr. ប្រាជ្ញាជីវិត

No comments:

Post a Comment