ភាពជោគជ័យកើតឡើងពីភាពលំបាកវេទនា
ព្រោះភាពវេទនានាំឲ្យមានការឈឺចាប់ ការឈឺចាប់នាំឲ្យចេះខ្មាសគេ ចេះខ្មាសគេនាំឲ្យមានការប្រឹងប្រែង
ការប្រឹងប្រែង នាំឲ្យ ជោគជ័យហ្នឹងឯង។ ចងចាំថា មិនមានភាពជោគជ័យណាធ្លាក់មកពីលើមេឃនោះទេ
ហើយវិថីទៅកាន់ភាពជោគជ័យក៏គ្មានដានជើងមនុស្សខ្ជិលដែរ។ មនុស្សជោគជ័យមិនដែលបោះបង់
ហើយមនុស្សបោះបង់ក៏មិនដែលជោគជ័យ។ ជោគជ័យគឺខាំមិនលែង។ ចូរសាងសួនច្បារជីវិតប្រកបដោយភាពរឹងមាំ
ដោយអត់ធ្មត់ ក្រាញននៀល ព្រមទាំងចេះចាក់វ៉ាក់សាំងការពារផង។
ចង់ជោគជ័យ
យើងគួរហ៊ាន។ ហ៊ាននោះគឺហ៊ានសាកល្បងអ្វីដែលប្លែកៗ ថ្មីៗ
គឺហ៊ានធ្វើអ្វីដែលមិនធ្លាប់ធ្វើ។ គតិមួយលើកឡើងថា អ្នកនឹងគ្មានថ្ងៃចេះហែលទឹកឡើយ
បើអ្នកនៅតែលើគោក។ ជាការពិត គំនិតបែកឆ្វេង ច្រើនកើតចេញពីការហ៊ានគិតបែកឆ្វេង។
ប្រសិនបើយើងធ្វើនូវរឿងដែលធ្លាប់ធ្វើ នោះក៏នឹងទទួលបានអ្វីដែលធ្លាប់បាន ហើយបើយើងធ្វើអ្វីដែលពុំធ្លាប់ធ្វើ
នោះក៏នឹងទទួលបានអ្វីដែលថ្មី ឬពុំធ្លាប់បានដូចគ្នា។ ដូច្នេះ ចូរធ្វើអ្វីដែលចង់ធ្វើ
ធ្វើអ្វីដែលចង់បាន និងគួរបានអ្វីដែលចង់ធ្វើ។
អតីតកាលមិនសំខាន់ណាស់ណាទេ
ពីព្រោះយើងអាចចាប់ផ្ដើមពីបច្ចុប្បន្នសារជាថ្មីបាន។ ធ្វើខុសក៏មិនមានបញ្ហាធំពេកដែរ
ព្រោះយើងអាចកែប្រែវាបាន។ ខុសហើយចេះកែ និងមិនខុសលើរឿងដដែលៗ ក្នងដានជើងដដែលៗ។
បរាជ័យគ្មានអ្វីគួរឲ្យខ្លាចទេ តែរឿងដែលគួរឲ្យខ្លាចគឺ ការបាក់ទឹកចិត្តព្រមចុះញ៉មបញ្ហាទេតើ។
មនុស្សខ្លាំងគឺតែងតែអាចក្រោកនៅរាល់ពេលដួល បើទោះបីជាត្រូវខកចិត្តខ្លះ ក៏គេនៅតែប្រឹងក្រោក។
គាថាមួយដែលគេតែងតែទន្ទេញគឺ ដួលងើបៗ។ តែមិនមែនងើបដួលៗនោះទេ។ បើជ្រុលជាថា <ប្រឹងប្រែងម្ដង
ខុសម្ដង> អ៊ីចឹងគួរនិយាយថា <ខុសម្ដង ប្រឹងប្រែងម្ដងទៀត> វិញមិនល្អទេឬ?
ចំពោះមនុស្សខ្សោយគឺជាមនុស្សចូលចិត្តផ្ញើជីវិតផ្ដេកផ្ដួលលើចំណុចខ្សោយនោះឯង។
គេប្រហែលជាមានចំណុចខ្សោយនៅក្នុងខ្លួនច្រើន រហូតពេលខ្លះគេលង់ស្រឡាញ់ចំណុចខ្សោយព្រមបណ្ដោយឲ្យគាបសង្កត់បាន។
របស់ដែលបាត់បង់ក្នុងអតីតកាលទៅហើយ យើងពុំគួរយំស្ដាយពេកទេ។ យើងអាចចាត់ទុកថា ជាបទពិសោធ
ឬជាចម្រៀងមនោសញ្ចេតនាដ៏លន្លង់លន្លោចខ្លោចផ្សាទៅចុះ។ ខ្ញុំនឹងច្រៀងថ្វាយព្រះអាទិត្យដែលរះបំភ្លឺសត្វលោក
តែខ្ញុំមិនយំអង្វរលន់តួកុំឲ្យព្រះអាទិត្យលិចនោះទេ ព្រោះវាមិនមានប្រយោជន៍អ្វីទាល់តែសោះ។
ប្រយោជន៍ដ៏តូចគឺត្រឹមលាងសម្អាតជាតិពុលចេញពីកែវភ្នែក តែអ្វីដែលខាតច្រើនគឺខាតទឹកភ្នែក
ខាតពេលវេលា។
តាំងខ្លួនឲ្យធំជាងបញ្ហាជានិច្ច។ ជីវិត
គឺជាការប្រយុទ្ធ ឬសង្គ្រាមជាមួយបញ្ហា។ ហេតុនេះបើជាអ្នកប្រយុទ្ធទៅហើយនោះ
យើងត្រូវតាំងខ្លួនឲ្យធំជាងបញ្ហា។ តើតាំងបែបណា? គឺបើបញ្ហាជាលេខសូន្យ
យើងគួរជាលេខ១០ បើបញ្ហាជា ដែកគោលយើងត្រូវតែជាញញួរ បើបញ្ហាជាដុំដី យើងគួរជាដុំថ្ម
បើបញ្ហាជាស្ដេចយើងត្រូវតែជាអាទិទេព បើបញ្ហា រត់មករកយើង
យើងនឹងរត់បុកទម្លុះបញ្ហាម្ដងមើល។
No comments:
Post a Comment