Monday, December 3, 2018

ខឹងមួយពេលអាចខុសមួយជីវិត!



យើងមិនចូលចិត្តពាក្យសម្ដីមិនពីរោះទេ ប៉ុន្ដែយើងតែងប្រើពាក្យមិនពីរោះដាក់អ្នកដទៃនៅពេលដែលយើងខឹង។ យើងបានដឹងហើយថា ពាក្យមិនពីរោះគឺយើងមិនចូលចិត្តស្ដាប់ ម្លោះហើយអ្នកដទៃក៏ដូចគ្នាដែរ គ្រាន់តែពេលខឹង គឺកំហឹងធ្វើឲ្យយើងល្ងង់មួយពេល ស្រដីមិនបានគិត។ មិនបានគិតទើបបង្កើតកំហុស តែបើយើងបានគិតនោះគឺគ្មានកំហុសកើតឡើងឡើយ។ ទឹកមាត់របស់យើងវាមិនល្អសម្រាប់អ្នកដទៃស្រាប់ទៅហើយ បើយើងស្ដោះចោលលើដីវាអាចគ្មានបញ្ហា។ ប៉ុន្ដែបើយើងស្ដោះវាដាក់អ្នកដទៃ នោះនឹងក្លាយជារឿងអាក្រក់ខ្លាំងបំផុត។ កំហឹងគឺជាទឹកមាត់ ពេលខឹងគឺពិបាកទ្រាំ ប៉ុន្ដែការខ្ជាក់វាចេញមកលើនរណាម្នាក់ វាអាក្រក់ជាងការទ្រាំរាប់រយដង។ បើយើងគង់តែខ្ជាក់ ហេតុអ្វីមិនខ្ជាក់វាចោលលើដីទៅ ? បើខឹងគង់តែបាត់ ហេតុអ្វីមិនទៅជះកំហឹងខាងក្រៅទៅ ?

យើងតែងនិយាយពាក្យសុំទោស រាល់ពេលមានកំហុសកើតឡើង។ ប៉ុន្ដែតើមានមនុស្សប៉ុន្មាននាក់ចាំលើកលែងឲ្យយើងរហូតនោះ? មានរឿងខ្លះ សមនឹងទទួលពាក្យលើកលែង។ ពេលខ្លះទៀត ទោះអ្នកដទៃលើកលែងទោសឲ្យយើង ក៏មិនប្រាកថាសម្បជញ្ញៈរបស់យើងព្រមលើកលែងឲ្យខ្លួនឯងនោះដែរ។ ខុសគឺខុស ពាក្យសុំទោសមិនអាចជួសជុលអ្វីបានទេ ត្រូវចាំថាវាគ្រាន់ជាពាក្យគួរសមប៉ុណ្ណោះ។ ខុសលើកទីមួយគេអាចលើកលែង តែបើខុសដដែលៗ តើសមនឹងលើកលែងទេ? ពេលខ្លះ មានសំណួរខ្លះ យើងអាចសួរខ្លួនឯង ហើយក៏អាចឆ្លើយខ្លួនឯងបានដែរ។ ពេលខឹង អ្វីដែលយើងមិនគួរខ្ជាក់ចេញនោះ គឺសម្ដីដែលធ្វើឲ្យអ្នកដទៃឈឺចាប់។ ពេលធ្វើខុស អ្វីដែលយើងមិនអាចជួសជុលបាន នោះគឺទំនុកចិត្ត និងមនោសញ្ចេតនា។ បាត់អ្វីបាត់ចុះ កុំឲ្យតែបាត់មិត្តភាព ទំនុកចិត្ត និងមនោសញ្ចេតនា ព្រោះទម្រាំបង្កើតវាបានមិនមែនជារឿងងាយស្រួលទេ បើខឹងមួយពេល ហើយធ្វើឲ្យវារលាយបាត់ គឺគ្មានថ្ងៃរកមកវិញបានឡើយ ទោះជាបានក៏មិនដូចដើមវិញដែរ ៕

Cr. ប្រាជ្ញាជីវិត

No comments:

Post a Comment