“…បានកើតជាមនុស្សនេះ
ពិតជាមានសំណាងខ្ពស់ណាស់ កុំយកសំណាងបានកើតមកជាមនុស្សនេះទៅសាងភាពក្ដៅក្រហាយដាក់ខ្លួនឯង
និងអ្នកដទៃ។ ចូរសាងអំពើណាដែលនាំសេចក្ដីសុខឲ្យខ្លួនឯង និងអ្នកដទៃ ព្រោះថាកម្មល្អ
គឺជាទង្វើមួយដែលជួយប្រសិទ្ធពរដល់ខ្លួនយើងយ៉ាងប្រសើរបំផុត ប្រកបដោយហេតុផលគ្រប់គ្រាន់ក្នុងការគិតពិចារណា។
ពេលណាខ្លួនសាងអំពើល្អហើយ មិនឲ្យពរ ក៏បានល្អ បានសុខដែរ។ ពេលណាខ្លួនសាងអំពើអាក្រក់
ទោះបីមានគ្រូអាចារ្យណាពូកែៗ មកស្ដោះផ្លុំឲ្យពរ បួងសួងអង្វរករប៉ុនណាក៏នៅតែអាក្រក់
ជួបក្ដីវិបត្តិ មានវិប្បដិសារីជាមិនខាន។
មនុស្សដែលសាងអាក្រក់ លោកប្រៀបដូចជាដុំថ្មដ៏ធ្ងន់អាចលិចចុះទៅក្នុងបាតស្ទឹង
ទន្លេ សមុទ្រមួយរំពេច មិនមានមនុស្សទេពណាអាចជួយសេកផ្លុំឲ្យពរ សុំអង្វរករឲ្យដុំថ្មដ៏មានទម្ងន់នេះអណ្ដែតឡើងបានឡើយ។
បុគ្គលណាចូលចិត្តសាងអំពើអាក្រក់នឹងវិនាសហិនហោចខ្លោចផ្សា បាក់មុខមាត់
អាស្រូវកេរ្តិ៍ឈ្មោះ ដូចជាដុំថ្មដែលលិចចូលទៅក្នុងផ្ទៃទឹកអ៊ីចឹងដែរ។
បុគ្គលណាសាងអំពើល្អ
លោកប្រៀបដូចជាប្រេងដែលមានទម្ងន់ដ៏ស្រាល ពេលចាក់ចូលទៅក្នុងផ្ទៃទឹក
រមែងអណ្ដែតឡើងមកបង្ហាញខ្លួននៅលើផ្ទៃទឹកវិញ។ បុគ្គលអ្នកសាងកម្មល្អ
ខ្លួនតែងមានហុងស៊ុយ មានជោគជតារាសីខ្ពស់ មានកិត្តិយស
មានកេរ្ដិ៍ឈ្មោះល្បីរន្ទឺផ្សាយទៅគ្រប់ទិសទី
ទៅទីណាកន្លែងណាមានតែមនុស្សចោមរោមរាប់អានគោរពបូជា រមែងអណ្ដែតឡើងត្រចះត្រចង់លេចធ្លោដូចជាប្រេងអណ្ដែតមកលើផ្ទៃទឹកអ៊ីចឹង
ទោះបីមានពួកបច្ចាមិត្ត កាចសាហាវអាក្រក់យង់ឃ្នង ចូលចិត្តស្អប់ខ្ពើម ចងអាឃាតព្យាបាទ
ច្រណែនឫស្យា ដាក់បណ្ដាសាឲ្យលិចលង់ វិនាសហិនហោចយ៉ាងណា ក៏មិនអាចទៅរួចដែរ
ត្រឡប់ជាបុគ្គលនោះជួបនៅភ័យវិបត្តិផ្សេងៗទៅវិញ។
សូមឲ្យមានឆន្ទៈមោះមុត ព្យាយាមសាងអំពើល្អ
គុណប្រយោជន៍ផ្សេងៗតាមលទ្ធភាព សមត្ថភាព ធនធាន ពេលវេលារបស់ខ្លួន
មិនត្រូវមានចិត្តស្ទាក់ស្ទើរអល់អែកចំពោះឧបសគ្គខ្លះៗនោះទេ។
បុគ្គលដែលមានសទ្ធាជ្រះថ្លាក្នុងគុណព្រះរតនត្រៃ ដើរតាមមាគ៌ាធម៌ដែលខ្លួនបានសិក្សាឈ្វេងយល់ បុគ្គលនោះរមែងមានសំណាងល្អ មានក្ដីសុខ។ បើខ្លួនមានបំណងប្រាថ្នាអ្វី តែងតែសម្រេចតាមចិត្តប៉ងជានិច្ច។
មានតែកម្មល្អមួយប៉ុណ្ណោះ ដែលអាចញ៉ាំងប្រយោជន៍គ្រប់យ៉ាងឲ្យសម្រេចបាន…”៕
Cr. គោលគំនិតល្អដើម្បីជីវិត
No comments:
Post a Comment