Sunday, May 5, 2019

សេចក្ដីស្រឡាញ់



មានពាក្យមួយម៉ាត់ដែលរំដោះយើងអោយរួចពីទម្ងន់ និងការឈឺចាប់ក្នុងជីវិត ពាក្យនោះគឺ«សេចក្ដីស្រឡាញ់» ដោយសារតែសេចក្ដីស្រឡាញ់ គេអាចរស់នៅបានជាមួយនឹងក្ដីលំបាក។

កាលនៅក្មេង យើងទទួលបានក្ដីស្រឡាញ់ពីឪពុកម្ដាយ លុះធំដឹងក្ដី យើងទទួលបានក្ដីស្រឡាញ់ពីប្ដីប្រពន្ធ ចុងក្រោយ យើងទទួលបានក្ដីស្រឡាញ់ពីកូនចៅ។ សេចក្ដីស្រឡាញ់ ពុំមែនជាសេចក្ដីឈឺចាប់ទេ។ តែការមិនយល់ពីសេចក្ដីស្រឡាញ់ទើបបង្កើតជាសេចក្ដីឈឺចាប់

សេចក្ដីស្រឡាញ់តែងតែអត់ធ្មត់ ហើយក៏សប្បុរស សេចក្ដីស្រឡាញ់មិនចេះឈ្នានីស មិនចេះអួតខ្លួន ក៏មិនមានចិត្តធំផង មិនដែលប្រព្រឹត្តបែបមិនសមគួរ មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួន មិនរហ័សខឹង មិនប្រកាន់ទោស មិនដែលអរសប្បាយចំពោះសេចក្ដីទុច្ចរិតឡើយ គឺអរសប្បាយតែនឹងសេចក្ដីស្មោះត្រង់វិញ។

អំណាចនៃសេចក្ដីស្រឡាញ់ធំណាស់ រហូតអាចបង្ក្រាបការស្រឡាញ់អំណាចទៀតផង។ អំណាចនិយាយទៅកាន់ពិភពលោកថា «ឯងជាកម្មសិទ្ធិរបស់យើង!»...ឯក្ដីស្រឡាញ់និយាយទៅកាន់ពិភពលោកថា «ខ្ញុំជាកម្មសិទ្ធិរបស់អ្នក!» ។

មនុស្សគ្រប់រូបគួរចងចាំសុភាសិតហិណ្ឌូមួយថា «ជីវិតពុំមែនជារបស់ខ្លួនទៀតទេ កាលបើបេះដូងប្រគល់ទៅឲ្យគេហើយនោះ»។ (Life is no longer one's own when the heart is fixed on another.) បើនៅតែយល់ថាជីវិតជារបស់ខ្លួនទៀត មានន័យថាគេពុំទាន់បានឧទ្ទិសខ្លួនចំពោះសេចក្ដីស្រឡាញ់ពេញបរិបូរនៅឡើយទេ៕

Cr. Yuong Soda

No comments:

Post a Comment