Monday, May 6, 2019

ម្នាក់ឯងបន្ដទៀត



ភ្លេចៗខ្លួន មួយឆ្នាំទៀតហើយ ជីវិតពិតជាទៅមុខលឿនមែន ។ ភ្លេចៗខ្លួន មុខឡើងចាស់មើលមិនចង់យល់ ។ អាយុប៉ុននេះទៅហើយនៅមិនទាន់មានអ្នកបំពេញអត្ថន័យជីវិតនៅឡើយ ។ នេះអាយុក្បែរសែហើយ ច្រើនហើយនៅតែវក់វីនឹងសិក្សារៀនសូត្រមិនឈប់ឈរទៀត ។ មានមនុស្សជាច្រើនតែងសួរខ្ញុំថា " ពេលណារកការងារធ្វើ ហើយនឹងមានការងារមួយច្បាស់លាស់នឹងគេមួយ? ខ្ញុំបានឆ្លងកាត់សំណួរនេះរាប់ភ្លេច ហើយចម្លើយដដែលៗ ដែលខ្ញុំតែប្រើ " គឺមិនទាន់ចង់ " ។

សំណួរចាក់ដោតបែបចំអក លាយឡំនិងការលេងសើច បើគ្រាន់តែស្ដាប់ហើយបំភ្លេចចោល គឺគ្មានអ្វីប្លែកនោះទេ ។ ប៉ុន្ដែពេលខ្លះ ខ្ញុំតែងយកពាក្យទាំងនោះមកគិត ។ ហេតុអ្វីពួកគេមកខ្វល់ខ្វាយរឿងខ្ញុំម៉្លេះ ? តាមពិតពួកគេកំពុងចំអកលើជីវិតខ្ញុំមែនទេ? ពេលខ្លះដោយសារតែពួកគេមិនយល់ពីខ្ញុំ ទើបពួកគេតែងតែមានគំនិតវិនិច្ឆ័យផ្ដេសផ្ដាសបែបនេះ ។

អាយុប៉ុននេះទៅហើយ រឿងស្នេហាខ្ញុំក៏ឆ្លងកាត់ច្រើនមកហើយដែរ គ្រាន់តែអ្នកទាំងនោះប្រហែលជាមិនមែនជាគូរបស់ខ្ញុំ ទើបពួកគេមិនអាចកំដរខ្ញុំដើរលើវិថីជីវិតមួយនេះបាន ។ ណាមួយរឿងរៀបការក៏ជារឿងដ៏គួរឲ្យខ្លាចមួយសម្រាប់ខ្ញុំដែរ ព្រោះខ្ញុំមិនចង់ចួបមនុស្សមិនសមបំណង ឬឆ្លងកាត់ជីវិតលែងលះ ដោយសាររឿងមិនចុះសម្រុងគ្នានោះទេ ។ មានគូស្នេហ៍វ័យក្មេងច្រើនណាស់ ដែលបានលែងលះគ្នា ។ មានគូស្នេហ៍មិនចុះសម្រុងគ្នាជាច្រើនបានបែកបាក់ ។ មានគ្រួសារជាច្រើនរើសអើងសាច់ថ្លៃ កូនប្រសារ រហូតជីវិតគូពួកគេត្រូវបែកពីគ្នា ។ ស្នេហាគ្មានការធានាទេ ទោះរៀបការក៏ដោយ ។ ខ្ញុំមិនចង់ចួបរឿងទាំងនោះទេ រឹតតែខ្លាចស្នេហាមួយខែពីរខែរៀបការហើយទើបដឹងថាខុស ខុសហើយទើបដឹងថាខកចិត្តខ្មាសគេ ។ ទំព័រជីវិតមិនខុសពីក្រដាសសទេ បើវាមានសំណាងចួបអ្នករចនាគំនូរបានល្អ ក្រដាសនោះនឹងមានសំណាង ដែលត្រូវគេរក្សាទុកក្នុងស៊ុមដ៏មានតម្លៃ តែបើចួបអ្នកគូរដែលត្រឹមតែបំផ្លាញក្រដាស នោះគឺជាសំណាងអាក្រក់ហើយ ។

អាចថាមកពីខ្ញុំខ្លាចពេក តែខ្ញុំពិតជាខ្លាចមែន ព្រោះខ្ញុំមិនចង់ឲ្យទំព័រជីវិតដ៏ល្អមួយនេះ ត្រូវបំផ្លាញដោយសារតែមើលមនុស្សខុសនោះទេ រឹតតែមិនចង់ព្រោះតែមាត់អ្នកដទៃ ហើយប្រើជីវិតបញ្ច្រាស់បេះដូងខ្លួនឯងនោះដែរ ។ ជីវិតជារបស់ខ្ញុំ ខ្ញុំមានសិទ្ធិប្រើប្រាស់ជីវិតខ្លួនឯងតាមបេះដូងខ្លួនឯង ។ អាចថាមកពីខ្ញុំរើសពេក តែការពិតមនុស្សដែលឆ្លងកាត់ខ្សែជីវិតខ្ញុំកន្លងមក សុទ្ធតែជាមនុស្សដែលមិនអាចឋិតក្នុងជម្រើសរបស់ខ្ញុំ ហើយមនុស្សដែលសមនឹងជម្រើសខ្ញុំខ្លះ បែរជាមិនមែនគូខ្ញុំទៅវិញ តើនេះព្រោះតែអ្វី?

យ៉ាងណាខ្ញុំនៅតែយល់ថាស្នេហាកើតពីនិស្ស័យ ព្រោះនិស្ស័យទើបស្គាល់គ្នា តែបើរកនិស្ស័យស្នេហ៍ពិតមិនបានទេ នៅម្នាក់ឯងបន្ដទៀតក៏គ្មានអ្វីចម្លែកសម្រាប់ខ្ញុំដែរ ។ ស៊ូររៀបការយឿត ប្រសើរជាងរៀបការជាមួយមនុស្សខុស នាំមានវិប្បដិសារីក្នុងជីវិត ។ ស៊ូប្រើជីវិតឯករាជ្យ ប្រសើរជាងទទួលយកមនុស្សដែលខ្ញុំមិនពេញចិត្ត ហើយកំដរគេទាំងក្បត់អារម្មណ៍ខ្លួនឯង ។ សម័យនេះទៅហើយ រកលុយចាយខ្លួនឯងក៏ស្រួលម្យ៉ាងដែរ ។ ឯកាបន្ដិចមែន តែក៏មិនស្លាប់ ។ បើចួបមនុស្សមិនច្បាស់លាស់ ហើយធ្វើឲ្យខ្លួនឯងមានវាសនាមិនល្អ ស៊ូនៅម្នាក់ឯងវិញប្រសើរជាង ៕

No comments:

Post a Comment