គេថា
ប្រលោមលោករបស់នារីតាំងពីទំព័រដំបូងរហូតដល់ទំព័រចុងក្រោយ គឺមានតែដំណក់ទឹកភ្នែក។ ទឹកភ្នែកនារីងាយស្រក់ណាស់។
នៅសុខៗក៏ហូរមកជោកផែនថ្ពាល់ទាំងគូដោយមិនដឹងខ្លួន។
តើបុរសណាខ្លះដែលយល់ពីមូលហេតុនៃទឹកភ្នែករបស់នាង? អ្នកអាចនឹងយល់ថានាងទន់ខ្សោយ
ឬសម្ដែងបោកប្រាស់អ្នក។ មែន! ពេលខ្លះគឺវាបែបនោះមែន។ តែចុងក្រោយ
អ្នកអាចនឹងលួចសម្ងំដេកឱបវិប្បដិសារីវិញមិនខាន ដោយសារតែទឹកភ្នែករបស់នាងរមៀលចុះមក
ព្រោះតែស្រឡាញ់រូបអ្នកខ្លាំងស្មើជីវិត។
ជាធម្មជាតិ នារីមានចិត្តដូចចុងស្រល់
កាលបើនាងមិនទាន់ស្រឡាញ់នរណាពិតប្រាកដ។
នាងចូលចិត្តធ្វើឱ្យពួកបុរសៗឈ្លក់វង្វេងនឹងសម្រស់ រួមទាំងមាយាដ៏ប៉ិនប្រសប់របស់នាង។
ភស្តុតាងមានបញ្ជាក់យ៉ាងហូរហែក្នុងក្រាំងប្រវត្តិសាស្ត្រ និងអក្សរសិល្បិ៍នានា
រហូតកើតមានសុភាសិតថា «អ្នកក្លាហានចៀសមិនផុតពីដំណាក់ស្រីស្អាត» ហើយក៏មានពំនោលដ៏ល្បីល្បាញមួយទៀតបានពោលថា
«នៅក្រោយផ្ទះស្រីស្អាត
សុទ្ធតែជាគំនរឆ្អឹងបុរស»។
ប៉ុន្តែគេសម្គាល់ឃើញថា
កាលបើនារីប្រគល់បេះដូងឱ្យទៅបុរសណាម្នាក់ពិតប្រាកដហើយ
នាងកម្រផ្លាស់ប្ដូរក្ដីស្រឡាញ់ ឬស្ពាយយកភាពផិតក្បត់ណាស់។ គេថែមទាំងនិយាយថា
ស្នាមថើបដំបូងគឺបុរសលួចថើប តែស្នាមថើបចុងក្រោយគឺនារីតាមអង្វរបុរសវិញម្ដង។
ការអង្វរនេះគឺដោយសារតែបុរសមួយចំនួនលេបសម្ដីដែលធ្លាប់ខ្ជាក់ពាក្យថាស្មោះ
ក្រោយពេលនាងកំពុងពេញអណ្ដាតភ្លើងនៃក្ដីស្រឡាញ់។
តាមពិតទៅ
ភាពអំណត់របស់នារីរឹងមាំជាងភ្នំសិលាទៅទៀត។ ដូច្នេះ នារីមិនគួរសម្រក់ទឹកភ្នែកគ្រប់ពេលទេ
គឺត្រូវតែរៀនញញឹម ឬសើចវិញ។ នារីដែលចេះញញឹមគឺស្អាតបំផុត។
នារីដែលខឹងហើយនៅតែសើចបានធម្មតា ជានារីដែលឆ្លាតបំផុត។
នារីដែលប្រឹងអត់ធ្មត់រៀនសូត្រហើយមានចរិតល្អ
ជានារីដែលមានមន្តស្នេហ៍អាចទាក់ទាញនិងសណ្ដំបុរសល្អមិនឱ្យឃ្លាតទៅណាបាន។
Cr. យួង សូដា
No comments:
Post a Comment