ដៃមួយគូដែលប្រឹងប្រែងធ្វើសកម្មភាពប្រសើរជាងដៃ១០០
ដែលលើកបួងសួង
។ ការលើកឡើងដោយអត្តនោម័តិពីខាងដើមនេះ
មិនមែនចង់ជំទាស់ចំពោះអ្នកដែលមានជំនឿលើសាសនាណាមួយនោះទេ ។ ប៉ុន្តែ
ជាចេតនាគឺចង់ឱ្យការជឿនោះ ក្លាយជាជំនឿដែលត្រឹមត្រូវ និង ចៀសឆ្ងាយអំពីភាពអវិជ្ជា ។
ការជឿដែលមិនត្រឹមត្រូវ ឬអវិជ្ជា គឺជាការប្រើប្រាស់ជំនឿនោះ ដើម្បីបំប៉ោងភាពអាត្មានិយម
។ មនុស្សយើងកាលណាកាន់គំនិតអាត្មានិយមនឹងមិនចេះរស់នៅជាសុខក្នុងសាមគ្គីភាពឡើយ ។
ជំនួញភក្តីភាព
គឺជាការបោកបញ្ឆោតក្នុងគោលដៅដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនជាធំ
ដោយពុំបានគិតគូរអំពីផលអវិជ្ជមាននៃភក្តីភាពប្រភេទនេះឡើយ ។ នៅក្នុងសង្គមខ្មែរយើង
ខ្ញុំឧស្សាហ៍ឃើញមានយុវជនជាច្រើន បានទៅបន់ស្រន់អ្នកតាអស្ចារ្យណាមួយ
ដែលជារូបសំណាកតំណាងខេត្តរបស់ពួកគេ
ដើម្បីសុំឱ្យទទួលបានជ័យជម្នះលើការប្រឡងប្រជែងនានា ។ គេបានសន្យា
ថានឹងផ្តល់ជាសំណែនផ្សេងៗ ប្រសិនបើការស្នើសុំរបស់ពួកគេទទួលបានជោគជ័យពិតប្រាកដ ។
នៅក្នុងឧប្បត្តិហេតុនេះ ភក្តីភាពដែលពួកគេមានចំពោះអ្នកតា គឺជាជំនួញសុទ្ធសាធ ។
ភក្ដីភាព គឺជាធម្មធាតុល្អណាស់
តែបើអ្នកប្រើប្រាស់អវិជ្ជាវានឹងក្លាយជារឿងចោលម្សៀតបំផុត ។
បើអ្នកមានភក្តីភាពចំពោះសេចក្តីល្អ
ចូរធ្វើឱ្យសេចក្តីល្អនោះបានប្រាកដជាក់ស្តែងនៅក្នុងខ្លួនជាមុនសិនសឹមបញ្ចេញវាទៅខាងក្រៅ
។ បើអ្នកមានភក្តីភាពចំពោះសាសនា
ចូរបដិបត្តិឱ្យបានត្រឹមត្រូវតាមក្រឹត្យក្រមនៃការទូន្មានរបស់សាសនា
ពេលនោះផ្លូវចិត្តរបស់អ្នកនឹងប្រែជាមានភាពស្ងប់សុខកើនឡើងជាលំដាប់ ។
បើអ្នកមានភក្តីភាពចំពោះអ្នកដឹកនាំ ចូរពិនិត្យមើលរវាងសម្តី និង ទង្វើរបស់ពួកគេ
ប្រសិនបើយល់ឃើញថា វាបានស្របគ្នាហើយ នោះភក្តីភាពរបស់អ្នកនឹងមិនខាតបង់នោះទេ ។
ដើម្បីចៀសវាងការយកភក្តីភាពទៅធ្វើជាជំនួញ
យុវជនគួរផ្លាស់ប្តូរឥរិយាបថពីការរំពឹងទុក មកជាការបញ្ចេញសកម្មភាព ។
បើមានភក្តីភាពចំពោះការអាន ចូរខំប្រឹងអាន ។ បើមានភក្ដីភាពចំពោះសេចក្តីស្នេហា
ចូរខំប្រឹងស្រឡាញ់ ។ បើមានភក្តីភាពចំពោះប្រទេសជាតិ ចូរខំប្រឹងប្រែងធ្វើជាមនុស្សល្អ
និង កសាងសមត្ថភាពដែលអាចវាយលុកទីផ្សារអន្តរជាតិបាន ។ ប្រសិនបើ "ចង់"
ដោយពុំបានចេញជាសកម្មភាពទេ ចំណង់ប្រភេទនេះគ្រាន់តែជាចំណង់អវិជ្ជាប៉ុណ្ណោះ ។
សង្គមជាតិរីកចម្រើន គឺដោយសារការធ្វើសកម្មភាព ពុំមែនជាការស្រមើស្រមៃនោះឡើយ ។
____
No comments:
Post a Comment