គ្មានអ្នកណាអាចដឹងបានមុនទេថា
ជីវិតនឹងជួបប្រទះបញ្ហាអ្វីខ្លះ ?ត្រូវបរាជ័យអ្វីខ្លះ ?ខ្លួនបានត្រឹមតែត្រៀមចិត្ត ដើម្បីទទួលរ៉ាប់រងនូវផលវិបាកដែលតាមមកប៉ុណ្ណោះ
។
រឿងខ្លះ ប្រការខ្លះ វាពិតជាធ្វើឲ្យយើងស្មុគស្មាញ
និងមានកង្វល់ច្រើនណាស់ បើខ្លួនអាចកាត់ ទម្លាក់ចោលវាបាននោះ គឺជារឿងប្រសើរមួយ
ដូចពំនោលមួយពោលទុកថា “កាត់ចិត្តមិនបាន វានឹងធ្វើឲ្យឈឺចិត្តខ្លាំង កាត់ចិត្តបានខ្លះ
វាល្មមនៅអាចទ្រាំទ្របាន តែបើទំលាក់វាចុះបាន នឹងលែងមានអារម្មណ៍ឈឺចាប់អ្វីទាំងអស់ ។
ព្រោះថា ការឈឺចាប់ដែលខ្លួនយើងទទួលបានមកអំពីចិត្ត ។ ការកាត់ចិត្តបាន មានន័យថា
យើងលែងឈឺចាប់ ។ ដូចពាក្យពំនោលមួយពោលថា បើចិត្តស្ងប់ អ្វីក៏ត្រូវអស់ អ្វីក៏ត្រូវចប់ដែរ " ។
បញ្ហាខ្លះ មិនខុសពីមនុស្សយើងដឹងហើយថា
ដុំថ្មហ្នឹងធ្ងន់ ភ្លើងហ្នឹងក្ដៅ ទឹកសមុទ្រហ្នឹងប្រៃ អំបែងកែវហ្នឹងមុត
ខ្លួននៅតែលើកទូល លើកលី នៅតែចាប់ នៅតែលូក នៅតែលេប នៅតែផឹក
នៅតែក្ដោមក្ដាប់បាតដៃហ្នឹងយ៉ាងណែនទៀត ។ ផលវិបាកដែលខ្លួនទទួលរងគឺ ធ្ងន់ ក្ដៅ ប្រៃ
មានរបួសឈឺចាប់តែប៉ុណ្ណោះ ។ បើតូចក៏ស្រាល បើធំក៏ធ្ងន់ខ្លាំង ប៉ះតិចរលាកតិច
ប៉ះខ្លាំងរលាកខ្លាំង ផឹកតិចប្រៃតិច ផឹកច្រើនប្រៃខ្លាំង បើក្ដាប់តិចមុតតិច
បើក្ដាប់ខ្លាំងមុតក៏ខ្លាំងទៅតាមនោះដែរ ។
បញ្ហាផ្លូវចិត្តនេះ តែងតែកើតឡើងក្នុងលក្ខណៈដូចៗគ្នាអ៊ីចឹង
មិនថារឿងសិក្សា ការងារ យសសក្តិ លុយកាក់ សុខភាព ស្នេហា ឬបរិស្ថានជុំវិញខ្លួននោះទេ ។
ដូចយើងបានពោលខាងលើហើយថា អ្វីដែលធ្វើឲ្យយើងស្ងប់បានមានតែម្យ៉ាងទេគឺ ធ្វើចិត្ត ។
ការធ្វើចិត្ត ក្នុងន័យអប់រំ ហ្វឹកហាត់ឲ្យចិត្តរៀនទទួលយកការពិតរបស់យើងនេះឲ្យបាន
ព្រោះថា គ្មានអ្វីដែលអាចនៅឋិតថេរជានិរន្តរ៍នោះទេ ។ ហើយការរង់ទទួលនេះ អាចកើតឡើងពីធាតុផ្សំជាច្រើន
ដែលយើងមិនអាចដឹងបាន ជួនកាលមកពីអតីតកាល ជួនកាលមកការងារបច្ចុប្បន្ន ដែលយើងមានការធ្វេសប្រហែស
។ លោកថា ការមានសេចក្ដីប្រមាទ គឺជាសេចក្ដីស្លាប់ ។
រឿងខ្លះ ដាក់វាចុះទៅ វាក៏លែងធ្ងន់ បើនៅតែស្ពាយ
វានៅតែធ្ងន់ ។ ដូចជារឿងអតីតកាលរបស់យើង វាបានធ្វើដំណើរមកហួសឆ្ងាយហើយ
យើងលែងគិតអំពីវាមកយូរហើយៗ វាមិនសមនឹងឲ្យខ្លួនកកូរកកាយឡើងមកម្ដងទៀតទេ ។
នេះហើយដែលធ្វើឲ្យយើងមានការឈឺចាប់ ដែលខ្លួនទាញចិត្តឲ្យរើសរឿងហ្នឹងយកមកគិតទៀត ។
រឿងខ្លះក្នុងអនាគត ដែលយើងមិនត្រូវខ្វល់ មិនត្រូវគិត ព្រោះយើងគិត យើងខ្វល់
ក៏យើងមិនអាចទៅធ្វើរឿងទាំងហ្នឹងបានដែរ ដូចយើងបញ្ជាក់ខាងលើហើយ គ្មានអ្នកណាដឹងមុនថា
យ៉ាងម៉េចនោះទេ សម្រាប់ថ្ងៃអនាគត ។
ដូចនេះកុំយករឿងទាំងពីរហ្នឹងមកពួនផ្ដុំក្នុងពេលបច្ចុបប្បន្នរបស់យើងនេះធ្វើអ្វី ។ ចុងបញ្ចប់គួរស្ពាយបន្ត
ឬទំលាក់វាចុះ វាស្ថិតលើយើងខ្លួននេះឯង ជាអ្នកសម្រេចជ្រើសរើសយកថា មួយណាគួរ
មួយណាមិនគួរប៉ុណ្ណោះ ៕
Cr. គោលគំនិតល្អដើម្បីជីវិត
រូបភាពហ្វេសប៊ុក
No comments:
Post a Comment