កម្លាំងប្រទាញគ្នា
[អាចចូលរួមឆ្លើយសំណួរខាងក្រោម]
គ្មាននរណាម្នាក់អាចធានាបានថា “សេចក្តីល្អ
ត្រូវតែឈ្នះរហូត ហើយសេចក្តីអាក្រក់ត្រូវតែចាញ់រហូតទេ”។ មួយណាឈ្នះ
ឬមួយណាចាញ់ គឺត្រូវពឹងលើកម្លាំងកម្ម ឬដែលយើងហៅថា “កម្លាំងនៃទង្វើ”។ ជីវិត
គឺជាដំណើរនៃការរៀនសូត្រ។ ដំណើរនៃការរៀនសូត្រ គឺជាវិជ្ជា។ ដំណើរនៃវិជ្ជា
គឺជាសកម្មភាព។ ដំណើរនៃសកម្មភាព គឺជាលទ្ធផល។ ទ្រឹស្តីពុទ្ធនិយមហៅថា “គិត បង្កើតកម្ម
ហើយប្រមូលផល”។
ដំណើរនៃការរៀនសូត្រ
គឺមនុស្សត្រូវអប់រំទាំងខួរក្បាល និងអប់រំទាំងចិត្តខាងក្នុងផង
ព្រោះបើមិនដូច្នេះទេ មនុស្សនឹងប្រើចំណេះដឹង
បង្កើតកម្លាំងកម្មប៉ះពាល់ដល់មនុស្សល្អ
ឬធ្វើឱ្យសេចក្តីអាក្រក់ចម្រើនរុងរឿង។ បើមនុស្សល្អច្រើនជាងមនុស្សអាក្រក់
ចូលរួមគាំទ្រសេចក្តីល្អ គឺសេចក្តីល្អនឹងរុងរឿង។
ប៉ុន្តែបើមនុស្សអាក្រក់ច្រើនជាងមនុស្សល្អ ចូលរួមគាំទ្រសេចក្តីអាក្រក់
គឺសេចក្តីអាក្រក់នឹងរុងរឿង។
ការប្រទាញប្រទង់រវាងសេចក្តីល្អ
និងសេចក្តីអាក្រក់ គឺប្រៀបដូចជាព្រះអាទិត្យរះនៅទិសខាងកើត
ហើយលិចវិញនៅទិសខាងលិច។ ព្រះអាទិត្យមិនអាចរះផង ហើយក៏មិនអាចលិចផង
ក្នុងពេលតែមួយបានទេ។ ពន្លឺនិងអន្ធកា គឺមានសភាពស្មើគ្នា។ ពេលរាត្រី
ចន្រ្ទាតែងនិមិត្តខ្លួនមក។ ពេលណាសេចក្តីអាក្រក់រុងរឿងខ្លាំងបំផុត កម្លាំងសេចក្តីល្អតិចតួច
ពុំអាចសង្គ្រោះបានឡើយ ប្រៀបដូចជាចន្រ្ទាពេលថ្ងៃភ្លឺយ៉ាងណា
ក៏ពុំអាចលុបរស្មីនៃសូរិយាឱ្យអាប់បានឡើយ។
ទស្សនៈនេះ
តើយើងអាចឆ្លុះមើលមកសង្គមបានទេ? តើអ្នកណាខ្លះដែលមើលឃើញសេចក្តីល្អដោយសភាពពិត
ហើយគាំទ្រសេចក្តីល្អដោយសុទ្ធចិត្ត ឥតងាករេចិត្តសោះ? តើត្រឹមត្រូវទេដែលថា
“ការបំបែកក្រុមនៃសេចក្តីល្អ
គឺត្រូវបញ្ចូលធម៌ច្រណែនចូល?” តើមនុស្សល្អៗបែកបាក់គ្នា
ព្រោះតែសេចក្តីច្រណែនគ្នាឬ? តើកម្លាំងគុណធម៌អ្វីខ្លះដែលអាចការពារកុំឱ្យធម៌ខ្មៅ
ជាធម៌ច្រណែនគ្នា ចូលក្នុងក្រុមមនុស្សល្អបាន? តើមនុស្សល្អម្នាក់ៗត្រូវឈរនៅទីត្រង់ណា
ទើបជាការព្រមព្រៀងគ្នាដ៏ត្រឹមត្រូវ? ឈរលើយុត្តិធម៌
ឬឈរលើប្រយោជន៍រួម ឬឈរលើសច្ចធម៌ ឬឈរលើការលះបង់...?
No comments:
Post a Comment