Saturday, July 18, 2015

យើង គឺ ម្ចាស់ជីវិត


សាសនាខ្លះចាត់ទុកថាមនុស្សមិនមែនជាម្ចាស់ជីវិតខ្លួនឯងទេ ប៉ុន្តែជីវិតជាសម្បត្តិរបស់ព្រះ​អាទិទេព គោលគំនិតនេះ​ប្រទះ​ឃើញជាទូទៅក្នុងសាសនាប្រភេទទេវនិយម ព្រះពុទ្ធសាសនាជា​សាសនាប្រភេទមនុស្សនិយម ហេតុនោះ គោលគំនិត​របស់​ព្រះពុទ្ធសាសនាភាគច្រើនទើប​ទាក់​ទងនឹងមនុស្ស ក្នុងទស្សនៈព្រះពុទ្ធសាសនា មនុស្សជាខ្លួនរបស់​ខ្លួន​ឯង ទោះល្អឬអាក្រក់​ក៏ព្រោះ​ខ្លួន​ឯង ការដែលមនុស្សអាចបង្គាប់បញ្ជាខ្លួនឯងឲ្យប្រព្រឹត្តទៅ​តាម​វត្ថុបំណងដែលចង់បាន គឺ ការដែលមនុស្ស​ជាម្ចាស់​ជីវិតខ្លួនឯង ។ ជាការពិត ក្នុងកម្រិតសច្ចធម៌ ព្រះពុទ្ធសាសនាបង្រៀន​រឿង​អនត្តា ដែលមានន័យថា ក្នុងចក្រវាលនេះគ្មានអ្វីជា​របស់អ្នកណា​ឡើយ អ្វី ៗប្រព្រឹត្ត​ទៅ​យ៉ាង​មាន​ហេតុបច្ច័យ គោលអនត្តាបង្រៀនយើងថា ការដែលមនុស្សយល់​ថាខ្លួនឯងជា​ម្ចាស់​របស់​រាងកាយ​និងទ្រព្យសម្បត្តិក្រៅកាយចាត់ជាការយល់ខុស តាមសភាពពិត គ្មាននរណាជាម្ចាស់អ្វី​ទាំង​អស់ អ្វី ៗទាំង​អស់នេះយើងមិនអាចបង្គាប់បញ្ជាឲ្យប្រព្រឹត្តទៅតាមអ្វី​ដែល​យើងប្រាថ្នាចង់​បាន​ទេ ប៉ុន្តែត្រូវសម្របសម្រួល​ទៅតាម​ស្ថានការណ៍​និងបច្ច័យជ្រោមជ្រែង​ដែលយើងមិនអាចជ្រៀតជ្រែកបាន ក្នុងកម្រិតបរមត្ថ គ្មាននរណាជាម្ចាស់អ្វីទាំងអស់ ។
យ៉ាងណាក៏ដោយ តាមដែលពោលមកខាងលើស្ថិតក្នុងកម្រិតសច្ចធម៌(បរមត្ថ) ប៉ុន្តែអ្វីដែល​យើង​​កំពុង​តែ​បក​ស្រាយនៅ​ខណៈ​នេះស្ថិតក្នុងកម្រិតសីលធម៌(សម្មតិ) ឬ កម្រិតសង្គម  នៅក្នុង​កម្រិត​សង្គម ព្រះពុទ្ធសាសនាទទួលស្គាល់ថា យើងជាម្ចាស់ជីវិត​របស់យើង និងជាម្ចាស់ទ្រព្យ​សម្បត្តិ​ក្រៅ​​កាយដែលយើងមានសិទ្ធិគ្រប់គ្រងយ៉ាងស្របច្បាប់ នាយ ចែម ជាម្ចាស់ជីវិតរបស់​គេ កាលបើ នាយ ចក់ បៀតបៀន នាយ ចែម, នាយ ចក់ ចាត់ទុកថា ធ្វើខុស​ព្រោះទៅល្មើស​ជីវិត​អ្នក​ដទៃ នាយ ចែង ជាម្ចាស់ចម្ការមួយកន្លែង នាយ ចាន់ ទៅឆបោកយកចម្ការនោះមកជារបស់ខ្លួន នាយ ចាន់ ចាត់ទុកថា​ធ្វើខុសព្រោះទៅ​ល្មើស​ទ្រព្យសម្បត្តិរបស់អ្នកដទៃ នេះឯង គឺ ការទទួល​ស្គាល់​ថា យើងជាម្ចាស់​ជីវិតយើងនិងជាម្ចាស់​ទ្រព្យសម្បត្តិដែលយើង​មាន​សិទ្ធិគ្រប់គ្រង ។
ចំណុចសំខាន់ គឺ ត្រូវការឲ្យអ្នកអានយល់ឲ្យបានច្បាស់ត្រង់ចំណុចថា ព្រះពុទ្ធសាសនា​ទទួល​​ស្គាល់មនុស្សថាជាម្ចាស់ជីវិត​ខ្លួនដែលខុសពីទស្សនៈ​របស់​សាសនា​ប្រភេទ​ទេវនិយម ដូចជា គ្រិស្តសាសនាជាដើម ។
ក្នុងឋានៈជាម្ចាស់ជីវិត យើងមានសិទ្ធិក្នុងជីវិតនោះ
តាមសម្មតិកម្មខាងដើម ការដែលពោលថា មនុស្សជាម្ចាស់ជីវិតខ្លួន យើងអាចសរុប​សេចក្តី​បានថា មនុស្សមានសិទ្ធិក្នុង​ជីវិតនោះ សិទ្ធិនេះអាចចែកជា ២ យ៉ាង គឺ សិទ្ធិរស់ និង សិទ្ធិស្លាប់ ។
ជាទូទៅ នៅពេលនិយាយដល់សិទ្ធិ មនុស្សច្រើនតែនឹកគិតដល់សិទ្ធិរស់មុនគេ ក្រៅពី​សិទ្ធិ​រស់ នៅ​មាន​សិទ្ធិសំខាន់មួយទៀត គឺ សិទ្ធិស្លាប់ បានដល់ សិទ្ធិមិនត្រូវការរស់តទៅទៀត ពោលគឺ នៅ​ពេល​មនុស្ស​មាន​​អារម្មណ៍​​ថា ការមានជីវិតរស់នៅមិនមែន​ជាអ្វីដែល​គេស៊ូទ្រាំតទៅ​ទៀត​បាន​ទេ ក្នុងសាសនា​ដែល​​គោរពព្រះអាទិទេព សិទ្ធិស្លាប់មិនមានចំពោះមនុស្សទេ ព្រោះថា​មនុស្ស​មិន​មែន​​ជាម្ចាស់ជីវិត​ខ្លួន នៅពេលទទួលស្គាល់ថា ជីវិតនេះជាសម្បត្តិរបស់​ព្រះអាទិទេព យើង​គ្មាន​សិទ្ធិ​សម្លាប់ខ្លួនឯង​ឡើយ ព្រោះការសម្លាប់ខ្លួនឯងមានន័យស្មើនឹងការ​បំផ្លាញ​សម្បត្តិ​របស់​ព្រះអាទិទេព ។
ទោះបីព្រះពុទ្ធសាសនាមើលឃើញថា អត្តឃាតមិនមែនជាអំពើល្អនិងមិនមែនជា​ដំណោះ​ស្រាយ​បញ្ហាជីវិតក៏ដោយ ប៉ុន្តែ​ព្រះពុទ្ធសាសនាក៏មិនថ្កោលទោសមនុស្សដែលសម្លាប់ខ្លួនឯងនោះ​ទេ ព្រោះព្រះពុទ្ធសាសនាជឿរឿងការស្លាប់និងការកើត ការសម្លាប់ខ្លួនមិនមែនជាការ​បញ្ចប់​ដំណើរ​ជីវិតទេ គ្រាន់តែជាការគេចចេញពីភាវៈមួយទៅកាន់ភាវៈមួយទៀត ហើយការ​គេច​ទៅក្នុងលក្ខណៈ​នេះចាត់ជាការគេចទៅដោយមោហៈ មិនមែនជាការគេចទៅដោយបញ្ញាទេ ក្នុងវិន័យរបស់បព្វជិត ទោះបី​មាន​​ការកំណត់ទោសសម្រាប់បព្វជិតដែលសម្លាប់ខ្លួនក៏ដោយ ក៏ប៉ុន្តែទោសនោះត្រឹមតែ​ជា​អាបត្តិ​ទុក្កដដែលចាត់ទុក​ថាជា​អាបត្តិស្រាលបំផុត ទាំងការដែលទ្រង់កំណត់ទោសនោះ​មិនមែន​ព្រោះ​​ការព្យាយាមសម្លាប់ខ្លួននោះទេ ប៉ុន្តែព្រោះ​ហេតុផល​ដទៃ គឺ ការសម្លាប់ខ្លួននោះអាច​នាំឲ្យ​គ្រោះ​ថ្នាក់ដល់អ្នកដទៃ ការសម្លាប់ខ្លួនមិនខុសសីលខបាណាតិបាតទេ ទាំងភិក្ខុដែល​សម្លាប់ខ្លួន​ក៏​មិន​ខុសសិក្ខាបទខទី ៣ គឺ បារាជិកសិក្ខាបទដែរ ក្នុងវណ្ណកម្មព្រះពុទ្ធសាសនា យើងប្រទះឃើញ​អត្តឃាត​ដោយ​ច្រើន និងគួរឲ្យសង្កេតថា នៅពេលព្រះពុទ្ធជាម្ចាស់ទ្រង់ឃើញថា មានភិក្ខុសម្លាប់​ខ្លួន ទ្រង់ក៏តិះដៀលទង្វើនោះ​ថាមិនសមគួរ​ដល់ភេទសមណៈ ។
ការដែលព្រះពុទ្ធសាសនាមានគោលជំហរមិនថ្កោលទោសមនុស្សដែលសម្លាប់ខ្លួន ប៉ុន្តែ​ថ្កោល​ទោសយ៉ាងខ្លាំងចំពោះ​មនុស្ស​ដែលសម្លាប់អ្នកដទៃ ក៏ព្រោះព្រះពុទ្ធសាសនាចាត់ទុកថា មនុស្សគ្រប់រូបជាម្ចាស់ជីវិតខ្លួន ក្នុងឋានៈជាម្ចាស់ជីវិត គេអាចធ្វើអ្វី ៗចំពោះជីវិតខ្លួនបានយ៉ាងសេរី ក្រោម​លក្ខខណ្ឌថា ទង្វើនោះមិនត្រូវល្មើសសិទ្ធិរបស់អ្នកដទៃ ។
មនុស្សដែលសម្លាប់ខ្លួនឯង តាមទស្សនៈរបស់ព្រះពុទ្ធសាសនា គឺ មនុស្សបានទទួល​សិទ្ធិម៉្យាងរបស់ខ្លួន គឺ សិទ្ធិស្លាប់ ប្រសិន​បើការសម្លាប់ខ្លួននោះមិនបង្កទុក្ខក្តៅក្រហាយដល់អ្នក​ដទៃទេ ហេតុនោះ គ្មានហេតុផលអ្វីដែលព្រះពុទ្ធសាសនា​ត្រូវថ្កោល​ទោស​ការសម្លាប់ខ្លួន​នោះ​ឡើយ ។



No comments:

Post a Comment