មានបុរស ២ នាក់ជាអ្នករកស៊ីចិញ្ចឹមជ្រូក រស់នៅក្នុងភូមិមួយតាមដងទន្លេគង្គា ។ នៅថ្ងៃមួយ ពួកគេបបួលគ្នាទៅស្វែងរកចំណីឲ្យជ្រូក, បានទៅដល់ផ្ទះមួយដែលម្ចាស់ផ្ទះបោះបង់ចោល ហើយបានប្រទះឃើញបាយក្រៀមនៅសល់ទុកចោលជាច្រើន ទើបប្រមូលយកបាយក្រៀមទាំងនោះទុកជាចំណីជ្រូក រួចហើយ ក៏ទូលដើរទៅមុខទៀត បន្ទាប់មក ក៏បានទៅដល់ភូមិមួយទៀតដែលគេបោះបង់ចោល បានប្រទះឃើញគំនរប្រាក់យ៉ាងច្រើន ។ បុរសទីមួយបានបោះបង់បាយក្រៀមទាំងនោះចោលហើយក៏ប្រមូលយកប្រាក់ទាំងនោះវិញដើម្បីទុកជូនគ្រួសារ។ បុរសទីពីរ មិនព្រមបោះបង់បាយក្រៀមរបស់ខ្លួនចោលទេ ព្រោះយល់ឃើញថា បាយក្រៀមនេះខ្លួនបានទូលមកតាំងពីយូរមកហើយ មិនអាចបោះបង់ចោលដោយងាយៗទេ ។ ទោះបីបុរសទីមួយខំជួយពន្យល់យ៉ាងណា បុរសទីពីរក៏នៅតែមិនព្រម ហើយថែមទាំងខឹងចំពោះបុរសទីមួយទៀត។ នៅពេលពួកគេធ្វើដំណើរទៅមុខ ក៏បានជួបប្រទះភូមិត្រូវគេបោះបង់ចោលមួយទៀត ហើយបានប្រទះឃើញមាសយ៉ាងច្រើន ។ បុរសទីមួយ ក៏ចោលប្រាក់ទាំងនោះ ហើយប្រមូលយកមាសវិញ ។ បុរសទីពីរ មិនព្រមបោះចោលបាយក្រៀមហើយប្រមូលយកមាសទេ ចេះតែរឹងចចេសនិយាយច្រំដែលថា “ បាយក្រៀមនេះខ្ញុំខំប្រមូលយកតាំងពីណាណីមក បោះចោលមិនបានទេ”។ ពួកគេក៏បន្តដំណើរទៅមុខទៀត ក៏ស្រាប់តែបានជួបប្រទះពេជ្រមួយពំនូកធំ ដែលពួកចោរបោះបង់ចោលនៅពេលត្រូវរាជបុរសប្រមាញ់ដេញតាមចាប់ពួកគេ។ បុរសទីមួយ គិតថា ពេជ្រថ្លៃជាងមាស ទើបបោះបង់មាសចោល ហើយប្រមូលយកពេជ្រវិញ។ បុរសទីពីរ នៅតែមានៈចចេសមិនព្រមបោះបង់បាយក្រៀមចោលដដែល ។
នៅតាមដំណើរផ្លូវវិលត្រឡប់មកផ្ទះវិញ មានភ្លៀងធ្លាក់យ៉ាងខ្លាំង នាំឲ្យបាយក្រៀមដែលបុរសនោះទូលនោះទទឹកជោកអស់ ។ នៅពេលទៅដល់ផ្ទះ ភរិយា និង កូនៗរបស់បុរសទីមួយមានសេចក្តីសប្បាយរីករាយណាស់ដែលបានឃើញប្តីនិងពុកបានពេជ្រយកមកផ្ទះ ។ ពួកគេយកទៅលក់ និងបានកសាងជីវភាពរស់នៅយ៉ាងផាសុកស្រណុកសប្បាយតទៅ ។
ចំណែកឯភរិយា និង កូនៗរបស់បុរសទីពីរវិញក៏ស្រមុតស្លុតចិត្តចំពោះអ្វីដែលបានឃើញ ពោលគឺ បាយក្រៀម ១ បង្វិច។
អ្នកស្រុកភូមិដែលបានដឹងរឿងនេះក៏និយាយបែបលេងសើចហៅបុរសនោះ ថា បុរសបាយក្រៀម។ បុរសបាយក្រៀមនៅតែគិតថាខ្លួនត្រូវ គាត់ការពារគំនិតរបស់គាត់រហូត។ គាត់បានពន្យល់អ្នកដទៃឲ្យយល់ស្របជាមួយគំនិតរបស់គាត់។ មានអ្នកខ្លះ យល់ស្រប អ្នកខ្លះ មិនយល់ស្របហើយអ្នកមិនយល់ស្រប ក៏គិតថា បុរសបាយក្រៀមជាមនុស្សឡប់សតិ ចចេស និង ពិបាកប្រដៅ។ ទោះ បីដឹងថា ខុស ក៏នៅតែការពារគំនិតទូលបាយក្រៀមរបស់ខ្លួន គាត់ខ្លាចខ្មាសគេ ដែលនិយាយថាគាត់ខុស ទើបនិយាយដោះសាថា៖
• គាត់ជាមនុស្សគោរពពាក្យសម្តីខ្លួនឯង ថាទៅរកចំណីជ្រូក ហើយមិនអាចដូរយកអ្វីផ្សេងក្រៅពីនេះបានទេ
• ចំណីជ្រូកនោះ សំខាន់សម្រាប់ជ្រូកគាត់ណាស់
• គាត់ជាមនុស្សស្មោះត្រង់
• ជ្រូកស៊ីបាយក្រៀមឆាប់ធំ
• បាយក្រៀមឆ្អិនស្រាប់ មិនបាច់ដាំ នាំខាតពេល។
មានមនុស្សខ្លះដែលគិតដូចគាត់ ក៏សរសើរថា គាត់ជាមនុស្សអស្ចារ្យ មនុស្សស្មោះត្រង់ដូចគាត់មិនងាយរកបានទេ ប៉ុន្តែមានមនុស្សផ្សេងទៀត គិតថា គាត់កំពុងឆ្កួតនឹងទិដ្ឋិរបស់គាត់ទៅវិញ។
គតិធម៌
ការប្រកាន់ខ្ជាប់នឹងទិដ្ឋិខ្លាំងពេកនាំឲ្យខូចប្រយោជន៍បាន ។ប្រភពៈ http://www.khmerbuddhism.ca/profiles/blogs

No comments:
Post a Comment