Tuesday, July 14, 2015

សត្រូវរបស់រដ្ឋ


សត្រូវរបស់រដ្ឋទោះជាសត្រូវខាងក្នុងឬខាងក្រៅតោងមានស្ថានភាពក្រោមកណ្តាប់ដៃដែក ៥ ចំណុចដូចតទៅនេះ 
សត្រូវរបស់រដ្ឋ គឺ សត្រូវរបស់ប្រជាជន
សត្រូវរបស់រដ្ឋ  គឺ គ្រោះថ្នាក់របស់សន្តិសុខជាតិ
សត្រូវរបស់រដ្ឋ ​គឺ គូសឹកសង្រ្គាម
សត្រូវរបស់រដ្ឋ  គឺ ក្រុមបុគ្គលដែលរដ្ឋមិនត្រូវការ 
មន្រ្តីរដ្ឋមានកាតព្វកិច្ចកម្ចាត់សត្រូវរបស់រដ្ឋ 
១.សត្រូវរបស់រដ្ឋ គឺ សត្រូវរបស់ប្រជាជន
កាលបើរដ្ឋមានកំណើតមកពីប្រជាជន ស្ថិតនៅបានដោយប្រជាជន និង ជារបស់ប្រជាជន ហេតុនោះ ប្រជាជនទើបជាផលរួមរបស់រដ្ឋ ឬ រដ្ឋជាផលរួមរបស់ប្រជាជន ហេតុនោះ មិត្ររបស់រដ្ឋក៏ជាមិត្ររបស់ប្រជាជន និង សត្រូវរបស់រដ្ឋក៏ជាសត្រូវរបស់ប្រជាជន ។ 
សត្រូវរបស់រដ្ឋ ទោះជាបុគ្គល ក្រុមបុគ្គល ឬ រដ្ឋដទៃ មិនចាត់ទុកថាជាសត្រូវរបស់ប្រជាជនណាម្នាក់ដោយចំពោះទេ ប៉ុន្តែចាត់ទុកថាជាសត្រូវរបស់ប្រជាជនទាំងមូល ផ្ទុយទៅវិញ បើពួកគេសាងទំនាស់ ឬ ហាយនភាពដល់ប្រជាជនណាម្នាក់ដោយចំពោះ យើងមិនអាចហៅពួកគេថាជាសត្រូវរបស់រដ្ឋបានទេ ប៉ុន្តែនោះចាត់ជារឿងផ្ទាល់ខ្លួនបុគ្គល យើងអាចហៅពួកគេថាជាសត្រូវរបស់រដ្ឋបានលុះត្រាតែពួកគេសាងជម្លោះឬហាយនភាពធំធេងដល់ផលប្រយោជន៍របស់រដ្ឋដោយរួម ។ 
ឧទាហរណ៍ អ្នកនយោបាយម្នាក់ប្រើអំណាចដែលជាតំណាងរបស់ប្រជាជនដោយខុសច្បាប់ចុះហត្ថលេខាកាត់ដែនដីមួយចំនួនដល់រដ្ឋដទៃដោយពុំបានធ្វើប្រជាមតិឬជម្រាបពលរដ្ឋដែលជាម្ចាស់អំណាចឲ្យដឹងទេ ហើយដែនដីមានការប្រែប្រួលទៅតាមអំណាចដែលប្រើខុសច្បាប់នោះមែន យើងអាចហៅអ្នកនយោបាយនោះថាជាសត្រូវរបស់រដ្ឋ ឬ សត្រូវរបស់ប្រជាជន បានព្រោះល្មើសអំណាចអធិបតេយ្យរបស់ប្រជាជន ដែលគេឯងតែងហៅថា ជនក្បត់ជាតិ ។ 



២.សត្រូវ​របស់រដ្ឋ គឺ គ្រោះថ្នាក់របស់សន្តិសុខជាតិ 
រដ្ឋដែលខ្វះសន្តិសុខ គឺ រដ្ឋដែលត្រៀមនឹងដួលរលំ សត្រូវរបស់រដ្ឋ គឺ បុគ្គល ក្រុមបុគ្គល ឬ រដ្ឋដទៃដែលបំផ្លិចបំផ្លាញ បង្កបង្កើតបញ្ហា និង ដណ្តើមផលប្រយោជន៍របស់រដ្ឋ ធ្វើឲ្យរដ្ឋទន់ខ្សោយ ងាយដល់ការចូលទន្ទ្រានពីក្រុមបុគ្គលដែលជាគ្រោះភ័យដល់សន្តិសុខជាតិ ហេតុនោះ ពួកគេទើបចាត់ទុកថាជាគ្រោះថ្នាក់សម្រាប់សន្តិសុខរបស់រដ្ឋ ។ 


សន្តិសុខរបស់រដ្ឋឬសង្គមសព្វថ្ងៃមានច្រើនយ៉ាង ដូចជា សន្តិសុខខាងកងទ័ព, ខាងសេដ្ឋកិច្ច, សង្គម, វប្បធម៌, សាសនា, ចំណេះដឹង-សតិបញ្ញា,បច្ចេកវិទ្យា,ទិន្នន័យ, ពត៌មាន ជាដើម ហេតុនោះ ការរក្សាការពារសន្តិសុខទើបមិនអាចរំលែកតែរឿងណាមួយបានទេ    មែនពិត សន្តិសុខផ្នែករឿងណាមួយគួរតែឲ្យអង្គភាពដែលមានកាតព្វកិច្ចទទួលខុសត្រូវរក្សាការពារដោយចំពោះ ប៉ុន្តែនៅពេលជាមួយគ្នានោះ ក៏ត្រូវមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធដែរ ទាំងនេះក៏ដើម្បីរក្សាសន្តិសុខជាតិដោយរួម ប្រព្រឹត្តទៅយ៉ាងរឹងមាំនិងយ៉ាងស្រុះស្របគ្នា សត្រូវរបស់រដ្ឋច្រើនតែបង្កបង្កើតបញ្ហាឬវិនាសភាពក្នុងវិសាលភាពទូលំទូលាយ ពោលគឺ បំផ្លិចបំផ្លាញផលប្រយោជន៍សាធារណៈដែលមានផលប៉ះពាល់ដល់រដ្ឋឬប្រជាជនទាំងមូល ទង្វើបំផ្លិចបំផ្លាញនេះមានផលអវិជ្ជមានដល់សន្តិសុខរបស់រដ្ឋត្រង់ផ្នែកណាមួយ ។

ឧ.បុគ្គល ១ ក្រុមកាប់បំផ្លាញព្រៃឈើដែលជារបស់សាធារណៈដើម្បីផលកម្រៃដល់ក្រុមរបស់ខ្លួន ហើយស្ថាបនាខ្លួនឯងជាកងកម្លាំងឡើងដើម្បីតតាំងនឹងការតវ៉ាប្រឆាំងរបស់ប្រជាជន មិនតែប៉ុណ្ណោះ បានសហការជាមួយនឹងក្រុមបុគ្គលពីរដ្ឋដទៃបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់រដ្ឋឬប្រជាជនតាមអំពើចិត្តដោយមិនគិតដល់ច្បាប់ដែលជាកតិការួមគ្នារបស់សង្គម យើងអាចហៅក្រុមបុគ្គលនោះថាជាសត្រូវរបស់រដ្ឋ ឬ ប្រជាជនដែលបង្កបង្កើតគ្រោះថ្នាក់ដល់សន្តិសុខជាតិ ។ 


៣.សត្រូវរបស់រដ្ឋ គឺ គូសឹកសង្រ្គាម 
ឈ្មោះថា សត្រូវ ចាត់ជាគូបដិបក្សខាងចិត្តឬខាងកាយ ទាំងមិនកំណត់ថាគេជានរណា ធ្លាប់នៅក្នុងភាគីណាមកពីមុនទេ ប្រការសំខាន់ គឺថា កាលបើគេប្រកាសឬសម្តែងនូវភាពជាសត្រូវចំពោះរដ្ឋហើយ គេក៏ក្លាយទៅជាសត្រូវរបស់រដ្ឋដោយស្វ័យប្រវត្ត 
សត្រូវរបស់រដ្ឋទើបចាត់ទុកថាជាគូសឹកសង្រ្គាមរបស់រដ្ឋយ៉ាងពេញលេញ រដ្ឋឬប្រជាជនទើបសម្លឹងមើលនិងបដិបត្តិចំពោះគេស្មើនឹងសត្រូវ មានចំណុចសំខាន់មួយទៀតដែលគប្បីយល់ដឹងឲ្យច្បាស់ គឺ ការបំផ្លិចបំផ្លាញ និង ការប្រណាំងប្រជែង ទាំង ២ សព្ទនេះមានន័យផ្សេងគ្នាក្រោមចេតនាស៊ីជម្រៅ គឺ មនុស្សនិងរដ្ឋផ្សេង ៗ តែងមានការប្រណាំងប្រជែងគ្នាជាច្រើនផ្នែកច្រើនវិស័យដើម្បីផលប្រយោជន៍ ឬ ដើម្បីការរស់រានរបស់ខ្លួនឯង ដែលចាត់ទុកថាជារឿងធម្មតាប្រសិនបើការប្រណាំងប្រជែងនោះប្រព្រឹត្តទៅក្រោមកតិការួមរបស់សង្គម គឺ ច្បាប់ ហើយភាគីនីមួយ ៗ បានទទួលផលប្រយោជន៍យ៉ាងសមហេតុសមផល ប៉ុន្តែសម្រាប់ចេតនាក្នុងការបំផ្លិចបំផ្លាញច្រើនតែជាចេតនាមូលដ្ឋានរបស់សត្រូវ ពោលគឺ សត្រូវតែងមិនគោរព ឬ បដិបត្តិកតិកាណា ៗទាំងអស់ មានចេតនាប្រាថ្នាតែផលប្រយោជន៍តែម្យ៉ាងដោយមិនគិតដល់ភាគីខូចខាតឬភាគីរងកម្មទេ បញ្ហាស្មុគស្មាញនៅបច្ចុប្បន្ន គឺថា ការបំផ្លិចបំផ្លាញរបស់សត្រូវច្រើនតែបង្កប់ដោយកលល្បិចយ៉ាងសមស្រប ហើយសត្រូវដែលឈ្លាសវៃតែងតែបិទបាំងចេតនាឬស្ថានភាពពិតរបស់ខ្លួនឯង ទើបធ្វើឲ្យរដ្ឋដែលល្ងង់ខ្លៅ ទម្រាំនឹងដឹងថា ផលប្រយោជន៍របស់ខ្លួនឯងត្រូវបានបំផ្លិចបំផ្លាញទៅយ៉ាងច្រើនសន្ទឹកសន្ធាប់ក៏ហួសពេលកែកុនទៅហើយ ថែមទាំងមិនដឹងថា នរណាជាអ្នកធ្វើការបំផ្លិចបំផ្លាញទៀត ។ 
រដ្ឋដែលឈ្លាសវៃត្រូវតែដឹងថា នរណាជាសត្រូវរបស់រដ្ឋ និង ត្រូវតែដឹងឲ្យស៊ីជម្រៅទៀតថា សត្រូវនោះបានធ្វើ ឬ នឹងធ្វើអ្វីដែលនឹងបង្កគ្រោះភ័យដល់រដ្ឋរបស់ខ្លួនខ្លះ?  និងត្រូវស្វែងរកវិធីការពារ ឬ វាយបកយ៉ាងឆាប់រហ័សដូចម្តេច? ដើម្បីកុំឲ្យរដ្ឋរបស់ខ្លួនក្លាយជារដ្ឋរងគ្រោះ ឬ រដ្ឋទទួលរងការវាយប្រហារតែម្យ៉ាង និងគប្បីប្រុងប្រៀបដើម្បីឲ្យខ្លួនឯងស្ថិតក្នុងស្ថានភាពជាភាគីវាយ​លុកមុនជានិច្ច ។ 

ឧ.រដ្ឋមួយបញ្ជូនពលរដ្ឋរបស់ខ្លួនទៅអាស្រ័យនៅក្នុងរដ្ឋមួយទៀតដោយហេតុផលភៀសខ្លួនឬអន្តោប្រវេសន៍ទាំងបង្កប់ដោយចេតនាក្នុងការបំផ្លិចបំផ្លាញរដ្ឋនោះហើយនៅពេលពលរដ្ឋរបស់ខ្លួនឯងមានឱកាសដណ្តើមដែនដី ឬ ទីផ្សារដែលជាស្នូលសំខាន់ក្នុងរដ្ឋនោះ ក៏ចូលទៅជ្រោមជ្រែងពលរដ្ឋខ្លួនក្នុងរដ្ឋនោះយ៉ាងបើកចំហក្រោមយុទ្ធសាស្រ្តថា ផ្លាស់ពីភ្ញៀវជាម្ចាស់ផ្ទះដូចជា នៅអ៊ុយក្រេនជាដើម  យ៉ាងណាមិញ រដ្ឋវៀតណាមតាំងពីថ្ងៃចូលឈ្លានពានប្រទេសកម្ពុជាដើមមកតែងមានចេតនាមិនល្អចំពោះរដ្ឋតូចដូចប្រទេសខ្មែរនេះជាច្រើនរូបបែបដោយបញ្ជូនពលរដ្ឋខ្លួនឲ្យមករស់នៅក្នុងប្រទេសខ្មែរហើយតាំងខ្លួនជាម្ចាស់ផ្ទះ ទាំងបើកសមាគមវៀតណាមជួយសម្រួលពលរដ្ឋរបស់ខ្លួនថែមទៀតដើម្បីតាមដានពលរដ្ឋរបស់ខ្លួន ប៉ុន្តែរដ្ឋតូចដូចកម្ពុជាមិនមានសមាគមខ្មែរក្នុងប្រទេសវៀតណាមដើម្បីតាមដានមើលពលរដ្ឋរបស់ខ្លួនឬបញ្ជូនពលរដ្ឋខ្លួនទៅរស់នៅក្នុងប្រទេសវៀតណាមដោយន័យជាមិត្រប្រទេសជិតខាងទេ អសមភាពនៃការបដិបត្តិរបស់រដ្ឋវៀតណាមចំពោះប្រទេសខ្មែរនេះចាត់ជាចេតនាបំផ្លិចបំផ្លាញច្រើនជាងចេតនាជាមិត្តល្អរវាងរដ្ឋ មានករណីការបដិបត្តិបែបអមិត្រជាច្រើនទៀត ដូចជា រឿងសន្ធិសញ្ញាព្រំដែនខុសច្បាប់អន្តរជាតិ ការរំកិលព្រំដែនតាមអំពើចិត្ត ជាដើម ការបដិបត្តិនេះមិនមែនធ្វើឡើងដោយស្មើភាពរវាងរដ្ឋនិងរដ្ឋទេ ប៉ុន្តែធ្វើឡើងក្រោមចេតនាបំផ្លិចបំផ្លាញច្រើនជាង ។



៤.សត្រូវរបស់រដ្ឋ គឺ ក្រុមបុគ្គលដែលរដ្ឋមិនត្រូវការ 
ការបណ្តោយឲ្យសត្រូវរបស់រដ្ឋរស់នៅក្នុងរដ្ឋដោយសេរីនោះប្រៀបដូចជាការចិញ្ចឹមអាសីរពិសទុកនៅក្នុងផ្ទះរបស់ខ្លួនឯង ដែលយើងមិនអាចស្មានដឹងថា នៅថ្ងៃណាមួយអាសីរពិសនោះនឹងចឹកសម្លាប់ជីវិតមនុស្សដែលរស់នៅក្នុងផ្ទះរបស់យើងនោះទេ ។
មានរដ្ឋ ២ ប្រភេទប៉ុណ្ណោះដែលសុខចិត្តឲ្យសត្រូវរបស់រដ្ឋអាចរស់នៅខាងក្នុងរដ្ឋរបស់ខ្លួនបាន គឺ រដ្ឋដែលល្ងង់ខ្លៅបំផុត និងរដ្ឋដែលឆ្លាតបំផុត ។ 
ការដែលរដ្ឋល្ងង់ខ្លៅបំផុតបណ្តោយឲ្យសត្រូវរបស់រដ្ឋអាចរស់នៅខាងក្នុងរដ្ឋរបស់ខ្លួនឯងបានក៏ព្រោះតែពួកគេមិនដឹងថានរណាជាមិត្រឬនរណាជាសត្រូវពិតប្រាកដទេ ពុំនោះសោត គឺ គ្មានសមត្ថភាពដើម្បីកម្ចាត់សត្រូវរបស់រដ្ឋបានយ៉ាងមានប្រសិទ្ធភាពឡើយ។ 
ចំណែកឯការដែលរដ្ឋឆ្លាតបំផុតបណ្តោយឲ្យសត្រូវរបស់រដ្ឋអាចរស់នៅខាងក្នុងរដ្ឋរបស់ខ្លួនឯងបាន អាចព្រោះថា ពួកគេមានគោលបំណង ឬកលល្បិចណាមួយដែលត្រូវការទាញប្រយោជន៍ពីសត្រូវរបស់រដ្ឋទាំងនោះយ៉ាងឈ្លាសវៃ មានន័យថា ការរស់នៅរបស់សត្រូវរបស់រដ្ឋត្រូវបានគ្រប់គ្រងយ៉ាងប្រកៀកប្រកិតដិតដល់ ឬ យ៉ាងសមស្រប នៅពេលណាដែលពួកគេអស់តម្លៃតាមគោលបំណងនោះហើយ ក៏ត្រូវកម្ចាត់ចោលភ្លាម​ដើម្បីមិនឲ្យបង្កបញ្ហានៅថ្ងៃក្រោយ ។ 
៥.រដ្ឋមានកាតព្វកិច្ចកម្ចាត់សត្រូវរបស់រដ្ឋ 
ពាក្យថា សត្រូវ ទោះជាក្នុងរូបភាពណា មានច្រើនឬតិច តែងចាត់ទុកថាជាគ្រោះថ្នាក់ជានិច្ច ជាពិសេស សត្រូវរបស់រដ្ឋ ដែលសព្វថ្ងៃមានច្រើនរូបបែប និងដោយអាស្រ័យវឌ្ឍនភាពខាងសង្គម ក៏ចម្រើនលូតលាស់ទៅដោយឥតឈប់ឈរ ជាហេតុធ្វើឲ្យមានឧបករណ៍បំផ្លាញគ្នានិងគ្នាបានយ៉ាងទូលំទូលាយទាំងកម្រិតបុគ្គល ក្រុមបុគ្គលនិងកម្រិតរដ្ឋនិងរដ្ឋ ។ 
សត្រូវរបស់រដ្ឋទាំងពួងចាត់ជាគ្រោះថ្នាក់កម្រិតធ្ងន់ដែលមន្រ្តីរដ្ឋនិងប្រជាជនត្រូវជួយគ្នាកម្ចាត់ ពុំនោះសោត ត្រូវគ្រប់គ្រងយ៉ាងមានកលល្បិចនិងយ៉ាងប្រកិតប្រកៀកដិតដល់ដើម្បីមិនឲ្យបង្កហាយនភាពដល់សង្គមដោយរួម និងដោយហេតុថា សក្តានុពលរបស់សត្រូវរបស់រដ្ឋមានសក្តានុពលលើសបុគ្គលធម្មតា ហេតុនោះ កាតព្វកិច្ចទើបធ្លាក់ទៅក្នុងដៃរបស់មន្រ្តីដែលត្រូវធ្វើការងារនេះដោយយកប្រជាជនជាជំនួយការដោយប្រយោល មានន័យថា ទាំងមន្រ្តីរដ្ឋទាំងប្រជាជនសហការគ្នាកម្ចាត់សត្រូវរបស់រដ្ឋដើម្បីសេចក្តីសុខក្សេមក្សាន្តដោយរួម ។ 
សរុបសេចក្តីមកថា សត្រូវរបស់រដ្ឋអាចជាបុគ្គល ក្រុមបុគ្គល ឬ រដ្ឋដទៃ ទាំងចេញពីផ្ទៃក្នុង ទាំងចេញពីខាងក្រៅរដ្ឋ ឲ្យតែមានចេតនាបំផ្លិចបំផ្លាញផលប្រយោជន៍រួមរបស់រដ្ឋដោយមិនឈរលើកតិកាប្រណាំងប្រជែងដោយស្មើភាព ត្រូវកាប់ឆ្ការដោយកណ្តាប់ដៃរបស់រដ្ឋ ។ ឧ.បុគ្គលម្នាក់អាចក្លាយជាសត្រូវរបស់រដ្ឋបានព្រោះតែគេជាអ្នកនយោបាយដែលប្រើអំណាចឬឥទ្ធិពលមិនត្រឹមត្រូវទៅបំផ្លាញរដ្ឋរបស់ខ្លួនឯងដោយការកាត់ដែនដីដែលជាអធិបតេយ្យរបស់រដ្ឋ ប្រៀបដូចជាប្តីជាមេគ្រួសារដុតបំផ្លាញផ្ទះរបស់ខ្លួនឯងដោយមិនគិតដល់គ្រួសារដែលមានទាំងប្រពន្ធ និង កូនដូច្នោះ យ៉ាងនេះចាត់ទុកថាជាសត្រូវរបស់រដ្ឋ ឬថា បុគ្គល ១ ក្រុមកសាងកងកម្លាំង ១ ឡើងដើម្បីបំផ្លាញរដ្ឋរបស់ខ្លួនឯងដោយត្រូវការបំបែកចេញពីរដ្ឋដើម ដែលគេឯងហៅថា បង្កើតតំបន់អបគមន៍ យ៉ាងនេះចាត់ទុកថាជាសត្រូវរបស់រដ្ឋ ឬថា ក្នុងភូមិ ១ មានដើមឈើ ១០០ ដើម មេភូមិឃុបឃិតនឹងក្រុមបុគ្គលផ្សេងកាប់បំផ្លាញដើមឈើ ៨០ ដើមដើម្បីផលប្រយោជន៍របស់ខ្លួន យ៉ាងនេះមេភូមិនោះចាត់ជាសត្រូវរបស់ប្រជាជនក្នុងភូមិ ឬថា រដ្ឋមួយមានព្រៃឈើ ៧០ % បុគ្គល ១ ក្រុមកាប់បំផ្លាញព្រៃឈើអស់ ២០ %ដើម្បីផលប្រយោជន៍របស់ក្រុមខ្លួន ហើយស្ថាបនាគ្នាឯងឲ្យមានឋានៈផ្សេង ៗ ដូចជា ឧកញ៉ា ឧត្តមសេនីយ៍ រដ្ឋមន្រ្តី ឬ តំណែងអ្វីក៏ដោយ ក៏មិិនអាចលាក់បាំងភាពជាសត្រូវរបស់រដ្ឋបានដែរ ហេតុនោះ បុគ្គលឬក្រុមបុគ្គលឬរដ្ឋដទៃគប្បីធ្វើជាមិត្ររវាងគ្នានិងគ្នាទើបអាចរស់នៅជាមួយគ្នាឬជិតខាងគ្នាបានយ៉ាងសុខសាន្ត ពុំនោះសោតទេ មានតែបញ្ហាតតាំងគ្នាមិនចេះចប់ប្រៀបដូចជារឿងខ្លាឃ្មុំនិងដើមពង្រដូច្នោះ ។












No comments:

Post a Comment