Tuesday, July 14, 2015

សត្រូវទីងងឹត

សត្រូវទីងងឹត បានដល់ សត្រូវលាក់មុខ ឬ សត្រូវដែលមើលមិនឃើញ (invisible enemy)
ទីងងឹតមានទាំងភយន្តរាយទាំងនិរភយន្តរាយ
មានគេនិយាយថា កន្លែងដែលមើលទៅហាក់ដូចជាមានភយន្តរាយបំផុត ជួនកាលក៏ជាកន្លែងដែលមាននិរភយន្តរាយបំផុតដែរ  ពាក្យនេះជា សេចក្តីពិតផ្នែកចិត្តវិទ្យាដែលគេច្រើនតែយកទៅប្រើក្នុងកលល្បិចដើម្បីតស៊ូប្រយុទ្ធគ្នា ។
តាមធម្មជាតិ ទីងងឹត ឬដែលមនុស្សជាច្រើននៅមិនទាន់ស្គាល់ច្បាស់ច្រើនតែសម្លឹងមើលយ៉ាងប្រថើប្រថុយចេញពីក្រសែភ្នែកថាជាកន្លែង ដែលមានទាំងភ័យទាំងនិរភ័យ ឬថាជាកន្លែងដែលមានទាំងគ្រោះថ្នាក់ទាំងសុវត្ថិភាព ព្រោះពួកគេនៅមិនទាន់ស្គាល់ទីងងឹតនោះច្បាស់លាស់ ថាតើទីងងឹតនោះមានអ្វីលាក់កំបាំងខ្លះ  មនុស្សយើងកាលបើមិនស្គាល់អ្វីមួយ គេច្រើនតែខ្លាចញញើតឬខ្លាចរវែងអ្វី ៗនោះជាមុន តាមពិត  ទីងងឹតនោះអាចមិិនមានភយន្តរាយលាក់មុខក៏បាន  ។
ជនណាដែលយល់ដឹងក្នុងធម្មជាតិឬសភាវគតិគោលនោះបាន ជននោះតែងតែនាំយកគោលការណ៍នោះមកប្រើដើម្បីប្រយុទ្ធតស៊ូជាមួយនឹងខ្មាំង សត្រូវ ទាំងដើម្បីស្ថាបនាខ្លួនឯងជាភាគីវាយលុកនិងភាគីទប់ទល់យ៉ាងឆ្លាសវៃ ។
ក្នុងការវាយលុក គេក៏វាយលុកយ៉ាងលាក់មុខ ស្ងប់ស្ងាត់ រហ័សរហួន រហូតដល់សត្រូវយល់មិនទាន់កលល្បិចនោះ ដែលភាគីទប់ទល់តែងតែចាញ់ប្រៀប ព្រោះទម្រាំនឹងដឹងខ្លួន ភយន្តរាយក៏ចូលមកដល់ខ្លួនរហូតដល់ដោះទាល់មិិនទាន់ទៅហើយ ។
ករណីមួយទៀត បើតាំងជំហរទប់ទល់ត្រង់ទីងងឹត ឬត្រង់កន្លែងដែលសត្រូវមិនស្គាល់ សត្រូវតែងមិនហ៊ានវាយលុកយ៉ាងពេញទំហឹងទេ ព្រោះថា ការតស៊ូប្រយុទ្ធដែលខ្វះព័ត៌មានគ្រប់គ្រាន់នោះមានតែជនល្ងង់ខ្លៅឬទាល់ច្រកប៉ុណ្ណោះដែលអាចធ្វើបាន ។ 



រឿងដែលនឹកស្មានមិនដល់
មនុស្សជាពូជពង្សដែលមានការសិក្សាឈ្វេងយល់និងការសម្របខ្លួនតាមបរិស្ថានបានគ្រប់ពេល សង្គមមនុស្សកាន់តែមានអភិវឌ្ឍនកម្មច្រើនប៉ុនណា ការសិក្សាឈ្វេងយល់របស់មនុស្សក៏កាន់តែមានគុណភាពច្រើនប៉ុនណោះ ដោយអាស្រ័យបច្ចេកវិទ្យាជាឧបករណ៍ជំនួយ មានន័យថា សង្គមសព្វថ្ងៃ ទោះយើងរស់នៅក្នុងប្រទេសណាក៏ដោយ យើងក៏អាចសិក្សាឈ្វេងយល់ទាន់គ្នាបានទាំងអស់ ភាគច្រើនក្រោមគោលការណ៍ឬទ្រឹស្តីតែមួយ ។ 
នុះក៏ព្រោះថាសង្គមផ្សេង ៗទូទាំងសកលលោកអាចគិតស្រាវជ្រាវឬប្រឌិតកសាងគោលចំណេះដឹងថ្មី ៗបានដោយសេរី ហើយក៏បញ្ជូនគោលចំណេះ ដឹងនោះ ៗទៅកាន់ប្រទេសដទៃតាមរយៈបច្ចេកវិទ្យាដើម្បីសាងផលកម្រៃនិងសម្តែងសក្តានុពលរបស់ខ្លួន ខ្លឹមសារផ្សេង ៗ នៃការសិក្សាឬចំណេះដឹង នោះ ៗទើបក្លាយជាទំនិញឬផលិតផលរូបបែបថ្មីដោយបរិយាយ ។
ប៉ុន្តែនៅមានចំណេះដឹងមួយចំណួនទៀតដែលប្រកបដោយសេចក្តីស្មុគស្មាញយ៉ាងច្រើន ត្រូវសិក្សាស្រាវជ្រាវដោយពួកឬក្រុមពិសេសក្រោម​លក្ខខណ្ឌឬកលល្បិចនៃកាលវេលាដើម្បីឲ្យប្រទេសដែលគិតប្រឌិតស្រាវជ្រាវឃើញយកទៅសាងប្រយោជន៍ឬផលកម្រៃបន្ថែមដល់សង្គមរបស់ខ្លួន លុះពួកគេបានទទួលប្រយោជន៍ជាទីគាប់ចិត្តហើយទើបបង្ហើបបង្ហាញជាសាធារណៈនិងបញ្ជូនចេញទៅកាន់ប្រទេសដទៃដើម្បីលក់យកផលកម្រៃមួយ ជាន់ទៀត ។

ហេតុផលដូចបានពោលមកនោះឯងទើបជាចម្លើយថា ហេតុអ្វីបានជាប្រទេសឬក្រុមបុគ្គលដែលមានសក្តានុពលខាងស្ថាបនកម្មស្រាវជ្រាវទើបអាច​អភិវឌ្ឍប្រទេសរបស់គេបានចម្រើនលូតលាស់យ៉ាងឆាប់រហ័ស និងអាចរក្សាគម្លាតនៃសេចក្តីចម្រើននោះបានយ៉ាងជាប់លាប់ជាមួយនឹងគូប្រជែង ឬ ប្រទេសឱនថយដទៃ ព្រោះថា មនុស្សដែលគិតបានមុនតែងធ្វើមុន និងមនុស្សដែលចាប់ផ្តើមធ្វើមុន តែងបានទទួលផលប្រយោជន៍មុនជាធម្មតា ។
ទុកជាដូច្នោះក៏ដោយ ពិតតែប្រទេសផ្សេង ៗទូទាំងសកលលោកមានសក្តានុពលឬអភិវឌ្ឍនកម្មច្រើនមែន ប៉ុន្តែសង្គមមនុស្សក៏នៅតែមានការ ប្រណាំងប្រជែងគ្នាគ្រប់ពេលវេលាដដែល  អ្នកដែលបានប្រៀបក៏ប្រណាំងប្រជែងបែបអ្នកបានប្រៀប អ្នកដែលចាញ់ប្រៀបក៏ប្រណាំងប្រជែង បែបអ្នកចាញ់ប្រៀប ទម្រាំនឹងមានភាគីណាមួយអាចរកចំណុចរបត់(turning point)ដែលជាប្រយោជន៍ដល់ខ្លួនឯងបានយ៉ាងឆាប់រហ័ស ចំណុចគម្លាតនៃការ​ចាញ់​ប្រៀបឬបានប្រៀបនោះទើបអាចកាត់បន្ថយបានខ្លះ ឬក៏អាចបន្ថែមចំណុចគម្លាតច្រើនទៀតក៏បាន ។
សីឃភាព(rapidity)និងសារត្ថភាព(core)នៃការផ្លាស់ប្តូរទើបបង្គាប់មនុស្សឲ្យត្រូវស្វែងរកសក្តានុពលពិសេសក្រៅពីសក្តានុពលទូទៅ ដើម្បីឲ្យ ក្លាយជាចំណុចរបត់ទាន់ហន់ឬយ៉ាងហោចណាស់ក៏ឲ្យបានប្រៀបលើសត្រូវដែលពួកគេច្រើនតែប្រើកលល្បិចហួសពីសេចក្តីនឹកស្មានដោយមិន គិតគោលចរិយធម៌ឬគុណធម៌អ្វីទេ ព្រោះអ្វីដែលពួកគេប្រាថ្នាចង់បាន គឺ ស្នាដៃ ឬ សមិទ្ធផល មិនមែនសេចក្តីយោគយល់ឬសមានចិត្តនោះទេ ។



អាវុធបិទមុខ
ក្នុងសង្គមសកលលោកសម័យថ្មី ការបំផ្លាញសត្រូវ ឬគូប្រជែងឲ្យបានដោយមិនបង្ហាញខ្លួនឬបង្ហាញអាវុធដែលប្រើនោះ ចាត់ជាសេចក្តីចាំបាច់ ដើម្បីឲ្យភាគីវាយលុកមិនទទួលហាយនផលពីទង្វើនោះ ព្រោះសកលលោកសព្វថ្ងៃត្រូវបានពង្រួញឲ្យតូចចុះដោយនពកម្មនៃបច្ចេកវិទ្យាដែលធ្វើឲ្យ ប្រទេសផ្សេង ៗ ឬ មនុស្សចម្រុះជ័រជាតិត្រូវមានបដិសម្ពន្ធភាពជាមួយគ្នានិងត្រូវប្រណាំងប្រជែងគ្នា មានន័យថា រឿងខ្លះមនុស្សត្រូវសហការគ្នាដើម្បី ផលប្រយោជន៍រួមគ្នា ប៉ុន្តែរឿងខ្លះមនុស្សត្រូវប្រណាំងប្រជែងគ្នា ព្រោះទទួលគំនាបពីបរិបទរបស់សង្គម ព្រោះហេតុនោះ ប្រទេសឬក្រុមនីមួយ ៗទើបបានជាមិត្រនឹងគ្នាផងជាសត្រូវនឹងគ្នាផង ។
អាស្រ័យហេតផលខាងលើ មនុស្សសម័យថ្មីទើបត្រូវការបំផ្លាញសត្រូវឬគូប្រជែងដោយវិធីបិទមុខច្រើនជាងវិធីបើកចំហដើម្បីមិនឲ្យបុគ្គល ដែលរង​ការបំផ្លាញកើតអាឃាតព្យាបាទឬសេចក្តីខ្លាចរវែង ព្រោះពួកគេនៅមានផលប្រយោជន៍រួមគ្នា  អាវុធថ្មីទើបមិនមែនជាអ្វីមួយដោយចំពោះ ទេ ប៉ុន្តែជាអ្វីក៏បានឲ្យតែអាចបំផ្លាញសត្រូវឬគូប្រជែងបាន ដូចជា
ប្រលែងពាក្យអាចាមអារ៉ាមដើម្បីបង់ក្លាយពត៌មានទៅជាក្អែកមួយជាក្អែកដប់
សូកសំណូក
ប្រលែងមេរោគ
ប្រើស្រីស្អាត
ប្រើវប្បធម៌ដែលរឹងមាំជាងចូលគ្របសង្កត់សត្រូវ
គ្របសង្កត់សត្រូវដោយទ្រឹស្តីឬចំណេះដឹងដែលខ្លួនឯងច្នៃប្រឌិតឡើង
ឃោសនាបំផុសបំផុលឲ្យជឿក្នុងយន្តការរបស់ខ្លួន
ទិញមនុស្សឆ្នើមរបស់សត្រូវ
លបធ្វើឃាត
ប្រើអង្គការអន្តរជាតិជាឈ្នាន់ដើម្បីឲ្យភាគីខ្លួនបានប្រៀប
អាស្រ័យសេចក្តីសាញប្រដាញរបស់សង្គមសកលលោកដែលមិនធ្លាប់ឈរឈប់ងាប់ក្រឡា បុគ្គលឬប្រទេសដែលមើលឃើញបាតុភូតផ្សេង ៗ យ៉ាទៀងត្រង់ ឬមិនយល់សារត្ថភាពនៃកលល្បិចរបស់បាតុភូតទាំងនោះយ៉ាងជាក់ច្បាស់ តែងក្លាយជាជនរងគ្រោះឬភាគីរងកម្មខូចខាតមិិនច្រើនក៏ តិច មិិនដោយផ្ទាល់ក៏ប្រយោល ។
គួរឲ្យស្រណោះ ! ភាគីរងកម្មទោះបីដឹងខ្លួនឯងថាចាញ់ប្រៀបឬបាត់បង់ផលប្រយោជន៍ក៏ដោយ ក៏ប៉ុន្តែគេនៅតែមានសម្ពន្ធភាពជាមួយនឹងភាគី វាយលុកនោះ ព្រោះកងច្រវាក់នៃវដ្តចក្ររបស់សង្គមសកលលោកបានអូសគេឲ្យវិលទៅតាមកម្លាំងទាញយ៉ាងជាប់ស្អិត គេគ្មានថ្ងៃណានឹងទទួល បានផលប្រយោជន៍ពេញលេញឡើយ ទាំងគ្មានថ្ងៃណានឹងបានជាភាគីឈ្នះយ៉ាងពិតប្រាកដឡើយដរាបណាគេនៅតែមើលមិនឃើញអាវុធលាក់មុខ របស់សត្រូវនោះ ។





No comments:

Post a Comment