Sunday, July 19, 2015

រដ្ឋនិងសាសនា


មូលហេតុនាំឲ្យកើតសាសនា 

ក្នុងយុគសម័យព្រេងនាយ នៅពេលមនុស្សជួបប្រទះបញ្ហានិងបាតុភូតផ្សេង ៗខាងធម្មជាតិដែលខ្លួនមិនអាចស្វែងរកចម្លើយ ឬ ពាក្យអធិប្បាយណា ៗបានដោយវិធីការនៃហេតុផល ឬ វិទ្យាសាស្រ្ត ក៏ច្រើនតែកើតសេចក្តីភ័យខ្លាច ឬ មិនស្រឡះចិត្តក្នុងការរស់នៅ ដោយហេតុថា មនុស្សក្នុងសម័យបុរាណនោះនៅខ្វះសេចក្តីយល់ដឹងច្រើន ឬ អាចហៅថានៅជាអនារ្យជននៅឡើយ ទើបព្យាយាមស្វែងរកទីពឹងផ្លូវចិត្តតាមដែលអាចធ្វើទៅបាន ។ 
ពិធីកម្ម ឬ ការបដិបត្តិខ្លះទើបកើតឡើងដើម្បីបូជាបាតុភូតខាងធម្មជាតិទាំងនោះ ដូចជា
-បូជាខ្មោចព្រាយបិសាច 
-បូជាភ្លើង​ ដែលហៅថា បូជាព្រះអគ្និ, បូជាខ្យល់ ដែលហៅថា បូជាព្រះពាយ ឬ ព្រះវាយោ,  បូជាដួងច័ន្ទ ដែលហៅថា បូជាព្រះច័ន្ធ ,​បូជាដួងអាទិត្យ ដែលហៅថា បូជាព្រះអាទិត្យ,បូជាទន្លេ,ស្ទឹង សមុទ្រ ឬ បូជាសត្វ ជាដើម
-បូជាព្រះអាទិទេព,ព្រះជាម្ចាស់ ឬ ព្រះអាទិករ,បូជាព្រះឥន្ទ,ព្រះព្រហ្ម ។ល។
 ការបូជាអ្វី ៗទាំងអស់នោះប្រើពាក្យសូធ្យដែលមនុស្សច្នៃឡើងទាំងវត្ថុផ្សេង ៗ ឬ ទាំងជីវិតមនុស្ស ឬ ជីវិតសត្វផ្សេង ៗ ដោយនឹករំពឹងថា ការបូជារបស់ខ្លួននឹងធ្វើឲ្យបាតុភូតដែលខ្លួនភ័យខ្លាចនោះកើតសេចក្តីពេញចិត្តពេញថ្លើម នៅពេលធ្វើ ឬ បដិបត្តិពិធីកម្មនោះ ជារឿយ ៗទៅ ក៏ក្លាយទៅជាផ្នែកមួយនៃវិថីជីវិត ឬ កើតជាប្រពៃណី និង ទំនៀមទម្លាប់ នៅទីបំផុត ក៏ក្លាយជាសាសនាប្រភេទទេវនិយម គឺជាសាសនាដែលកើតឡើងដោយសទ្ធា ឬ ជំនឿសុទ្ធឥតអាស្រ័យចំណេះដឹង ហេតុផល ឬ តក្កៈណា ៗទេ ។ 
សាសនាប្រភេទទេវនិយមទើបជឿនិងប្រកាន់មាំក្នុងអត្ថិភាពនៃខ្មោចព្រាយបិសាច ព្រះអាទិទេព ព្រះជាម្ចាស់ ដោយជឿថា អ្វីទាំងអស់នេះមានអានុភាពលើលោកនិងជីវិតរបស់ខ្លួនឯង មនុស្សក្នុងសម័យបុរាណបានសាងគោលការណ៍,ពាក្យប្រៀនប្រដៅ ឬ ពិធីកម្មផ្សេង ៗឡើងដើម្បីឲ្យអនុជនជំនាន់ក្រោយយកតម្រាប់តាម ឬ បដិបត្តិតាម ។


ចំណេរកាលតមក នៅពេលមនុស្សមានចំណេះដឹងច្រើនឡើង និងសង្គមមានសេចក្តីចម្រើនទាំងខាងសតិបញ្ញាទាំងខាងវិធីការនៃហេតុផល សាសនាមួយប្រភេទទៀតដែលមិនជឿរឿងការបូជាខ្មោចព្រាយបិសាច  ទេវតា ព្រះជាម្ចាស់ជាដើម ទើបកើតឡើង សាសនាប្រភេទក្រោយនេះ ហៅថា សាសនាប្រភេទអទេវនិយម បានដល់ សាសនាដែលជឿចំពោះដំណើរការនៃធម្មជាតិយ៉ាងមានហេតុផល និងជឿចំពោះសក្តានុពលរបស់មនុស្ស ។
សាសនាក្នុងសង្គមមនុស្សសព្វថ្ងៃ មាន ២ ប្រភេទធំ ៗ គឺ សាសនាប្រភេទទេវនិយម និង សាសនាប្រភេទអទេវនិយម
  •  ដើមកំណើតរបស់សាសនាប្រភេទទេវនិយម គឺ កើតមកពីសេចក្តីភ័យខ្លាច ការព្រមចុះញ៉ម និងការបូជាអ្វីៗដែលខ្លួន​ឯង​ភ័យខ្លាចដោយមិនអាស្រ័យលើហេតុផល ឬ ការពិសោធណា ៗ ។
  • ដើមកំណើតរបស់សាសនាប្រភេទអទេវនិយម គឺ  កើតមកពីសេចក្តីសង្ស័យ ការមិនព្រមចុះញ៉មចំពោះអ្វី ៗដែលខ្លួនឯងសង្ស័យនោះ ទើបស្វែងរកចម្លើយដោយសតិបញ្ញាឬវិធីការនៃហេតុផលជាមុនសិនហើយទើបមានជំនឿជាក្រោយ ។ 

បាតុភាពមួយដែលមានបដិបក្ខភាព គឺ នៅពេលសង្គមមានសេចក្តីចម្រើនទាំងចំណេះដឹង សេដ្ឋកិច្ច សង្គមជាដើមរហូតដល់បច្ចុប្បន្ន ប៉ុន្តែសាសនាប្រភេទទេវនិយមភាគច្រើនមានវិធីការខាងជំនឿដែលជ្រុលនិយម និងអាងសេចក្តីសក្តិសិទ្ធិនៃអ្វី ៗដែលខ្លួនឯងប្រកាន់ជឿ ហើយក៏ផ្ទេរផ្លាស់ជំនឿជឿកាន់នោះពីជំនាន់មួយទៅជំនាន់មួយដោយមិនព្រមទទួលយកវិធីការខាងហេតុផលទៅលុបលាងសេចក្តីងប់ងុលនោះទេ ទើបស្ថិតនៅបែបនោះរហូតដល់សព្វថ្ងៃ និងនៅមានមនុស្សជាច្រើននៅជឿស៊ប់នៅឡើយ ។ 



គោលបំណងពិតប្រាកដរបស់សាសនា 

ក្នុងយុគសម័យបុរាណ សាសនាជាធ្នាក់ប្រើសម្រាប់បំបាត់សេចក្តីភ័យខ្លាចរបស់មនុស្ស ព្រោះហេតុថា យុគសម័យនោះ មនុស្សនៅខ្វះសេចក្តីយល់ដឹងអំពីជីវិតនិងបាតុភូតផ្សេង ៗ របស់ផែនដី  តាមសភាវគតិ នៅពេលមនុស្សមិនដឹងអ្វីមួយ គេក៏ខ្លាចញញើតអ្វីនោះ ព្រោះថា សេចក្តីភ័យខ្លាចកើតមកពីសេចក្តីមិនយល់ដឹង(ignorance អវិជ្ជា) ជាពិសេស អំពីសេចក្តីស្លាប់ និង ជីវិតបរលោក(ជីវិតក្រោយពីសេចក្តីស្លាប់) សេចក្តីស្លាប់ប្រៀបដូចជាបាតុភូតបិទមុខសម្រាប់មនុស្ស សាសនាក្នុងសម័យបុរាណ ជាពិសេស សាសនាប្រភេទទេវនិយម ច្រើនតែបង្រៀនមនុស្សឲ្យផ្ញើសេចក្តីសង្ឃឹមនឹងព្រះអាទិទេព ដោយបង្រៀនមនុស្សឲ្យបូជាអ្វី ៗគ្រប់យ៉ាងចំពោះព្រះអាទិទេពដើម្បីសេចក្តីសុខរបស់ខ្លួនក្នុងឋានសួគ៌ សមដូចពាក្យថា In  God We Trust យើងជឿ​ទុកចិត្តលើព្រះអាទិទេព គឺ ផ្ញើទំនុកចិត្ត ឬ សេចក្តីសង្ឃឹមលើព្រះអាទិទេព វាអាចជាប្រលោមលោក ឬ ចិត្តសាស្រ្តល្អិតល្អន់ក៏បាន  ​ព្រោះថាមនុស្សនៅខ្វះសេចក្តីយល់ដឹងនិងមានសេចក្តីភ័យខ្លាច ​ទើបចុះញោមនិងសុខចិត្តជឿចំពោះពាក្យប្រៀនប្រដៅទាំងនោះ ប៉ុន្តែនៅពេលសង្គមមានវឌ្ឍនភាពច្រើនឡើង ជាពិសេស សាសនាប្រភេទអទេវនិយមបានចាប់កំណើតឡើងក្នុងសង្គម គោលបំណងនៃការជឿកាន់សាសនាទើបមិនកំណត់នៅត្រឹមតែបំបាត់សេចក្តីភ័យខ្លាច និង ការផ្ញើសេចក្តីស្រមើស្រមៃទៅទុកនឹងព្រះអាទិទេពដើម្បីសោយសុខក្នុងឋានសួគ៌ក្រោយពីសេចក្តីស្លាប់ប៉ុណ្ណោះទេ ប៉ុន្តែគោលបំណងថ្មីក៏កើតឡើងយ៉ាងសមហេតុសមផលនិងគួរឲ្យអារម្មណ៍ នោះ គឺ ការស្វែងរកសច្ចធម៌ និង ការអភិវឌ្ឍប្រាជ្ញាស្មារតីដោយអាស្រ័យលើគោលនៃហេតុផលឬគោលវិទ្យាសាស្រ្ត ជាពិសេស ក្នុងព្រះពុទ្ធសាសនា ។ 

សាសនាព្រះពុទ្ធជាសាសនាដែលបដិសេធអត្ថិភាពនៃព្រះអាទិទេពយ៉ាងម៉ឺងម៉ាត់និងច្បាស់លាស់បំផុត ប៉ុន្តែផ្តោតបង្រៀនមនុស្សឲ្យយល់ច្បាប់ធម្មជាតិឬច្បាប់សច្ចធម៌ដោយហេតុផល និងបង្រៀនមនុស្សឲ្យជឿចំពោះសក្តានុពល ឬ សមត្ថភាពរបស់ខ្លួនឯង ព្រោះថា តាមធម្មជាតិ មនុស្សមានសក្តានុពលច្រើនយ៉ាងក្នុងខ្លួនឯង បើគេដឹងឬយល់សក្តានុពលនោះហើយអភិវឌ្ឍវាយ៉ាងសមរម្យ ជីវិតក៏ស្ថិតនៅក្នុងកណ្តាប់ដៃរបស់គេខ្លួនឯង មិនមែនស្ថិតនៅក្នុងកណ្តាប់ដៃរបស់អ្វីដទៃទេ សាសនាព្រះពុទ្ធទើបគេចាត់ទុកថាមានដំណើរកាវិវឌ្ឍន៍ខាងទស្សនវិជ្ជានិងបញ្ញាកម្រិតខ្ពស់ហួសសាសនាបុរាណដទៃដែលនៅងុបងល់នឹងអំណាចរបស់ព្រះអាទិទេពរហូតដល់សព្វថ្ងៃ ។ 

សទ្ធា និង ហេតុផល 

សទ្ធារបស់មនុស្សចាត់ជាអំណាចមួយដែលអាចកើតឡើងខាងក្នុងចិត្តនិងអាចត្រាច់ចរទៅសព្វកន្លែងបាន សទ្ធាទាំងជាឫសគល់ ទាំងជាចំណុច​ចាប់ផ្តើមនៃការផ្លាស់ប្តូរទាំងពួងក្នុងសង្គមមនុស្ស ព្រោះការដែលមនុស្សចាប់ផ្តើមនឹងធ្វើអ្វីមួយ គេតែងជឿឬមានសទ្ធាចំពោះមគ្គវិថីនោះជាមុនសិន នៅពេលគេជឿជាក់ក្នុងមគ្គវិថីនោះហើយ គេតែងតែធ្វើអ្វី ៗនោះបានយ៉ាងពេញសក្តានុពល ហើយលទ្ធផលនៃទង្វើរបស់មនុស្សនោះធ្វើឲ្យពិភពលោកក្លាយជាសភាពដូចសព្វថ្ងៃនេះឯង ។ 
សទ្ធាដែលកើតពីបញ្ញាតែងបង្កបង្កើតថាមពលវិជ្ជមាន បណ្តាលឲ្យមានអភិវឌ្ឍនកម្មឬវឌ្ឍនកម្មយ៉ាងជាក់ស្តែង មានន័យថា សទ្ធានេះកើតឡើងក្រោយពីដំណើរការនៃបញ្ញាឬហេតុផល ។ 


ចំណែកខាងសទ្ធាដែលប្រាសចាកបញ្ញាឬប្រាសចាកហេតុផលតែងបង្កបង្កើតថាមពលអវិជ្ជមាន បណ្តាលឲ្យមនុស្សគិត និយាយ ធ្វើ និង រស់នៅដោយសេចក្តីងុបងល់ ព្រោះខ្វះសេចក្តីត្រិះរិះពិចារណាអ្វី ៗតាមគោលហេតុផលនៃសច្ចភាព សទ្ធានេះច្រើនតែកើតមុនដំណើរការនៃបញ្ញាឬហេតុផល បើគេនិយាយអាងហេតុផលណាមួយ គេច្រើនតែអាងក្នុងក្រមខណ្ឌនៃសទ្ធារបស់ខ្លួន គ្មានអ្វីថ្មីមកជំនួសឡើយ ព្រោះសទ្ធាងុបងល់នោះបានគ្របសង្កត់ដំណើរការនៃហេតុផលផ្សេង ៗយ៉ាងជាប់ណែន ។
ក្នុងសង្គមមនុស្ស គ្មានអ្វីដែលល្អឥតខ្ចោះនោះទេ បាតុភូតផ្សេង ៗទើបមានច្រើន មនុស្សក៏ជាផលសំខាន់មួយដែលកើតមកពីបាតុភូតផ្សេង ៗទាំងនោះ សទ្ធានិងហេតុផលទើបលាយឡំគ្នាទៅតាមឫសគល់នៃជំនឿ វប្បធម៌ និងបរិបទរបស់មនុស្សម្នាក់ ៗ ឬ ក្រុមនីមួយ ៗ ។ 

សេចក្តីពិតនិងសេចក្តីស្រមើស្រមៃ 

គុណតម្លៃរបស់សាសនា គឺ អាចដឹកនាំពាំយួរមនុស្សឲ្យដើរទៅកាន់សេចក្តីពិតខ្ពង់ខ្ពស់ដោយបញ្ញាដ៏ជាក់ច្បាស់បាន ឯគ្រោះថ្នាក់របស់សាសនាដែលអាក្រក់បំផុត គឺ ការបង្ខាំងឬបញ្ឆបញ្ឆោតមនុស្សឲ្យស្ថិតនៅក្នុងអន្លង់នៃសេចក្តីស្រមើស្រមៃ ឬ សេចក្តីងុបងល់ដោយគ្មានថ្ងៃណារួចផុតដោយប្រាជ្ញាយល់ច្បាស់ឡើយ ។
សេចក្តីពិតខ្ពង់ខ្ពស់ នៅទីនេះ សំដៅដល់  សេចក្តីពិតតាមច្បាប់ធម្មជាតិ ឬ គោលសច្ចធម៌ មិនមែនសេចក្តីពិតបែបសម្មតិកម្ម ឬ សេចក្តីពិតបែបមនោគតិរបស់បុគ្គលណាម្នាក់ទេ  ព្រោះបើទោះជាសង្គមនុស្សមានដំណើរការវឌ្ឍនភាពច្រើនប៉ុនណាក៏ដោយ ក៏វឌ្ឍនភាពទាំងអស់នោះមិនអាចគេចផុតពីសេចក្តីពិតខ្ពង់ខ្ពស់នៃធម្មជាតិបានទេ ។ 
សេចក្តីពិតនៃធម្មជាតិអាចយល់ឬចូលដល់បានដោយដំណើរការនៃហេតុផល ឬវិទ្យាសាស្រ្ត ព្រោះសេចក្តីពិតនេះមានតក្កៈក្នុងខ្លួនឯង ហើយចាប់កំណើត ប្រព្រឹត្តទៅឬផ្លាស់ប្តូរទៅកាន់ទីបញ្ចប់យ៉ាងចុះរបៀប ធម្មជាតិណាចាប់កំណើតមកយ៉ាងមានហេតុផល ធម្មជាតិនោះអាចពិសោធបានដោយដំណើរការនៃហេតុផល ។ 

មនុស្សច្រើនតែជាប់ផុងក្នុងសេចក្តីស្រមើស្រមៃទាំងតាមផ្លូវចិត្តរបស់ខ្លួនទាំងតាមពាក្យរៀបរាប់របស់អ្នកដទៃ ព្រោះសេចក្តីស្រមើស្រមៃអាចដឹកនាំមនុស្សទៅយ៉ាងពានត្រោកពានព្រៃដោយគ្មានដែនកំណត់ ហើយអ្វីដែលមនុស្សត្រូវគេអូសទាញទៅនោះមិនមែនជាជីវិតពិតទេ គ្រាន់តែជាលំនឹកបីតិមួយគ្រាប៉ុណ្ណោះ ។ 
ទោះបីសេចក្តីស្រមើស្រមៃខ្លះត្រូវបានតាក់តែងដោយពិធីកម្មនិងពាក្យប្រៀនប្រដៅដ៏ប្រិតប្រៀងអាចអូសបន្លាយពេលវេលាយូរជាងជីវិតរបស់មនុស្សម្នាក់ក៏ដោយ ក៏ប៉ុន្តែនៅពេលដង្ហើមចុងក្រោយរបស់គេបានផុតរលត់ទៅ នៅពេលនោះសេចក្តីស្រមើ​ស្រមៃនោះក៏ផុតរលត់ទៅតាមដែរ ទោះបីសេចក្តីស្រមើស្រមៃនោះត្រូវផ្តល់ឲ្យអ្នកដទៃក្លាយជាការបន្តវេនក៏ដោយ ក៏មិនអាចប្រឈប់ទីប្រចប់នៃបច្ចេកបុគ្គលបានដែរ ព្រោះអ្វីដែលគ្មានឫសគល់ពិតប្រាកដមិនអាចជាឫសគល់ស្ថិតស្ថេររបស់អ្វីមួយបានទេ ពេលវេលាជាគ្រឿងញែកឫសគល់មិនពិតប្រាកដនោះជានិច្ច ។ 
នៅពេលទីបញ្ចប់នៃជីវិតមកដល់ សេចក្តីស្រមើស្រមៃទោះបីល្អល្អះយ៉ាងណា ក៏មិនអាចជាប់តាមឬបុកទម្លុះអន្លង់មរណៈទៅប្រលោមដួងចិត្តរបស់គេក្នុងបរលោកបានទេ ។ 



សាសនានិងនយោបាយ 

បុគ្គលណាដែលមានញាណដឹងថា សទ្ធាជាកម្លាំងឥតដែនកំណត់ បុគ្គលនោះអាចនាំយកសទ្ធាមកប្រើតាមបំណងនៃខ្លួនបានគួរនាដូចជានយោបាយតាំងពីណាពីណីមកមិនអាចបោះបង់ចោលសាស្រ្តទាំងពួងស្តីពីសទ្ធាបានទេ ។ 
អ្នកដឹកនាំខាងសង្គម ទោះមានឋានៈក្នុងតំណែងអ្វីណាក៏ដោយ សុទ្ធតែមានឫសគល់មកពីសទ្ធារបស់ប្រជាជនឬក្រុមជនជានិច្ច ព្រោះថាកម្លាំងសទ្ធារបស់មហាជនធ្វើឲ្យអ្នកដឹកនាំក្តោបក្តាប់អំណាចបានយ៉ាងប្រាកដ ត្បិតថា អ្នកដឹកនាំតែម្នាក់ទោះបីមានសមត្ថភាព​ខ្ពស់ប៉ុនណា ក៏មិនអាចផ្លាស់ប្តូរសង្គមបានទេ លុះត្រាតែគេបានទទួលការគាំទ្រពីមហាជនជាមុនសិន ការផ្លាស់ប្តូរមិនមែនកើតមកពីឥទ្ធិពលរបស់អ្នកដឹកនាំតែម្នាក់ទេ ប៉ុន្តែការផ្លាស់ប្តូរកើតមកពីកម្លាំងរបស់មហាជនដែលនៅពីក្រោយខ្នងអ្នកដឹកនាំនោះឯង ព្រោះហេតុនោះ ឥទ្ធិពលរបស់អ្នកដឹកនាំទើបមានដើមកំណើតមកពីមហាជនជានិច្ច យ៉ាងណាមិញ ដំណើរនយោបាយក៏ដូចគ្នា គឺជាដំណើរការរបស់មហាជននិងស្ថិតនៅបានដោយសារកម្លាំងសទ្ធារបស់មហាជន ។ 
ទាំងសាសនាទាំងនយោបាយសុទ្ធតែមានប្រភពមកពីកន្លែងតែមួយ គឺ សទ្ធារបស់ប្រជាជន គ្រាន់តែមានសេចក្តីលម្អិតផ្សេងខ្លះប៉ុណ្ណោះ គឺ សាសនាជាជម្រើស ប៉ុន្តែនយោបាយជាសេចក្តីចាំបាច់  ព្រោះថា ជីវិតមនុស្សឬពលរដ្ឋត្រូវរស់នៅក្នុងសង្គម ត្រូវប្រឈមមុខនឹងបញ្ហានិងលក្ខខណ្ឌជាច្រើន ហេតុនោះអាយុជីវិតមហាជនសព្វថ្ងៃទើបពឹងអាស្រ័យទៅលើរដ្ឋទាំងដោយផ្ទាល់និងប្រយោល ។

ទោះជាយ៉ាងណាក៏ដោយ សាសនាក៏ត្រូវពឹងអាស្រ័យទៅលើរដ្ឋដើម្បីទ្រទ្រង់ស្ថានភាពរបស់ខ្លួនឯងក្នុងសង្គមយ៉ាងស្របច្បាប់ ដែរនិងដើម្បីមិនឲ្យទទួលរងសេចក្តីគំរាមកំហែងពីហេតុបច្ច័យនានា នៅពេលជាមួយគ្នានោះ រដ្ឋក៏ត្រូវពឹងអាស្រ័យទៅលើអំណាចរបស់សាសនាដែលជាប្រភពសទ្ធារបស់ប្រជាជនយ៉ាងច្រើនដែរ ហេតុនោះទើបអាចនិយាយបានថា គ្រឹះអំណាចរបស់រដ្ឋគឺជាផ្នែកមួយនៃគ្រឹះអំណាចរបស់សាសនា និងគ្រឹះអំណាចរបស់សាសនាក៏ជាផ្នែកមួយនៃគ្រឹះអំណាចរបស់រដ្ឋ ។  

ទោះបីសម័យបច្ចុប្បន្នមានរដ្ឋជាច្រើនព្យាយាមបំបែកសាសនាចេញពីអំណាចរដ្ឋក៏ដោយ ក៏ប៉ុន្តែនោះគ្រាន់តែជា​ការបំបែក​ក្នុងរូបបែបប៉ុណ្ណោះ ក្នុងផ្លូវគំនិតឬចិត្តវិញ្ញាណ សាសនានៅតែជាប់ទាក់ទងនឹងនយោបាយជានិច្ចមិនច្រើនក៏តិច ។ 
មានសំណួរសំខាន់មួយថា តើសាសនាគួរចូលទៅពាក់ព័ន្ធនឹងនយោបាយឬទេ? ចម្លើយអាស្រ័យនៅត្រង់ថា គោលទស្សនវិជ្ជា​របស់សាសនា​នោះមានហេតុផលនិងមានប្រយោជន៍ចំពោះការកសាងធនធានមនុស្សរបស់រដ្ឋបានល្អប៉ុនណា កម្រិតណា?
សាសនាដែលបង្រៀនមនុស្សឲ្យងុបងល់គ្មានហេតុផល ក៏ធ្វើឲ្យរដ្ឋងុបងល់គ្មានហេតុផលដែរ ចំណែកខាងសាសនាដែល​បង្រៀន​មនុស្សឲ្យឆ្លាតឈ្លាសវៃនិងមានហេតុផល ក៏ធ្វើឲ្យរដ្ឋឆ្លាតឈ្លាសវៃនិងមានហេតុផលដែរ ។
សង្គមអឺរ៉ុបសម័យកណ្តាលបានទទួលមេរៀនដ៏ឈឺចាប់ខ្លោចផ្សាយ៉ាងយូរអង្វែងជាមួយនឹងអំណាចរបស់គ្រិស្តសាសនាដែលជ្រប់​ជ្រុលងុបងល់នឹងអំណាចរបស់ព្រះជាម្ចាស់និងក្រុមបុគ្គលខ្លះដែលអាងថាជាទូតតំណាងរបស់ព្រះជាម្ចាស់ រហូតដល់អភិវឌ្ឍនកម្ម​ខាងសតិបញ្ញាឬចំណេះដឹងថ្មី ៗស្ទើរកើតឡើងមិនបាន ព្រោះថានៅពេលណាចិន្តវិទូឬទស្សនវិទូណាសាងទ្រឹស្តីថ្មី ៗឡើងមក​ ជាពិសេស ទ្រឹស្តីខាងវិទ្យាសាស្រ្ត ហើយទ្រឹស្តីនោះទៅទើសទាស់នឹងព្រះគម្ពីរគ្រិស្តសាសនា ចិន្តវិទូឬទស្សនវិទូនោះច្រើនតែត្រូវ​គ្រិស្ត​សាសនា​ដាក់ទោសទណ្ឌ ដូចជា ការចាប់ឃុំខ្លួន ឬ នាំយកទៅដុតទាំងរស់ជាដើម ។ 
យុគសម័យកណ្តាលរបស់សង្គមអឺរ៉ុបចាត់ជាយុគសម័យដែលគ្រិស្តសាសនាមានអំណាចគ្របសង្កត់អំណាចរដ្ឋ និងត្រូវបានចាត់ទុកថាជា យុគសម័យងងឹត ពោលគឺ យុគសម័យងងឹតខាងសតិបញ្ញា ត្បិតថា អ្នកមានអំណាចដែលងុបងល់នឹង​ព្រះអាទិទេពបានបិទខ្ទប់ផ្លូវចម្រើនខាងសតិបញ្ញាមិនឲ្យកើតឡើងតាមការរកឃើញរបស់ចិន្តវិទូឬទស្សនវិទូនានា ។

ដោយសារការប្រណាំងប្រជែងផ្នែកសាសនា សង្គ្រាមសាសនាដែលហៅថា សង្រ្គាមបូជនីយកិច្ច (Crusade) ទើបផ្ទុះឡើងរវាង​គូបដិបក្ស​សំខាន់ ២ គឺ សាសនាគ្រិស្ត និង សាសនាឥស្លាម សង្រ្គាមនេះបានសាង​ហាយនភាព​​​យ៉ាងធំធេង ជាលទ្ធផល ធ្វើឲ្យសាសនាគ្រិស្តថមថយ​អំណាច​ចុះ​យ៉ាងខ្លាំង​រហូតដល់ទីបំផុត អំណាចរបស់សាសនាគ្រិស្តត្រូវបានបំបែកចេញពីអំណាចរដ្ឋយ៉ាងច្បាស់លាស់និងដាច់ខាត ។
រដ្ឋផ្សេងៗក្នុងសង្គមអឺរ៉ុបទើបចាប់ផ្តើមរើខ្លួនចេញពីសាសនាគ្រិស្ត​មកកាន់សេចក្តីចម្រើនរុង​រឿង​ម្តង​​ទៀត ដែលហៅថា យុគសម័យរស់ឡើង​វិញនៃ​សិល្បៈ(Renaissance) ការថមថយចុះខ្សោយឥទ្ធិពល​របស់​គ្រិស្តសាសនាធ្វើឲ្យសង្គមអឺរ៉ុប​ចាប់ផ្តើមចម្រើនលូតលាស់​យ៉ាងឆាប់​រហ័ស ។
ឃើញថា បើសង្គមអឺរ៉ុបបណ្តោយឲ្យសាសនាគ្រិស្តដែលឈ្លក់វង្វេងនឹងព្រះអាទិទេពមានអំណាច​ខាងនយោបាយដូចយុគសម័យ​កណ្តាលតទៅ​ទៀត អភិវឌ្ឍនកម្មផ្សេងៗគង់នឹងមិនអាចកើតឡើងបានទេ ទោះបី​សាសនាគ្រិស្តក្នុងសង្គមអឺរ៉ុបនៅមានក៏ដោយ ក៏ប៉ុន្តែត្រូវបានគាបសង្កត់​និងកៀរកៀស​ឲ្យស្ថិត​នៅក្នុង​ទីតាំងសមគួររហូតដល់សាសនាគ្រិស្តត្រូវរៀបចំនយោបាយថ្មីដើម្បីអូសទាញប្រជាជន​ក្នុងរដ្ឋដទៃដែលមិនស្គាល់​សាសនាគ្រិស្តឲ្យក្លាយ​ជាសាសនិកគ្រិស្តដើម្បីបានជាកម្លាំងតតាំងអំណាចរដ្ឋនិងបានជាកម្លាំងតតាំងសាសនាឥស្លាមដែលជាគូសត្រូវរបស់ខ្លួន  ហេតុនោះ សាសនាគ្រិស្តទើប​មានអង្គការចាត់តាំងច្បាស់លាស់​សម្រាប់អូសទាញប្រជាជនក្នុងរដ្ឋដទៃ ជាពិសេស រដ្ឋកំពុងអភិវឌ្ឍដែល​ប្រជាជនក្នុងរដ្ឋនោះ​ភាគច្រើន​នៅខ្វះ​ខាត​ខាង​ជីវភាពនៅឡើយ ។

សាសនារបស់ជនជាតិភាគតិច


កាលណា រដ្ឋមួយមានការបាក់បែកញែកជាបក្សជាពួកឬមានចលាចលដល់ថ្នាក់ហិង្សាកើតឡើងក្នុងចំណោមប្រជាជន កាលនោះចំណុចសំខាន់ មួយដែលច្រើនតែលើកយកមកជាប្រធានបទ គឺ ភាពផ្សេងគ្នាក្នុងការគោរពកាន់សាសនា បញ្ហាបែបនេះមិនគួរកើតឡើងទេ ប៉ុន្តែវាបានកើត ឡើងតាំងពីបុរាណកាលមកម្លេះ ព្រោះរដ្ឋនីមួយ ៗតែងតែជាចំណុចរួមរបស់ប្រជាជនចម្រុះជ័រជាតិ ចម្រុះសាសនា និង ចម្រុះវប្បធម៌ ។
នៅពេលណា ជនជាតិភាគតិចក្នុងរដ្ឋមួយទទួលរងការគំរាមកំហែងឬទទួលរងអយុត្តិធម៌ខាងសង្គម ទោះរឿងតូចឬធំក៏ដោយ ជនជាតិភាគតិចទាំងនេះ ច្រើនតែមានកំណួចអាប់(inferiority complex)កឡើងខាងក្នុងចិត្តដ៏ទន់ជ្រាយរបស់ពួកគេ មានន័យថា រឿងតូចតាចអាចក្លាយជារឿងធំដុំជាងធម្មតាក្នុងមនោសញ្ចេតនារបស់ជនជាតិភាគតិច ដែលតាមពិតជារឿងធម្មតាសម្រាប់មនុស្សទូទៅ ។
 កំណួចអាប់ច្រើនតែដក់ជាប់ក្នុងចិត្តរបស់មនុស្សដែលអាប់ឱនឱកាស អាប់ឱនអំណាចតថ្លៃ ឬ មិនបានទទួលយុត្តិធម៌តាមការគួរដូចយ៉ាងមនុស្ស ភាគច្រើន និងនៅពេលណាពួកគេមានលំនឹកថា ជីវិតរបស់ខ្លួនគ្មានច្រកចេញឬមិនអាចស្វែងរកឱកាសដ៏ប្រសើរ ពីរដ្ឋបាននិងទទួលរងការធ្វើទុក្ខបុក ម្នេញពីមនុស្សភាគច្រើនជាប្រចាំ នៅពេលនោះ ភក្តិភាពចំពោះរដ្ឋក៏សាបរលាបចុះ  ថែមមានមនុស្សចាំញុះញង់ដល់អយុត្តិធម៌ដែលបានទទួល ពីរដ្ឋជារឿយ ៗ និងនាំយកប្រធានបទរឿងសាសនាមកជាបុព្វហេតុសំខាន់ទៀត នៅពេលនោះ គំនិតគិតក្បត់ឬប្រព្រឹត្តខ្លួនហាក់ជាសត្រូវរបស់ រដ្ឋក៏កើតឡើងបាន   ហេតុនោះ  សាសនាជាតិឬសាសនាដែលប្រជាជននិយមរាប់អាន ទើបត្រូវទទួលបានការការពារនិងការឧបត្ថម្ភពីរដ្ឋជានិច្ច ទាំងដោយផ្ទាល់ និងប្រយោល ទាំងនេះក៏ដើម្បីស្ថេរភាពខាងជំនឿ ដែលជាកត្តាសំខាន់បំផុតក្នុងស្ថេរភាពរួមរបស់រដ្ឋ សូម្បីតែសាសនារបស់ ជនជាតិភាគតិច ក៏រដ្ឋមិិនអាចមើលរំលងបានទេ ។
ទោះបីដំណើរការខាងធម្មជាតិមិនអាចសាងអ្វី ៗឲ្យស្មើគ្នាបានក៏ដោយ ក៏ប៉ុន្តែអសមភាពឬអសមានភាពទាំងនោះអាចប្រព្រឹត្តទៅតាមស្ថានភាព ចំពោះរបស់ខ្លួនបាន ស្ថានភាពខាងសង្គមមិនអាចគេចផុតពីនិយាមនោះបានទេ​ ។ 
មានន័យថា រដ្ឋត្រូវបណ្តោយឲ្យជនជាតិភាគតិចទាំងពួងអាចទ្រទ្រង់ជិវិតទៅតាមវប្បធម៌និងសាសនារបស់ពួកគេបាន ដរាបណាសាសនានិងវប្បធម៌ ទាំងនោះមិនទៅបំផ្លាញស្ថេរភាពរបស់សាសនានិងវប្បធម៌គោលរបស់មនុស្សភាគច្រើន ។
ប៉ុន្តែនៅពេលណា ជនជាតិភាគតិចប្រព្រឹត្តខ្លួនជាមហន្តភ័យធ្ងន់ធ្ងរចំពោះស្ថេរភាពរបស់សុខមាលភាពនិងស្ថេរភាពរបស់មនុស្សភាគច្រើន នៅពេលនោះ រដ្ឋត្រូវតែសម្រេចចិត្តរើសយកការការពារមនុស្សភាគច្រើនយ៉ាងស្វាហាប់ ព្រោះធម្មជាតិរបស់សង្គមតែងស្ថិតនៅបានដោយ សារស្ថេរភាពរបស់មនុស្សភាគច្រើន រដ្ឋមិនអាចបណ្តោយឲ្យមនុស្សភាគតិចបំផ្លាញស្ថេរភាពរបស់មនុស្សភាគច្រើនបានទេ ទាំងនេះជាចរិយធម៌ ឬ មនោសញ្ចេតនានោះក៏ទេ ប៉ុន្តែនេះសំដៅដល់សេចក្តីរួចរស់ឬសេ្ថរភាពរបស់រដ្ឋទាំងមូល ។

ប្រភពៈ http://www.khmerbuddhism.ca/







No comments:

Post a Comment