Friday, July 17, 2015

ពុទ្ធនិទាន(អតីតជាតិរបស់ព្រះពុទ្ធ)



មានសេចក្តីតំណាលថា ព្រះពុទ្ធជាម្ចាស់នៃយើងនេះទ្រង់ធ្លាប់ជាមិត្រសម្លាញ់ជាមួយនឹងព្រះស្រីអរិយមេត្រេយ្យ កាលទ្រង់គង់នៅជាធរមាន ព្រះអង្គបានត្រាស់ប្រាប់អានន្ទដល់អតីតកាលរបស់ព្រះអង្គថា
“ក្នុងជាតិមួយនោះ យើងទាំងពីរនាក់ជាមិត្រសម្លាញ់ជិតស្និទ្ធនឹងគ្នា ជួយគ្នាគិតយកផ្កាឈូកមកអធិដ្ឋានដើម្បីផ្សងបារមីពុទ្ធកាល ឲ្យផ្កាឈូករីកជាប្រផ្នូលប្រាប់ថា អ្នកណានឹងបានត្រាស់ដឹងមុន ក្នុងជាតិនោះ យើងទាំងពីរបានយកផ្កាឈូកម្នាក់មួយចូលទៅអធិដ្ឋានក្នុងព្រះវិហារថា ប្រសិនបើអ្នកណានឹងបានត្រាស់ដឹងជាព្រះពុទ្ធជាម្ចាស់មុន សូមឲ្យផ្កាឈូករបស់អ្នកនោះរីកមុន លុះព្រឹកឡើង តថាគតបានចូលទៅមើលផ្កាឈូកនោះ ប៉ុន្តែនៅមិនទាន់ភ្លឺច្បាស់ទេ ឃើញផ្កាឈូករបស់ព្រះស្រីអរិយមេតេ្រយ្យរីកមុន ដោយអំណាចនៃចិត្តចង់ក្លាយជាព្រះពុទ្ធជាម្ចាស់មុន ព្រះស្រីអរិយមេតេយ្យ តថាគតទើបលួចប្តូរផ្កាឈូករបស់ព្រះស្រីអរិយមេតេ្រយ្យមកជារបស់តថាគត នៅពេលមកមើល​ផ្កាឈូកម្តងទៀត ក៏ឃើញថា ផ្កាឈូករបស់តថាគតរីកមុន ប៉ុន្តែមានលក្ខណៈចម្លែក គឺ ម្តងរីក ម្តងរួញ ខុសប្រក្រតី ព្រះស្រីអរិយមេតេ្រយ្យជាអ្នកមានឈានចាស់ក្លា បានចូលឈានហើយក៏ដឹងថា​មានការប្តូរផ្កាឈូកទើបព្យាករថា នែសម្លាញ់ ! អ្នកនឹងបានត្រាស់ដឹងជាព្រះពុទ្ធជាម្ចាស់មុនយើងក៏មែនពិត ប៉ុន្តែថាពួកមនុស្សក្នុងយុគនោះជាជនក្រឡិចក្រឡុច ខ្វះសេចក្តីស្មោះត្រង់ចំពោះមនុស្សដូចគ្នា ប្រព្រឹត្តទុច្ចរិតកម្មជាច្រើន ព្រះសង្ឃ ឬ ពុទ្ធបរិស័ទក្នុងសាសនានោះ គ្មានជំនាក់ជាក់លាក់អ្វីទេ បើបួសក៏បួសមិនយូរ ច្រើនតែសឹកទៅតាមអំណាចនៃលោកិយធម៌ច្រើន​ជាងគួរនាដូចជាផ្កាឈូកដែលរីកនិងរួញក្នុងដៃរបស់សម្លាញ់នៅពេលនេះដូច្នោះឯង”
            ដោយអំណាចនៃវិបាកកម្មរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើងដែលបានប្តូរផ្កាឈូកនៅជាតិនោះ ទោះ​បីបើព្រះអង្គនិងពុទ្ធសាវ័កជាព្រះអរហន្តបានចូលបរិនិព្វានអស់កាលយូរអង្វែងហើយក៏ដោយ ប៉ុន្តែសំណល់ផលកម្មនោះនៅតែជាប់តាមក្នុងសាសនារបស់ព្រះអង្គរហូតដល់សព្វថ្ងៃនេះ រហូតដល់នៅសល់តែសម្មតិសង្ឃ គឺ សង្ឃដែលបួសដោយញត្តិចតុត្ថកម្មក្នុងព្រះសាសនារបស់ព្រះអង្គ ព្រះសង្ឃទាំងនោះទើបយល់ដឹងគោលធម៌របស់ព្រះអង្គពិតខ្លះ មិនពិតខ្លះ ព្រះពុទ្ធសាសនារងផលខូចខាត ៣ ភាគ គឺ មួយភាគត្រូវពួកព្រាហ្មណ៍ដែលចេះដឹងពុទ្ធធម៌មិនច្បាស់យកទៅផ្សែផ្សំជាមួយនឹងលទ្ធិរបស់ខ្លួន មួយភាគត្រូវយក្សយកទៅធ្វើអាជីវកម្មដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និង មួយភាគទៀតត្រូវមារកែប្រែពាក្យប្រៀនប្រដៅឲ្យភ្លាំងភ្លាត់ចាកប្រភពដើម   ភាគដែលនៅសល់ជារបស់ពិតតិចតួចប៉ុណ្ណោះ កាលបើគោលធម៌សម្រាប់បដិបត្តិត្រូវលាយឡំដោយសទ្ធម្មប្បដិរូបច្របូកច្របល់រហូតដល់មិនអាចវែកញែកដោយអត្ថនិងព្យញ្ជនៈបាន អនុជនជំនាន់ក្រោយទើបចូលមិនដល់ខ្លឹមសារពិតរបស់ព្រះពុទ្ធសាសនា គេបានស្តាប់ត្រឹមតែអាចរិយវាទ ឬ អត្តនោមតិរបស់អាចារ្យ ឬ ធម្មកថិកប៉ុណ្ណោះ មគ្គផលដែលគួរទទួលបានក៏រោយ​រៀវទៅ ហើយនៅក្រោយពាក់កណ្តាលពុទ្ធសករាជ ហេតុភេទ ១០ ប្រការនឹងកើតឡើងដល់ពិភពផែនដីរបស់មនុស្ស គឺ
១.រាជភ័យ អ្នកដឹកនាំនឹងប្រើអំណាចកៀបសង្កត់ ជិះជាន់ បៀតបៀតប្រជាជន
២.ចោរភ័យ កើតចោរឧក្រិដ្ឋប្រព្រឹត្តទង្វើឆក់ប្លន់ទ្រព្យសម្បត្តិរបស់មនុស្សដទៃដោយឥតកោតក្រែង
៣.អគ្គីភ័យ នឹងកើតភ្លើងឆាបឆេះផ្ទះសម្បែងរបស់មនុស្សដោយអំណាចនៃជម្លោះទាស់ទែងឬហេតុដទៃ
៤.អសុនីបាត នឹងកើតរន្ទះបាញ់សម្លាប់មនុស្សសត្វជារឿយ ៗ
៥.មេទនីភ័យ នឹងកើតផែនដីរញ្ជួយកក្រើកកម្រើកក្នុងលោក
៦.វាតភ័យ នឹងកើតខ្យល់ព្យុះបក់ផាត់បំប៉ើងផ្ទះសម្បែងមនុស្ស
៧.ឧទកភ័យ នឹងកើតទឹកជំនន់ជន់លិចផ្ទះសម្បែងមនុស្ស
៨.ទុព្ភិក្ខភ័យ នឹងកើតភាវៈអត់បាយក្រហាយទឹកដល់មនុស្សសត្វ
៩.ព្យាធិភ័យ នឹងកើតរោគរាតត្បាតទូទៅ
១០.សត្ថភ័យ នឹងកើតចម្បាំងរាំងជល់ក្នុងចំណោមមនុស្សផងគ្នា
ម្យ៉ាងទៀត សូរ្យគ្រាសនិងចន្ទគ្រាសតែងកើតឡើងជារឿយ ៗ ពន្លឺចម្លែកនិងផ្កាយដុះកន្ទុយតែងធ្លាក់មកកាន់ផែនដីដោយមិនដាច់រយៈ   ត្មាតក្អែកនឹងហើរមកទំផ្ទះសម្បែងរបស់មនុស្សខុសពីធម្មតា មនុស្សម្នានឹងមានជម្លោះទាស់ទែងគ្នាកាន់តែច្រើនរហូតដល់កើតសង្រ្គាមច្បាំងប្រយុទ្ធគ្នាសព្វអន្លើ ។
ពុទ្ធនិទាននេះទោះបីមានលក្ខណៈជាពាក្យតំណាលរបស់ព្រះថេរៈឬព្រះគន្ថរចនាចារ្យក៏ដោយ ក៏វាឆ្លុះបញ្ចាំងដល់ស្ថានភាពពិតក្នុងយុគសម័យបច្ចុប្បន្នក្រោយពុទ្ធសករាជ ២៥០០ ឆ្នាំកន្លងមក ហេតុនោះ ទើបប្រែសម្រួលសេចក្តីទុកក្នុងប្លក់របស់ព្រះពុទ្ធសាសនាខ្មែរសម្រាប់ជាគ្រឿងពិចារណានិងបន្ថែមសេចក្តីយល់ដឹងរបស់អ្នកអានទាំងពួង ។


No comments:

Post a Comment