ពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់មានមូលដ្ឋានខាងការជួយសង្រ្គោះមនុស្សជាតិ មានភស្តុតាងបង្ហាញច្បាស់លាស់ បើយើងក្រឡេកទៅមើលស្លាកស្នាមអតីតកាលដ៏យូរអង្វែងគឺនៅពេលដែលព្រះពុទ្ធជាម្ចាស់ទ្រង់ធ្លាប់សោយព្រះជាតិជាសុមេធៈ តាបស នៅគ្រានោះ ព្រះអង្គបានស្តេចយាងចេញបួសដើម្បីស្វែងរកសេចក្តីរួចផុត គឺ ព្រះនិព្វាន បានតាំងមនោប្រណិធាននៅ ត្រង់ព្រះយុគលបាទរបស់ព្រះបរមសាស្តាព្រះនាមថា ទីបង្ករ តាំងចិត្តអធិដ្ឋានម៉ឺងម៉ាត់ដែលនឹងអន្ទោលលីលាប់ក្នុងសង្សារវដ្ត ដើម្បីអនុគ្រោះមនុស្សលោក ការដែលស្តេចយាងចេញទ្រង់ផ្នួសដើម្បីស្វែងរកព្រះនិព្វាន ក៏ព្រោះតែមើលឃើញទុក្ខភ័យក្នុង សង្សារវដ្តនិងការដែលទ្រង់បំពេញបារមីក្នុងសង្សារវដ្តក៏ព្រោះតែទ្រង់ធ្វើពលិកម្មដើម្បីមនុស្សជាតិ ពួកយើងដែលជាពុទ្ធសាសនិក ជនគប្បីលះបង់សេចក្តីសុខផ្ទាល់ខ្លួននិងផ្គងប្រយោជន៍ជ្រោមជ្រែងដល់មនុស្សជាតិទាំងមូល ដូចយ៉ាងព្រះបរមសាស្តាដែលទ្រង់ ត្រួសត្រាយផ្លូវទុកជាទិដ្ឋានុគតិ ។
កាលដែលព្រះពុទ្ធជាម្ចាស់ទ្រង់ណែនាំភិក្ខុសាវ័កឲ្យចេញដំណើរផ្សព្វផ្សាយសាសនធម៌របស់ព្រះអង្គនោះ ទ្រង់ណែនាំឲ្យផ្សព្វ ផ្សាយគោលការណ៍ទ្រទ្រង់ជីវិតដ៏ប្រសើរទៅតាមភូមិឃុំគ្រាមនិគមជនបទដោយមិនកំណត់គ្រាមនិគមភូមិឃុំណាទេ ប៉ុន្តែទ្រង់ ឲ្យត្រាច់ចារិកទៅសម្តែងទេសនាជារឿយៗពីភូមិមួយទៅភូមិមួយ ដើម្បីប្រយោជន៍សុខដល់ប្រជាជនជាច្រើនរហូតព្រះជន្មជីព របស់ព្រះអង្គ ស្តេចចារិកទៅតាមភូមិឃុំនិគមជនបទនិងដែនដីផ្សេងៗរហូតពេញមួយឆ្នាំ លើកលែងតែរដូវវស្សាប៉ុណ្ណោះទ្រង់ សម្តែងសាសនធម៌ទាំង ជាប្រយោជន៍ក្នុងលោកនេះនិងលោកខាងមុខ ។
សម្រាប់ស្ថានភាពរស់នៅរបស់អ្នកស្រុកស្រែជនបទឥណ្ឌាសម័យនោះ សុទ្ធតែមានឋានៈក្រីក្រ សម្លៀកបំពាក់កខ្វិកកខ្វក់ ស្រមេកស្រមក ថែមទាំងមានការសិក្សាតិចតួច អ្នកស្រុកភូមិទាំងនោះត្រូវការតែគោលធម៌រាក់ ៗ អាចបដិបត្តិបានដោយងាយ និងសមគួរសម្រាប់យកទៅប្រើក្នុងជីវិតប្រចាំថ្ងៃដើម្បីសុខសន្តិភាពរបស់ប្រជុំជនដោយមិនចាប់អារម្មណ៍ចំពោះពាក្យប្រៀនប្រដៅ ដែលល្អិតជ្រាលជ្រៅជាទស្សនវិជ្ជា បរមត្ថវិជ្ជា ឬ ចិត្តវិទ្យាដូចយ៉ាងដំណើរសេចក្តីក្នុងព្រះអភិធម្មបិដកទេ ។
ខ្លឹមសារក្នុងចក្កវត្តិសីហនាទសូត្រសម្តែងថា ភាពក្រីក្រជាបុព្វហេតុនៃឧក្រិដ្ឋកម្ម និង អសីលធម៌ នៅពេលព្រះពុទ្ធជាម្ចាស់ទ្រង់ រកឃើញសេចក្តីពិតហើយ ព្រះអង្គនិងសាវ័កទើបផ្តោតបង្រៀនអ្នកស្រុកឲ្យមើលឃើញគុណតម្លៃនៃការស្វែងរកភោគទ្រព្យ និងសារៈសំខាន់ក្នុងការចាយវាយទ្រព្យដើម្បីសេចក្តីសុខដុមរមនា ទ្រង់សម្តែងក្នុងកូដទន្តសូត្រថា ឧក្រិដ្ឋកម្មមានចោរកម្មជាដើម មិនអាចបង្រ្កាបឲ្យរាបទាបដោយគ្រាន់តែដាក់ទោសទណ្ឌនោះទេ ប៉ុន្តែត្រូវគ្រប់គ្រងនិងបញ្ឈប់បានដោយការសាងឱកាសឲ្យ ប្រជាជនចេះប្រកបសម្មាអាជីពនិងទ្រទ្រង់ជីវិតយ៉ាងសមរម្យ អ្នកជំនួញឈ្មួញដង្ខៅដែលត្រូវការសេចក្តីចម្រើនរុងរឿងផ្នែក ធុរកិច្ចពាណិជ្ជកម្មត្រូវឧស្សាហ៍ប្រឹងប្រែងខ្នះខ្នែងរហូតពេញមួយថ្ងៃ ត្រូវចេះជ្រើសរើសទំនិញ ដែលនឹងអាចស្វែងរកកម្រៃបាន ស្គាល់តម្លៃលក់និងតម្លៃទិញរបស់ទំនិញយ៉ាងច្បាស់លាស់ អាចទិញទំនិញដែលគេយកមកលក់ហើយលក់យកកម្រៃវិញបាន នៅពេលខ្វះខាត មិនស៊ីឡឹបកឹបកេងអតិថិ ជនដោយភ្នែកជញ្ជីង និងចៀសវាងមុខជំនួញដែលមិនស្របច្បាប់និងសីលធម៌ ។
សេចក្តីសុខព្រោះការមានទ្រព្យ សេចក្តីសុខព្រោះការចាយវាយទ្រព្យ សេចក្តីសុខព្រោះការមិនចំពាក់ បំណុលគេ និងសេចក្តីសុខ ព្រោះការចិញ្ចឹមជីវិតល្អត្រឹមត្រូវមិនមានទោស សេចក្តីសុខ ៤ ប្រការនេះ សមរម្យសម្រាប់ឃរាវាសទូទៅ ក្រៅពីនោះ កិរិយាប្រឹងប្រែងខ្នះខ្នែងក្នុងការស្វែងរកទ្រព្យ ការថែរក្សាទ្រព្យដែលស្វែងរកមកបាន ការរាប់អានមិត្តល្អ និងការចិញ្ចឹមជីវិត សមរម្យ ពាក្យប្រៀនប្រដៅនេះសម គួរជាវិធីបដិបត្តិសម្រាប់សាមញ្ញជនទូទៅ ។
ព្រះពុទ្ធជាម្ចាស់ទ្រង់បង្រៀនថា ទ្រព្យគួរបែងចែកជា ៤ ចំណែក គឺ មួយចំណែកសម្រាប់ចាយវាយរាល់ថ្ងៃ ពីរចំណែកសម្រាប់ បោះទុនវិនិយោគ មួយចំណែកទៀតរក្សាទុកក្នុងគ្រាមានអាសន្ន ក្រៅពីនេះទ្រង់ បង្រៀនវិធីរក្សាទ្រព្យមិនឲ្យបាត់បង់ ត្រកូលណា ត្រូវការឲ្យគ្រួសាររឹងប៉ឹង ត្រកូលនោះគួរស្វែងរករបស់ ដែលបាត់បង់ ជួសជុលរបស់ដែលខូចខាត មិនគួរខ្ជះខ្ជាយព្រោះចំណី អាហារ និងមិនគួរតែងតាំងបុគ្គល អសីលធម៌ជាមេគ្រួសារ ព្រះអង្គទ្រង់សម្តែងធម៌ជាច្រើនប្រការទៀតថាអ្នកដែលត្រូវការជោគជ័យ មិនគួរខ្ជិលច្រអូសក្នុងការងារ សុខភាពកាយចាត់ជាទ្រព្យសម្បត្តិយ៉ាងប្រសើរក្រៃលែង នៅមានពាក្យប្រៀនប្រដៅ ដើម្បីសេចក្តីសុខរបស់សង្គមជាច្រើនទៀតដែលទ្រង់បានសម្តែង ការចេះបរិច្ចាគលះបង់ ការចេះនិយាយពាក្យសុភាពរាបសា ការសង្រ្គោះអ្នកដទៃនិងការតម្កល់ខ្លួនយ៉ាងសមរម្យ ពាក្យប្រៀនប្រដៅទាំងនេះចាត់ចូលក្នុងសង្គហវត្ថុ ៤ ក្រៅពីនោះ នៅមាន ពាក្យបង្រៀនដើម្បីប្រយោជន៍សុខរបស់សង្គមជាច្រើនទៀត ទាំងដែលជាតួនាទីនិងបទបញ្ញត្តិសម្រាប់គ្រួសារនិងប្រជុំជន ពាក្យបង្រៀនទាំងនេះ អាចរកអានបានក្នុងសិង្គាលកសូត្រ បរាភវសូត្រ និង វសលសូត្រ ។
ព្រះរាជាល្អមិនគួរសង្កត់សង្កិនប្រជារាស្រ្ត គម្ពីរអដ្ឋកថាសម្តែងថា ព្រះពុទ្ធជាម្ចាស់ទ្រង់ណែនាំឲ្យព្រះរាជាដោះស្រាយបញ្ហាហិង្សា ដោយមេត្តាធម៌ មិនគួរគំរាមកំហែងពលរដ្ឋដោយការយកពន្ធហួសហេតុពេក ព្រះពុទ្ធជាម្ចាស់ទ្រង់បង្រៀនថា អ្នកគ្រប់ គ្រងប្រទេសជាតិគួរប្រកបដោយរាជធម៌ ១០ ប្រការ គឺ ការឲ្យ ការប្រព្រឹត្តល្អត្រឹមត្រូវ ការលះបង់ សេចក្តីស្មោះត្រង់ សេចក្តីទន់ភ្លន់ ការមានតេជះ សេចក្តីមិនក្រេវក្រោធ ការមិនបៀតបៀន អំណត់អត់ធ្មត់ និងការមិិនឃ្លាតច្បាប់ ។
នៅគ្រាមួយ ព្រះបាទអជាតសត្រូវក្សត្រនៃមគធរដ្ឋទ្រង់រៀបចំកងទ័ពដើម្បីឈ្លានពានរដ្ឋវជ្ជី ព្រះអង្គបានបញ្ជូនអ្នកតំណាងទៅ ក្រាបទូលសួរព្រះពុទ្ធជាម្ចាស់ថាកងទ័ពមគធរដ្ឋអាចយកឈ្នះពួកលិច្ឆវីបានឬទេ នៅគ្រានោះ ព្រះពុទ្ធជាម្ចាស់បានត្រាស់នឹង ព្រះអានន្ទថា ពួកលិច្ឆវីនឹងមិិនបរាជ័យទេដរាបណាពួកគេនៅបដិបត្តិសារាណីយធម៌ ៦ ប្រការយ៉ាងខ្ជាប់ខ្ជួន ។
ព្រះពុទ្ធជាម្ចាស់និងសាវ័កបង្រៀនរឿងសុខភាព ការស្វែងរកទ្រព្យ ទំនាក់ទំនងរវាងគ្នានិងគ្នា សុខមាលភាពសង្គម និងការគ្រប់ គ្រងដែលមានគុណធម៌ដើម្បីប្រយោជន៍សុខរបស់ប្រជាជន ។
តំណាលលង្កាពោលថា ព្រះពុទ្ធជាម្ចាស់ទ្រង់មិនបានកំណត់ក្របខណ្ឌនៃការផ្សព្វផ្សាយសាសនធម៌ចំពោះតែក្នុងប្រទេសឥណ្ឌាប៉ុណ្ណោះទេ ប៉ុន្តែទ្រង់បានយាងមកលង្កាដើម្បីផ្សះផ្សាសង្រ្គាមរវាងពួកនាគ គម្ពីរសមន្តបាសាទិកាសម្តែងទុកទៀតថា ព្រះពុទ្ធក្នុងអតីតកាលក៏ធ្លាប់យាងមកកោះលង្កាដើម្បីដោះស្រាយបញ្ហាទុក្ខក្តៅក្រហាយនិងរម្ងាប់វិវាទរបស់អ្នកកោះលង្កាដែរ ដូចជា នៅពេលកោះលង្កាត្រូវជម្ងឺរាតត្បាតគ្របសង្កត់ ព្រះពុទ្ធកកុសន្ធបានយាងមកជាមួយនឹងសាវ័កជាច្រើននិងទ្រង់កម្ចាត់កម្ចោករោគភ័យផ្សេង ៗ ឲ្យវិនាសបាត់ទៅ គ្រាមួយទៀត នៅពេលកើតទុរ្ភិក្សលើដែនដីលង្កា ព្រះពុទ្ធកោនាគមន៍ក៏យាងមកកម្ចាត់ កម្ចោកវិបត្តិភ័យដែរ ។
ព្រះពុទ្ធកស្សបក៏យាងមកកោះលង្កាដើម្បីរម្ងាប់សង្រ្គាមរបស់ពួកមនុស្សដែលអាស្រ័យនៅលើកោះលង្កា និងនាំសន្តិសុខមកកាន់ប្រជាជនទាំងពួង ។
១.តំណាលលង្កាបញ្ជាក់ថា ព្រះពុទ្ធយាងមកកោះលង្កា ៣ ដង ដើម្បីរៀបចំមនុស្សលើកោះនេះសម្រាប់ទទួលពាក្យបង្រៀនរបស់ព្រះអង្គនៅថ្ងៃខាងមុខ
លើកទី ១ នៅថ្ងៃ ១៥ កើត ខែមាឃ ក្រោយត្រាស់ដឹង ៩ ខែ យាងមកបង្រ្កាបពួកយក្សដែលកំពុងប្រជុំគ្នាត្រង់មហិយង្គណចេតិយ ទន្ទឹមនោះ ទ្រង់ណែនាំឲ្យពួកយក្សភៀសខ្លួនទៅនៅគិរិទ្វីប ។
លើកទី ២ ក្រោយត្រាស់ដឹង ៥ ឆ្នាំ យាងមករម្ងាប់សង្រ្គាមដណ្តើមរតនបល្ល័ង្ករវាងពញានាគមហោទរជាមាតុលានិងព្រះនត្តាចូឡោទរនាគរាជត្រង់នាគទ្វីប ។
លើកទី ៣ ក្រោយត្រាស់ដឹង ៨ ឆ្នាំ យាងមកសម្តែងធម៌ប្រោសពញានាគមណីអក្ខិកដែលគ្រប់គ្រងដែនកល្យាណីក្បែរនគរកោឡម្បូ ខេត្តខណ្ឌកម្ពហៈ មណ្ឌលខាងលិច នៅពេលនោះ មានព្រះអរហន្តសាវ័ក ៥០០ រូបរួមដំណើរ ដែរ បន្ទាប់ពីនោះ យាងទៅប្រថាប់ច្រើនកន្លែងទៀតទូទាំងកោះលង្កា បច្ចុប្បន្ន កន្លែងទាំងនោះ ហៅថា សោឡសបុញ្ញស្ថាន បានដល់ បុញ្ញស្ថាន ១៦ កន្លែង ។
២.សៀវភៅសមន្តបាសាទិកាដែលនិពន្ធដោយព្រះពុទ្ធឃោសាចារ្យជាព្រះអដ្ឋកចារ្យនៃព្រះពុទ្ធសាសនាថេរវាទត្រូវនឹងសម័យអាណាចក្រអនុរាធបុរៈកណ្តាល ក្រោយពុទ្ធបរិនិព្វានកន្លងទៅប្រហែលជា ១០០០ ឆ្នាំ ព្រះគន្ថរចនាចារ្យបានអាស្រ័យទិន្នន័យសំអាងពីគម្ពីរបុរាណរបស់លង្កា ឈ្មោះថា សីហឡដ្ឋកថា ដែលប្រកបដោយគម្ពីរធំ ៣ គឺ មហដ្ឋកថា មហាបច្ចរី និង កុរុន្ទដ្ឋកថា ខ្លឹមសារភាគច្រើនអធិប្បាយសេចក្តីក្នុង វិន័យបិដក ប៉ុន្តែមានច្រើនកន្លែងនិយាយដល់ហេតុការណ៍ក្នុងកោះលង្កា ជាពិសេស ការយាងមកទតមើល កោះលង្ការបស់អតីតព្រះសម្មាសម្ពុទ្ធជាច្រើនព្រះអង្គនិងព្រះពុទ្ធគោតមបរមសាស្តា ក្រៅពីនោះនៅនិយាយដល់សេចក្តីលម្អិតនៃដំណើរផ្សព្វផ្សាយព្រះពុទ្ធសាសនារបស់ព្រះមហិន្ទត្ថេរនិងគណៈបរិវារ ព្រមទាំងអញ្ជើញមែកព្រះស្រីមហាពោធិ៍មកពីឥណ្ឌាដោយព្រះសង្ឃមិត្តាថេរី និងកំណើតភិក្ខុណីវង្សក្នុងកោះ លង្កា ចាត់ទុកថាជាឯកសារសំខាន់ខាងប្រវត្តិសាស្រ្តមួយក្បាលទៀតរបស់ព្រះពុទ្ធសាសនា ។
ប្រែរៀបរៀងដោយព្រះមហាភិរម្យចេញពីសៀវភៅមរតកធម៌ និពន្ធដោយព្រះអគ្គមហាបណ្ឌិតវលបោលរាហុលថេរ
ព.ស.២៤៩០ គ.ស.១៩៤៩
No comments:
Post a Comment