Saturday, July 18, 2015

រឿងខ្លី : “សិស្សបីនាក់ និងផ្លែឪឡឹក” បង្កប់អត្ថន័យអប់រំ យ៉ាងជ្រាលជ្រៅ


ថ្ងៃនេះលោកគ្រូបានធ្វើការពិសោធន៍លើសិស្សទាំងបីនាក់ ដោយឲ្យពួកគេដើរទៅក្នុងចម្ការឪឡឹកមួយហើយស្វែងរកផ្លែឪឡឹកណាដែលធំជាងគេរួចបេះយកមកឲ្យគ្រូ ។ លក្ខខណ្ឌក្នុងការប្រលងនេះ សិស្សទាំងបីមានរយ:ពេល៣០នាទីដូចគ្នា ហើយមិនត្រូវដើរត្រឡប់ក្រោយឡើយ ។ ក្រោយពេលស្តាប់ការណែនាំរបស់លោកគ្រូហើយ សិស្សទាំងបីក៏ចាប់ផ្តើមបេសកកម្មរបស់ខ្លួន ។

– សិស្សទី១ : នៅតាមផ្លូវក្នុងចម្ការគេបានប្រទះឃើញផ្លែឪឡឹកជាច្រើនសុទ្ធតែធំៗ និងទុំល្អប្រហែលៗគ្នា គេមិនដឹងថាគួរសម្រេចបេះយកផ្លែណាមួយឡើយ ដើរបណ្តើរស្រមៃបណ្តើរ ហើយគិតថានៅខាងមុខប្រហែលជាមានផ្លែឪឡឹកធំជាងនេះទៀតមិនខាន ទីបំផុតពេលដែលដើរទៅដល់ចុងចម្ការ គេនៅតែមិនអាចបេះផ្លែឪឡឹកបាននៅឡើយ ។
– សិស្សទី២ : ពេលដែលដើរទៅមុខបានប៉ុន្មានជំហាន គេបានឃើញផ្លែឪឡឹកមួយយ៉ាងធំចំឡែកហើយបេះយកមក ក្នុងចិត្តត្រេកត្រអាលខ្លាំងណាស់គិតថាខ្លួននឹងឈ្នះគេក្នុងការប្រកួតនេះហើយ ។ ដើរបណ្តើរឱបផ្លែឪឡឹកបណ្តើរសប្បាយរីករាយផង ភ្លេចខ្លួនគេក៏បានជំពប់ជើងនឹងថ្មមួយដុំហើយដួលរបូតជ្រុះផ្លែឪឡឹកពីដៃធ្លាក់បែកអស់ គេខឹងខ្លាំងណាស់ហើយគិតថាគ្មានផ្លែឪឡឹកណាធំជាងនេះទៀតទេ គេបានដើរទៅមុខយ៉ាងលឿនសំដៅច្រកចេញនៃចម្ការដោយមិនបានស្វែងរកបេះផ្លែឪឡឹកផ្សេងទៀតឡើយ ។
– សិស្សទី៣ : នៅក្នុងចម្ការដ៏ធំល្វឹងល្វើយគេមិនបានប្រទះផ្លែឪឡឹកឡើយសូម្បីតែមួយ ។ គេយកដៃអេះក្បាលងឿងឆ្ងល់ហើយដើរទៅមុខដោយមិនបានសម្លឹងរកមើលឪឡឹកដែលមានផ្លែជាប់នឹងដីហើយត្រូវបាំងបិទដោយស្លឹកគ្របជិតពីលើឡើយ ។ គេដើររហូតផុតចម្ការដោយដៃទទេ ។

ក្រោយមកសិស្សទាំងបីក៏បានមកជួបលោកគ្រូវិញទាំងអស់គ្នា ។ លោកគ្រូសួរថា តើឯណាផ្លែឪឡឹកដែលគ្រូឲ្យសិស្សទៅរក? ពួកគេបានឆ្លើយរៀបរាប់ប្រាប់លោកគ្រូតាមដំណើររឿងដែលពួកគេបានជួបប្រទះក្នុងចម្ការឪឡឹក ។
ស្តាប់សិស្សពណ៌នាចប់ហើយ លោកគ្រូពន្យល់ប្រាប់ពួកគេថា : គ្រូឲ្យសិស្សទាំងអស់គ្នាធ្វើការសម្រេចចិត្តបេះផ្លែឪឡឹកនេះព្រោះគ្រូចង់ឲ្យសិស្សចេះធ្វើការប្រៀបធៀប និងធ្វើការសម្រេចចិត្តក្នុងផ្លូវជីវិតរបស់សិស្សម្នាក់ៗ ។ ក្នុងជីវិតរស់នៅរបស់មនុស្សយើងទាំងអស់គ្នាសុភមង្គលមិននៅឆ្ងាយពីដៃរបស់យើងឡើយ ប៉ុន្តែមនុស្សមួយចំនួនបានដើរហួសឬស្រវ៉ាចង់ចាប់យកអ្វីដែលនៅឆ្ងាយពីដៃរហូតធ្វើឲ្យពួកគេចំណាយពេលសឹងមួយជីវិតនៅតែមិនអាចរកសុភមង្គលក្នុងចិត្តឃើញនៅឡើយ ។ លោភ: ទោស: មោហ: ធាតុទាំងបីក្នុងចិត្តនេះហើយដែលធ្វើឲ្យមនុស្សធ្លាក់ក្នុងអន្លង់អវិជ្ជា ។ ការពិតទៅគ្មានអ្នកដឹងថាក្នុងចម្ការនេះ ផ្លែឪឡឹកដែលធំជាងគេនៅកន្លែងឡើយ ឯជីវិតរស់នៅក៏មិនខុសគ្នាដែរតើអ្នកណាអាចដឹងថាសុភមង្គលធំបំផុតក្នុងជីវិតមនុស្សគឺនៅត្រង់ណានោះ ? សេចក្តីស្ងប់ និងព្រំដែននៃភាពគ្រប់គ្រាន់ក្នុងចិត្តមនុស្សនៅត្រង់ណា ត្រង់នោះហើយគឺជាសុភមង្គលពិតប្រាកដរបស់មនុស្ស ៕

និពន្ធដោយ លោក ប៊ុន ពិសី , ២០១៤
ប្រភពៈ http://videos.khmer-note.com/

No comments:

Post a Comment