ស្នេហាពិតជានាំឲ្យជាកើតទុក្ខឬ? មានស្នេហាថ្មោងថ្មីអ្វីៗក៏ល្អ ក៏ស្រស់ស្អាត សូម្បីតែទឹកបន្លែស្រុសក៏ផ្អែមឆ្ងាញ់។ នៅទីណាដែលមានសេ្នហា ប្រាកដណាស់ថាមានទុក្ខនៅត្រង់នោះ។ តើធ្វើយ៉ាងណាកុំឲ្យមានទុក្ខ ពេលមានស្នេហា?
ស្នេហាពុំមែនជាការខ្វះខាតនៅខាងក្នុងឡើយ ហើយក៏ស្វែងរកខ្លួនបុគ្គលដទៃមកបំពេញឲ្យពេញ។
ស្នេហាជាវត្ថុមួយដែលសំដៅយកនូវភាពពេញលេញ និងហូរហៀរទៅដល់អ្នកដទៃ ព្រោះហេតុដូច្នោះ ស្នេហាពិតណាស់ ដែលវាសំដៅទៅលើន័យថាការផ្តល់ឲ្យ វាមិនមានន័យថា វាជាការទាមទារតែម្យ៉ាងនោះទេ។
“ស្នេហា” នោះមានគុណតម្លៃ តែងាកមើលមួយជ្រុងទៀតវាមានទោស។ ព្រះពុទ្ធអង្គទ្រង់សម្តែងថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយកុំធ្វើសង្ខារនេះឲ្យជាវត្ថុជាទីស្រលាញ់ ព្រោះថា សេចក្ដីព្រាត់ប្រាសពីវត្ថុដែលយើងស្រលាញ់ជាសភាពថយថោក។ បើសុំបានសូមមេត្តាកំណត់ឲ្យបានច្បាស់ថា ស្រលាញ់នោះជារបស់ត្រឹមត្រូវ។ តែការព្រាត់ប្រាសពីវត្ថុជាទីស្រលាញ់នោះជាសភាពអពមង្គលនៃជីវិត គឺវានឹងក្លាយជាការអណ្តេតអណ្ដាប ឈឺចាប់ ជូរចត់ វាជាទោសនៃ “សេចក្ដីស្រលាញ់”។ រីឯតួសេចក្ដីស្រលាញ់វិញ វាមិនមានទោសអ្វីទេ ដូចគ្នាទៅនឹងសេចក្ដីសុខ ក៏វាមិនមានទោសដែរ ក៏ប៉ុន្តែថា ពេលវាព្រាត់ប្រាស ឬថាសុខ ឬស្រលាញ់នោះវាស្វិតស្រពោនរុះរោយទៅ ទោសវានឹងបង្ហាញចេញមុខ ហើយវានឹងក្លាយជាសេចក្ដីស្អប់ខ្ពើមភ្លាម។
រឿងដែលគេហៅថា សេ្នហានោះ ចាំបាច់ត្រូវការស្គាល់លក្ខខណ្ឌរបស់វាថា វាស្ថិតនៅក្រោមអំណាចនៃត្រ័យលក្ខណ៍ គឺសភាពអនិច្ចំ ទុក្ខំ អនត្តា។ ប្រសិនបើថា សេចក្ដីស្រលាញ់បានយល់ត្រូវនៅក្នុងលក្ខណៈដូច្នេះហើយ អ្នកនឹងភ្ញាក់ខ្លួនដោយខ្លួនឯងថា
រឿងដែលគេហៅថា សេ្នហានោះ មិនមែនជារឿងងាយស្រួលឡើយ ហើយអ្នកនឹងស្រលាញ់គ្នាបានចាំបាច់ត្រូវសម្រេចចិត្ត និងត្រូវការអាស្រ័យលើភាពក្លាហានមុះមុត និងកម្លាំងចិត្តមិនមែនល្មាក់ល្មមក្នុងការទៅស្រលាញ់អ្នកណាម្នាក់នោះទេ។ មនុស្សជាច្រើនគិតថា ពេលយើងនឹងស្រលាញ់គ្នា មិនឃើញទាក់ទងភាពក្លាហានមុះមុត កម្លាំងចិត្ត និងបញ្ញាអីផង។
គេមិនយល់ថា សេចក្ដីស្រលាញ់នោះ តាមពិតទៅ វាជារឿងតែមួយ ដូចជាសមាធិ និងវិបស្សនាអ៊ីចឹងដែរ។
សេចក្ដីស្រលាញ់គឺជាបីតិសុខរបស់សមាធិ និងនៅក្នុងសមាធិសេចក្ដីស្រលាញ់ករុណានឹងប្រាកដឲ្យឃើញ ប្រសិនណាបើការស្រលាញ់នោះ ប្រកបដោយអំណាចនៃសេចក្ដីល្ងង់ខ្លៅ ទន់ជ្រាយ ជ្រួលច្របល់ហើយ។ សេចក្ដីស្រលាញ់នោះគឺជាការសន្សំយកនូវឧបសគ្គ និងមានសេចក្ដីទុក្ខនៅទីបំផុត។ សេចក្ដីស្រលាញ់ដែលពិតប្រាកដ ហើយត្រឹមត្រូវ មិនមែនសំដៅទៅលើការចងសម្ព័ន្ធជិតស្និតស្អិតរមួតទេ ប៉ុន្តែកម្លាំងនៃសេចក្ដីស្រលាញ់ដែលពិត នឹងត្រូវមានន័យដល់ការរួមសហការគ្នាក្នុងសេរីភាព ឬឲ្យនូវសេរីភាពដល់គ្នាទៅវិញទៅមក មិនប្រកាន់មាំ និងមានសេចក្ដីភ័យខ្លាចផ្សេងៗឡើយ។
អត្ថន័យនៃសេចក្ដីស្រលាញ់នោះ មិនទាន់មានគូក្តី មានជីវិតគូក្តី ត្រូវចេះផ្តល់ឲ្យនូវសេរីភាពដល់គ្នានិងគ្នា ឲ្យម្នាក់ៗមានពេលវេលានៃសន្តិសុខ មានពេលវេលាក្នុងសាសនកិច្ចរបស់ខ្លួន និងចងសេចក្ដីស្រលាញ់នោះទៅដោយខ្សែចំណងគឺព្រះធម៌។
វាជាគ្រឿងដោះចេញពីសេចក្ដីថ្នាំងថ្នាក់អាក់អន់ស្រពន់ចិត្តទាំងឡាយ ឲ្យបានទទួលសេរីភាពយ៉ាងពិតប្រាកដ ដូចជាលោកកវីនិពន្ធម្នាក់លើកឡើង ដែលមានអត្ថរសជក់ចិត្តថា “សូមឲ្យស្រ្តីបុរសគូស្នេហ៍ទាំងឡាយនោះ មានដូចជាខ្សែពិណដែលនៅម្នាក់មួយខ្ទង់យ៉ាងស្ងប់ស្ងាត់ ប៉ុន្តែរួមលេងភ្លេងជាមួយគ្នាយ៉ាងពិរោះរណ្ដំបាន”។
សេចក្ដីស្រលាញ់ ដែលពិតប្រាកដ ត្រូវមានន័យដល់ការដោះស្រាយ លះបង់ដល់គ្នានិងគ្នា ត្រូវមានចិត្តសេចក្ដីប្រាថ្នាល្អចំពោះគ្នា ដូចដែលព្រះពុទ្ធអង្គ ទ្រង់មានព្រះមេត្តាចំពោះព្រះអានន្ទ និងជាកល្យាណមិត្តដល់គ្នានិងគ្នាប្រកបដោយធម៌នោះឯង។
“ចូរកកើតគុណូបការៈចំពោះពិភពលោកនេះទៅដូចជាមិនចេះរីងស្ងួត”
សេចក្ដីស្រលាញ់ គឺជាការពេញប្រៀបនៃអារម្មណ៍ដែលល្អស្អាតហ្មត់ហ្មង ហើយវាហូរហៀរទៅដល់អ្នកដទៃផងដែរ។ សេចក្ដីស្រលាញ់មិនទាមទារតម្រូវការអ្វី ព្រោះសេចក្ដីទាមទារតម្រូវការកង្វះខាត ជាការស្វែងរកអ្នកដទៃឲ្យមកជួយចាក់បំពេញ។
ព្រោះដូច្នោះ ត្រូវធ្វើឲ្យយើងកើតសេចក្ដីស្រលាញ់ដែលពេញប្រៀប ហើយវាហូរហៀរទៅដល់អ្នកដទៃ មិនមែនជាដើរទាមទារស្វែងរក ដែលធ្វើឲ្យមានការខ្វះខាតទៅរឿយៗដែរ។ ការស្វែងរកគូស្នេហ៍ វាធ្វើឲ្យខ្លួនឯងកាន់តែខ្វះខាត ប៉ុន្តែការស្វែងរកសេចក្ដីស្រលាញ់ វានឹងធ្វើឲ្យយើងពេញប្រៀប រហូតដល់ហូរហៀរទៅដល់អ្នកដទៃ ដែលជាការសង្រ្គោះមានបំណងល្អជានិច្ច។ ការណ៍ដែលហូរហៀរទៅដល់អ្នកដទៃនោះ ដូចអ្វីដែលរាបរាប់មកខាងលើឲ្យដឹង ឲ្យយល់ហើយ។
អ៊ីចឹងហើយ ត្រង់ពាក្យថាទីណាមានសេចក្ដីស្រលាញ់ ទីនោះមានទុក្ខ ទើបមិនពិតជានិច្ចទេ។ ផ្ទុយទៅវិញ ទីណាមានសេចក្ដីស្រលាញ់ ទីនោះមានសន្តិភាព និងនៅទីណាមានទុក្ខ ទីនោះនឹងមានសេចក្ដីស្រលាញ់ពិតមែន គឺសេចក្ដីមេត្តាអាណិតអាសូរ ព្រោះវាកើតចេញពីចិត្តតែមួយ មានសុខទុក្ខរួមគ្នា។ ត្រង់ថា ទីណាមានសេចក្ដីស្រលាញ់ ទីនោះមានសេចក្ដីទុក្ខនោះ ត្រូវនឹងន័យថា ស្រលាញ់ដោយអំណាចចិត្តដែលមានរាគៈនោះឯង។ ឬម្យ៉ាងទៀតថា ស្រលាញ់ដោយ “អវិជ្ជា” ទើបមានទុក្ខ។
“ប៉ុន្តែទីណាមានទុក្ខ ទីនោះនឹងមានសេចក្ដីស្រលាញ់ គឺមេត្តាអាណិតអាសូរកើតឡើង និងទីណាមានមេត្តា ទីនោះនឹងមានសន្តិភាពកើតឡើង”។
………………………………………………………
ប៉ុន្តែទោះជាយ៉ាងនេះក៏ដោយ មិនថាសេចក្ដីស្រលាញ់នោះនឹងទៅជាយ៉ាងម៉េច មានសភាពបែបណា រមែងនាំមកនូវសេចក្ដីទុក្ខទាំងអស់ ដូចដែលព្រះគ្រូមង្គលទេពមុនីបង្រៀនថា “មានស្នេហ៍ មានទុក្ខ ស្នេហ៍ខ្លាំងទុក្ខខ្លាំង អស់ស្នេហ៍អស់ទុក្ខ”។
សេចក្ដីស្រលាញ់ សេចក្ដីលោភ សេចក្ដីខឹងក្រោធ សេចក្ដីវង្វេង សុទ្ធតែជាទីនាំមក ធ្វើឲ្យចិត្តពើតឡើងពើតចុះទាំងអស់ មិនថា ស្រលាញ់អ្វីក៏ដោយ និងពេលស្រលាញ់ក៏មានតែសេចក្ដីទុក្ខ ព្រោះចិត្តយើងនៅមិនអស់កិលេស គឺតណ្ហា ភវតណ្ហា និងវិភតណ្ហា បាន។ វាមិនមានអ្វីស្ថិតស្ថេរឡើយ ចិត្តយើងក៏ប្រែប្រួលទៅតាមសេចក្ដីមិនទៀងទាត់នោះដែរ។ ការប្រកាន់មុតមាំជាមួយភាពមិនទៀង សុទ្ធតែធ្វើឲ្យចិត្តមិននឹងនទាំងអស់(ដូចជាជិះទូកប៉ះជាមួយទឹករលក វារមែងឃ្លីងឃ្លោង គ្រលែងធេងធោងជានិច្ច)។ វាមានតែទុក្ខតែម្យ៉ាង ដូច្នោះការហ្វឹកហាត់ធ្វើសមាធិ មាគ៌ានៃការហ្វឹកហាត់ចិត្តឲ្យឈប់នឹង និងដាក់ចុះហ្នឹងឯង គឺជាផ្លូវនៃការអស់ទៅសេចក្ដីស្រលាញ់ និងបានអស់ទុក្ខនោះឯង។
…………………………………………………
ទីបញ្ចប់ជីវិត មួយជីវិតសល់ត្រឹមស្រលាញ់
ស្រលាញ់ប៉ុនណោះកើតឡើង ស្រលាញ់ប៉ុនណោះតាំងនៅ ស្រលាញ់មិនចេះសាបសូន្យទៅណា។ អនុស្សាវរីយ៍ដែលធំអស្ចារ្យនៅលើលោកមួយនេះ សុទ្ធតែកើតពីកម្លាំងបណ្តាលនៃសេចក្ដីស្រលាញ់ ត្រឹមតែចិត្តធម៌តែមួយគត់។ មនុស្សអាចធ្វើអ្វីមិនបាន សូម្បីតែរក្សាជីវិតឲ្យគង់នៅ ប៉ុន្តែពេលណាមានសេចក្ដីស្រលាញ់ជាកម្លាំង ក៏អាចឆ្នៃប្រឌិតបង្កើតរឿងសំខាន់ទុកឲ្យពិភពលោកស្រស់បំព្រងបាន តើព្រោះហេតុអ្វីឬ? ពីព្រោះស្រលាញ់ជាប្រភពកំណើតនៃថាមពលទាំងឡាយទាំងពួង ដូច្នោះស្រលាញ់ទើបជាអមតៈមានជានិរន្តរ៍។
យើងនឹងយល់បានថា មនុស្ស និងសត្វ សុទ្ធតែនឹកគិតរកស្រលាញ់ ស្រេកឃ្លានស្រលាញ់ ចង់ស្រលាញ់ ។ ពេលខ្លះ សូម្បីតែបានលួចស្រលាញ់អ្នកណាមួយ ក៏មានភាពកក់ក្តៅ មានសេចក្ដីសុខនៅក្នុងចិត្តមិនអាចថាត្រូវ ទោះបីជាអ្នកម្ខាងទៀតមិនដឹងខ្លួនក៏ដោយ។ សេចក្តីស្រលាញ់ទើបមានសេចក្ដីសុខ មានការឆ្អែតស្កប់ស្កល់ក្នុងចិត្ត ក្នុងអារម្មណ៍។ អារម្មណ៍ស្រលាញ់ដែលរីកស្រស់ជ្រាលជ្រៅហួសពីការពណ៌នាដោយភាសាមនុស្សបាន។ ដោយហេតុនេះ ទើបមានវិចិត្រកររបស់ពិភពលោកព្យាយាមគូសវាសសរសេរបរិយាយសេចក្ដីស្រលាញ់ដោយភាសាកវីយ៉ាងពិរោះរណ្ដំ បន្សល់ទុកឲ្យពិភពលោកអួតសរសេរមិនដាច់ពីអារម្មណ៍។
ពេលមានសេចក្ដីស្រលាញ់ដូច្នេះ តើហេតុអ្វីហ្ន៎ បានជាក្រុមមនុស្សប្រទុស្តរាយគ្នាព្រោះតែសេចក្ដីស្រលាញ់ទៅវិញ? តើហេតុអ្វីហ្ន៎ សេចក្ដីស្រលាញ់ទើបមានភាពមួហ្មងឲ្យពិការភាពមើលមិនឃើញដូច្នេះ?
ខ្ញុំធ្លាប់បានឃើញ បានឮមនុស្សសម្លាប់គ្នាព្រោះតែសេចក្ដីស្រលាញ់ ធ្លាប់ឃើញមនុស្សដណ្តើមគ្នាយកមនុស្សស្រលាញ់ លួចរបស់ស្រលាញ់គ្នា កុហកគ្នាព្រោះស្រលាញ់។ នេះវាបញ្ជាក់បានថា វាមិនមានសេចក្ដីស្រលាញ់ តែត្រូវបានគេលួចអំណះអំណាងថា ជាសេចក្ដីស្រលាញ់ទៅវិញ។ សេចក្ដីស្រលាញ់ជាអំពើល្អ ប៉ុន្តែត្រូវបានមនុស្សលួចអះអាងដើម្បីផលប្រយោជន៍ខ្លួនព្រោះតែមានភាពអាត្មានិយម សេចក្ដីស្រលាញ់ក៏ក្លាយទៅជាអំពើអាក្រក់ភ្លាមៗដែរ។
សូម្បីតែស្រលាញ់ជាតិមាតុភូមិក៏ដូចគ្នា មានមនុស្សច្រើនណាស់ដែលសម្តែងឲ្យឃើញពីស្រលាញ់ជាតិ ចង់ស្តារប្រទេសជាតិ តែចុងក្រោយក៏ចប់ទៅដោយគ្មានមនសិការចំពោះជាតិមាតុភូមិបន្តិចសោះ ព្រោះស្រលាញ់ជីវិតខ្លួនឯងច្រើនជាង យកប្រជាជនមកអាងវ៉ាងដើម្បីផលប្រយោជន៍ខ្លួនឯងទាំងអស់។
សេចក្ដីស្រលាញ់បរិសុទ្ធមិនបរិសុទ្ធ មើលវាបានពីភាពទន់ភ្លន់ ឬភាពរឹងរុស បើចាំបានយល់ចិត្តគ្នា និងឲ្យអភ័យបាន ស្រលាញ់នោះបរិសុទ្ធ។ ចំណែកឯការស្រលាញ់ដែលមានការតវាទាមទាររកលក្ខខណ្ឌ ស្រលាញ់នោះមិនមែនជាការស្រលាញ់ទេ តែវានឹងវិវត្តពីសេចក្ដីស្រលាញ់ទៅជាការស្អប់ខ្ពើមដោយមិនចាំបាច់សង្ស័យឡើយ។
សេចក្ដីស្រលាញ់ជាវត្ថុមានជីវិតដែលមិនចូលចិត្តឲ្យអ្នកណាមួយរឹងរុសលេងល្បិចដូចប្រជាជនបរិសុទ្ធទេ។
ប្រភព៖ www.secret
No comments:
Post a Comment