Wednesday, June 1, 2016

វិធីប្រើបំណុលម៉ែឪ


វិធីប្រើបំណុលម៉ែឪមិនពិបាកឡើយ ចូរសាងអំពើល្អឲ្យខ្លួនឯង ហ្នឹងឯងហៅថាជាការប្រើបំណុលម៉ែឪខ្លួនឯង។ ខ្លួនយើងឪឲ្យបេះដូង ម៉ែឲ្យសាច់ឈាម។ ទឹកលឿងនៅក្នុងខ្លួនហើយ នឹងទៅស្វែងរកឪពុកអំពីទីណា ទៅស្វែងរកម៉ែអំពីទីណា។ អ្នកខ្លះស្អប់ខ្ពើមម៉ែថា ចាស់ៗមិនស្អាត មិនល្អ មិនអនាម័យខ្លួនទេ។ ពេលខ្លួនឯងចាស់ម្តង ម្លោះហើយត្រូវកូនចៅស្អប់ខ្ពើមវិញ ទើបជាកម្មតបស្នងម្តងម្នាក់ ហើយទាំងមានចិត្តប្រកែប្រកាន់ច្រើនទៀតផង។
ឪម៉ែជាព្រះអរហន្តរបស់កូន មិនត្រូវទៅតាមរកព្រះអរហន្តឯណាទេ បែរងាកមកមើលឪម៉ែក្នុងផ្ទះខ្លះយើងវិញ ហើយអ្នកនឹងមានអារម្មណ៍ថា បានធ្វើល្អចាប់ពីថ្ងៃតទៅ។
កុំឈរនិយាយជាមួយម៉ែឪ កុំបង្គាប់បញ្ជាឪម៉ែ។ ឪម៉ែជាព្រះអរហន្តរបស់កូនៗ ឪម៉ែជាគ្រូដំបូងរបស់កូនៗ  មុននឹងឈានជើងចេញពីផ្ទះ ត្រូវកា្របសំពះឪម៉ែ៣ដងសិន ចាំយើងទៅ។
សូមអ្នកចាំទុកថា ថ្ងៃកំណើតរបស់កូនៗ គឺជាថ្ងៃស្លាប់របស់ម៉ែ ព្រោះថ្ងៃដែលកូនកើតនោះ ម៉ែអាចត្រូវបាត់បង់ជីវិត។ ការចេញធ្វើសឹកជាការប្រថុយជីវិតសម្រាប់អ្នកជាពុកយ៉ាងណា ការបង្កើតកូនមក ក៏ជាការប្រថុយប្រថាននឹងសេចក្ដីស្លាប់សម្រាប់អ្នកជាម្តាយក៏យ៉ាងដូច្នោះដែរ
ប្រសិនបើថ្ងៃកំណើតយកស្រាជប់លៀងជាមុខ ចាំទុកចុះថា អាយុសង្ខារនឹងខ្លី វានឹងកាត់បន្ថយអាយុខ្លីចុះឡើង។ យើងគួរនឹងសូត្រមន្តសំពះព្រះ ប្រតិបត្តិធម៌ឲ្យឪម៉ែ នូវថ្ងៃខួបកំណើតរបស់យើង។ ថ្ងៃនោះគឺជាថ្ងៃស្លាប់របស់ម៉ែយើង ទៅកា្របសំពះម៉ែឪ សុំពរជ័យពីពួកគាត់ សូមឲ្យម៉ែឪឲ្យពរកូនៗឲ្យរកស៊ីមានបាន សិក្សាជោគជ័យគ្រប់គ្នាៗ ទៅចិញ្ចឹមម៉ែឪ ឲ្យពួកគាត់បានឆ្អែតសិន សឹមទៅស៊ីលៀងមិត្តភក្តិជាខាងក្រោយ។
អប់រំក្មេងៗថា ថ្ងៃខួបកំណើតរបស់យើង កុំនាំមិត្តភក្តិមកឲ្យម៉ែឪចូលផ្ទះបាយធ្វើម្ហូនអាហារឲ្យស៊ីផឹកឲ្យសោះ ព្រោះថាអ្នកមានបាប  រកស៊ីវាមិនឡើង។ អ្នកត្រូវចិញ្ចឹមម៉ែឪឲ្យពួកគាត់ផឹកឆ្អែតហូបឆ្ងាញ់ រួចហើយចាំទៅជប់ស៊ីលៀងមិត្តៗជាក្រោយក៏បាន។
អ្នកណាដែលមានឪម៉ែបាត់បង់អាយុសង្ខារទៅហើយ ក៏ព្យាយាមធ្វើបុណ្យឧទ្ទិសចំណែកកុសលដែលបានធ្វើនោះ ជូនឲ្យពួកគាត់។ បើធ្វើបុណ្យដោយបានចម្រើនកម្មដ្ឋានផង ហើយឧទ្ទិសចំណែកបុណ្យកុសលទៅ ការធ្វើដូច្នេះចាត់ទុកថាបានធ្វើបុណ្យច្រើនខ្លាំងណាស់ ទាំងចំណែកអ្នកឲ្យ និងចំណែកអ្នកទទួល។
បុគ្គលណាក៏ដោយ ដែលមានអ្នកម៉ែនៅរស់រានមានជីវិត ក៏ឲ្យត្រឡប់ទៅរកលោក ទៅក្រាបសំពះបាទជើងលោក សុំពរពីលោក និងបាននូវមង្គលសិរីសួស្តីមានសុខដុមក្នុងគ្រួសារ។ ចំណែកមនុស្សដែលមិនធ្លាប់បានធ្វើល្អជាមួយនឹងលោក ក៏យកទៀនធូបទៅក្រាបសំពះសូមខមាទោស សុំអហោសិកម្ម យកទឹកលុបលាងបាទជើងលោកផង ដោយការសុំខមាទោស។
សូមផ្តាំផ្ញើអ្នកទុកអប់រំកូនចៅ កុំមានគំនិតអាក្រក់ជាមួយម៉ែឪឲ្យសោះ មិនចាំបាច់ដល់ទៅសម្លាប់ម៉ែឪទេ គ្រាន់តែគិតថា ម៉ែឪមិនល្អ យើងទៅរកស៊ីខាតចុង លិចលង់មិនចម្រើន មិនកាក់កបឡើយ។ អ្នកត្រូវតែដោះស្រាយបញ្ហានេះសិន គឺដកពាក្យសម្តី ទៅសុំខមាទោស រួចហើយមកចម្រើនកម្មដ្ឋាន ធានាថាសម្រេចប្រាកដ មគ្គផលកើតប្រត្យត្ស។
អ្នកខ្លះគេភ្លេចម៉ែឪ កុំភ្លេចណ៎ា ការប្រកែកតមាត់តកជាមួយម៉ែឪវាមិនល្អស្តាប់ទេ។ ខ្ញុំសុំទៅចុះអប់រំកូនចៅកុំឲ្យរៀនប្រកែកជាមួយម៉ែឪ កុំគិតមិនល្អជាមួយម៉ែឪ មិនដូច្នោះទេ តើវានឹងមានការចម្រើនយ៉ាងណាទៅ? មានតែការដុនដាបឡើងៗ ដូចពាក្យថា រកស៊ីវាមិនងើបសោះ។
នៅក្នុងគ្រួសារមួយ ឪពុកមានប្រពន្ធបួននាក់។ ប្រពន្ធដើមប្រាប់កូនថា ឪពុកកូនមិនល្អ កូនក៏ទៅជេរស្តីថាឲ្យឪពុក ហើយមកបួសវត្តនេះ បួសហើយ ឥឡូវកើតរឿងនេះកើតរឿងនោះ រហូតដល់ធ្លាក់ខ្លួនកើតរោគប្រសៃប្រសាទ ហ្នឹងឯងបួសក៏មិនបានផល។ លោកតា ក៏ឲ្យទៅដកពាក្យសម្តី និងសុំខមាទោសញោមប្រុសលោកសិន ហើយចាំមកអង្គុយធ្វើកម្មដ្ឋានវិញទើបនឹងបានផល។
ហើយពេលថ្មីៗនេះ មានរឿងឃាតកម្មសម្លាប់ឪឯងស្លាប់ ម៉ែអាណិត ក៏នាំមកចម្រើនកម្មដ្ឋាន ពេលចូលដល់ក្នុងខ្លោងទ្វារវត្តវាក្តៅអន្ទះអន្ទែង ឈឺក្បាលចូលវត្តមិនបាន នេះណាកម្មពៀរតាមតបស្នង។ បិតុឃាត មាតុឃាត ហាមសួគ៌ ហាមនិព្វាន ធ្វើកម្មដ្ឋានមិនបានប្រាកដ ត្រូវបែរឡានបើកត្រឡប់ទៅវិញបាត់ នេះជារឿងពិតក្នុងវត្តនេះ។
មនុស្សដែលគេមានបុណ្យវាសនា នឹងមានកតញ្ញូដល់ម៉ែឪ។ មនុស្សប្រកែកជាមួយម៉ែឪ មានរឿងល្អកើតឡើងមិនបាន។ មនុស្សមិននិយាយជាមួយម៉ែឪ អង្គុយធ្វើកម្មដ្ឋានអស់រយនៃឆ្នាំ ក៏មិនបានអ្វីទេ ប្រសិនបើមិនទៅសុំទោស អហោសិកម្មពីពួកគាត់ទេនោះ។
សុំអហោសិកម្មដែលមានគំនិតមិនល្អជាមួយម៉ែឪ  មានគំនិតមិនល្អជាមួយគ្រូអាចារ្យ មានគំនិតមិនល្អជាមួយបងៗប្អូនៗ កុំឲ្យគេប្រកាន់ទោសអួសដំណើរតទៅទៀត។ យកទឹកមួយផ្តិល យកផ្កាម្លេះមករោយដាក់ កាយកម្មំ វចីកម្មំ មនោកម្មំ យោ ទោសោ ន័យថា ទោសកំហុសឯណាមួយ ដែលខ្ញុំបានធ្វើភ្លាំងភ្លាត់សតិទៅហើយ ដោយកាយក្តី ដោយវាចាក្តី ដោយចិត្តក្តី ទាំងនៅចំពោះមុខ និងកំបាំងមុខ សូមឲ្យលោកឪពុក អ្នកម្តាយ លោកយាយ លោកតា លោកបង លោកប្អូន អហោសិកម្មឲ្យផង ហើយយកទឹកស្រោចលើបាទដៃ បាទជើងពួកគាត់ទៅ។
ឱ! អ្នកទាំងឡាយអើយ ដែលបំណុលបុណ្យគុណម៉ែឪច្រើនណាស់មហាសាល ចុះអ្នកទៅទារស្រែ ទារចម្ការ ទារផ្ទះមកជារបស់យើងទៀតឬ? ខ្លួនយើងពឹងពាក់ខ្លួនមិនបាន អប់រំខ្លួនមិនកើតផង ជាមនុស្សចង្រៃអប្បលក្ខណ៍នៅក្នុងពិភពមនុស្ស ទៅទារបំណុលម៉ែឪ។ ម៉ែឪឲ្យអស់ហើយ រៀនសូត្រក៏ចប់ហើយដែរ ទាំងជួយខ្លួនឯងមិនរួចផង  ថែមទាំងមានបំណុលជាន់កទៀត ធានាថារកស៊ីអីក៏មិនកាក់កបទេ។ បំណុលបុណ្យគុណដ៏ធំធេង លើសពីការរាបរាប់រកប្រមាណមិនបាន គឺបុណ្យគុណរបស់មាតាបិតានេះឯង។
 បន្លាមុតស្រួចតើបុគ្គលណាសម្រួច? ផ្លែក្រូចមានរាងមូលក្រឡង់តើបុគ្គលណាក្រឡឹងទៅ?”។ មានក្មេងម្នាក់រៀនថ្នាក់បឋមទី៤ ឪពុកញៀនស្រា ញៀនកញ្ឆា លេងល្បែងស៊ីសង ម៉ែចាក់កន្ទុយលេខ។ បច្ចុប្បន្ននេះ នាងបានក្លាយជាដុកទ័រ នៅសហរដ្ឋអាមេរិចហើយ។ លោកតាបង្រៀនតែម្តងក៏ចាប់បាន ប្រាប់ថាថ្ងៃខួបកំណើតគេ គេទិញនំពីរកញ្ចប់ ហៅម៉ែឪមកអង្គុយទាំងពីរនាក់ ហើយនាងក្រាបសំពះ ហើយក៏ប្រាប់ម៉ែឪថា កំហុសឆ្គងណាដែលនាងបានធ្វើដោយភ្លេចសតិ តាមផ្លូវកាយក្តី វាចាក្តី ចិត្តក្ដី ដែលគិតមិនល្អទៅលើលោកពុកអ្នកម៉ែ សុំឲ្យលោកឪពុកអ្នកម៉ែ អហោសិកម្មឲ្យផង រួចហើយនាងក៏យកទឹកលាងបាទជើងឲ្យម៉ែឪ កូនមិនមានលុយច្រើន កូនទិញបាននំពីរកញ្ចប់ជូនម៉ែឪ។ កូនសុំជូនអ្នកម៉ែមួយកញ្ចប់មុន ព្រោះអ្នកម៉ែពរពោះទ្ររូបកូន ហើយទើបជូនឪពុកមួយកញ្ចប់ទៀត កូនសុំសច្ចាប្តេជ្ញាចិត្តខ្លួនថា កូនសុំធ្វើជាកូនល្អរបស់ម៉ែឪ ហើយជាសិស្សដែលល្អរបស់គ្រូអាចារ្យ។ កូននឹងមិនធ្វើឲ្យម៉ែឪខកបំណងទេ ។ ពុកបានស្តាប់ហើយ ទឹកភ្នែកស្រក់ចុះមកស្វាងស្រវឹងស្រា ចំណែកម៉ែក៏យំដែរ។ ម៉ែឪក៏ផ្តល់ពាក្យសញ្ញាប្តេជ្ញាចិត្តជាមួយកូនថា គាត់ឈប់ប្រព្រឹត្តគ្រឿងអបាយមុខទាំងអស់។
កូនចៅ! សូមចាំទុកណា ពេលបែកគ្រួសារទៅមានប្តីប្រពន្ធហើយ កុំភ្លេចទៅរកម៉ែឪនៅពេលមានថ្ងៃទំនេរ ត្រូវទៅរកម៉ែឪក្នុងថ្ងៃខួបកំណើតកូនចៅ កុំភ្លេចរបស់យកទៅជូនពួកគាត់ទទួលទាន កុំស៊ីលៀងផឹកគ្រឿងស្រវឹង នាំគ្នាចូលសណ្ឋាគារអីណា។
របស់ល្អ របស់លោកតាលោកយាយកុំទៅបំផ្លាញ និងរបស់ម៉ែឪកុំទៅបំផ្លាញឡើយ ជៀសវាងបានក៏ជៀសទៅ។ អ្នកមានកម្មដ្ឋាន មានទ្រព្យសម្បត្តិ មានឈ្មោះបោះសម្លេង សេចក្ដីស្រលាញ់ បូជាទ្រព្យ បូជាកេរ្តិ៍ឈ្មោះ  ស្រលាញ់របស់ម៉ែឪបាន មានលុយមានកាក់ មានមាសពេជ្រហូរហៀរមក។ ម៉ែឪឲ្យអ្វី យកទុកសិន កុំទៅបំផ្លាញ ទោះជាពែង ឬកែវក៏ដោយ ម៉ែឪឲ្យមកក៏ទុកដាក់ធ្វើជាវត្ថុអនុស្សាវរីយ៍ដ៏ល្អ កុំយកទៅបោះចោលឡើយ។
ប្រសិនបើចង់មានបានលូតលាស់រីកចម្រើន សុំផ្តាំផ្ញើទុកផងចុះ មនុស្សយើងមានពីរជំហានគឺ បើមិនឈានឡើង ឬក៏ឈានចុះ លិចទឹកមិនងើបឡើងទេ
ចូលរួមចំណែកពី “វិធីប្រើបំណុលម៉ែឪ” ដោយធម៌បុរាណ(លោកតា ចរញ្ញ ទិដ្ឋម្មោ)

No comments:

Post a Comment