Thursday, June 2, 2016

ពេលឡើងកុំវង្វេង ពេលចុះកុំអស់សង្ឃឹម


ជីវិតរបស់ខ្ញុំបានធ្វើដំណើរមកឆ្ងាយហួសពីការសុបិនរំពឹងទុក ចេញពីអ្នកបន្ទរ មកជាអ្នកសម្តែង អ្នកចម្រៀង និងម្ចាស់ក្រុមហ៊ុន។ រាប់ថ្ងៃថាជាភារៈតួនាទីរបស់ខ្ញុំក៏ធំឡើងរឿយៗ វាមានទាំងសប្បាយនិងលំបាក ប៉ុន្តែសេចក្ដីសុខរបស់ខ្ញុំបែរជារឿងងាយងាយបន្តិច។

ខ្ញុំចូលចិត្តស្ងប់។ សេចក្ដីស្ងប់គឺជាវត្ថុដែលធ្វើឲ្យខ្ញុំមានសេចក្ដីសុខបំផុតក្នុងជីវិត។ ខ្ញុំធ្លាប់អានសៀវភៅគេបា្រប់ថា ពាក្យស្តាប់(listen)ក្នុងភាសាអង់គ្លេសនោះ ប្រើតួអក្សរមួយឃ្លាទៀតថា ស្ងាត់(silent) វាគ្រាន់តែគេតម្រៀបតួអក្សរប៉ុណ្ណោះ ប៉ុន្តែពាក្យថា ស្តាប់និងស្ងាត់ ខ្ញុំគិតថា វាមានន័យជ្រៅណាស់ មនុស្សដែលស្តាប់អ្នកដទៃបាន ត្រូវចេះស្ងាត់ និងចេះស្តាប់អ្នកដទៃប្រកបដោយចិត្ត។

ខ្ញុំជាមនុស្សឆាប់ក្រោកពីព្រឹក ក្រោកហើយក៏មកអង្គុយស្ងាត់ៗ ផឹកកាហ្វេ គយគន់សម្លឹងមើលទៅសួនច្បារមួយតូចនៅមុខផ្ទះ ឃើញមុខផ្ទះនៅរបស់ខ្លួនឯង ដែលមានទាំងស្នួរហាលស្បែកជើងកូនៗ ស្បែកជើងប្រពន្ធ និងស្បែកជើងរបស់ខ្ញុំដាក់ពាសពេញទាំងអស់ត្រឹមនេះ ចាត់ទុកថាជីវិត ក្នុងមួយថ្ងៃរបស់ខ្ញុំមានសេចក្ដីសុខទៅហើយ។

តែបើពេលណាមានពេលវេលាទំនេរ ឬឈប់សម្រាកយូរថ្ងៃ ខ្ញុំច្រើនតែនាំក្រុមគ្រួសារទៅទៅលំហែរកាយឯផ្ទះធំ ទីនេះខ្ញុំបានរស់នៅជាមួយខ្លួនឯងយ៉ាងពេញទំហឹង។ ពេលខ្លះខ្ញុំអង្គុយនៅជាប់ទៅដល់ប្រាំម៉ោង អង្គុយមើលដោយអារម្មណ៍ស្ងៀមស្ងាត់ទៅជារឿយៗ ព្រមទាំងរំលឹករឿងរ៉ាវក្នុងជីវិតដែលវាកន្លងផុតទៅមានទាំងហត់នឿយ និងសេចក្ដីសុខ។

មនុស្សជាច្រើនមិនជា្របទេថា នោះជាសេចក្ដីសុខរបស់ខ្ញុំ ព្រោះភាគច្រើន ពេលឃើញរូបភាពខ្ញុំនៅក្នុងកញ្ចក់ធីវី ច្រើនមានស្នាមញញឹម និងសម្លេងសើច តែខ្លួនពិតរបស់ខ្ញុំជាមនុស្សដែលចូលចិត្តភាពស្ងប់ស្ងាត់ និងចូលចិត្តអង្គុយសញ្ជក់សញ្ជឹងគិតនេះគិតនោះជារឿយៗ។ នៅក្នុងខួរក្បាលរបស់ខ្ញុំមិនធ្លាប់ទំលាក់ចោលពីរឿងរ៉ាវផ្សេងៗក៏ថាបាន។ ពេលខ្លះខ្ញុំទៅលេងកហ្វជំនួសវិញ នឹងបានសម្រាកលំហែកាយ ខ្ញុំក៏ត្រឡប់ជាគិតការងារនេះគិតការងារនោះជារឿយៗអ៊ីចឹង។

កាលពីមុនខ្ញុំមានសៀវភៅកំណត់ហេតុកត់ការងារពីរបីក្បាល ប្រើនិពន្ធបទចម្រៀង សរសេរស្បត សរសេរកម្មវិធីធីវីក្នុងថ្ងៃអនាគត ថាតើឆ្នាំនឹងធ្វើអ្វី ឬឆ្នាំនេះលោកវត្តណាដែលយើងចង់ទៅក្រាបថ្វាយបង្គំដែលនៅមិនទាន់បានទៅ។ លោកគ្រូ អាចរ្យណាគួរទូរស័ព្ទទៅ ដែលមិនទាន់បានទូរស័ព្ទទៅ? ខ្ញុំត្រឡប់មកអង្គុយរំលឹកខ្លួនឯងបែបនេះរាល់ពេលដែលដាច់ឆ្នាំម្តងៗ ដើម្បីប្រមូលទិន្នន័យជីវិតខ្លួនឯងថា តើឆ្នាំទៅយើងបានធ្វើអ្វីខ្លះ ឬមិនទាន់បានធ្វើអ្វីខ្លះ ហើយនៅឆ្នាំមុខ យើងគួរធ្វើអ្វីបន្តទៀត? វាទាំងនេះខ្ញុំហៅជាការម្រេចចិត្តរបស់ខ្ញុំខ្លួនឯង។

ភាពជោគជ័យដែលមកព្រមជាមួយធម៌

បើនិយាយទៅ ជីវិតរបស់ខ្ញុំក៏នៅជិតព្រះធម៌មកតាំងពីតូចៗ។ ពេលគ្រាមួយនោះក្នុងជីវិតកូនក្មេង ធ្លាប់រត់លេងនៅមិនចេះស្ងៀមក្បែរវត្តផ្ទះចម្ការរបស់លោកតា គូណ។ ពេលនោះខ្ញុំជាមួយមិត្តលេងទាត់បាល់សម្លេងឮអឺងអាប់។ លោកតា គូណ លោកចុះពីកុដិមកប្រាប់ថា អាចៅៗស្ងាត់បន្តិចបានឮដូច្នោះហើយ ពួកមិត្តៗបានរត់ចែកជើងគ្នាព្រាត មានសល់តែខ្ញុំម្នាក់គាត់ដែលតូចជាងគេ រត់គេចទៅណាមិនរួចដូចគេ ម្លោះហើយត្រូវលោកចាប់ខ្លួនបាន លោកយកឈឺគោះក្បាលខ្ញុំតិចៗ ហើយនិយាយថា នេះឯង កុំរឹងណា អាចៅ។ ខ្ញុំចងចាំបានពាក្យត្រង់នេះរហូតដល់ថ្ងៃនេះ និងពេលសម្លឹងមើលទៅអតីតកាលក្នុងជីវិតរបស់ខ្លួនឯងវិញ ខ្ញុំមានអារម្មណ៍ព្រឺក្បាលខ្ញាកៗ ព្រោះគិតថា ពេលនោះខ្ញុំបានទទួលពរលោកតា គូណ ពីក្មេងរត់លេងតាមវាលស្រែ ជីវភាពក្រក្រី រហូតដល់ខ្ញុំមានអ្វីៗ​ដូចសព្វថ្ងៃនេះ។

មានពេលមួយទៀត គឺពេលខ្ញុំកំពុងបង្កើតក្រុមហ៊ុនរបស់ផ្ទាល់ខ្លួនមួយ។ ពេលនោះនៅភ័យខ្លាចថា តើវានឹងជោគជ័យឬក៏អត់ទេ? ព្រោះខ្លួនឯងមានបទពិសោធនៅខ្ចី ខ្លួននៅតូច ធំតែឈ្មោះប៉ុណ្ណោះ លុយរកស៊ីក៏មិនមាន មានតែចិត្តចង់ធ្វើវា។ ប្រពន្ធខ្ញុំក៏ណែនាំថា ឲ្យទៅក្រាបថ្វាយបង្គំលោកតា គូណ បន្តិចក៏ល្អម្យ៉ាងដែរ ព្រោះមុនចេញឌិសទី៣ ក៏ទៅថ្វាយបង្គំលោក តែថ្ងៃដែលខ្ញុំទៅ មានមនុស្សនិយាយជាមួយលោកតាច្រើន។ ចំណែកខ្ញុំអង្គុយជិតក្បែរ ខ្ញុំរង់ចាំ… ចាំមិនបាននិយាយសូម្បីតែបន្តិច ប៉ុន្តែស្រាប់តែលោកតា គូណ បែរមកនិយាយជាមួយខ្ញុំថា សម្រេច ។ អូហូ!ខ្ញុំមិនទាន់បានសួរអ្វីមួយមាត់ផង ប៉ុន្តែលោកដឹងថា យើងចង់និយាយពីអីទៅហើយ។

អ្នកខ្លះអាចនឹងគិតថា នេះជាជំនឿដែលងប់ងល់ ប៉ុន្តែខ្ញុំបែរជាគិតថា រឿងម្យ៉ាងយើងអាចពិសោធបាន មានហេតុមានផល ប៉ុន្តែរឿងម្យ៉ាង វាដូចជាស្រមោល យើងប៉ះត្រូវមិនបាន តែដឹងថា វាមានពិត

ចំណែកព្រះគ្រូមួយអង្គទៀត ដែលខ្ញុំគោរពរាប់អានគឺ ព្រះគ្រូវត្តកៃត្រីញាតិ នៅឯខេត្តរាជបូរី លោកជាព្រះគ្រូដែលបង្រៀនហ្វឹកហាត់អប់រំចិត្ត។ លោករៀនចប់បរិញ្ញាបត្រលើមុខវិជ្ជាវិស្វកម្ម និងរៀនចប់អនុបណ្ឌិតផ្នែកចិត្តវិទ្យា ជាព្រះគ្រូដែលពូកែក្នុងផ្នែកអប់រំ អប់រំបែបព្រះពុទ្ធសាសនា  អប់រំបរិញ្ញា អប់រំក្នុងការប្រើជីវិត។ ខ្ញុំទៅវត្តនេះប៉ុន្មានដង ក៏មានអារម្មណ៍ថាសប្បាយចិត្ត បានគោលគំនិត និងកម្លាំងចិត្តត្រឡប់មកប្រើក្នុងដំណើរការលើជីវិតយ៉ាងច្រើន។

នៅពេលមួយនោះ លោកធ្លាប់មានថេរដីកាថា មកល្អហើយ រក្សាទុក រក្សាវត្ថុដែលមាននៅក្នុងចិត្ត រក្សាវត្ថុដែលវាមានជាប់កាយយើងទុកឲ្យល្អ។ ខ្ញុំក៏ការវិភាគថេរដីកាលោកថា ការបានមកក្នុងរឿងផ្សេងៗធ្វើឲ្យយើងសប្បាយចិត្តក៏ពិតមែន ប៉ុន្តែការរក្សាវាទុកនោះ វាជារឿងពិបាក យើងត្រូវមានទាំងសតិ បញ្ញា និងចិត្តដែលស្អាតបរិសុទ្ធដើម្បីរក្សាវាទុក

ពេលខ្លះទៀត ខ្ញុំធ្លាប់ទៅប្រឹក្សាយោបល់ជាមួយលោករឿងការងារ។ លោកមានថេរដីកាមកកាន់ខ្ញុំថា ភាពជោគជ័យវាមិនចាំដល់ថ្ងៃស្អែកនោះទេ ប៉ុន្តែវាមករង់ចាំនៅពេលនេះ ម៉ោងនាទីនេះហើយ បើយើងព្រមទាំងកាយចិត្ត វាកើតឡើងបានគ្រប់ពេលវេលា។ ខ្ញុំបានស្តាប់ហើយ ខ្ញុំមានអារម្មណ៍ព្រឺសម្បុរតែម្តង។ ខ្ញុំបានបើកឡានត្រឡប់មកផ្ទះវិញ។ ថ្ងៃនោះ ពាក្យអប់រំរបស់លោកយ៉ាងច្រើនកំពុងតែរីកធំឡើងៗនៅក្នុងខួរក្បាលខ្ញុំ។

 ឧបសគ្គក៏ជាភាពជោគជ័យមួយ បញ្ហាក៏ជាភាពជោគជ័យមួយ ភាពជោគជ័យមកនៅពីមុខយើងស្រាប់ហើយ យើងឆ្លាត់កាត់វាទៅបាន យើងត្រូវតែតស៊ូជាមួយវាសិនដែរ ជាពាក្យសម្តីរបស់លោកធ្វើឲ្យទប់អារម្មណ៍រំជួលមិនបាន ព្រោះវាជ្រាបសព្វសាច់នៃជីវិតមនុស្សយើងត្រូវតែតស៊ូ តស៊ូ តស៊ូប្រកបដោយសតិបញ្ញា និងកម្លាំងចិត្តរបស់ខ្លួនឯងពិតៗ។

បបួលមនុស្សជិតខ្លួនចូលវត្ត

ខ្ញុំចូលចិត្តអានសៀវភៅគោលធម៌ប្រាជ្ញា និងចូលចិត្តមើលភាពយន្ត។ ពេលខ្លះអានសៀវភៅធម៌ចប់មួយក្បាល មើលភាពយន្តរឿងមួយចប់ ក៏នាំយកមកនិយាយ មកធ្វើការវិភាគត្រិះរិះពិចារណាជាមួយកូនចៅនៅឯក្រុមហ៊ុន ក្រៅពីនោះ ខ្ញុំចូលចិត្តដឹកនាំបបួលកូនចៅឲ្យទៅចូលវត្តធ្វើបុណ្យ ថ្វាយសង្ឃទាន។ ខ្ញុំគិតថា ការនាំពួកគណៈទៅធ្វើរឿងល្អៗ រួមគ្នា យ៉ាងហោចណាស់ ក៏ជួយឲ្យកើតមានសភាពទឹកចិត្តតែមួយ និងសាមគ្គីសហការរួមដៃគ្នាបានល្អ។

ចំណែកកូនៗទាំងបីនាក់វិញ ទោះបីខ្ញុំមិនសូវមានពេលនៅផ្ទះក៏ដោយ  តែយ៉ាងហោចណាស់មុនពួកគេចូលគេង ខ្ញុំនឹងចូលទៅនិយាយជាមួយពួកគេកន្លះម៉ោង និយាយឲ្យពួកគេស្តាប់ថា ពុកធ្វើការងារមកយ៉ាងណា ពេលនេះសេដ្ឋកិច្ចក្នុងគ្រួសារយើងកើតមានបែបនេះ កូនៗត្រូវនាំគ្នាចេះសន្សំសំចៃផងណា។ ចំណែកកូនៗក៏និយាយពីការសិក្សានៅសាលារៀនឲ្យស្តាប់ ឬពេលខ្លះ បើមានការថតសម្តែងរឿងតាមបណ្តាខេត្តនានា ខ្ញុំក៏នាំពួកគេទៅជាមួយគ្នា ជួបឃើញវត្តណា ដែលគួររីករាយក៏នាំកូនៗចូលទៅថ្វាយបង្គំព្រះ ថ្វាយបង្គំលោក។ ដោយហោចទៅ ក៏បានបង្អោនចិត្តរបស់ពួកគេឲ្យមករកផ្លូវនេះ ឬពេលខ្ញុំបោះពុម្ពសៀវភៅសូត្រធម៌ចែកចាយ ក៏សុំគំនិតយល់ស្របពីកូនៗថាតើធ្វើក្របពណ៌នេះ បែបនេះល្អទេ? ដើម្បីឲ្យពួកគេមានចំណែករួមផងដែរ។

ចំណែករឿងដែលខ្ញុំអប់រំកូនៗជានិច្ចគឺ រឿងភាពស្មើដើមស្មើចុង និងមានភាពជាមិត្តជាមួយមនុស្សគ្រប់គ្នា ជួបអ្នកណាក៏ដោយ កុំសម្លឹងរកតែចំណុចអវិជ្ជមានរបស់គេ ឲ្យចេះមើលស៊ីជម្រៅទៅថា តើគេមានអ្វីខ្លះ ទើបគេហ៊ានធ្វើបែបនេះ បែបនោះ? មនុស្សយើងមានភាពចាំបាច់មិនដូចគ្នាទេ ជីវិតមានពីរផ្នែកជានិច្ច និងពេលទៅសាលារៀន ពុំមែនតែរៀនអក្សរតែមួយមុខទេ ឲ្យទៅចេះរៀនក្នុងការប្រើប្រាស់ជីវិតរួមជាមួយអ្នកដទៃ ដោយមានទាំងមិត្តភក្តិ និង លោកគ្រូ អ្នកគ្រូ ព្រោះថាក្នុងជីវិតរបស់យើង មិនអាចធ្វើការងារម្នាក់ឯងបាន។ គ្រប់យ៉ាងត្រូវតែធ្វើជាក្រុម ជាពួក ក៏ត្រូវអាស្រ័យលើសភាពទឹកចិត្តមានធ្លុងតែមួយ។

សម្រាប់ប្រពន្ធរបស់ខ្ញុំវិញ យើងបានរៀបការជាមួយគ្នាអស់ប្រមាណជា ១៥ឆ្នាំមកហើយ។ ខ្ញុំចង់ប្រាប់ថា មនុស្សយើងបើចង់ស្គាល់និស្ស័យពិតមែនរបស់ខ្លួនឯង ឲ្យរៀបការរួច នឹងយល់ហើយថា នរណាយ៉ាងម៉េច? ចំណែកដៃគូជីវិតរបស់ខ្ញុំ យើងមានទាំងពិភពផ្ទាល់ខ្លួនម្នាក់ៗ និងពិភពលោកទាំងមូលរួមគ្នា គឺមានពាក្យមួយថា គ្រួសារមានកូន មានភារៈនាទីការងាររួមគ្នាព្រោះប្រពន្ធខ្ញុំ គេចូលមកជួយការងារក្នុងក្រុមហ៊ុន នៅពេលនេះ។ ពេលយើងឆ្លងកាត់រឿងរ៉ាវផ្សេងៗ មកដោយភាពអត់ធ្មត់ អត់ទ្រាំសង្កត់ចិត្ត និងយល់ចិត្តយល់ថ្លើមជីវិតគូ។ រាល់ថ្ងៃទើបពួកយើងមានសេចក្ដីសុខ។ 
ជីវិតរបស់មនុស្សយើង ពេលខ្លះក៏មានទុក្ខ ពេលខ្លះក៏មានសុខ មិនឃើញខុសគ្នាពីរដូវកាលសោះ។ ពេលខ្លះភ្លៀងបង្អុរចុះមកខ្លាំង ពេលខ្លះអាកាសធាតុ ក៏ចុះត្រជាក់ខ្លាំង។ ប៉ុន្តែបើមនុស្សយើងមានសតិស្មារតី ដឹងថា តើពេលនេះយើងកំពុងប្រឈមមុខជាមួយរដូវណា? ខ្ញុំគិតថា បញ្ហាស្មុគស្មាញប៉ុន្មាក៏ដោយ ក៏យើងដោះស្រាយបានដែរ ឲ្យតែយើងមានសុឆន្ទៈចង់។

ជាទីបញ្ចប់នេះ ទោះជាសិក្សាខ្ពស់ប៉ុនណាក៏ដោយ ក៏ខ្ញុំគិតថា រឿងដែលអ្នកមិនគួរភ្លេចសិក្សានោះគឺចិត្តរបស់ខ្លួនឯង ព្យាយាមសិក្សារៀនសូត្រចិត្តរបស់ខ្លួនឯងខ្លះទៅ កុំបណ្តែតបណ្ដោយឲ្យវាអណ្តែងអណ្ដូងទៅជាមួយក្រសែរបស់លោកច្រើនពេក ដើម្បីបានថ្ងៃមួយ អ្នកមិនត្រូវមកអង្គុយសួរខ្លួនឯងថា តើសេចក្ដីសុខដែលប្រាកដក្នុងជីវិតនៅទីណាឲ្យប្រាកដទៅហ្ន៎?


រឿង (ទង់ជ័យ ប្រាថ្នាសន្តិ) (វគ្គបញ្ចប់)
រៀបរៀងឡើង ដោយ  សៅវលក្ខណ៍ ស្រីសុវណ្ណ
រូបភាព៖ facebook page

No comments:

Post a Comment