យើងបានតាំងសច្ចាប្រណិធានទុកក្នុងចិត្តថា ក្នុងព្រះវស្សាឆ្នាំនេះ
តើវត្ថុអ្វីដែលជាមាគ៌ាជាទីនាំមកនូវបុណ្យកុសល? យើងនឹងឧទ្ទិសជីវិតចិត្តគំនិតដួសដងឲ្យបានបុណ្យកុសលច្រើន ដើម្បីឲ្យបានជាកម្លាំងនៃការសម្រេចធម៌
ឬការលុះក្នុងអំណាចនៃព្រះធម៌។
ថ្ងៃដំបូងនៃការចូលព្រះវស្សា បើយើងចាប់ផ្តើមដោយចិត្តដែលជាកុសល
មិនព្រមឲ្យរឿងបាបអកុសលចូលមកសណ្តំចិត្តបាន ក៏ជានិមិត្តរូបដ៏ប្រពៃថា ក្នុងព្រះវស្សានេះ
នឹងជាវស្សានៃសេចក្ដីសមប្រាថ្នារបស់យើងដែលបាននាំគ្នាផ្គងចិត្តមកអស់កាលដ៏យូរ។
ការចំណាំព្រះវស្សារបស់ពួកយើងដែលមិនមែនជារបស់ភិក្ខុសាមណេរនោះទេ
លោកឪក៏ធ្លាប់មានថេរដីកាប្រាប់ទុកគ្រាមួយថា យើងកំណត់ថា យើងនឹងចាំព្រះវស្សាក្នុងរង្វង់កាយឥន្ទ្រិយរបស់យើង
កាយវែងមួយព្យាម ក្រាស់មួយធ្នាប់ ទទឹងមួយគកក្នុងបរិមណ្ឌលរបស់ចិត្តយើង។
គឺត្រង់មជ្ឈមណ្ឌលកាយឋានទី៧ ក្នុងឥរិយាបថ ដេក ដើរ ឈរ អង្គុយ
នៅគ្រប់សកម្មភាព ស្មើតាមដែលយើងអាចធ្វើបាន ព្រោះថាយើងនៅមានការងាររកស៊ី សិក្សារៀនសូត្រ
ត្រូវគ្រប់គ្រងផ្ទះសម្បែង ប៉ុន្តែយើងក៏អាចព្យាយាមធ្វើឲ្យបាន នៅចាំវស្សាឲ្យចិត្តស្ថិតនៅក្នុងសាច់ខ្លួនរបស់យើង។
យើងនឹងនាំគ្នាចាប់ផ្តើមពីថ្ងៃនេះជាដើមទៅ ឲ្យចិត្តជាមួយសរីរាង្គកាយ
នឹងមានអារម្មណ៍ថា យើងជាព្រះ ព្រះជាយើង ត្រូវព្យាយាមធ្វើឲ្យបានជានិច្ចកាលរាល់ថ្ងៃ។ បើធ្វើបានយ៉ាងដូច្នេះ
ទើបនឹងក្លាយមាគ៌ានាំមកនូវបុណ្យកុសលទាំងឡាយ។ កុសលកម្មដែលនៅមិនទាន់កើតឡើងក៏កើតឡើង កើតឡើងហើយរឹងរិតតែចម្រើនរុងរឿងឡើង
ដឹកនាំយើងចូលទៅដល់ព្រះរតនត្រៃខាងក្នុងខ្លួនយើងបាន។
ហើយកុំភ្លេចថា ឯផ្ទះរបស់យើងត្រូវស្អាត ជាពិសេសបន្ទប់ព្រះ ដែលជាស្រែបុណ្យនៃក្រុមគ្រួសារ
និងត្រូវរួមកម្លាំងកាយចិត្តគ្នាធ្វើការសម្អាតឲ្យជាទីកន្លែងនោះស័ក្តិសមជាទីគង់ប្រថាប់របស់ព្រះបរមសាស្តា
គឺពុទ្ធបដិមាដែលជារូបស្នងព្រះពុទ្ធអង្គ កុំឲ្យមានអន្ទាក់ពីងពាង ល្អងធុលីផ្សេងៗ ព្រោះទីត្រង់នោះជាទីប្រថាប់របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់
ហើយជាមហាបូជនីយាចារ្យរបស់យើង។
ប្រសិនបើយើងធ្វើទីកន្លែងត្រង់នោះឲ្យស្អាតល្អ អារ័ក្ខទេវតាទាំងឡាយពួកគេនឹងបានគោរពសំពះថ្វាយបង្គំបូជា។
ប្រសិនបើថាទេវតាមកក្រាបសំពះថ្វាយបង្គំបូជា ពួកទេវតានឹងតាមរក្សាអភិបាលយើង ឲ្យកើតនូវសិរីមង្គល
ដែលជាទីនាំមកនូវភោគទ្រព្យសម្បត្តិទាំងឡាយ។
យើងត្រូវឲ្យបន្ទប់ព្រះស្អាតជាបន្ទប់ទីមួយនៅក្នុងផ្ទះ រួចបន្តបន្ទាប់
បន្ទប់ដទៃៗនៅខាងក្នុងផ្ទះ ឲ្យផ្ទះរបស់យើងជាសប្បាយៈ ជាបដិរូបទេសៈ គួរឲ្យចង់រស់នៅ គួរឲ្យចង់ប្រព្រឹត្តប្រតិបត្តិតាមចំណែងបែកខាងគ្រហស្ថនៃភេទឃរាវាស។
រួចហើយញញឹមញញែមស្រស់ស្រាយ បង្កបរិយាកាសដ៏ល្អឲ្យកើតឡើងខាងក្នុងផ្ទះ
និយាយស្តីប្រកបដោយពាក្យពេចន៍ដ៏ពិរោះពិសារ ឲ្យជាទីកម្សាន្តចិត្ត កុំឲ្យមានពាក្យត្រគោះបោះបោកកើតមានឡើង។
ការបង្កឲ្យមានបរិយាកាសល្អៗកើតឡើងក្នុងផ្ទះយើង ទេវតានឹងបានអនុមោទនាសាធុការ ហើយសាមគ្គីគ្នានាំគ្នាប្រព្រឹត្តប្រតិបត្តិព្រហ្មចរិយាធម៌បានទាំងអស់គ្នាក្នុងដំបូលផ្ទះតែមួយ។
ហើយបើអ្នកណាចង់បន្ថែមនូវគុណធម៌អ្វី ក៏បន្ថែមចុះ។
មួយព្រះវស្សាមួយខក៏បាន ដូចជាសន្មតិថា យើងបន្ថែមគុណធម៌មិនមែនជាអ្នកពូកែខឹងក្រោធ គឺតាមប្រក្រតីជាមនុស្សឆាប់ខឹងក្រោធ។
ព្រះវស្សានេះយើងក៏អធិដ្ឋានចិត្តថា យើងនឹងមានសតិ នឹងមិនឲ្យសេចក្ដីក្រោធ ភាពឆេវឆាវជាម្ចាស់អារម្មណ៍កើតបានពេញមួយព្រះវស្សា
និងកាត់បន្ថយ លះបង់ ឈប់ធ្វើសន្សឹមៗមួយព្រះវស្សាយកមួយប្រការ។
យើងនឹងចាប់ផ្តើមបន្ថែមគុណធម៌ប្រការណាក៏បាន
រួចហើយតាំងចិត្តមាំ រក្សាឲ្យបានពេញមួយព្រះវស្សា។ ពេលចេញព្រះវស្សាហើយ យើងតាមរលឹកនឹកដល់ជាខាងក្រោយៗទៀត
ហើយយើងនឹងមានចិត្តសោមនស្សបីតិរីករាយក្នុងទង្វើរបស់យើងថា អើ! មនុស្សដូចជាយើងអាចសាងគុណធម៌ឲ្យកើតឡើងបាន
ភាពបីតិប្រាមោជចិត្តក៏កើតឡើង នឹងនាំមកនូវការចូលដល់ព្រះរតនត្រៃខាងក្នុងខ្លួន។ ព្រោះហេតុដូច្នោះ
នាំគ្នាចាប់ផ្តើមអនុវត្តធ្វើពីថ្ងៃនេះទៅចុះ៕
ពីលោកគ្រូតូច
No comments:
Post a Comment