ប្រសិនបើអ្នកជាមនុស្សម្នាក់នៅមានមន្ទិលសង្ស័យថា
ព្រះធម៌រក្សា(ទុក្ខ)រោគបានពិតឬមិនពិត គោលគំនិតល្អដើម្បីជីវិត លើកយក Dhamma
Thererpy ដែលមានចម្លើយតបនូវមន្ទិលសង្ស័យនេះបាន។
ការរកឃើញពីសភាវៈ
“អកាលិកោ” ដែលជាពាក្យបង្រៀនរបស់ព្រះពុទ្ធជាម្ចាស់ ឆ្លងកាត់នូវរឿងរ៉ាវនៃក្រុមគ្រួសារមួយ
ដែលបានស្ថិតនៅក្នុងក្រិត្យក្រមសីលធម៌ពេញមួយជីវិត។ ថ្វីត្បិតថាកូនប្រុសជាទីស្រលាញ់បែរជាបង្កបញ្ហាឲ្យពិបាកចិត្ត ដោយហេតុមិនព្រមទៅរៀនសូត្រ ដល់ធ្វើឲ្យខាងសាលាបានកំពុងបណ្តេញចេញ
មិនតែប៉ុណ្ណោះទេ ថែមទាំងមានមុខមកទាមទារក្នុងវត្ថុរបស់របរដែលហួសពីសមត្ថភាពដែលឪពុកទៅរកមកឲ្យបាន
ទាល់តែឪពុកឈឺក្បាលយ៉ាងធ្ងន់ធ្ងរមានអាការៈស្ទះ។ អ្នកទាំងពីរទើបនាំគ្នាមកជួបព្រះគ្រូ
នួល ច័ន្ទ ដើម្បីសុំ “ព្រះធម៌ឱសថ” យកមកព្យាបាលរោគផ្លូវចិត្ត។
តើ
“ព្រះធម៌” នឹងអាចព្យាបាលបញ្ហារឿងតានតឹងនៅក្នុងចិត្តរបស់អ្នកទាំងពីរបានឬមិនបាន?
តើកូនប្រុស(កំពូលរំខាន) បង្ករឿងក្តៅក្រហាយចិត្តអ្វីទៀតទេ? តើរឿងរ៉ាវដែលមានភាពច្របុកច្រប់ទល់ពុទ្ធោរបស់គ្រួសារមួយនេះ រីកធំ
ឬមួយក៏ធូរស្រាលមកវិញនៅក្នុងទិសដៅណាមួយ? បើចង់ដឹងរឿងនេះ សូមតាមដានដូចខាងក្រោម
ក្រោយពីបានជជែកពិភាក្សាអំពីបញ្ហាចិត្តកើតទុក្ខជាមួយព្រះគ្រូ
នួល ច័ន្ទ រួចមក ខ្ញុំសង្ឃឺមថាអ្វីៗនឹងមានភាពល្អប្រសើរឡើងវិញ ជាពិសេសប្រព្រឹត្តិកម្មរបស់កូនប្រុស។
គេបានទៅជួយការងារក្នុងវគ្គប្រតិបតិ្តធម៌របស់ព្រះគ្រូក្នុងពេលមួយនោះ
ខ្ញុំទើប(លួច) សង្ឃឹមថា គេអាចត្រឡប់ងាកមករកមាគ៌ាព្រះធម៌ ប៉ុន្តែប្រាកដថា នោះវាជាគ្រាដំបូង
និងជាពេលមួយប៉ុណ្ណោះ ក្រោយពីនោះមក គេលែងមានវត្តមាននៅទីនោះទៀតហើយ។
....កាន់តែសង្ឃឹមខ្លាំងប៉ុនណា ពេលសុខចិត្តព្រម ខ្ញុំក៏កាន់តែឈឺចាប់ខ្លាំងឡើងប៉ុណ្ណោះ...
ខ្ញុំមានអារម្មណ៍ដូចខ្លួនឯងកំពុងធ្លាក់ចូលទៅក្នុងរណ្ដៅជ្រៅដែលគេហៅថា
“ទុក្ខ” ម្តងទៀត។ កូនប្រុសត្រឡប់ងាកមកធ្វើខ្លួនយ៉ាប់យឺនដូចដើម ព្រមជាមួយនឹងការសុំទៅនៅផ្ទះវិញ
ខ្ញុំមិនដឹងធ្វើអ្វីបាន ក្រៅពីជំទាស់ដាច់ខាត។
ខ្ញុំបានតេទៅប្រឹក្សាជាមួយកូនសិស្សជំនិតលោកគ្រូ
ដែលអាចទុកចិត្តបាន ហើយគាត់បានណែនាំឲ្យខ្ញុំបានដឹងរាល់ប្រាំនាទីម្តងថា តើខ្ញុំគួរធ្វើយ៉ាងម៉េច? រូបខ្ញុំចង់ឲ្យកូនវិលត្រឡប់ទៅជួយកិច្ចការវគ្គសិក្សាប្រតិបត្តិធម៌ម្តងទៀត។
ខ្ញុំបានដាក់ផែនការយ៉ាងច្រើន ប៉ុន្តែចុងក្រោយក៏មិនបានសម្រេចផែនការណាមួយឡើយ។
ថ្ងៃមួយខ្ញុំមានអារម្មណ៍ស្រ្តេសខ្លាំងណាស់
គិតថាប្រសិនបើនៅត្រាំត្រែងតែរបៀបនេះ “អាត្មាអញមុខជាមិនអាចរស់បានទេ!” ខ្ញុំទើបប្រញាប់បើកឡានចេញពីកន្លែងធ្វើការងារទៅរកព្រះគ្រូដល់មជ្ឈមណ្ឌលយុវពុទ្ធសាសនាឯខេត្ត។
...សូមត្រឹមតែជួបព្រះភ័ក្ត្រលោក បានស្ថិតនៅក្នុងបរិយាសកាសនៃការប្រតិបត្តិ... បញ្ហាដែលខ្ញុំកំពុងជួបប្រហែលជាធូរស្រាលខ្លះ។
“នមោ តស្ស ភគវតោ
អរហតោ សម្មាសម្ពុទ្ធស្ស... សូមក្រាបថ្វាយបង្គំដល់ព្រះដ៏មានព្រះភាគអង្គនោះ
ដែលជាបុគ្គលឆ្ងាយចាកកិលេស បានត្រាស់ដឹងនូវញេយ្យធម៌ដោយព្រះអង្គឯង”
ភ្លាមៗដែលសូត្របទនេះចប់
ទឹកភ្នែករបស់ខ្ញុំក៏ស្រក់ចុះមក ព្រមជាមួយមានអារម្មណ៍ថា ព្រះពុទ្ធអង្គទ្រង់ជាទីពឹងរបស់ខ្ញុំបានពិតមែន។
ពេលនោះដែរ ទឹកភ្នែកខ្ញុំហូរចេញមកមិនព្រមឈប់សោះ ទាល់តែខ្ញុំត្រូវយកសៀវភៅសូត្រមន្តនោះបិទទុកមួយអន្លើ និងក្នុងខណៈពេលព្យាយាមសូត្របន្តទាំងទឹកភ្នែក។
ជឿទេថា
កាលពីមុនមិនធ្លាប់យំ មិនថាមានទុក្ខវេទនាប៉ុនណាក៏ដោយ ព្រោះខ្ញុំមានអារម្មណ៍ថា មានតែស្រីប៉ុណ្ណោះដែលយំ
ប៉ុន្តែទឹកភ្នែកដែលហូររមៀលស្រក់មកពេលនេះ វាប្រៀបដូចជាការលាងជម្រះសេចក្ដីទុក្ខដែលបានសន្សំទុកក្នុងចិត្តរបស់ខ្ញុំឲ្យចេញមក... ភាពតានតឹងធុញថប់ដែលនៅក្នុងសន្តានចិត្តខ្ញុំ
វាក៏បានធូរស្រាលឡើងហើយខ្លះដែរ។
ថ្ងៃនេះលោកគ្រូបានបើកឃ្លីបមួយដែលបរិយាយទាក់ទងជាមួយសង្សារវដ្ដ
តើហេតុអ្វីបានជាយើងវិលវល់នៅក្នុងវដ្ដចក្រនេះ? ពេលបានស្តាប់ភ្លាម ខ្ញុំមានគំនិតមួយយល់ក្នុងរឿងដែលលោកបាននិយាយឡើង
ដោយវដ្ដៈទៅតភ្ជាប់ជាមួយរឿងដែលបានរៀនមកគឺ E=mc2
E= កម្លាំងចលករ m=ម៉ាស c=ល្បឿន សម្តែងថា វដ្ដៈដែលកំពុងរត់មិនចេះឈប់កើតពី m និង c ការណ៍ដែលនឹងចាប់ហ្វ្រាំងវដ្ដៈនេះបាន
យើងត្រូវមានសតិ មិនបំពាក់កម្លាំងអវិជ្ជមាន(អកុសល) ចូលទៅក្នុងចិត្ត។ ការមានសតិនឹងធ្វើឲ្យម៉ាស
ឬខ្លួនរបស់យើងស្រាលឡើង។ ដល់ទីបំផុតយើងអាចលើក m ចេញពីក្នុងវដ្ដៈនេះបាន។ ពេលមានសតិយើងក៏អាចរត់ចូលរត់ចេញបានខ្លះៗ
ធ្វើកាន់តែញឹក នឹងធ្វើឲ្យ E ឬកម្លាំងចលករក្នុងវដ្ដៈថយចុះ
រហូតដល់ក្លាយជា “ទំនេរ” ពីអារម្មណ៍ឬខ្លួនច្រើនឡើងរឿយៗ។ ចុងក្រោយកាន់តែទំនេរបានយូរប៉ុនណា
E ឬកម្លាំងចលករដែលកើតពីភាពទំនេរ
អាចធ្វើឲ្យយើងមិនបាច់វិលវល់តាមវដ្ដៈចក្រនេះតទៀតបាន។
មុនវិលត្រឡប់មកផ្ទះវិញ
លោកគ្រូឲ្យខ្ញុំចេញទៅចែករំលែកបទពិសោធក្នុងរឿងដែលកើតឡើង ជាមួយបុគ្គលដែលបានមកប្រតិបត្តិធម៌។
ពាក្យពេចន៍ដែលធ្វើឲ្យខ្ញុំចាំច្បាស់បំផុតនោះគឺ “ឃ្លាតពីចិត្តដែលកំពុងធ្លាក់នរកនៅពេលនេះ ខ្ញុំមានអារម្មណ៍ថា
ខ្លួនឯងបានឡើងឋានសួគ៌ហើយ”។
ក្រោយអំពីថ្ងៃនោះមក
ខ្ញុំក៏បានចាប់ផ្តើមហ្វឹកហាត់សតិរាល់ថ្ងៃឲ្យបានញឹកញាប់ឡើង ដើម្បីឲ្យកម្លាំងចលករនេះរលាយចេញពីសតិ។
រឿងទាំងនេះបានធ្វើឲ្យកម្លាំងចលករវដ្ដៈស្រកស្រុតចុះ ហើយខ្ញុំបានរកឃើញថា ការមានសតិនៅជាមួយបច្ចុប្បន្ននេះ
វាបានធ្វើឲ្យខ្ញុំមានអារម្មណ៍ថា មានសេចក្ដីសុខច្រើនជាងការត្រឡប់ទៅគិតគ្រប់ពេលវេលាដូចសម័យមុននោះ។
ពីដើមស្ទើរតែមិនចង់ជួបមុខកូនប្រុសខ្លួនឯងឡើយ
ព្រោះខ្លាចគេសុំអ្វីៗដែលខ្ញុំរកឲ្យគេមិនបាន ប៉ុន្តែក្រោយពីហ្វឹកហាត់សតិសន្សំកម្លាំងចិត្តខ្លួនឯងមកមួយរយៈ
ខ្ញុំក៏ចាប់ផ្តើមក្លាហានហ៊ានប្រឈមមុខជាមួយកូនប្រុសម្តងទៀត ក្រោយពីបែរខ្នងគេចបញ្ហាមកជាយូរ។
ខ្ញុំព្យាយាមនិយាយជាមួយកូនប្រុសបណ្តើរ គ្រប់គ្រងសតិបណ្តើរ មិននាំយកអារម្មណ៍មកលាយឡំនៅក្នុងបទសន្ទនា
ការប៉ះទង្គិចរវាងយើង ឪនិងកូនទើបកាត់បន្ថយបានយ៉ាងច្រើន។
រឿងរ៉ាវផ្សេងៗក្នុងពេលមុន
ដែលខ្ញុំទទួលមិនបានចំពោះកូន តែឥឡូវនេះខ្ញុំចាប់ផ្តើមដាក់ចុះបានច្រើន កាត់បន្ថយផែនការចុះ
ហើយត្រឡប់បែរមកដោះស្រាយបញ្ហានៅចំពោះមុខច្រើនឡើង ឬលែងដាក់ផែនការអ្វីទាំងអស់។
កូនប្រុសខ្ញុំក៏ចម្លែកចិត្តមិនតិចទេ
ដែលមើលឃើញពីអាការៈប្លែកៗរបស់ឪពុកខ្លួននោះ។
ចិត្តត្រជាក់ឡើង
កៀបសង្កត់គេបន្តិច បរិយាកាសរវាងយើង ឪនិងកូន ទើបល្អប្រសើរឡើងទៅតាមនោះដែរ។ ក្រៅពីការហ្វឹកហាត់សតិហើយ
ពេលទំនេរពីការងារខ្ញុំក៏ច្រើនតែទៅជួយការងារ ឬទៅចូលរួមវគ្គសិក្សាប្រតិបត្តិធម៌។ ហើយម្តងៗដែលបានទៅ
ក៏ច្រើនតែមានគំនិតជ្រៅសង្កត់ចិត្ត ធ្វើឲ្យទំនេរបានច្រើនឡើង។ រឿងខ្លះមិនចាំបាច់ឲ្យវាកើតឡើង
វាក៏កើតឡើងដែរ។
ឥឡូវនេះខ្ញុំគិតឃើញហើយថា
គ្រប់យ៉ាងប្រព្រឹត្តទៅតាមហេតុនិងបច្ច័យរបស់វា។ យើងមិនអាចគ្រប់គ្រងរឿងគ្រប់យ៉ាងបានទេ
ទោះបីម្នាក់នោះជាកូនប្រុស “របស់យើង”ក៏ដោយ ពេលចាប់ផ្តើមធ្វើចិត្តបាន ទើបសាកបណ្ដោយឲ្យគេក្នុងរឿងដែលគេចង់ធ្វើ
ពេលយើងដាក់ទម្ងន់ក្នងរឿងទាំងនេះថយចុះ សេចក្ដីទុក្ខក៏ថយចុះទៅតាមនោះដែរ ទាំងខ្ញុំ និងប្រពន្ធក៏មានសេចក្ដីសុខកើតឡើង។
សព្វថ្ងៃនេះ
ខ្ញុំនៅតែរៀនហ្វឹកហាត់ខ្លួនឯងបន្តរឿយៗ ខ្ញុំមិនដឹងទេថា ខ្ញុំនឹងដើរទៅបានឆ្ងាយប៉ុនណា
ឬត្រូវកើតទុក្ខវេទនាទៀតឬក៏អត់នោះទេ។ ខ្ញុំដឹងត្រឹមតែថា ពេលនេះខ្ញុំមានសេចក្ដីសុខបំផុតហើយ...
រឿងពីលោកគ្រូ
នួល ច័ន្ទ កិត្តិបញ្ញោ
រៀបចំដោយ
ផាន់ផាន់
No comments:
Post a Comment