Thursday, August 4, 2016

រលកចិត្តជាមួយការរក្សារោគកាយ


មនុស្សយើងមិនមែនមានតែកាយមួយទេ ប៉ុន្តែត្រូវមានចិត្តមួយទៀត ហើយទាំងពីរចំណែកនេះ មានឥទ្ធិពលលើគ្នាទៅវិញទៅមក។ ប្រសិនបើចិត្តស្រស់ថ្លាស្រស់បស់ រាងកាយក៏មានថាមពលខ្លាំងក្លាទៅតាមនោះផងដែរ ប៉ុន្តែប្រសិនបើចិត្តក្រៀមក្រំ ស្រងូតស្រងាត់ កណ្តោចកណ្តែង អណ្តែតអណ្តូង រសាប់រសល់ ស្រពប់ស្រពោន ទន់ជ្រាយ ហិតហៃ សោកសៅ សៅហ្មង មានរឿងឲ្យពិបាក កង្វល់ច្រើនរឿងទៅហើយនោះ រាងកាយក៏ដល់នូវភាពទ្រុឌទ្រោម ស្រកស្រុត ក្រៀមក្រំស្វិតស្រពោនទៅតាមនោះដែរ។ 

ធ្លាប់មានការពិសោធរួចមកហើយ គេបានយកមនុស្សពីរនាក់ កើតមានជម្ងឺដូចគ្នា មានអាការៈជម្ងឺធ្ងន់ស្រាលប្រហាក់ប្រហែលគ្នា។ បន្ទាប់មកឲ្យអ្នកជម្ងឺទាំងពីរ ឲ្យស្នាក់នៅបន្ទប់ពីរ ដោយឡែកពីគ្នា។ បន្ទប់អ្នកជម្ងឺម្នាក់នៅចុងគ្រែគេបានសរសេរប្រយោគថា ថ្ងៃនេះយើងរៀងរឹងមាំបន្តិចហើយ ហើយបន្ទប់អ្នកជម្ងឺម្ខាងទៀត គេបានសរសេរប្រយោគថា ថ្ងៃនេះយើងរៀងទ្រុឌទ្រោមជាងមុនបន្តិច។ ពេលអ្នកជម្ងឺសម្លឹងទៅមើលត្រង់ចុងគ្រែ ក៏បានឃើញពាក្យសរសេរទាំងនេះជានិច្ច។ ប្រាកដណាស់ថា កន្លងផុតទៅបានពីរសប្តាហ៍ អាការៈអ្នកជម្ងឺទាំងពីរមានភាពខុសគ្នា។ អ្នកជម្ងឺដែលគេសរសេរថា យើងរៀងរឹងមាំឡើងបន្តិច វាច្បាស់ណាស់ថា វិសនឹងជាសះស្បើយពីជម្ងឺបាត់ទៅហើយ ប៉ុន្តែបន្ទប់អ្នកជម្ងឺដែលគេសរសេរថា យើងរៀងទ្រុឌទ្រោមចុះបន្តិច ច្បាស់ណាស់ថា មានអាការៈកាន់តែធ្ងន់ធ្ងរឡើងៗជាងពេលមុន។ រឿងនេះមើលទៅហាក់ដូចជារឿងចម្លែក ប៉ុន្តែវាបានចង្អុលបង្ហាញបញ្ជាក់ប្រាប់ថា ចិត្តមានឥទ្ធពលចំពោះរាងកាយពិតមែន ចិត្តដែលមានសមតុល្យចំពោះរាងកាយ នឹងធ្វើឲ្យរាងកាយ ឲ្យចូលកាន់ភាពសមតុល្យបានងាយ។ ប៉ុន្តែបើចិត្តខ្វះសមតុល្យនៅពេលណាមួយហើយ រាងកាយក៏បាត់បង់សមតុល្យទៅតាមនោះ រួចហើយអាការៈជម្ងឺ ក៏មកតាមនោះដែរ។
           
ដូច្នេះ មិនថាយើងជួបបញ្ហាឧបសគ្គធំប៉ុនណាទេ ស្ថានភាពយ៉ាប់យឺនលំបាកកម្រិតណាទេ សូមរក្សាទប់ចិត្តយើងទុកឲ្យបានណា ធ្វើចិត្តឲ្យស្ងប់នឹងនទុកសិន ហើយចាំគិតទៅក្នុងការរចនាកែច្នៃ គិតទៅក្នុងផ្លូវល្អ មានជំនឿមុតមាំថា យើងពិតជាអាចកែខៃវាបាន ហើយធ្វើវាទៅសន្សឹមៗ ដោះស្រាយម្តងមួយៗ ចុងក្រោយបញ្ហាទាំងឡាយទាំងពួងនោះ និងដោះសា្រយបានជ្រះស្រឡះ៕ [edit]


No comments:

Post a Comment