Wednesday, August 3, 2016

កសាងជីវិត


ស្នេហាគឺជារឿងតូចតាចខ្លាំងណាស់ ត្រូវការបណ្តុះសេ្នហាត្រូវបោះបង់ផលប្រយោជន៍ទាំងអស់ចោល ដើម្បីបណ្តុះស្នេហាថ្មីមួយឡើង ធ្វើហាក់ដូចជាជួបគ្នាគ្រាដំបូង មុននឹងដល់ការម្រេចចិត្តព្រមព្រៀងគ្នាកសាងជីវិតរួមគ្នាមួយ។ ការងារកសាងជីវិត ប្រកាន់ថាជាការងារគោលចម្បងរបស់មនុស្សគ្រប់គ្នា។ គ្រប់គ្នាមានគ្រួសារ ពួកគេមានសង្ឃឹមឲ្យគ្រួសាមានស្ថេរភាព ប៉ុន្តែដោយសារភាពមិនមានស្ថេរភាពទៅលើឧត្តមភាពក្នុងការកសាងជីវិត ភាពមិនយកចិត្តទុកដាក់ចំពោះអារម្មណ៍របស់ខ្លួនឯង និងអ្នកដទៃ ទើបធ្វើឲ្យគ្រួសារបែកបាក់ ដូចជា នាវាដែលត្រូវរលកបក់បោកស្រាលៗ ក៏ក្រឡាប់លិចបាត់ទៅដែរ។

ការកសាងជីវិត គឺការធ្វើវិនិយោគទុនដ៏សំខាន់បំផុតមួយរបស់មនុស្សម្នាក់ បើខុសហើយ អាចខុសអស់មួយជីវិត។ របស់របរប្រើប្រាស់ដែលវាខូចបាក់បែក អាចយកវាមកជុសជុលប្រើវិញបាន ប៉ុន្តែពេលចិត្តគ្រាំគ្រាទ្រុឌទ្រោមហើយ តើយើងនឹងទៅយកអ្វីមកជុសជុលវាបានទៅហ្ន៎? ចិត្តដែលគ្រាំគ្រាទ្រុឌទ្រោម រមែងមានមុខក្រៀមក្រោះ ស្ងៀមស្ងាត់ អន្លង់អន្លោច ស្រងេះស្រងោច ខ្វះទីពឹង ទោះបីនៅក្នុងចំណោមញាតិមិត្តច្រើនគគោកក៏ដោយ ក៏ហាក់ដូចជាខ្លួននៅឯកោ ទោះបីជាក្នុងទីក្រុងទីប្រជុំជន ក៏វាមិនខុសអីផ្សេងពីរស់នៅក្នុងកណ្តាលព្រៃជ្រៅដូច្នោះដែរ។

យើងសាងជីវិត ដើម្បីត្រូវការផលកម្រៃ មិនមែនដើម្បីកង្វះទុនទេ ប៉ុន្តែវាគួរឲ្យសោកស្តាយណាស់ ដែលមនុស្សមួយចំនួនខ្វះទុនរដាប់រដួសតាំងពីចាប់ផ្តើមមកម្ល៉េះ! ប៉ុន្តែអ្នកខ្លះទៀត ទទួលបានផលកម្រែមហាសាល។ ការអបស្ទបអារម្មណ៍ជារឿងសំខាន់បំផុត សម្រាប់ការរស់នៅរួមគ្នា ចាប់ដើមពីពីរនាក់ឡើងទៅ។ តួជីវិតមិនមែនជាទំនិញទេ ប៉ុន្តែកិច្ចការកសាងជីវិត អាចប្រៀបបានដូចជាទំនិញដែរ។ ថ្ងៃនេះអាចបានផលកម្រៃតិច ប៉ុន្តែប្រសិនបើអត់ធ្មត់សង្កត់ចិត្តបន្តិច ថ្ងៃណាមួយនៅពេលខាងមុខ វាអាចជាថ្ងៃមានបានដ៏មហាសាលរបស់យើង។

ភាពមានបានស្នេហា អំពើល្អ សេចក្ដីសុខ មិត្តភាពដ៏ស្មោះត្រង់ ទំនុកចិត្ត ស្នាមញញឹម និងសំនៀងសំណើចសើចក្អាក់ក្អាយ។ រឿងទាំងអស់នេះ ដែលមនុស្សគ្រប់គ្នាសាងឡើងមកបាន៕

No comments:

Post a Comment