Monday, August 22, 2016

ព្រះពុទ្ធសាសនាមិនមែនជាគ្រឿងញៀន


ទ្រឹស្តីកុម្មុយនិស្តបានពោលថា សាសនាជាអាភៀនរបស់ប្រជាជន បានសេចក្ដីថា បើជឿសាសនានាំឲ្យមនុស្សងប់ងល់នឹងសាសនា ញៀនដូចអាភៀន នាំឲ្យអាក់ដំណើរការលូតលាស់ខាងសម្ភារៈរបស់សង្គម។ ចំពោះព្រះពុទ្ធសាសនា តាមពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ គ្មានឃើញត្រង់ណាមួយ នៃពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធអង្គ ធ្វើឲ្យពុទ្ធបរិស័ទស្រវឹងវង្វេងស្មារតី មិនបំពេញកិច្ចការ ដើម្បីការលូតលាស់របស់សង្គម ញៀនដូចអាភៀនឡើយ។ ចំពោះព្រះពុទ្ធមានព្រះនាមមួយរបស់ព្រះអង្គថា "អរហំ" ប្រែថា ព្រះអង្គឆ្ងាយចាកសឹកសត្រូវ ពោលគឺកិលេសគ្រឿងសៅហ្មងគ្រប់យ៉ាង ហើយឆ្ងាយចាកភាភរវើរវាយហើយ។ មិនតែប៉ុណ្ណោះ ព្រះអង្គបានណែនាំមនុស្សសត្វកុំឲ្យវង្វេងស្មារតីដោយ មោហៈ ភ្លេចបំពេញកិច្ចការដែលជាប្រយោជន៍ខ្លួន និង ប្រយោជន៍សង្គមឡើយ។

ព្រះពុទ្ធសម្តែងដោយសង្កត់ធ្ងន់ថា សេចក្តីប្រមាទធ្វេសប្រហែសជាផ្លូវនៃសេចក្ដីស្លាប់ គឺស្លាប់សតិស្មារតី ស្លាប់ការងារដែលត្រូវធ្វើ រហូតស្លាប់មគ្គផលនិព្វាន ដែលជាការរំលត់ទុក្ខថែមទៀត។ ឯការមិនប្រមាទជាផ្លូវនៃការរស់រហូត គឺរស់ការងារសុចរិតគ្រប់យ៉ាង រហូតសម្រេចព្រះនិព្វានជាអមតធម៌ នេះជាឱវាទចុងក្រោយរបស់ព្រះពុទ្ធ។ ក្នុងប្រយោជន៍បច្ចុប្បន្ន ​៤យ៉ាង មាតិកាទីមួយសម្តែងថា ឧបដ្ឋានសម្បទា សេចក្ដីថា កើតមកជាមនុស្សត្រូវខំសិក្សារៀនសូត្រ ប្រឹងប្រែងប្រកបការងារចិញ្វឹមជីវិតឲ្យបានខ្លាំងក្លា ដោយមិនធ្វេសប្រហែសភ្លេចខ្លួន ដែលហៅថា ការស្រវឹងនេះឯង។

ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ ​តែងដាស់តឿនមនុស្សសត្វឲ្យមានសតិសម្បញ្ញៈ មានបញ្ញាពិចារណាឲ្យបានច្បាស់លាស់ ជៀសវាងការដើរផ្លូវខុស ព្រោះថា ការងារល្អ ទើបបានសេចក្ដីសុខចម្រើន។ ដូច្នេះបញ្ជាក់ថា ការប្រតិបត្តិតាមព្រះពុទ្ធសាសនា នាំឲ្យមនុស្ស និងសង្គមមនុស្សមានបញ្ញាស្មារតី មានសេចក្ដីព្យាយាម មិនវង្វេងញៀនដូចអាភៀនទេ តែបើញៀនដូចអាភៀនវិញនោះ គឺពុំមែនពុទ្ធសាសនិកជនគោរពព្រះពុទ្ធសាសនា ភ្លេចមិនធ្វើការងារចិញ្ចឹមជីវិតឡើយ៕[edit]

.........................
ស្រង់ចេញពីសៀវភៅ អត្ថបទព្រះធម៌ភាគ១
ទំព័រ  ៧១-៧២
បោះពុម្ព ព.ស ២៥៥២ គ.ស ២០០៨
វិ.ព្រះ.ប.ហុក សាវណ្ណ
រូបភាពហ្វេកប៊ុក

No comments:

Post a Comment