Thursday, August 4, 2016

ប្រើហើយចោល-ចោលហើយប្រើ


ប្រើហើយចោល-ចោលហើយប្រើ ជាប្រធានបទមួយ ដែលកំពុងប្រឈមមុខរបស់មនុស្សជាតិ និងសព្វសត្វរុក្ខជាតិទាំងឡាយ។ រឿងនេះហើយដែលធ្វើឲ្យមានបញ្ហាប៉ះពាល់ដល់បរិស្ថានយ៉ាងខ្លាំង នៅនាពេលបច្ចុប្បន្ននេះ។ សម្ភារៈនិយមនេះ ដែលធ្វើឲ្យជីវភាពរស់នៅហួសពីដែនកំណត់របស់ធម្មជាតិ ហើយធម្មជាតិបានទទួលរងនូវការខូចខាតកាន់តែមានទំហំធំឡើងៗ។ សម្ភារៈនិយមនេះ បានធ្វើឲ្យមនុស្សប្រើប្រាស់មានភាពខ្ជះខ្ជាយ ប្រើហើយចោល​ ហើយសម្រាមទាំងនោះ នៅរាយប៉ាយពាសពេញដី។ ខ្យល់អាកាសមានជាតិពុលកាន់តែខ្លាំង អាកាសធាតុ កាន់តែឡើងកំដៅកាន់តែខ្ពស់ឡើង។ ការរស់នៅរបស់មនុស្សដែលមានជីវភាពមធ្យមឡើង ចេះរស់បានសប្បាយ បានសុខក្នុងគំនរកិលេសតណ្ហារបស់ខ្លួនទៅ ចំណែកអ្នកមានជីវភាពខ្សត់ខ្សោយ ក្រីក្រ កាន់តែដុនដាបឡើងៗ ហើយគំលាតអ្នកមាននិងអ្នកក្រ កាន់តែកើតមានច្រើនឡើង។

ថ្ងៃនេះគោលគំនិតល្អដើម្បីជីវិត មានបំណងចង់បង្ហាញ ពាក្យមួយឃ្លាថា ប្រើហើយចោល ចោលហើយប្រើ ដែលជាប្រធានបទ ជ្រុងមួយតូចក្នុងការប្រើប្រាស់សម្ភារៈ ឆាប់បោះចោលលឿនពេក ជាកត្តានាំឲ្យកើនឡើង នូវសម្រាមរាប់រយពាន់តោន ក្នុងមួយថ្ងៃៗ នៅក្នុងប្រទេសតូចមួយនេះ ហើយសម្រាមទាំងនោះ សុទ្ធតែមានហានីភ័យ ពិសេសសោភណ្ឌភាព និងខ្យល់ដង្ហើមរបស់មនុស្សយើងតែម្តង។ បើចង់អាននូវអត្ថបទដែលថា ប្រើហើយចោល ចោលហើយប្រើ របស់ព្រះគ្រូ.កវី នោះ តើលោកមានទស្សនវិស័យលើរឿងនេះបែបណា.... 

កាលពីមុនមនុស្សយើងមានតម្លៃនិយមថា របស់ល្អគឺជារបស់ដែលធន់ ប្រើប្រាស់បានយូរ រាប់បានថា មានគុណភាពល្អ ប៉ុន្តែមកដល់សព្វថ្ងៃនេះ ពិភពលោកនេះមានការផ្លាស់ប្តូរប្រែប្រួលឥតឈប់ឈរ មនុស្សឆាប់ងាយធុញទ្រាន់ ឆាប់នឿយណាយ  ហើយចូលចិត្តអ្វីថ្មីៗឡើងគ្រប់ពេលវេលា មិនចង់ជួបចាំដិតដាមនៅជាមួយវត្ថុអ្វីៗបានយូរទេ រំភើមភ្ញាក់ផ្អើលជាមួយរូបរាងវត្ថុថ្មីៗ បច្ចេកវិទ្យាថ្មីៗបំផុត ដែលជាហេតុធ្វើឲ្យមានការផ្លាស់ប្តូរគ្រប់ពេលវេលា។ របស់ចាស់ៗក៏ក្លាយជាសម្រាម ហើយសព្វថ្ងៃនេះ សម្រាមកំពុងហូរជោរជន់ក្នុងលោកមួយនេះ ជាពិសេសប្រទេសកម្ពុជា ដែលមានសម្រាមបោះចោល ហោះហើរព្រោងព្រាតពាសពេញប្រទេស ដែលមើលទៅគួរឲ្យខ្មាសភ្ញៀវទេសចរណ៍ខ្លាំងណាស់។

តម្លៃនិយម “ប្រើហើយចោលៗ” កំពុងរាតល្បាតខ្លាំងឡើងៗគ្រប់ជ្រុងជ្រោយនៃពិភពលោក គ្រាន់តែកែវកាហ្វេប្រើហើយរក្សាទុកប្រើទៀតបាន បែរមកប្រើកែវជំនួសម្តងចោលៗវិញ ដបទឹកសុទ្ធ ក៏និយមផ្លាស់ស្ទិកប្រើហើយចោលៗ និងប្រអប់បាយម្ហូមស្នោរ និងចង្កឹះ។ល។ របស់ល្អមានតម្លៃថោក មានរូបរាងថ្មីៗមកឲ្យឃើញជានិច្ច។

ពិភពលោកនេះ ខុសគ្នាពីសម័យកាលមុនដោយដាច់ស្រឡះ។ ការរសនិយមរបស់ថ្មីៗ ទើបនៅទីផ្សារមានការប្រកួតប្រជែងគ្នាងយ៉ាងខ្ពស់របស់អ្នកទីផ្សារ។ ការប្រកួតប្រជែងគ្នាដូច្នេះ  ដែលគេហៅថា មានការប្រកួតប្រជែងរបស់កិលេស ជន្លជន្លេញឲ្យកើតនូវកិលេស ឲ្យចំណង់ចង់សាកល្បង ចង់ទិញ ចង់បោះបង់របស់ចាស់ៗចោល ចង់សាកល្បងប្រើរបស់ថ្មីៗជានិច្ច។

ក្នុងផ្លូវព្រះពុទ្ធសាសនា បង្រៀនអំពីរឿងបំប្រែបំប្រួលគឺ អនិច្ចំនោះ រាប់ថា ជាពាក្យបង្រៀនដែលមានភាពប្រាកដប្រជា ឃើញច្បាស់ទាន់ហេតុការណ៍នៅក្នុងយុគសម័យសព្វថ្ងៃនេះ តែទោះជាមាន ពាក្យបង្រៀនរបស់ព្រះពុទ្ធជាម្ចាស់ បែបនេះក៏ដោយ ក៏នៅមានក្រុមពួកខ្លះ បានព្យាយាមរចនាកែច្នៃប្រឌិត លំអតាក់តែង ព្រោះតែធុញទ្រាន់ ជ្រក់ជ្រិញ ជិនណាយរបស់ចាស់ៗ ហើយចង់សាក ចង់ដឹងរបស់ថ្មីៗ ដោយមានអំណះអំណាងជាទីអាងថា ពិភពលោកគេរីកចម្រើនខ្លាំងណាស់ហើយ ទើបកើតមានលទ្ធិរូបកម្មប្លែកចំឡែកភ្នែករហូត។

ប្រសិនបើគិតពិចារណាឲ្យឃើញ និងស៊ីជម្រៅទៅ និងបានឃើញថា ទោះជាឲ្យពិភពលោកមួយនេះវិលលឿនកម្រិតណា ចុងក្រោយក៏វិលត្រឡប់មករកចំណុចដើម គឺគោចរត្រឡប់មករក កន្លែងចំណុចដើមវិញដដែល ព្រោះថា ចំណុចចាប់ផ្តើម ជាមួយចំណុចចុងក្រោយ គឺជាចំណុចតែមួយ។ កិលេសរបស់មនុស្សក្នុងសម័យមុន ជាមួយមនុស្សក្នុងសម័យសព្វថ្ងៃក៏គ្មានអ្វីខុសគ្នាឡើយ គឺមនុស្សរក្សាបាននូវ រាគៈ (តម្រេកត្រេកត្រអាល) ទោសៈ(សេចក្ដីខឹងក្រោធ) និងមោហៈ (សេចក្តីវង្វង់) ភាពច្រណែនឈ្នានិស ព្យាបាទអាឃាត ការស្អប់ខ្ពើម ភាពរើសអើង ក៏មាននៅដូចពីសម័យមុនដដែល។ 

យើងកាន់តែប្រដេញតាម តម្រូវការរបស់លោកច្រើនខ្លាំងប៉ុនណា យើងកាន់តែដេញតាមមិនទាន់លោកខ្លាំងឡើងប៉ុណ្ណោះ ប្រសិនបើឈប់រត់ដេញតាមខ្លះ លោកនេះនឹងមានចលនាត្រឡប់មករកយើងដោយឯកឯង។  ទ្រព្យសម្បត្តិធន់ធានក្នុងលោកនេះ មានដែនកំណត់ សន្សំសំចៃហូបចុក សន្សំសចៃប្រើប្រាស់ខ្លះក៏ល្អដែរ។ លោកនេះកាន់តែរីកចម្រើនឆាប់ ទ្រព្យសម្បត្តិដែលជាធនធានរបស់លោកក៏កាន់តែឆាប់អស់លឿនប៉ុណ្ណោះ។ ថ្ងៃនេះ សម្រាមបានចាក់គរនៅលើលោកនេះហើយ យើងចាំបាច់នាំយករបស់ដែលប្រើប្រាស់រួច បើវានៅប្រើបាន ត្រូវយកមកប្រើម្តងទៀត ឲ្យអស់លទ្ធភាព ទាល់តែរបស់របរទាំងនោះប្រើលែងកើត លែងបាន នោះឯងគឺការគ្រប់គ្រងលោក។

ក្នុងនាមឋានៈយើងជាមនុស្សរបស់ពុទ្ធសាសនា ការរក្សាគ្រប់គ្រងលោកនេះធ្វើបានងាយជាងបន្តិច ត្រឹមតែរៀនហាត់ពត់លុតដំចិត្តខ្លួនឯង មិនបណ្តែតបណ្តោយតាមចិត្តចង់ កុំប្រើហើយចោលៗ  នាំយករបស់របរទាំងអស់នោះត្រឡប់មកប្រើការម្តងទៀត។ គ្រាន់តែធ្វើបានប៉ុណ្ណេះ វិថីជីវិតរបស់យើង នឹងបានល្អប្រសើរឡើង មិនគួរឲ្យជឿ៕


No comments:

Post a Comment