Friday, September 16, 2016

ដាស់តឿនខ្លួនឯង ពឹងពាក់ខ្លួនឯង


ដាស់តឿនខ្លួនឯង ពឹងពាក់ខ្លួនឯង

“...ព្រះពុទ្ធអង្គទ្រង់សំដែងថា ចូរដាស់តឿនខ្លួនដោយខ្លួនឯងជានិច្ចកុំឡាយដើរទៅដាស់តឿនអ្នកស្រុកគេឯណាឯណីនោះ ឲ្យដាស់តឿនខ្លួនហ្នឹងឯងជារឿងសំខាន់ ឲ្យខ្លួនដឹងក្នុងខ្លួនទុកថា តើពេលនេះយើងកំពុងធ្វើអ្វី? តើពេលនេះយើងកំពុងត្រូវការអ្វី?

ជាពិសេសខ្លាំងនោះ ពេលនេះយើងចម្រើនអានាបានុស្សតិកម្មដ្ឋាន ឬទោះបីជាកម្មដ្ឋានដទៃផ្សេងក៏ដោយ ក៏មានប្រការដូចគ្នា។ ចូរដាស់តឿនខ្លួនឯងទុកជារឿយៗ ឲ្យយើងដឹងខ្លួនថា ពេលនេះយើងដឹងខ្យល់ដង្ហើមចេញចូល។ យើងត្រូវការដឹងខ្យល់ចូលប៉ះដល់ឋានណាខ្លះ ខ្យល់ចេញប៉ះដល់ឋានណាខ្លះ នេះយើងកំពុងដាស់តឿនខ្លួន និងបង្គាប់បញ្ជាចិត្តជានិច្ច។

គ្រានេះផលដែលនឹងគប្បីបានទទួល ព្រះពុទ្ធអង្គទ្រង់សម្ដែងទុកថា...

ខ្លួនហ្នឹងឯង រមែងជាទីពឹងពំនាក់របស់ខ្លួនឯង ចុះបុគ្គលដទៃណាទៅ នឹងជាទីពឹងពំនាក់យើងបាន
ពេលយើងហ្វឹកហាត់ខ្លួនរបស់យើងបានល្អហើយ យើងនឹងបានជាទីពឹង ដែលបុគ្គលដទៃពឹងពាក់បានដោយក្រ។

គឺអត្ថថា ផលនៃការចម្រើនសមាធិភាវនាវិបស្សនាញាណ ព្រះពុទ្ធអង្គទ្រង់បញ្ជាក់ថា “មានតែយើងប៉ុណ្ណោះ ដែលធ្វើខ្លួនជាទីពឹងពំនាក់នៃខ្លួនបាន” មានន័យថា ក្នុងពេលដែលយើងទទួលពាក្យអប់រំរបស់អង្គ សម្តេចព្រះសម្មាសម្ពោធិញាណហើយ ត្រូវប្រតិបត្តិតាមដោយខ្លួនឯង មិនមែននឹងទៅអង្គុយថ្វាយបង្គំអង្វរក ឲ្យគ្រូបាចារ្យជួយផង សូមបារមីអង្គនេះជួយផង សូមបារមីព្រះពុទ្ធជាម្ចាស់ជួយផង សូមបារមីព្រះបច្ចេកពុទ្ធជួយផង សូមបារមីព្រះអរហន្តជួយផង និងសូមបារមីទេវតាឥន្ទព្រហ្មជួយផងជាដើម។ល។


យើងនឹងបង្អោនចិត្តគិតនឹកដល់អំពើល្អរបស់អង្គសម្តេចព្រះសម្មាសម្ពោធិញាណ និងអង្គផ្សេងៗដែលបានពោលមកនោះជារឿងល្អហើយ ក៏ប៉ុន្តែកុំនឹកគិតថា នឹងមកឲ្យព្រះពុទ្ធជាម្ចាស់ញ៉ាំងចិត្តយើង ឲ្យកើតមានសមាធិនោះមិនបានទេ។

ព្រះពុទ្ធជាម្ចាស់ទ្រង់បញ្ជាក់ហើយថា តថាគត គ្រាន់តែជាអ្នកប្រាប់ផ្លូវប៉ុណ្ណោះ អំពើអាក្រក់ ឬល្អ ទុក្ខឬសុខជារឿង របស់ពួកអ្នកទាំងឡាយ អ្នកទាំងឡាយនឹងគប្បីប្រតិបត្តិប្រការនេះ ចាំទុកប្រការនេះឲ្យបានច្បាស់ ចូរកុំភ្លេចឡើយ...”។


ព្រះគ្រូ វីរថាវរោ

No comments:

Post a Comment