ប្រសិនបើបានសាកល្បងសិក្សា
និងវិភាគលើជីវិតរបស់បុរស ដែលបានទទួលជោគជ័យក្នុងជីវិតមើលទៅ ភាគច្រើននឹងរកឃើញថា
មានស្ត្រីភេទចាំជួយជ្រោមជ្រែងនៅពីខាងក្រោយជានិច្ច។
ព្រះសាស្តាឯករបស់លោកមួយនេះ
មាននាមថា ព្រះសិទ្ធត្ថ ជាមនុស្សម្នាក់ក្នុងចំណោមនោះ គ្រប់ភពគ្រប់ជាតិកំណើត ដែលព្រះអង្គបំពេញបារមីមក។
តាមការពិតទៅ មានស្ត្រីម្នាក់ប្រាថ្នាធ្វើខ្លួន ដើម្បីប្រណិប័ត្តណ៍ទទួលចូលបម្រើ
និងរួមសុខរួមទុក្ខនៅក្បែរព្រះកាយរបស់ព្រះអង្គរហូត។
តើនរណាទៅ
គឺជាបុគ្គលដែលបានលះបង់ នៅពីខាងក្រោយនៃភាពជោគជ័យ ដ៏ត្រចេះត្រចង់ក្រៃលែងមួយនេះ?
“អនិច្ចា អាសូទឹកនេត្រា
សូមបានឱកាសឲ្យពិម្ពានារីម្នាក់បានយល់ភ័ក្ត្រព្រះស្វាមី ពេញភ្នែកបានម្តងផង
ទឹកជលនេត្រកុំបីហូរស្រក់បែបនេះឡើយ!”
ពេលបានជួបអតីតព្រះសា្វមី មើលហាក់ដូចជាបែកគ្នាទៅសែនយូរ រឿងតែមួយគត់
ដែលព្រះនាងពិម្ពាប្រាថ្នាចង់បាន
សូមត្រឹមគ្រាន់តែបានឃើញវង់ភ័ក្ត្របុគ្គលជាទីស្រឡាញ់ ឲ្យបានពេញភ្នែកខ្លួនប៉ុណ្ណោះ នេះគឺជាពាក្យពេចន៍សារមួយ
ដែលបង្ហើបឮចេញពីបបូរមាត់ស្ត្រីម្នាក់ ដែលមានឈ្មោះថា ជាបុគ្គលបានលះបង់
និងស៊ូទ្រាំយ៉ាងលំបាក ដែលគ្មានស្រីណាមួយក្នុងលោកនេះ អាចប្រៀបប្រដូចបាន។
អាចនិយាយបានថា
ព្រះនាងពិម្ពា ក្នុងការទទួលដឹងឮរបស់ពុទ្ធសាសនិកជននោះ គ្មានប្រាថ្នានឹងមានអ្វីឲ្យលើសលប់ទៅជាង
បានធ្វើជាអគ្គមហេសីរបស់ព្រះសិទ្ធត្ថ បុគ្គលត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធជាអម្ចាស់ឡើយ
ប៉ុន្តែតួនាទីដ៏គួរឲ្យជាប់ចិត្តដិតអារម្មណ៍របស់ព្រះនាង ក្នុងការបានធ្វើជាបុគ្គលលះបង់
ដែលចាំជួយជ្រោមជ្រែង និងផ្ដល់កម្លាំងចិត្តដ៏សំខាន់ ឲ្យដៃគូជីវិត
ក្នុងការធ្វើដំណើរទៅរកគោលដៅដ៏ឧត្តុង្គឧត្តម ដែលបានតម្កល់ចេតនាអធិដ្ឋានចិត្តទុកមក
ឲ្យក្លាយទៅជាជ្រុងមួយ ដែលយើងនាំគ្នាទទួលដឹងត្រឹមគ្រាន់តែសម្ផស្ស។
មនុស្សតិចណាស់នឹងបានដឹងថា
គ្រប់ពេលបួនអក្ខេយ្យកម្រៃមួយសែនកប្ប
ព្រះនាងមានតួនាទីចាំជួយជ្រោមជ្រែង ឲ្យដៃគូបុណ្យរបស់ខ្លួនបានសន្សំបំពេញបារមី
ដើម្បីត្រាស់ដឹងមករហូត។ ចិត្តដែលមានការឈឺចាប់
នៅពេលព្រាត់ប្រាសចាកពីបុគ្គលជាទីស្រឡាញ់ និងចំណងសម្ព័ន្ធភាពនោះ
បើពុំបានចិញ្ចឹមកូនចិត្តដើម្បីទុកឲ្យយល់ចូលចិត្តទេ ការលះបង់ និងការស៊ូទ្រាំអត់ធ្មត់សង្កត់ចិត្តឲ្យដល់ទីបំផុត
ហើយវិថីដល់ការដឹងច្បាស់ឃើញពិតរបស់អង្គព្រះសាស្តា
អាចនឹងមានឧបសគ្គមករារាំងច្រើនឡើងជាងមុន ដ្បិតថាព្រះនាងពិម្ពាមិនព្រមធ្វើជាមនុស្សឆ្អឹងទទឹងកក្នុងដំណើរ
ដែលបានពោលមកខាងលើនោះទេ។
ពេលដែលព្រះពុទ្ធអង្គសោយព្រះជាតិជាព្រះវេស្សន្តរ
ហើយព្រះនាងពិម្ពាជាអគ្គមហេសីមានឈ្មោះថា នាងមន្រ្ទី។ គ្រាមួយដែលព្រះវេស្សន្តរបានបរិចាគព្រះរាជបុត្រ
និងព្រះរាជធីតាឲ្យជាទានដល់ព្រាហ្មណ៍ជូជក ញ៉ាំងឲ្យព្រះនាងមន្រ្ទីទ្រង់ព្រះកន្សែងដល់បាត់ស្មារតី។
ពេលព្រះអង្គវេស្សន្តរបានបរិចាគក្រស្នា និងនាងជាលី ដែលប្រៀបបានដូចជាកែវភ្នែក
និងបេះដូងថ្លើមប្រមាត់ទៅនោះ ប៉ុន្តែដោយហេតុដែលព្រះនាងទប់កាត់ព្រះទ័យបានក្នុងទីបំផុត
ក៏ព្រោះតែយល់ពីព្រះទ័យថា ការលះបង់ក្នុងគ្រាឱកាសនេះ
នឹងជាចំណែកចាក់បំពេញបង្គ្រប់បារមីឲ្យដល់ព្រះស្វាមីបានសម្រេច នូវសម្មាសម្ពោធិញាណក្នុងពេលខាងមុខ។
ពេលស្វាមីភរិយាដែលជាដៃគូនឹងគ្នាមកតាំងពីបុព្វកាល
បានមកកើតរួមភពជាមួយគ្នាជាលើកចុងក្រោយ ព្រះនាងពិម្ពានៅតែរក្សាបាននូវតួនាទីរបស់ភរិយា
ជាបុគ្គលអ្នកមានសេចក្ដីស៊ូទ្រាំ និងការលះបង់ ដើម្បីការសន្សំបំពេញបារមីរបស់ព្រះស្វាមីឥតសា្រកស្រាន្តឡើយ។
ក្នុងរាត្រីយប់ដែលព្រះរាជកុមាររាហុល
ព្រះរាជឱរសតូចទើបនឹងបើកភ្នែក មើលឃើញពិភពលោកបានមិនយូរប៉ុន្មានផង ព្រះសិទ្ធត្ថត្រឡប់បែរជាកាត់ព្រះទ័យ
ទ្រង់យាងទៅដោយសេះកណ្ឋកៈចេញពីព្រះរាជវាំង ទុកចោលឲ្យព្រះអគ្គមហេសីពិម្ពាស្រី ធ្លាក់ព្រះកាយចូលក្នុងឋានៈ
“ជាស្ត្រីមេម៉ាយដែលស្វាមីបោះបង់ចោល អាប់ឱនដល់ព្រះកិត្តិយសព្រះកិត្តិនាម
ដោយពុំបានត្រៀមរៀបចំខ្លួនរៀបចំចិត្តទុកមកពីមុន ទោះណាជាខិតខំព្យាយាមធ្វើការយល់ចូលចិត្តថា
ព្រះស្វាមីមានបំណងបង់ប្រាថ្នាស្វែងរកការពិត ផ្លូវធម្មជាតិក៏ដោយ
នៅតែកើតទុក្ខក្រៀមក្រំចិត្តដដែល” មនុស្សនៅខាងក្រោយ ដូចជាព្រះនាងពិម្ពាត្រូវស៊ូទ្រាំអត់សង្កត់ចិត្តនោះ
តែងមានរសជាតិហ្វីងជូចត់ណាស់។
ទោះជាយ៉ាងក្តី
ពេលព្រះនាងទ្រង់ជ្រាបដំណឹងថា ព្រះស្វាមីទ្រង់ធ្វើសេចក្ដីព្យាយាម ដើម្បីកំចាត់បង់កិលេស
ព្រះនាងទ្រង់បែរជាស្លៀកពាក់សំពត់ត្រាំដោយទឹកអម្ចត់ដូចជាអ្នកបួស
ព្រះនាងក៏ប្រាថ្នាធ្វើខ្លួនកាន់ភេទជាព្រាហ្មណ៍ជានិច្ច
ដូចជាព្រះស្វាមីដោយចិត្តស្មោះសភក្ដីភាព មិនព្រមប្រដាប់តាក់តែងព្រះកាយដោយផ្កាកម្រងគ្រឿងក្រអូប
និងកែវមណីគ្រឿងអភរណៈអ្វីណាទាំងអស់។
ពេលព្រះនាងពិម្ពាមានឱកាសបានចូលគាល់ស្តាប់ព្រះធម្មទេសនា
ក្នុងគ្រាដែលព្រះពុទ្ធអង្គស្ដេច ទ្រង់យាងត្រឡប់មកប្រោសព្រះបិតា នៅឯក្រុងកបិពស្ដុ។
ពេលដំបូងដែលបានជួបអតីតព្រះស្វាមីនោះ ព្រះនាងតក់ស្លុតនៅក្នុងអាការៈញាប់ញ័រ
រហូតដល់មិនអាចគ្រប់គ្រងទប់ចិត្តបាន ដល់ថ្នាក់ស្ទុះស្រវាចូលទៅក្រាបទាបជិត ព្រះបាទារបស់ព្រះពុទ្ធអង្គ
ប៉ុន្តែពេលបានស្តាប់ព្រះធម៌ហើយ ចិត្តក៏បានធូស្រាលពីភាពទុក្ខសោក ហើយព្រះនាងក៏បានសម្រេចជាព្រះអរិយបុគ្គល ថ្នាក់សោតានៅពេលនោះ។
ពេលបន្តបន្ទាប់មិនយូរ
ព្រះនាងក៏សម្រេចចិត្តព្រះទ័យចូលសាងព្រះផ្នួសបួសជាភិក្ខុនី ធ្វើដំណើរជីវិតលើមាគ៌ាធម្មា តាមលំអានស្នាមព្រះពុទ្ធអង្គ
ហើយបានសម្រេចធម៌ ជាព្រះអរហន្តក្នុងកាលជាទីបំផុត។
ពិម្ពាយសោធរាថេរី
បានទទួលការលើកសរសើរពីព្រះពុទ្ធអង្គថា មានភាពជាឯតទគ្គៈ ៦ចំណុចគឺ
-សម្តែងឫទ្ធលើសសាមញ្ញជនបាន
-មានត្រចៀកទិព្វស្តាប់ឮសមេ្លងក្នុងទីឆ្ងាយ និងស្តាប់សម្លេងជាទិព្វបាន
-ទាយស្មានចិត្តអ្នកដទៃបាន
-រលឹកជាតិកំណើតបាន
-មានភ្នែកទិព្វ មើលក្នុងទីឆ្ងាយបាន
-ធ្វើឲ្យរឿងសៅហ្មងរលាយបាត់អស់បាន
ដោយការរក្សាលំនឹងជាក់លាក់
អត់ទ្រាំ និងការលះបង់របស់ព្រះនាងពិម្ពា អ្នកមានសម្ព័ន្ធមេត្រីភាព ធ្វើជាដៃគូជីវិតរបស់អង្គព្រះសាស្ដា
មកច្រើនជាតិច្រើនភព។ ពេលដល់ជាតិកំណើតចុងក្រោយបំផុត
ព្រះនាងទើបព្រមនឹងឧទ្ទិសថ្វាយខ្លួនឲ្យដល់ទីបំផុត ដើម្បីបានក្លាយជាជន្ទល់មួយ
ដែលចាំជួយឱបទ្រត្រកងជ្រោមជ្រែង ឲ្យព្រះពុទ្ធអង្គបានសន្សំបំពេញបារមី
ដើម្បីការត្រាស់ដឹង នាំការពិតថ្លៃថ្លាឧត្តមមកប្រគល់ឲ្យពិភពលោក។
អានិសង្សពីបុណ្យកុសលនេះ
ញ៉ាំងឲ្យព្រះនាងផ្ទាល់ បានមានឱកាសចូលដល់សេចក្ដីសុខជានិរន្តរ៍ ពោលគឺព្រះនិព្វាន រួចផុតពីការវិលកើតវិលស្លាប់ដល់ទីបំផុត៕ [edit]
-----------------------------------------------------------------------------------------------
“...កាយនេះគឺជាកងគំនរនៃទុក្ខ កាយនេះមានគោលដៅឲ្យចេញផុតពីទុក្ខ
ហ្វឹកហាត់សតិបញ្ញាឲ្យល្អប្រពៃ
រួចពិចារណាកាយនេះឲ្យឃើញជាក់ច្បាស់
តិចក៏នឹងរួចផុតចាកទុក្ខហើយ...”
-----------------------------------------------------------------------------------------------
No comments:
Post a Comment