Friday, October 7, 2016

អរិយសច្ចៈ៤


អរិយសច្ចៈ៤

អរិយសច្ច ឬចតុរារិយសច្ច ឬក៏អរិយសច្ចៈ៤ ជាមូលដ្ឋានគ្រឹះពាក្យអប់រំបង្រៀនរបស់ព្រះពុទ្ធសមណគោតមបរមគ្រូជាម្ចាស់ ប្រែថា សេចក្ដីពិតដ៏ប្រសើរ ការពិតរបស់អរិយៈ ឬការពិតដែលធ្វើឲ្យបុគ្គលអ្នកចូលដល់ ក្លាយជាអរិយៈមាន៤ប្រការគឺ ៖

១) ទុក្ខ គឺសភាពដែលទ្រាំបានដោយលំបាក ភាវៈដែលធន់នៅក្នុងសភាពដើមមិនបាន សភាពដែលរិតច្របាច់ បានដល់ ជាតិ (ការកើត) ជរា (ការចាស់ ការគ្រាំគ្រា) មរណៈ (ការស្លាប់ ការលាយទៅ ការសូន្យទៅ) ការជួបប្រទះជាមួយវត្ថុដែលមិនជាទីស្រឡាញ់ ការព្រាត់ប្រាសចាកវត្ថុជាទីស្រឡាញ់ ការប្រាថ្នាវត្ថុណាហើយមិនសមបំណងតាមប្រាថ្នាក្នុងវត្ថុនោះ ពោលដោយសង្ខេប ទុក្ខគឺជាឧបាទានខន្ធ ឬខន្ធ៥។
២) ទុក្ខសមុទ្ទយ គឺហេតុដែលនាំឲ្យកើតទុក្ខ បានដល់ តណ្ហា ៣ ប្រការគឺ កាមតណ្ហា ការមានតម្រេកប្រាថ្នាចង់ក្នុងកាម សេចក្ដីប្រាថ្នាចង់បានផ្លូវកាមារម្មណ៍ ។ ភវតណ្ហា សេចក្ដីប្រាថ្នាចង់បានក្នុងភព សេចក្ដីប្រាថ្នាចង់បាននេះចង់បាននោះ សេចក្ដីប្រាថ្នាចង់បានប្រកបដោយភវទិដ្ឋិ ឬសស្សតទិដ្ឋិ និងវិភវតណ្ហា សេចក្ដីប្រាថ្នាចង់បានក្នុងការប្រាសចាកភព សេចក្ដីប្រាថ្នាមិនកើតនេះ កើតនោះ សេចក្ដីប្រាថ្នាចង់បានប្រកបដោយវិភវទិដ្ឋិ ឬឧច្ឆេទទិដ្ឋិ។
៣) ទុក្ខនិរោធ គឺសេចក្ដីរំលត់ទុក្ខ បានដល់ រំលត់ហេតុដែលធ្វើឲ្យកើតទុក្ខ ពោលគឺ រំលត់តណ្ហាទាំង ៣ បានដោយគ្មានសេសសល់។
៤) ទុក្ខនិរោធគាមិនីបដិបទា គឺមាគ៌ាបដិបត្តិដែលនាំទៅកាន់ ឬនាំទៅដល់ការរំលត់ទុក្ខ បានដល់មគ្គដែលមានអង្គប្រកបប្រាំបីប្រការគឺ៖
 ក/ ការយល់ឃើញត្រូវ
ខ/ ការត្រិះរិះត្រូវ
គ/ វាចាត្រូវ
ឃ/ ការធ្វើការងារត្រូវ
ង/ ការចិញ្ចឹមជីវិតត្រូវ
ច/ ការព្យាយាមត្រូវ
ឆ/ ការរលឹកត្រូវ និង
ជ/ ការតម្កល់ចិត្តត្រូវ។

អរិយមគ្គប្រកបដោយអង្គប្រាំបីប្រកានេះ ដែលរួមហៅឈ្មោះម្យ៉ាងទៀតថា មជ្ឈិមាបដិបទាឬផ្លូវកណ្ដាល។ មគ្គដែលមានអង្គប្រាំបីប្រការសរុបចូលក្នុងត្រៃសិក្ខា៣ប្រការ បានដល់ដូចជា៖

១. អធិសីលសិក្ខា បានដល់ វាចាត្រូវ ការត្រិះរិះត្រូវ និងការចិញ្ចឹមជីវិតត្រូវ
២. អធិចិត្តសិក្ខា បានដល់ ការព្យាយាត្រូវ ការរលឹកត្រូវ និងការតម្កល់ចិត្តត្រូវ
៣. អធិបញ្ញាសិក្ខា បានដល់ ការយល់ឃើញត្រូវ និងការត្រិះរិះត្រូវ។

អរិយសច្ច៤នេះ បើហៅកាត់ៗថា ទុក្ខ សមុទ្ទយ និរោធ និងមគ្គ។ កិច្ចក្នុងអរិយសច្ច គឺវត្ថុដែលត្រូវធ្វើចំពោះអរិសច្ចៈ៤ប្រការ នីមួយៗបានដល់៖

បរិញ្ញា-ទុក្ខ គួរដឹង គឺការធ្វើការយល់ចូលចិត្តបញ្ហា ឬសភាវៈដែលកើតទុក្ខយ៉ាងត្រង់ទៅត្រង់មកតាមសច្ចភាព ជាការប្រឈមមុខជាមួយនឹងបញ្ហា។
បហាន-សមុទ្ទយៈ គួរលះបង់ គឺការកំចាត់ចោលនូវមូលហេតុដែលនាំឲ្យកើតទុក្ខ ជាការដោះស្រាយបញ្ហាដែលជាហេតុដើមចម។
សច្ឆិកិរិយា-និរោធ គួរធ្វើឲ្យជាក់ច្បាស់ គឺការចូលដល់ភាវៈនៃការរំលត់ទុក្ខ មានន័យដល់ភាវៈដែលគ្មានបញ្ហាដែលជាចំណុចគោលដៅ។
ភាវនា-មគ្គ គួរចម្រើន គឺការហ្វឹកហាត់អប់រំប្រតិបត្តិតាមផ្លូវដើម្បីឲ្យដល់ទីរំលត់នៃទុក្ខ មានន័យដល់វិធីសាស្ត្រ ឬផ្លូវដែលនឹងនាំទៅកាន់គោលដៅដែលគ្មានបញ្ហា។

កិច្ចទាំងបួនទាំងនេះ នឹងត្រូវប្រតិបត្តិឲ្យត្រង់ជាមួយមគ្គនីមួយៗឲ្យបានត្រឹមត្រូវប្រពៃ ការស្គាល់កិច្ចក្នុងអរិយសច្ចៈនេះ ហៅថា កិច្ចញ្ញាណ។ កិច្ចញ្ញាណជាផ្នែកមួយរបស់ញាណទាំងបី ឬញាណទស្សនៈ(សច្ចញ្ញាណ កិច្ចញ្ញាណ និងកតញ្ញាណ) ដែលមានន័យដល់ការកំណត់ដឹងទាំងបី។ ញាណទាំងបីកាលបើចូលគូជាមួយកិច្ចក្នុងអរិសច្ចៈទាំងបួន ទើបបានជាញាណទស្សនៈមានអាការៈ១២ប្រការ ដូចខាងក្រោម៖

សច្ចញ្ញាណ.. កំណត់ដឹងការពិតបួនប្រការថា
-នេះគឺជាទុក្ខ
-នេះគឺជាហេតុនាំឲ្យកើតទុក្ខ
-នេះគឺការរំលត់ទុក្ខ
-នេះគឺជាផ្លូវនៃការរំលត់។

កិច្ចញ្ញាណ.. ការកំណត់ដឹងនាទីចំពោះអរិសច្ចៈថា
-ទុក្ខគួរដឹង
-ហេតុនៃទុក្ខដែលគួរលះ
-ការរំលត់ទុក្ខគួរធ្វើឲ្យជាក់ច្បាស់
-ផ្លូវនៃសេចក្ដីរំលត់ទុក្ខគួរហ្វឹកហាត់ឲ្យចម្រើនឡើង។

កតញ្ញាណ.. ការកំណត់ដឹងថាបានធ្វើកិច្ចដែលគួរធ្វើបានសម្រេចហើយ
-ទុក្ខបានកំណត់ដឹងហើយ
- ហេតុនៃទុក្ខបានលះហើយ
 -ការរំលត់ទុក្ខបានប្រត្យក្សហើយ
- ផ្លូវនៃការរំលត់ទុក្ខបានប្រតិបត្តិហើយ៕ [edit]

-------------------------
ឯកសារយោង
វចនានុក្រមវាក្យស័ព្ទសាសនាសាកល ច្បាប់រាជបណ្ឌិតសភា,បោះពុម្ពទី២,រោងពុម្ពអរុណ, ទំព័រ ៦៥-៦៦
ព្រះធម្មបិដក (បយុត្តោ) ពុទ្ធធម្ម២៥៤៦
ប្រភព៖ ធម្មៈព្រះរតនត្រ័យ
រូបភាព៖ហ្វេសប៊ុក

No comments:

Post a Comment