Thursday, October 27, 2016

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(១៨)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(១៨)

មនុស្សសត្វដែលបានកើតឡើងក្នុងលោកសន្និវាសមួយនេះទាំងអស់ សុទ្ធតែប្រាថ្នាចង់បានរស់រានមានជីវិតគ្រប់អាត្មា គ្មានអ្នកណា សត្វណាមួយចង់មានសេចក្ដីទុក្ខឡើយ។ ពួកគេខិតខំព្យាយាមខ្នះខ្នែងប្រឹងប្រែងរកស៊ី គ្រប់បែបយ៉ាងដើម្បីញ៉ាំងជីវិតិន្រ្ទីយ៍ឲ្យរស់នៅ មានស៊ីមានចុក មានសេចក្ដីសុខរៀងៗខ្លួន។ សត្វក៏ដូចនោះដែរ ដែលខំស្វះស្វែងរកចំណីស៊ី ដើម្បីបំពេញក្រពះបន្តការរស់នៅ​បន្តពូជពង្សរបស់ខ្លួន ឲ្យមានជាបន្តទៅទៀត។ 

មិនថាមនុស្សសត្វ ម្នាក់ៗភ័យតក់ស្លុតរន្ធត់ចិត្ត ញាប់ញ័ររញ្ជ្រួយសព្វអស់អង្គប្រាណ ភ័យខ្លាចមិនហ៊ានប្រឈមមុខជាមួយសេចក្ដីស្លាប់។ ពួកគេខិតខំប្រឹងប្រែងជំនះយកឲ្យឈ្នះ សេចក្ដីស្លាប់នេះឲ្យបាន ទៅបីជាគេចំណាយអ្វីៗគ្រប់យ៉ាងក៏ដោយ ឲ្យតែមានជីវិតរស់។ គេថាអាចអស់ទ្រព្យសម្បត្តិទៅ តែជីវិតនៅសល់ អាចរកទ្រព្យសម្បត្តិមកវិញបាន តែបើក្ស័យបា្រណគឺរលាយអ្វីៗគ្រប់យ៉ាង។ ដូចជាថេរដីកា ព្រះសង្ឃដាឡៃឡាម៉ាថា មនុស្សដូចជាល្ងង់ឆោត គេខិតខំលះបង់សុខភាពដើម្បីលុយ តែចុងក្រោយគេចំណាយលុយដើម្បីសុខភាពវិញ ហើយពួកគេរស់នៅដូចគ្មានសេចក្ដីស្លាប់ តែចុងក្រោយគេក៏ត្រូវស្លាប់ទៅទាល់តែបាន។

ពេលខ្លះទៀត មនុស្សខ្លះច្រើនណាស់ចង់បានសេចក្ដីសុខសម្រាប់ជីវិតខ្លួនឯង ដើរទៅបំផ្លិចបំផ្លាញសេចក្ដីសុខ និងទ្រព្យសម្បត្តិរបស់ជនដទៃ ឲ្យវិនាសហិនហោចខ្លោចផ្សាគ្រប់ពេលវេលា ដល់ភ្លេចគិតថា ខ្លួនឯងស្រឡាញ់សេចក្ដីសុខ មិនចង់ឲ្យបុគ្គលណាមួយមករំខានសេចក្ដីសុខខ្លួន តែបែរជាខ្លួនវិញ ដើទៅបំផ្លិចបំផ្លាញសេចក្ដីសុខរបស់អ្នកដទៃ។ ខ្លួនមិនចង់ឃើញ មិនចង់ដឹងឮពីការធ្វើទុក្ខទោសបុកម្និញពីសំណាក់អ្នកដទៃទេ តែខ្លួនទៅបំពារបំពានលើជីវិតសត្វដទៃទៅវិញ ដូចមានពាក្យថេរដីការបស់ព្រះញាណសំវរៈថា៖

...ខ្លួនស្រឡាញ់ជីវិតរបស់ខ្លួន ញាប់ញ័រភ័យខ្លាចសេចក្ដីស្លាប់យ៉ាងណា សត្វដទៃក៏ស្រឡាញ់ជីវិតខ្លួន និងភ័យខ្លាចសេចក្ដីស្លាប់យ៉ាងនោះដែរ។ ដូច្នោះ ទើបមិនគួរសម្លាប់ដោយខ្លួនឯង មិនគួរប្រើឲ្យអ្នកដទៃសម្លាប់។ ម្យ៉ាងវិញទៀត ខ្លួនស្រឡាញ់សុខ ស្អប់ទុក្ខយ៉ាងណា សត្វដទៃក៏ស្រឡាញ់សុខ ស្អប់សេចក្ដីទុក្ខក៏យ៉ាងនោះដែរ ទើបមិនគួរសាងសេចក្ដីសុខឲ្យខ្លួនឯង ដោយការបង្កនូវសេចក្ដីទុក្ខឲ្យដល់អ្នកដទៃឡើយ...

សរុបសេចក្ដីមក មនុស្សសត្វលើលោកមួយនេះ មិនថាស្ថិតនៅក្នុងស្រទាប់វណ្ណៈណា ជំពួកណាទេ សុទ្ធតែត្រូវការពាក្យមួយថា សេចក្ដីសុខ ស្អប់នូវទុក្ខ មិនចូលចិត្តឲ្យអ្នកដទៃមកធ្វើបាបខ្លួនឡើយ៕  

No comments:

Post a Comment