Tuesday, October 11, 2016

លាភរបស់ជីវិត៨ប្រការ


លាភរបស់ជីវិត៨ប្រការ

គ្រាន់តែអ្នកបានអានកាត់ពាក្យថា លាភ មួយមាត់នេះ អ្នកនឹងនឹកឃើញដល់ដំណើរការនៃជីវិតរបស់ខ្លួនបាត់ទៅហើយថា តើខ្លួនធ្លាប់បានទទួលលាភសំណាងអ្វីខ្លះ ក្នុងមួយឆាកជីវិតរបស់ខ្លួន? ហើយក៏ប្រហែលជាចាប់ផ្តើមសង្កេតត្រួតពិនិត្យមើលលើជីវិតខ្លួនឯង តើបានកំពុងទទួលអ្វីខ្លះ? ចាប់ពីកើតមកទល់ពេលនេះ។ អ្នកខ្លះក៏មិនធ្លាប់បានគិតឃើញថា ខ្លួនឯងធ្លាប់ទទួលបានលាភសំណាងអ្វីខ្លះមកទេ ហើយក៏មានអ្នកខ្លះទៀត ក៏បានទទួលហើយ ក៏នៅតែមិនគ្រប់គ្រាន់សម្រាប់យកមកប្រើ ក្នុងជីវិតរបស់ខ្លួនឯងក៏សឹងមាន។ 

សម្រាប់អ្នកដែលធ្លាប់បណ្ដុះទម្លាប់ការស្តាប់ ការអានច្រើន នឹងនឹកគិតឃើញភ្លាមៗដែរ ទៅដល់គោលគំនិត និងទស្សនៈរបស់ព្រះពុទ្ធសាសនា ដែលបានលើកឡើងថា ការមិនមានរោគគឺជាលាភដ៏ប្រសើរ ការមិនជាប់បំណុលគេ គឺជាលាភដ៏ប្រសើរ ការចាយវាយទ្រព្យទៅតាមខ្ទងចំណូលចំណាយរបស់ខ្លួន ក៏ជាលាភដ៏ប្រសើរ ការបានកើតមកជាមនុស្សនេះ ក៏ជាលាភដ៏ប្រសើរ ការបានជួបព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ក៏ជាលាភមួយដ៏ប្រសើរ។ល។

មួយវិញទៀត តាមទស្សនៈរបស់យុវវ័យដែលកំពុងតែងចង់ដឹង ចង់ស្គាល់ ចងសាក ចងភ្លក់នូវរសជាតិរបស់ជីវិតខ្លួន នៅពេលដែលខ្លួនគេពេញវ័យធំឡើង។ បើមានមនុស្សប្រុសស្រីណាម្នាក់ ដែលមានរូបរាងសង្ហារ ស្អាតស្រស់សោភា មានសម្ភារៈនិយមប្រើទាន់សម័យ ថែមទាំងជាមនុស្សដែលខ្លួនឯងលួចស្រឡាញ់ លួចគិតចង់បាន ចាប់ធ្វើជាដៃគូជីវិតនៅពេលថ្ងៃអនាគតនោះ មកសារភាពស្នេហាចំពោះមុខគេ ឬបានទៅប្រាប់ដល់ម៉ែឪខ្លួនទៀត ពិតជាពិសេសវិសាលខ្លាំងណាស់ ដែលធ្វើឲ្យចិត្ត និងបេះដូងរបស់គេកាន់តែរំភើបញាប់ញ័រ ស្ទើរតែទប់ទឹកភ្នែកលែងជាប់ ញញឹមលែងបិទមាត់ជិតទៅហើយ។ រូបគេគិតថា ពិតជាមនុស្សម្នាក់ក្នុងចំណោមមនុស្សប្រុសស្រីកំពុងពេញវ័យ ដូចជាគេរាប់ពាន់លាននាក់ក្នុងលោក ដែលមានលាភសំណាងបែបនេះ។

បើតាមទស្សនគ្រូទាយវិញ គេតែងតែគន់គូររាប់លេខ រាប់ថ្ងៃខែឆ្នាំទៅឃើញថា លេខនឹងមានលាភសំណាង រួចហើយនិយាយទៅកាន់អ្នករកទាយថា ខែនេះឆ្នាំនេះ នឹងមានលាភសំណាង មានគេមករក មានគេយកអាសា មានគេគិតគូរដោះស្រាយបញ្ហាឲ្យ ជាដើម។ ចំណែកអ្នកបួសវិញ ពេលណាដែលខ្លួនរកចង់លាចាកសិក្ខាបទ ទៅជាគ្រហស្ថវិញ ហើយខ្លួនទៅរកគ្រូទាយ គន់គូរឲ្យមើលថា តើថ្ងៃណាខ្លួនសឹកទៅ មានសំណាង មានជ័យមានជោគដែរ? គ្រូទាយរាប់ដៃរាប់ជើងទៅឃើញថា សឹកថ្ងៃនេះ ខែនេះ ឆ្នាំនេះមិនល្អទេ នឹងជួបលាភជើងពីរ រង់ចាំដល់ខែក្រោយ ឆ្នាំក្រោយទើបបានល្អ ជាដើម។

តើការមានលាភរបស់ជីវិតក្នុងទីនេះ គោលគំនិតល្អដើម្បីជីវិត ចង់លើកយកមកសរសេរបង្ហាញអ្នកអានមានអ្វីប្លែកពីបរិបទខាងលើទៅ? វាពិតជាមានប្លែក សម្រាប់ប្រិយមិត្តអ្នកចូលចិត្តអានទំព័រហ្វេសប៊ុក ក៏ដូចជាគេហៈនេះ ព្រោះគេហៈទំព័រនេះមិនទាន់ធ្លាប់បានសរសេរចុះផ្សាយនៅឡើយ។ ដើម្បីកុំឲ្យការរាបរាប់វែងឆ្ងាយពេក ចូលមករកសាច់រឿងយើងវិញ បើតាមគ្រូ វ៉សិន  ឥន្ទសៈ គាត់បានលើកឡើងពីលាភរបស់ជីវិតមាន ៨ប្រការ មានដូចខាងក្រោម៖

១- មានភាពរឹងមាំសមល្មម ដែលនឹងដាក់កាយដាក់ចិត្តនៅជាមួយមនុស្សគ្រប់ស្រទាប់វណ្ណៈបាន។
២- មានភាពអត់ធន់សមលម្ម ដែលឲ្យអភ័យទោស ចំពោះការធ្វើជ្រុលជ្រុសរបស់អ្នកដទៃមកលើខ្លួនបាន។
៣- មានសេចក្ដីព្យាយាមប្រព្រឹត្តទៅមិនដាច់សមល្មម ដែលនឹងញ៉ាំងកិច្ចទាំងពួងឲ្យសម្រេចតាមសេចក្តីប្រាថ្នារបស់ខ្លួនបាន។
៤- មានគុណសម្បត្តិសមល្មម ដែលឲ្យមនុស្សម្នាគោរពរាប់អានបាន។
៥- មានភាពស្ងប់ចិត្តសមល្មម ដែលអាចរកសេចក្ដីសុខឲ្យខ្លួនឯង ដោយមិនចាំបាច់ទៅរកសេចក្ដីសុខខាងក្រៅបាន។
៦- មានបញ្ញាសមល្មម ដែលនឹងអាចជាទីពឹងពំនាក់របស់ជនដទៃ ដែលគ្នាមានសេចក្ដីទុក្ខ ចូលមករកប្រឹក្សាយោបល់បាន។
៧- មានសន្តានចិត្តប្រកបដោយការលះបង់សមល្មម ដែលលះបង់សេចក្ដីសុខផ្ទាល់ខ្លួន ដើម្បីឲ្យបានជាសេចក្ដីសុខដល់អ្នកដទៃបាន។
៨- មានទ្រព្យសមល្មម ដែលអាចជួយសង្គ្រោះស្រោចស្រង់ញាតិមិត្ត ឬមនុស្សដែលជួបនូវការរងទុក្ខលំបាកបាន...។

សរុបសេចក្ដីមក ការអំណះអំណាងនេះ អំពីគោលការណ៍លាភប្រាំបីការនេះ បើជាអាចនាំយកទៅគិត ទៅប្រើអនុវត្តពិតជានាំប្រយោជន៍ដល់ខ្លួន ដល់ញាតិ ដល់សង្គម ហើយសង្គមមួយនេះនឹងធ្វើដំណើរទៅរកសន្តិជាក់ជាមិនឡើយ៕

-------------------------
ចាន់
រូបភាពហ្វេកប៊ុក


No comments:

Post a Comment