Sunday, November 27, 2016

គ្មានអ្នកណាមួយដឹងពីវាសនារបស់ខ្លួននៅថ្ងៃស្អែកទេ


គ្មានអ្នកណាមួយដឹងពីវាសនារបស់ខ្លួននៅថ្ងៃស្អែកទេ

តើថ្ងៃនេះ និងថ្ងៃស្អែកយើងនឹងបានជួបអ្វីខ្លះ?  តើថ្ងៃស្អែក និងសេចក្ដីស្លាប់ណាមួយមកដល់មុនទេ?
ប្រហែលជាមានសំណួរជាច្រើន ដែលមិនអាចដឹង មិនអាចឆ្លើយបានថា តើថ្ងៃស្អែក យើងនឹងទៅជាយ៉ាងម៉េច? មិនដឹងថាយើងនឹងបានជួបសេចក្តីសុខ ឬក៏យើងត្រូវកើតទុក្ខប៉ុនណា? តែវាក៏មិនអាចកើតឡើងតាមអ្វីដែលចិត្តយើងចង់បាននោះឡើយ។

បើថ្ងៃស្អែក យើងនឹងត្រូវជួបជាមួយបញ្ហានោះ ចូរចងចាំទុកក្នុងចិត្តថា ការឈានមួយជំហានទៅមុខដើម្បីប្រឈមជាមួយនឹងបញ្ហា ចាត់ការជាមួយនឹងឧបសគ្គ វាអាចនឹងមិនគួរឲ្យខ្លាច ដូចជាអ្វីដែលយើងកំពុងគិតដោយខ្លួនឯងនោះទេ។ ថ្ងៃស្អែក មិនថាជាមានរឿងល្អ ឬរឿងអាក្រក់ នឹងកើតឡើង មិនត្រូវខ្លាច រួញរា ឬចុះចាញ់ អស់សង្ឃឹមឡើយ ប៉ុន្តែត្រូវតែមានទំនុកចិត្តលើខ្លួនឯង និងតស៊ូដោយខួរក្បាល ដៃជើងរបស់យើងជានិច្ច។ បើហត់កាយយើងអាចដើរបានចម្ងាយឆ្ងាយ តែបើហត់ចិត្តមិនអាចដើរបានឆ្ងាយ។ ពិការកាយអាចធ្វើការងារខ្លះកើត តែពិការគំនិត ពិតជាសូន្យសុងអ្វីទាំងអស់។

ការឈានជើងមួយជំហានទៅមុខ ជាការចាប់ផ្តើមនៃភាពជោគជ័យ។ ឧបសគ្គ គឺជាចំណុចខ្លាំងរបស់យើង មិនយូរទេ វានឹងកន្លងផុតទៅ នេះជាសច្ចភាព ហើយក៏គ្មានអ្វីល្អៗ ដែលនឹងកើតឡើងងាយៗ ដោយគ្មានការខិតខំប្រឹងប្រែងនោះដែរ។ មានតែយើងប៉ុណ្ណោះ ដែលអាចកែច្នៃប្រឌិតបានអ្វីៗ តាមសេចក្ដីប្រាថ្នា មានតែយើងទេ ត្រូវក្រោកឡើងដើរដោយកម្លាំងខ្លួនឯង ប្រសិនបើយើងចង់ដល់គោលដៅមួយនៅខាងមុខ។

ដរាបណានៅមានដង្ហើម វាមិនយឺតពេកទេក្នុងការចាប់ផ្តើមអ្វីដែលថ្មី។ ផ្លាស់ប្តូរការគិត និងចាប់ផ្តើមធ្វើ។ ការមើលផ្ដោតផ្ចង់ទៅរកតែបញ្ហា យើងនឹងឃើញតែបញ្ហា ប៉ុន្តែបើយើងមើលវាជាឱកាស យើងនឹងឃើញថា មានឱកាសជាច្រើនកំពុងរង់ចាំយើង។ ដើរទៅមុខដោយសេចក្តីមិនប្រមាថ និងមានការព្យាយាមជានិច្ច។ បើយើងមានព្យាយាមនៅទីណា សេចក្ដីសម្រេចនឹងនៅទីនោះ៕ 

No comments:

Post a Comment