Sunday, November 27, 2016

ចង់និយាយពីគុណនៃព្រះនិព្វាន


ចង់និយាយពីគុណនៃព្រះនិព្វាន

ព្រះនិព្វានជាគុណជាតិនាំមកនូវសេចក្តីសុខដ៏ក្រៃលែង។ យើងជាបុថុជ្ជន មិនបានពាល់ត្រូវដោយមគ្គផលនេះទេ។ ការគិតថានិព្វានសុខយ៉ាងនេះយ៉ាងនោះ នុ៎ះត្រឹមជាការស្រមៃប៉ុណ្ណោះ។ តែបើយើងចង់លើកន័យជាឧទាហរណ៍ប្រៀបធៀប ឲ្យកើតជាទីជ្រះថ្លា ដល់ជនទាំងឡាយ គឺអាចប្រៀបបានថា:

សុខក្នុងមនុស្សដូចជាស្តេចចក្រក៏ដោយ ចាត់ជាបុគ្គលកម្រទាល់តែជាអសុញ្ញកប្ប មានព្រះពុទ្ធត្រាស់ដឹងក្នុងលោក ទើបមានស្តេចចក្រនេះឧបត្តិឡើងក្នុងជម្ពូទីបនេះ។ ដែលយើងថាជាបុគ្គលខ្ពង់ខ្ពស់ជាងគេនូវយស សិរី កាមគុណ និងសម្បត្តិទាំងឡាយ ដល់នូវភាពជាធំក្នុងទ្វីបទាំង៤ក្នុងមនុស្សលោកនេះ។ ទាំងអស់នេះ មានបុណ្យដ៏ឧក្រិដ្ឋ មានកម្លាំងខ្លាំង ជាមហាកុសលដួងទី១ ទាំងដល់ព្រមដោយចេតនាទាំង៣កាល និងមានសម្បត្តិទាំង៧ប្រការ... ក៏នៅតែមិនដល់ចំណិតទី១ នៃចំណែកដែលគេចែកជា១៦អស់វារៈ១៦ដងដែរ បើប្រៀបនឹងសេចក្តីសុខក្នុងទេវលោក។

ឋានសួគ៌មានសេចក្តីសុខដ៏ជាទិព្វ ដល់ថ្នាក់ព្រះពុទ្ធប្រៀបថា សេចក្តីសុខដ៏បរិបូរណ៍នូវកាមគុណទាំងឡាយ របស់ស្តេចចក្រពត្តិ ទុកប្រៀបដូចជាដុំថ្ម១ដុំ ទៅធៀបនឹងភ្នំសិនេរុ ដែលជាស្តេចភ្នំ មានកម្ពស់៨៤០០០យោជន៍ ទាំងជម្រៅចុះក្រោមសមុទ្រ ក៏ស្មើរគ្នានឹងកម្ពស់គឺ៨៤០០០យោជន៍ដូចគ្នា។ ឃើញថាសុខក្នុងមនុស្សលោក គឺមិនគួរដល់នូវការប្រៀបធៀបផង គិតផង គណនាផង... ទាំងមិនអាចពោលឲ្យដល់នូវកម្រិតនៃសេចក្តីសុខដ៏ជាទិព្វ ក្នុងទេវលោកបានឡើយ។ ដូចពាក្យទេវតាថា សុខរបស់ស្តេចចក្រពត្តិប្រៀបមកសុខទេវតា គឺតូចត្រមោចគួរឲ្យអាណិត...។

ហើយពួកស្ថានសួគ៌ទេវលោក មានសេចក្តីសុខមានសភាពបែបនេះក៏ពិត តែក៏នៅចាញ់សេចក្តីសុខក្នុងព្រហ្មលោក។ ពួកព្រហ្មសុទ្ធតែជាតិហេតុកបុគ្គល មាន អាយុ សម្បុរ សុខ សិរី យស ឫទ្ធិ អានុភាព អធិបតេយ្យ តេជៈ ...ធំលើសក្រៃលែងជាងពួកទេវតា។ ទាំងជាអ្នកមាននូវឈាន អភិញ្ញា ឫទ្ធិដែលបុគ្គលកម្រនឹងញាំងឈានឲ្យកើតឡើង ព្រោះត្រូវប្រជុំព្រមនូវឧបនិស្ស័យជាអ្នកធ្លាប់ចូលចិត្តខាងសមថកម្មដ្ឋាន។ ហើយវិស័យពួកព្រហ្ម ចាត់ជាអចិន្តេយ្យមួយក្នុងចំណោម៤(គឺរឿងដែលមិនគួរដល់ការគិត)ទៀតផង។ ដូចទេវបុត្រមួយអាចដើរមួយជំហានបានមួយកប្បផែនដី...។

សុខក្នុងព្រហ្មលោកដល់ម្ល៉ោះហើយ ក៏នៅមិនគួរប្រៀបដោយសុខក្នុងព្រះនិព្វានដ៏ល្អិតសុខុមដែរ។ ន័យថាសុខក្នុងភពទាំង៣នេះ គឺមនុស្ស ទេវតា និងព្រហ្ម លោកប្រៀបសេចក្តីសុខថា ដូចជាសត្វពន្លឺភ្លើងអំពិលអំពែក១ក្បាល។ ទៅធៀបគ្នា ឯសុខក្នុងព្រះនិព្វាន គឺប្រៀបដូចជាពន្លឺរស្មីដ៏មានតេជៈ របស់ព្រះអាទិត្យ១០០០ដួងអ៊ីចឹង។ នេះសរឲ្យឃើញថា ព្រះនិព្វានជាបរមសុខដ៏ក្រៃលែង ជាកំពូល ដ៏ជាឯក ជាសុខដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ជាសុខដែលមានតែមួយគ្មានពីរ ជាសុខមិនមានអ្វីប្រៀបផ្ទឹមស្មើរ ឬថាឲ្យលើសសេចក្តីសុខនៃព្រះនិព្វាននេះបានឡើយ៕


Cr. Zhennan Ti

No comments:

Post a Comment