Wednesday, November 23, 2016

រឿងនិទាន សត្វឆ្កែអង្គែស៊ីអប់រំចិត្ត


រឿងនិទាន សត្វឆ្កែអង្គែស៊ីអប់រំចិត្ត

មានសត្វឆ្កែអង្គែស៊ីមួយក្បាលអាស្រ័យរស់នៅក្នុងវត្ត។ វាចូលចិត្តដើរដេកតាមកន្លែងផ្សេងៗ ប៉ុន្តែពេលវារមាស់អង្គែស៊ីកើតឡើង វាក៏អេះហើយគិតថា បន្ទប់ថ្វាយបង្គំព្រះនេះអត់ល្អសោះ គគ្រិចស្មោគគ្រោកហើយរមាស់ស្កៀប វាក៏ប្តូផ្លាស់ទៅដេកក្រោមធម្មាសនៈ។ ពេលវារមាស់ វាក៏អេះហើយក៏គិតថា ត្រង់នេះមិនស្អាតហើយរមាស់ទៀត។

វាក៏ផ្លាស់ប្តូរទីដេកទៅរឿយៗ ទាំងពីកន្លែងលោកឆាន់ មុខកុដិ ក្រោមសាលា ក្រោមមេរុ។ គ្រប់កន្លែងដែលវាទៅដេក មិនមានទីណាមួយល្អ គគ្រិចស្មោគគ្រោកទាំងអស់ ដោយវាមិនធ្លាប់មើលខ្លួនរបស់វាឡើយថា ត្រង់ខ្លួនវាកើតរមាស់ ក៏ព្រោះតែ អង្គែស៊ីត្រង់ខ្លួនរបស់វា មិនទាក់ទង់នឹងទីកន្លែង ទីវាទៅដេកឡើយ។

ហើយលោកក៏អប់រំថា ឆ្កែអង្គែស៊ីមួយក្បាលនេះ ប្រៀបដូចជាមនុស្សដែលមិនធ្លាប់មើលខ្លួនឯងមុន ចាំបន្ទោសនេះបន្ទោសនោះ មិនគិតពិចារណាមើលខ្លួនឯងឲ្យបានល្អសិន។ ជីវិតនឹងមានតែសេចក្ដីទុក្ខ រកសុខសន្តិភាពមិនបានទៅអស់មួយជីវិត 

លោកទើបអប់រំឲ្យកូនសិស្ស មើលខ្លួនឯងឲ្យបានល្អសិន កុំទៅមើលត្រង់អ្នកដទៃនោះឡើយ៕

No comments:

Post a Comment