រៀនស្គាល់គេ
ស្គាល់ឯង ស្គាល់ឯង ស្គាល់គេ
....ប្រហែលជា៧ឆ្នាំមុន ខ្ញុំធ្លាប់បានអានរឿងព្រេងជប៉ុនមួយ ដែលនិយាយពីសត្វចចក
និងសត្វទន្សាយ។ សត្វទាំងពីរនេះ ចេះវិជ្ជាពិសេស អាចប្រែក្រឡាខ្លួនបានដូចគ្នា។
សត្វចចក ប្រែក្រឡាមិនឈប់ មួយថ្ងៃមួយថ្ងៃ ក្រឡាខ្លួនជាសត្វរាប់រយប្រភេទ គឺឲ្យតែឃើញសត្វស្អាត
ចម្លែក ចចក នឹងប្រែក្រឡាតាមភ្លាម។ ចចកមិនដែលរស់នៅក្នុងរូបរាងខ្លួនឯងទេ
រស់នៅក្នុងទម្រង់សត្វ ដែលខ្លួនប្រែក្រឡារហូត។ ចំណែកសត្វទន្សាយ បានរូបរាងខ្លួនឯងស្អាត
មិនខ្វល់គិតនឹងប្រែក្រឡាតាមសត្វណាមួយទេ ឬបើប្រែក្រឡា ក៏ធ្វើតែបន្តិច
ក៏ប្រែមកជារូបរាងខ្លួនឯងវិញភ្លាម។ ថ្ងៃមួយសត្វទាំងពីរជួបគ្នា ក៏បបួលគ្នា
ប្រកួតប្រែក្រឡា ដោយយកតាឥសី ធ្វើជាអ្នកកាត់ក្តី។
....សត្វចចកប្រែក្រឡាជាសត្វផ្សេងៗ បានយ៉ាងល្អឥតខ្ចោះ ចំណែកសត្វទន្សាយ
បានដូចខ្លះ មិនបានដូចខ្លះ។ ចុងក្រោយ ឥស៊ី ឲ្យប្រែក្រឡាជារូបខ្លួនឯងវិញ។ ម្តងនេះ
សត្វទន្សាយប្រែក្រឡាបានយ៉ាងលឿនរហ័ស ពេញជារូបខ្លួន១០០% ចំណែកចចក ប្រែជាខ្លួនបែរជាមិនដូច
ក្បាលចចក ខ្លួនជ្រូក ជើងខ្លា។ ឥសីផ្តល់ឱកាលឲ្យជាច្រើនដង
ទើបអាចប្រែមកជារូបខ្លួនឯងបាន។ ឥសីកាត់ក្តីឲ្យស្មើគ្នា ហើយផ្តល់ឱវាទថា "
ចៅទាំងពីរ ចាប់ពីថ្ងៃនេះទៅ ចៅចចកត្រូវឈ្វេងយល់ពីខ្លួនឯងឲ្យបានច្រើន ចំណែកចៅទន្សាយត្រូវរៀនឈ្វេងយល់ពីសត្វដទៃផង
កុំវក់តែនឹងខ្លួនឯង ភ្លេចមើលគេ ហើយក៏កុំវក់តែនឹងគេ ភ្លេចមើលខ្លួនឯង"
...ខ្មែរមានពាក្យមួយឃ្លាថា " ត្រូវចេះទាំងផ្លូវលោក និងផ្លូវធម៌"
ដូចគ្នានេះដែរ អាលបឺតអាយស្តាយ បានមានប្រសាសន៍ថា "សាសនាខ្វះវិទ្យាសាស្ត្រ គឺដូចមនុស្សពិការភ្នែក, វិទ្យាសាស្ត្រខ្វះសាសនា នឹងនាំទៅរកភាពមហន្តរាយ។ ចំណេះដឹងក្នុងលោកនេះមានច្រើនណាស់ អ្វីៗក្នុងលោកនេះមានច្រើន
វប្បធម៌ សាសនា សិល្បៈ ប្រពៃណី ក្បួនច្បាប់របៀបនៃការរស់នៅ ហើយសុទ្ធតែមានលម្អ សម្រស់
និងខ្លឹមសាររបស់វារៀងៗខ្លួន គួរយើងខិតខំឈ្វេងយល់ពីបទពិសោធ របៀបរបបអ្នកដទៃផង។
ទន្ទឹមនឹងនោះ ក៏មិនគួរភ្លេចរបស់ខ្លួនឯងដែរ។ អ្នកនយោបាយ អ្នកយុទ្ធសាស្ត្រ
អ្នកសេដ្ឌកិច្ចគេសុទ្ធតែឈ្វេងយល់ពីគ្នាទៅវិញទៅមក រៀនពីបទពិសោធគ្នាទៅវិញទៅមក
ទើបគេរីកចម្រើន។ យើងមានសាសនាយើង ក៏មិនត្រូវមិនឈ្វេងយល់ពីសាសនាគេនោះទេ
យើងរៀនខាងសាសនា ក៏មិនត្រូវភ្លេចផ្លូវលោក និងវិទ្យាសាស្ត្រនោះដែរ
ជាពិសេសក្នុងសម័យសកលភាវូបនីយកម្មទំនើបនេះ គឺជាសម័យនៃការឈ្វេងយល់ពីគ្នា។ ស៊ុនអ៊ូ
និយាយថា " ស្គាល់ឯង ស្គាល់គេ ទើបច្បាំងឈ្នះរហូត, មិនស្គាល់ឯង មិនស្គាល់គេ គឺបរាជ័យលុះក្ស័យ៕
Cr.
Peng Nimol
កែ.ចាន់
កែ.ចាន់
No comments:
Post a Comment