Tuesday, November 29, 2016

គ្មានទីណាស្ងប់ទេ បើចិត្តយើងមិនស្ងប់


គ្មានទីណាស្ងប់ទេ បើចិត្តយើងមិនស្ងប់

..ពេលមួយ ព្រះអានន្ទកើតទុក្ខមិនសុខចិត្ត មិនអាចទ្រាំអត់ធ្មត់បាន នឹងពាក្យជេរមើលងាយពីអ្នកស្រុក។ អ្នកខ្លះជេរតាំងពីសាវក រហូតដល់ព្រះពុទ្ធ ជេររហូតដល់ឪពុកព្រះ ម្តាយព្រះ..ដោយពាក្យមានជាអាទិ៍ អាគោ អាក្របី អាស្មូម... និងមួលបង្កាច់ ដោយពាក្យផ្សេងៗ។ល។ អ្នកជេរទាំងនោះ គឺជាអ្នកដែលស្រ្តីម្នាក់ឈ្មោះ នាងមាគន្ធយា ជួលឲ្យជេរ ដោយសារនាងមានគំនុំជាមួយព្រះពុទ្ធ។ ទើបគ្រប់ទីដែលព្រះពុទ្ធ និងសាវកទៅដល់ មានអ្នកឈរចាំជេររហូត។ អានន្ទទ្រាំមិនបាន ក៏ចូលទៅរកព្រះ 

អានន្ទ៖ " បពិត្រព្រះអង្គ យើងចាកចេញពីទីនេះទៅ ទូលបង្គុំទ្រាំនឹងពាក្យគេជេរមិនបានទេ"។
ព្រះពុទ្ធត្រាស់សួរ " អានន្ទ អ្នកចង់ទៅទីណា?
អានន្ទឆ្លើយទាំងកំសត់ " ទៅទីណាក៏បាន ព្រះអង្គ ឲ្យតែផុតពីការជេររបស់អ្នកស្រុក"
ព្រះពុទ្ធត្រាស់សួរបន្ត " ចុះ បើទៅទីនោះហើយ នៅតែមានគេជេរទៀត តើអានន្ទគិតយ៉ាងណា?
អានន្ទឆ្លើយរឹតតែអស់សង្ឃឹម និងពិបាកចិត្ត  " យើងទៅទីផ្សេងទៀត "។
ព្រះពុទ្ធសួរត " ចុះបើ ទីនោះនៅតែមានអ្នកជេរទៀត តើអានន្ទរត់គេចទៅទីណាទៀត? "
អានន្ទ " ទូលបង្គុំមិនដឹងទេ យើងរត់ទៅទីផ្សេងទៀតទៅព្រះអង្គ។
ព្រះពុទ្ទត្រាស់ថា " តើយើងចេះតែរត់គេចចឹងរហូតឬអានន្ទ? ព្រះមានបន្ទូលលោមអានន្ទថា " ប្អូនអានន្ទ គ្មានអ្នកណាម្នាក់ដែលផុតពីការនិន្ទា និយាយដើមពីអ្នកដទៃបានទេ.. គ្មានទីណាដែលស្ងប់ទេ.. គឺមានតែយើងធ្វើចិត្តយើងឲ្យស្ងប់។ អ្វីដែលយើងរៀនបានពីព្រះគឺ សង្គមមនុស្សលោកនេះ មិនខ្វះទេ រឿងគេថា រឿងគេជេរ រឿងគេគិតយ៉ាងណា តែរឿងដែលយើងត្រូវធ្វើគឺធ្វើចិត្តយើងឲ្យស្ងប់ ធ្វើចិត្តយើងឲ្យមាំ ទទួលយកនូវការពិត ហើយរៀនរស់ដោយខ្លួនឯងចុះ

...ពិតជាគ្មានទីណាស្ងប់ទេ រឿងដែលត្រូវធ្វើ ត្រូវដោះស្រាយគឺចិត្តយើង។ បើទោះជាយើងរត់ទៅរកអ្នកណា ទីកន្លែងណាក៏គេមានតែប្រាប់ឲ្យរៀនធ្វើចិត្ត និងអប់រំចិត្តដែរ។ យើងគិតថាទីកន្លែងធ្វើសមាធិគឺជាទីស្ងប់ស្ងាត់ គ្មានបញ្ហា តែពេលចូលទៅដល់ ក៏គ្រូសមាធិប្រាប់ឲ្យធ្វើចិត្តដែរ គឺធ្វើចិត្តឲ្យស្ងប់ មិនមែនទីកន្លែងស្ងប់ទេ.. ពេលកើតទុក្ខអ្នកអាចរត់ទៅទីណាមួយម្នាក់ឯង រត់គេចេញពីមនុស្សគ្រប់គ្នា ឬទៅទីណាដែលគ្មានមនុស្សស្គាល់ តែបើចិត្តនូវតែមិនស្ងប់ បញ្ហាក៏មិនរសាយដែរ។ បើយើងចាកចេញទៅឆ្ងាយ វាគ្រាន់តែធ្វើឲ្យយើងមិនជួបមនុស្ស ឬហេតុការណ៍ដែលយើងមិនចង់ជួប តែមនុស្សនោះ ហេតុការណ៍នោះនូវតែមកនៅក្នុងខួរក្បាលយើងដដែរ។ មែនទេអ្នកអាន? ( យកធម៌ព្រះមកលោមចិត្តខ្លួនឯង)

Cr. peng nimol




No comments:

Post a Comment