Tuesday, December 27, 2016

ម៉ែនិងកូន ពិតជាមនុស្សធ្លាប់មានឧបនិស្ស័យនឹងគ្នាពីអតីត


ម៉ែនិងកូន ពិតជាមនុស្សធ្លាប់មានឧបនិស្ស័យនឹងគ្នាពីអតីត...
ស្ត្រីជាម្តាយនិងកូនដែលមានបុណ្យបានធ្វើទុកមក ល្អតាំងពីរូប មារយាទ ទ្រព្យ ជាត្រកូលសម្មាទិដ្ឋិ ដល់មានប្តីក៏ជាបុរសល្អ គ្រួសារសាច់ថ្លៃក៏ល្អ លុះមានគភ៌ក៏មិនមានអាការៈចាញ់កូន សុខភាពល្អ ទាំងត្រៀមសម្ភារៈទារកស្រេច វេលាកើតកូនក៏ងាយលឿនមិនលំបាកខ្លាំង កូននោះកើតមកដោយសួស្តី ទាំងស្អាត ឆ្លាត ស្លូត ល្អ ស្រួលចិញ្ចឹម និងញាំងសមាជិកគ្រួសារឲ្យត្រេកអរសប្បាយ ស្រលាញ់ ថែរក្សា ផ្តល់ភាពកក់ក្តៅ មានសាមគ្គីត្រូវគ្នា ត្រជាក់ត្រជុំ បានសុខព្រមដោយសម្បត្តិ តាំងពីតូចទៅដល់ធំ ទាំងកើតក្នុងថ្ងៃនក្ខត្តឫក្សល្អ ឧតុល្អផងដែរ។

ខុសគ្នាពីម៉ែនិងកូនដែលខ្សត់បុណ្យ ខ្លះគ្រាន់តែដឹងថាមានកូនក្នុងផ្ទៃ កើតចិត្តមួម៉ៅស្អប់ ប្តីវ៉ៃហិង្សាផ្លូវកាយ ទៅមានស្រីក្រៅ គេចវេសមិនទំនួលខុសត្រូវ លែងលះគ្នា ឬឲ្យទៅរំលូតកូន ទាំងស្ត្រីនោះចាញ់កូនខ្លាំង ឈ្លោះគ្នាប្រេះឆាក្នុងគ្រួសារ ធ្លាក់ខ្លួនដាបឈឺ ខ្វះអាហារហូបចុក។ មិនចឹងទេ កើតមកមិនគ្រប់ខែ ឬម៉ែយកទៅបោះចោល ខ្លះសម្លាប់វាយធ្វើបាបទៀត ទាំងនៅជាទារកសោះ។ ហើយកូននោះពិការ ខុសប្រក្រតី ឡប់សតិ រូបអាក្រក់ មិនតាមគន្លងធម៌ មិនងាយប្រដៅ កាច ខូច ម៉ែជំពាក់លុយគេ ធ្វើការនឿយហត់ ក្រលំបាក កើតចំពេលប្រទេសមានសង្គ្រាម ឬគ្រោះធម្មជាតិ មានជំងឺរាតត្បាត ជាមិច្ឆាទិដ្ឋិ។

គោរពតួនាទីកាតព្វកិច្ច បើធ្វើជាម៉ែឪគេត្រូវចេះស្រលាញ់កូនខ្លួនឯង ហើយបើយើងជាកូនក៏ត្រូវស្រលាញ់ម៉ែឪយើងវិញ។ កើតជាតិណាៗ ក៏មានម៉ែឪល្អស្រលាញ់យើង ដូចដែលទង្វើយើង ចំពោះម៉ែឪនិងកូនយើងសព្វថ្ងៃនេះចឹង។ ដាំពូជអី នឹងទទួលផលផ្លែផ្កានៃពូជនោះៗយ៉ាងពិតប្រាកដ។

ស្ត្រីណាចង់បានកូនល្អ ដើរតាមគន្លងធម៌ មុនយកកូនត្រូវសមាទានសីល៥ ឬឧបោសថសីលរាល់ថ្ងៃឲ្យបរិសុទ្ធិ ឲ្យទាន ស្តាប់ធម៌រឿយៗសព្វកាល... សត្វដែលនឹងចាប់កំណើតក្នុងផ្ទៃនោះ មានពួកទេវតាជាដើម រមែងប្រមើលមើល ត្រកូលគ្រួសារ ស្ត្រីជាម្តាយណា ដែលមានគុណ មានសីលល្អមុនចុតិនិងបដិសន្ធិជាមួយ សមដូចពាក្យថា: សត្វទាំងឡាយត្រូវគ្នា ដោយសារមានធាតុត្រូវគ្នា គឺកូនណាដែលមានបុណ្យ រមែងមកកើតជាមួយស្ត្រីណាដែលមានបុណ្យដូចគ្នា។ ល្អប្រពៃតាំងពីនិមិត្ត(យល់សប្តិ) មុនតាំងគភ៌ មានឃើញពន្លឺភ្លឺ ដំរីស ឥសីបីកូនយកមកឲ្យ...។ កាលវេលាណា បើឃើញទេពច្យុតហោះលើមេឃ ទៅទិសណា ន័យថាសត្វមានបុណ្យទៅកើតក្នុងទិសនោះៗ៕


Cri. Zhennan Ti




No comments:

Post a Comment