Friday, January 27, 2017

ការបើកចំហរផ្លូវចិត្តរបស់អ្នក


ការបើកចំហរផ្លូវចិត្តរបស់អ្នក - Open the door of your heart

ថ្ងៃមួយមានប្តីប្រពន្ធពីរនាក់កំពុងដើរកំសាន្តក្នុងសួនច្បារនាពេលល្ងាចយ៉ាងសប្បាយ។ ស្រាប់តែ ពេលនោះគេបានឮសូរសំឡេងសត្វយំ កាបៗនៅជិតនោះ។ ពេលនោះប្រពន្ធបាននិយាយប្រាប់ប្តី ថា ហានី (អូនឬបង)! មានឮសំឡេងសត្វមាន់ទេ? ពេលនោះ ប្តីបានឆ្លើយថា មិនមែនជាសំលេង មាន់ទេ ហានី វាគឺជាសំឡេងសត្វទា តើ! ប្រពន្ធប្រកែកហើយ និយាយថាមិនមែនទេហានី នេះជាសំឡេងមាន់ទេ ប្តីក៏តបមកវិញថាមិនមែនទេ វាគឺជាសំឡេងទា ប្រពន្ធថាសំឡេងមាន់ ប្តីថា សំឡេងសត្វទា...

អ្នកទាំងពីរបានប្រកែកគ្នាយ៉ាងយូរអស់មួយល្ងាច មិនចាញ់មិនឈ្នះ ដែលជា ហេតុធ្វើឲ្យបរិយាកាសដើរកំសាន្តមានភាពអាប់អួរឡើង។

នៅពេលនោះប្តីក៏សំរេចចិត្ត និយាយ ស្របតាមប្រពន្ធថា សូមទោសហានី វាគឺជាសំឡេង សត្វមាន់មែន។ ហើយសត្វនោះក៏បន្តរ ស្រែកយំ កាបៗៗៗចេញបាត់ទៅ។ នៅពេលនោះ ប្តីប្រពន្ធទាំងពីរក៏សប្បាយចិត្ត ហើយក៏ឈប់ប្រកែកគ្នាវិញ ហើយអ្នកទាំងពីរ ក៏បន្តដំណើរកំសាន្តយ៉ាងសប្បាយតទៅទៀត។

រឿងរ៉ាវពិតគឺថា តើវាមានប្រយោជន៍អីដែលយើងប្រកែកគ្នាអំពីមាន់ឬទានោះ? តើយើងគួរឲ្យវា បំផ្លាញនូវបរិយាកាសសុខដុមរមនាក្នុងគ្រួសាររបស់យើងនោះឬ?

តាមពិតជំលោះភាគច្រើនដែលកើតឡើង គឺសុទ្ធតែដោយសាររឿងរ៉ាវដែលមិនចាំបាច់ រឿងរ៉ាវដែលមិនបានការ ឬជារឿងដែលអ្នកម្ខាងៗ ជួនកាលមិនបានយល់ដឹងពីការពិតផង។ អ្នកទាំងពីរសុទ្ធតែអត់បាន ឃើញសត្វដែលយំនោះ ជួនកាលពេលយើងថាវាជាសត្វមាន់ តែពេលយើងឃើញផ្ទាល់ វាបែរជាសត្វទាទៅវិញ ឬពេលយើងថាសត្វទាពេលយើងឃើញ ផ្ទាល់វាបែរជាសត្វមាន់ទៅវិញ។ ឬក៏វាអាចជាមិនមែនជាសត្វទា និងមិនមែនជាសត្វមាន់ ឬក៏អាចថា វាជាសត្វទាដែលបង្កាត់ចេញពី សត្វមាន់។ល។

ដូច្នេះយើងមិនត្រូវឲ្យរឿងរ៉ាវដែលមិនសំខាន់ទាំងឡាយនោះ វាមករំខានដល់មិត្តភាព សេចក្តីសុខ សុភមង្គលរបស់យើងទេ។ មនុស្សដែលមានគតិបណ្ឌិត មិនឈ្លោះប្រកែកគ្នា ដោយសាររឿងអត់បាន ការនោះទេ គឺគេជ្រើសយក សន្តិភាព ភាពសុខុដមរមនា និងសេចក្តីស្រឡាញ់ ជាជាងការស្វែងរក ខុសនិងត្រូវ។ ជួនកាលយើងត្រូវ បំភ្លេច ឬបញ្ឈប់នូវការស្វែងរកខុសនិងត្រូវ ហើយត្រូវបើកចំហរ ផ្លូវចិត្តរបស់យើងប្រកបដោយសេចក្តីស្រឡាញ់ និងគតិបណ្ឌិត៕

អប់រំដោយ
តេ. ប្រាម
ប្រភព៖ហ្វេកប៊ូក
រូបភាព៖ google. plus

No comments:

Post a Comment