ក្នុងសម័យរាជវង្សហាន់
បុរសម្នាក់មានគោលបំណងប្រាថ្នាខ្ពស់បំផុតក្នុងជីវិត គឺធ្វើជាមន្ត្រីជាន់ខ្ពស់
មានកេរ្ដិ៍ឈ្មោះបោះសំឡេង និងមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ថ្វីត្បិតគាត់ខិតខំប្រឹងប្រែងធ្វើការអស់ពាក់កណ្ដាលជីវិតទៅហើយក្ដី ក៏នៅមិនទាន់បានសម្រេចក្ដីបំណងប្រាថ្នានេះនៅឡើយដែរ ធ្វើការទាល់តែសក់ស្កូវសសំព្រុះពេញទាំងក្បាល
ក៏នៅក្នុងតួនាទីតំណែងមន្ត្រីថ្នាក់ទាបតែប៉ុណ្ណោះ។
មានថ្ងៃមួយនោះ គាត់បានដើរនៅតាមផ្លូវ គិតអំពីរឿងរ៉ាវជីវិតរបស់ខ្លួនឯង
រឹតតែគិត រឹតតែឈឺចាប់ ដល់ចុងក្រោយគាត់ទប់លែងបាន ក៏ស្រែកយំហ៊ូចេញមក។
ក្នុងខណៈនោះ មានមនុស្សម្នាក់ដើរកាត់តាមនោះដែរ ឃើញគាត់ត្រហ៊ោយំចិត្តឈឺចាប់ដូចនេះ
គិតថាគាត់ប្រហែលមុខជាជួបនូវក្ដីវិបត្តិអ្វីណានីមួយហើយ ដែលនឹកស្មានមិនដល់
ទើបចូលទៅលួងលោមថា៖
“លោកតា
ហេតុអ្វីទើបលោកតាយំខ្សឹកខ្សួលយ៉ាងឈឺចាប់ចិត្តដូចនេះ លោកតាអាយុក៏ច្រើនណាស់ហើយ
គួរណាស់ចេះថ្នាក់ថ្នមថែរក្សាសុខភាពផង”។
បុរសចាស់នោះក៏និយាយថា៖
“អ្នកមិនដឹងទេថា ខ្លួនខ្ញុំនេះឯង តាំងតែពីតូច
ក៏បានតាំងចិត្តប្ដេជ្ញាទុកយ៉ាងមុតមាំថា នឹងត្រូវធ្វើជាមន្ត្រីជាន់ខ្ពស់
សាងកេរ្ដិ៍ឈ្មោះ សាងកិត្តិយស ឲ្យមានឈ្មោះបោះសំឡេងឲ្យដល់វង្សត្រកូលទាល់តែបាន ប៉ុន្តែឥឡូវនេះ
រូបខ្ញុំមានអាយុ ៦០ឆ្នាំជាងទៅហើយ ក៏នៅធ្វើជាមន្ត្រីថ្នាក់ទាបដដែល មើលទៅមួយជីវិតនេះ
ប្រហែលជាគ្មានផ្លូវណាសមក្ដីប្រាថ្នាឡើយ”។
បុរសអ្នកដើរតាមផ្លូវសួរគាត់ថា៖
“តាមពិត លោកតា មានការប្ដេជ្ញាចិត្តខ្ពស់ខ្លាំងណាស់ តាំងពីតូច
ចុះហេតុអ្វីក្តីប្រាថ្នាលោកតាមិនបានសម្រេចទៅវិញ?”
បុរសចាស់ឆ្លើយតបថា៖
“កាលពីពេលខ្ញុំនៅកម្លោះ អធិរាជទ្រង់ចូលចិត្តអក្សរសាស្ត្រ
ខ្ញុំទើបទៅរៀនអក្សរសាស្ត្រ ដោយមានជំនឿថា ខ្លួនឯងរៀនបានល្អតែម្ដង ប៉ុន្តែ អធិរាជចូលចិត្តប្រើមនុស្សមានអាយុចំណាស់
ប្រាប់ថា ខ្ញុំនៅមិនទាន់មានបទពិសោធ ព្រោះហេតុនោះ នៅមិនទាន់តែងតាំងតំណែងសំខាន់ៗបាន
រង់ចាំដល់ខ្ញុំមានអាយុចាប់ផ្ដើមចូលដល់វ័យកណ្ដាល អធិរាជអង្គមុនទ្រង់ចូលទីវង្គតទៅ។
អធិរាជអង្គថ្មីទ្រង់សព្វព្រះរាជហ្ឫទ័យអ្នកចម្បាំង
ខ្ញុំទើបទម្លាក់ចោលពីអក្សរសាស្ត្រ ទៅរៀនវិជ្ជាការចម្បាំង នឹកស្មានមិនដល់ ខ្ញុំនៅរៀនសិល្បះប្រយុទ្ធមិនបានចប់ស្រួលបួលផង អធិរាជអង្គថ្មីទ្រង់សុគតទៅទៀត អធិរាជអង្គបន្ទាប់ព្រះជន្មនៅក្មេងខ្ចី
ចូលចិត្តប្រើមនុស្សកម្លោះៗ ប៉ុន្តែខ្លួនខ្ញុំចាប់ផ្ដើមចាស់ជរាហើយ
តែនឹកស្មានមិនដល់ នៅទីបំផុត ក៏ត្រូវជួបប្រទះលទ្ធផលដូចនេះ មូលហេតុនេះហើយ
ដែលធ្វើឲ្យខ្ញុំទប់អារម្មណ៍ឈឺចាប់នេះមិនបាន។
បុរសដើរតាមផ្លូវម្នាក់នោះ
ទាំងយល់ចិត្តយល់ថ្លើមក្នុងជតាកម្មរបស់បុរសចាស់នោះណាស់ ប៉ុន្តែបែរជាមិននឹកអ្វីឃើញឡើយថា
នឹងប្រើពាក្យសម្តីយ៉ាងណាមកលួងលោមរូបគាត់បានត្រូវ។
“ទោះបីក្នុងលោកនេះ មិនមានអ្នកណាយល់ក៏ដោយ តែយើងយល់ពីខ្លួនយើង
ប៉ុណ្ណេះគឺ វាគ្រប់គ្រាន់ហើយ”
អស់លោកអ្នកអានទាំងឡាយ...
ការដាក់ទិសដៅធ្វើការងាររបស់ខ្លួនឯងនោះ មិនគួរនាំទៅចងជាប់ជាមួយបុគ្គលដទៃ
ដោយសារលក្ខខណ្ឌទាំងនោះអាចប្រែប្រួលបានជានិច្ច។ ភាពពេញចូលចិត្តរបស់មនុស្សយើង
អាចមានការប្រែប្រួលគ្រប់កាលៈទេសៈ ទោះបីភាពចូលចិត្តមិនដូរផ្លាស់ក៏ដោយ
តែលក្ខខណ្ឌក៏អាចដូរផ្លាស់បាន ការធ្លាក់ចេញពីតំណែង ឬការស្លាប់ដូចជាក្នុងរឿងនេះ។
រឿងដែលយើងគួរធ្វើ គឺត្រួតពិនិត្យពិច័យមើលខ្លួនឯងថា តើយើងមានការថ្នឹក
មានការស្ទាត់ជំនាញក្នុងរឿងអ្វី? ស្វែងរកការងារដែលយើងថ្នឹក ស្ទាត់ជំនាញ អាចប្រើសក្ដានុពលខ្លួនឯងបានពេញទំហឹង
ហើយកិច្ចការងារនោះ ត្រូវជារឿងដែលមានអត្ថប្រយោជន៍ ចំពោះសង្គមយើងផងដែរ។ ការចងជាប់ទិសដៅធ្វើការងាររបស់យើងចូលជាប្រយោជន៍របស់អង្គភាព
ឬសង្គមសមូហភាព ជាលក្ខខណ្ឌដែលមានការបំប្រែបំប្រួលបានពិបាកជាងស្ថេរភាពថា
ការសម្របសម្រួលខ្លួនតាមអ្នកបង្គាប់បញ្ជា ជារឿងចាំបាច់គួរធ្វើ
តែគួរជាការសម្របសម្រួលក្នុងជ្រុងមួយនៃសម្ព័ន្ធភាព និងម៉ូដែលធ្វើការងារប៉ុណ្ណោះ។
ខ្លឹមសាររបស់ការងារដែលយើងធ្វើនោះ គួរឲ្យមានភាពជាក់លាក់
មិនស្ទាក់ស្ទើររាយមាយចិត្តទៅមកទេ ត្រូវហ្វឹកហាត់ខ្លួនឯងឲ្យបានខ្ជាប់ខ្ជួន ឲ្យមានសមត្ថភាពស្ទាត់ជំនាញពិតប្រាកដមែន។
ចុងក្រោយសេចក្ដីសម្រេចក៏នឹងក្លាយជារបស់យើង។ បើយើងចេះដាក់គោលដៅភាពជោគជ័យទុក ទាក់ទង់នឹងភាពជោគជ័យនៃការងារ
ប្រយោជន៍ដែលបានកើតឡើងជាមួយអង្គភាព និងសង្គមសមូហភាព មិនមែនថា ទាក់ទង់ភាពរីកចម្រើនរបស់ខ្លួនឯងទេ
តែអាចចាត់ទុកថា ជាផលបណ្ដែតបាន យើងកាន់តែបំពេញការងារយ៉ាងសប្បាយ
និងក្លាយជាអ្នកធ្វើការងារដ៏មានសេចក្ដីសុខ៕
វាយមេថេវ
បុរិសោ យាវ អត្ថស្ស និប្បទា
កើតជាមនុស្ស
គួរព្យាយាមរឿយៗទៅ ទម្រាំនឹងសម្រេច។
---------------------------------------------------------
(វិរោចនអសុរិន្ទសូត្រ ១៥/៣១៣)
(វិរោចនអសុរិន្ទសូត្រ ១៥/៣១៣)
ប្រភព៖ winne.ws
ប្រែ.ចាន់
No comments:
Post a Comment