Monday, January 30, 2017

និទានរឿងនេះ ផ្តល់នូវគំនិតល្អៗយ៉ាងច្រើន ចូរអានវា ហើយអានឲ្យបានចប់ចុងចប់ដើម


និទានរឿងនេះ នាំគ្នាអានមើល ពិតជាសក្ដិសមតម្លៃមែន...
កាលកន្លងទៅហើយ មានស្មូមយាចកម្នាក់ចេញដើរសុំទានគេរាល់ថ្ងៃ គេចង់មានជីវិតដូចជាមនុស្សដូចគេដូចឯងដែរ។ ព្រោះហេតុដូច្នោះ គេទើបនឹងសុំទានស្បៀងជាអាហារសដូវ  ហើយសន្សំទុក ប៉ុន្តែថាគេបានឃ្លាំងសន្សំទុកស្បៀងមកជាច្រើនឆ្នាំ ឃ្លាំងស្បៀងរបស់គេគឺ មានត្រឹមតែស្បៀងបន្តិចបន្តួច គេមិនយល់ថា តើមូលហេតុអ្វីកើតមានជាយ៉ាងដូច្នោះ? គេទើបសម្រេចចិត្តស្វែងរកមូលហេតុដែលកើតឡើងនោះ។

ក្នុងរាត្រីយប់មួយ គេលបពួនសង្ងំក្នុងជ្រុងម្ខាងនៃផ្ទះ និងសំឡឹងរំពៃទៅកាន់កន្លែងស្បៀងនោះ។ នៅទីបំផុត គេបានឃើញកណ្ដុរមួយក្បាលធំចូលមកលួចស៊ីស្បៀងរបស់គេ។ គេខឹងណាស់ ស្រែកទៅកាន់កណ្ដុរថា ផ្ទះអ្នកមាន មានអាហារច្រើន ចុះហេតុអ្វី ឯងមិនទៅស៊ី  ហេតុអ្វីបែរមកស៊ីអាហារអញដែលប្រមូលសន្សំទុកមកយ៉ាងលំបាកទៅវិញ?កណ្ដុរនិយាយឡើងថា ជតាកម្មរបស់អ្នកឯង មានស្បៀអាហារបានត្រឹមតែ៨ភាគ ដើរឲ្យសព្វមួយជុំ ក៏មិនអាចមានស្បៀងអាហារបានគ្រប់ថាំងដែរអ្នកសុំទានសួរកណ្ដុរ ហេតុអ្វីបានជាដូច្នោះ?” កណ្ដុរតបថា ខ្ញុំមិនដឹងទេ អ្នកទៅសួរព្រះពុទ្ធអង្គទៅ។
អ្នកសុំទាន ទើបសម្រេចចិត្ត ធ្វើដំណើរទៅកាន់ទិសខាងលិច ដើម្បីទៅទូលសួរព្រះពុទ្ធ ថា មូលហេតុអ្វី ខ្លួនមានជតាជីវិតដូច្នោះ។
អ្នកសុំទានក៏ចេញដំណើរ គេសុំទានតាមផ្លូវបណ្ដើរៗ ធ្វើដំណើរទៅឆ្ងាយណាស់។ ថ្ងៃមួយ គេដើរទាល់តែមេឃងងឹត ទើបឃើញផ្ទះមួយខ្នង គេប្រញាប់ទៅគោះទ្វារ មានម្ចាស់ផ្ទះដើរចេញមកសួរថា មានរឿងអ្វី? គេប្រាប់សុំបាយស៊ីបន្តិច។ ស្រាប់តែសេដ្ឋីម្ចាស់ផ្ទះចេញមកឃើញ ហើយសួរអ្នកសុំទានថា ងងឹតយ៉ាងនេះហើយ ចុះហេតុអ្វីនៅធ្វើដំណើរទៀត អ្នកសុំទានទើបនិយាយជតាជីវិតឲ្យសេដ្ឋីស្តាប់។
គេប្រាប់ថា នឹងទៅទូលសួរហេតុផលចំពោះព្រះពុទ្ធអង្គ។ សេដ្ឋីបានឮដូច្នោះ ប្រញាប់អញ្ជើញអ្នកសុំទានចូលទៅអង្គុយក្នុងផ្ទះ ឲ្យស្បៀងអាហារសដូវ និងប្រាក់ដល់គេមួយចំនួន។ អ្នកសុំទានសួរ ហេតុអ្វីធ្វើដូច្នោះ? សេដ្ឋីទើបនិយាយប្រាប់ហេតុផលឲ្យស្តាប់ថា កូនស្រីខ្ញុំមានអាយុ១៦ឆ្នាំហើយ នៅនិយាយមិនទាន់កើត សុំអង្វរឲ្យអ្នកជួយទូលសួរហេតុផលចំពោះព្រះពុទ្ធអង្គឲ្យផង។
សេដ្ឋីធ្លាប់បានស្បថថា អ្នកណាក៏ដោយ ដែលអាចធ្វើឲ្យកូនស្រីគាត់និយាយកើត គាត់នឹងឲ្យកូនស្រីរៀបការជាមួយអ្នកនោះ។ អ្នកសុំទានបានស្តាប់ដូច្នោះ គិតថា ម្ដេចម្ដាក៏ខ្លួនទៅរកព្រះពុទ្ធអង្គស្រាប់ហើយ ចាំយើងយកឱកាសនេះជួយទូលសួរឲ្យគាត់បាន។ អ្នកសុំទានទើបព្រមទទួលពាក្យ ថានឹងទួលសួរឲ្យ។
អ្នកសុំទានធ្វើដំណើរបន្តទៅ ឆ្លងកាត់ភ្នំតូចធំខ្ពស់ទាប ដើរដល់កូនភ្នំមួយ ឃើញវត្តមួយកន្លែង ម្លោះហើយគេក៏ចូលទៅសុំទឹកផឹក ឃើញភិក្ខុចាស់មួយអង្គកាន់ឈើច្រត់ រូបរាងឫកពារចាស់ណាស់ ប៉ុន្តែមើលទៅស្វាហាប់ លោកតាយកទឹកឲ្យគេផឹក និងប្រាប់ឲ្យគេសម្រាក់មួយសន្ទុះសិនទៅ រួចហើយសួរថា នឹងទៅណា? អ្នកសុំទានប្រាប់អំពីគោលដៅដែលនឹងទៅ។ លោកតាប្រញាប់ចាប់ដៃអ្នកសុំទាន ហើយមានថេរដីកាថា សុំអង្វរអ្នក ត្រូវជួយទូលសួរព្រះពុទ្ធអង្គឲ្យបន្តិច។ អាត្មាចូលឈានហ្វឹកហាត់ខ្លួនអស់៥០០ឆ្នាំជាងហើយ តាមល័ក្ខគោលគួរនឹងទៅកាន់ឋានសួគ៌ហើយ ចុះហេតុអីក៏ហោះឡើងទៅមិនបាន? អ្នកសុំទានក៏ទទួលយល់ព្រមទួលសួរព្រះពុទ្ធឲ្យ។


អ្នកសុំទានដើរទៅខាងមុខ ឆ្លងកាត់ទាំងជ្រោះជ្រងជ្រលងដងអូរ ស្ទឹងបឹងបួ អ្នកសុំទានមកដល់មាត់ស្ទឹងមួយ ក្នុងស្ទឹងមិនមានទូកចំលងមួយឡើយ អ្នកសុំទានអន្ទះសារចិត្ត នឹងធ្វើយ៉ាងម៉េចទើបល្អ? នឹងឆ្លងទៅបានយ៉ាងម៉េច? អ្នកសុំទានយំ និងនិយាយថា ឬមួយថា ជីវិតខ្ញុំនឹងត្រូវលំបាកដូច្នេះឬ? ភ្លាមនោះ អណ្តើកយក្ខមួយក្បាលផុសឡើងចេញពីផ្ទៃទឹក អណ្ដើកចាស់នោះនិយាយភាសាមនុស្សបាន សួរអ្នកសុំទានថា មកទួញយំទីនេះធ្វើអ្វី? អ្នកសុំទាននិយាយរឿងរ៉ាវទាំងអស់ឲ្យស្ដាប់។ អណ្ដើកចាស់និយាយជាមួយអ្នកសុំទានថា ខ្លួនបានចូលឈានប្រតិបត្តិខ្លួនមកអស់១០០០ឆ្នាំហើយ តាមល័ក្ខគោលគួរនឹងក្លាយជានាគហោះហើរបានហើយ ហេតុអ្វីនៅតែអណ្ដើកចាស់មួយក្បាលដដែលទៀត? បើអ្នកទៅជួបគាល់ព្រះពុទ្ធអង្គ សុំជួយទូលសួរឲ្យខ្ញុំផង ខ្ញុំនឹងឲ្យអ្នកឡើងជិះលើខ្នងចម្លងអ្នកទៅកាន់ត្រើយខាងនោះ។ អ្នកសុំទានក៏ទទួលយល់ព្រមដោយត្រេកអររីករាយ។
អ្នកសុំទានដើរទៅចាំមិនបានថា ប៉ុន្មានថ្ងៃទៀតទេ ក៏នៅតែរកព្រះពុទ្ធអង្គមិនជួប គិតក្នុងចិត្តថា តើព្រះពុទ្ធអង្គទ្រង់គង់នៅក្នុងទីណាហ៎្ន? ដែនដីសុខាវតីនឹងដល់ហើយ។ អ្នកសុំទានមានចិត្តអស់សង្ឃឹមខ្លាំងណាស់ ភ្លើភ្លេចដេកលង់លក់បាត់ទៅបែបទ័លតម្រិះប្រាជ្ញា។
មួយរំពេចនោះ ព្រះពុទ្ធអង្គទ្រង់ប្រាកដឡើង។ អ្នកសុំទានត្រេកអរណាស់។ ព្រះពុទ្ធអង្គទ្រង់សួរអ្នកសុំទានថា អ្នកធ្វើដំណើរឆ្ងាយយ៉ាងនេះ គួរនឹងមានសំនួរអ្វីសំខាន់ណាស់មែនទេ? ពិតមែនហើយព្រះអង្គ ទូលបង្គំនឹងចង់ទួលសួរ សង្ឃឹមថាព្រះអង្គទ្រង់នឹងពន្យល់ឲ្យទូលបង្គំយល់បាន។ ព្រះពុទ្ធអង្គឆ្លើយតបថា បានហើយ ប៉ុន្តែមានលក្ខខណ្ឌមួយ អ្នកអាចសួរបានច្រើនបំផុត៣សំនួរប៉ុណ្ណោះ ព្រោះថាមិនមានអ្នកសួរលើសពី៣សំនួរមកពីមុនទេ។ អ្នកសុំទានក៏ឆ្លើយយល់ព្រម ដោយគិតក្នុងចិត្តថា ខ្ញុំនឹងសួរសំណួរណាល្អ? អ្នកសុំទានមានអារម្មណ៍ថា ចម្ងល់របស់ខ្លួនឯងពិតជាសំខាន់ណាស់។


អណ្ដើកចាស់មួយក្បាលបានចូលឈាន១០០០ឆ្នាំមកហើយ វាមិនមែនជារឿងងាយប៉ុន្មានទេ សួរសំណួរអណ្ដើកដើម្បីចង់ដឹងលោមើល។ ភិក្ខុចាស់ជរាប្រតិបត្តិធម៌៥០០ឆ្នាំមក ក៏លំបាកណាស់ដែរ សួរសំណួរលោកដើម្បីចង់ដឹងលោមើល។ កូនស្រីសេដ្ឋីពិតជាគួរឲ្យអាណិតនាងពន់ពេកណាស់ និយាយមិនកើតហើយ នឹងរៀបការបានយ៉ាងម៉េចទៅ!
សំណួររបស់គេ ក៏ឲ្យចង់សួរ ហើយអ្នកសុំទាន ទើបមិនស្ទាក់ស្ទើរអល់ឯករារែកត្រង់នឹងសួរសំណួរទី១។
ព្រះពុទ្ធអង្គទ្រង់ឆ្លើយតបថា អណ្ដើកចាស់មិនព្រមលះបង់ស្នូករបស់វា ម្លោះហើយវាមិនអាចក្លាយជានាគបាន នៅក្នុងស្នូកអណ្ដើកមានគុជរាត្រី២៤គ្រាប់ បើវាព្រមលះបង់ស្នូករបស់វាបាន វានឹងក្លាយជានាគហើយ។
សំណួរទី២ ព្រះអង្គទ្រង់ឆ្លើយថា ភិក្ខុចាស់ជរាកាន់ឈើច្រត់វិសេសទាំងថ្ងៃ ក្នុងចិត្តបារម្ភតែឈើច្រត់ថា ជារបស់ពិសេស ប្រើឈើច្រត់នោះគោះផ្ទៃប្រថពីមួយដង ទៅលើដី ក៏នឹងក្លាយជាអូរទឹកថ្លា ប្រសិនបើភិក្ខុចាស់នោះព្រមបោះចោលឈើច្រត់នោះ លោកនឹងឡើងទៅកាន់ឋានសួគ៌បានហើយ។
អ្នកសុំទានសប្បាយចិត្តណាស់ ទើបសួរសំនួរទី៣ ព្រះអង្គឆ្លើយតបថា បើក្មេងស្រីបានជួបមនុស្សដែលនាងស្រឡាញ់ នាងនឹងនិយាយបានឯកឯង ហើយភ្លាមនោះ ព្រះពុទ្ធអង្គទ្រង់រលាយបាត់ទៅ។
អ្នកសុំទានមានអារម្មណ៍ថា បញ្ហារបស់ខ្លួនឯងមិនមានអ្វីសំខាន់ ត្រឡប់ទៅសុំទានដូចដើមវិញល្អជាង រួចហើយទើបរួតរះធ្វើដំណើរត្រឡប់មកវិញ។ អ្នកសុំទានត្រឡប់មកដល់មាត់ស្ទឹង  អណ្តើកចាស់បញ្ចេញវោហាថា អ្នកសុំទានគួរនឹងមកដល់ហើយ ទើបប្រញាប់សួរថា ព្រះពុទ្ធអង្គទ្រង់ត្រាស់ថាម៉េច? អ្នកសុំទាននិយាយថា អ្នកនាំខ្ញុំទៅកាន់ត្រើយខាងនោះសិនទៅ ខ្ញុំនឹងនិយាយឲ្យស្ដាប់។ អណ្តើកនាំអ្នកសុំទានឆ្លងស្ទឹងទៅ។ អ្នកសុំទាននិយាយពីមូលហេតុឲ្យស្តាប់ អណ្តើកស្ដាប់ហើយយល់ភ្លាម ទើបដោះស្នូកចេញ លើកឲ្យអ្នកសុំទាន និងនិយាយថា ក្នុងនេះមានគុជរាត្រី២៤គ្រាប់ ជាវត្ថុដ៏មានតម្លៃកាត់ថ្លៃពុំបាន សម្រាប់ខ្ញុំវាលែងមានប្រយោជន៍ហើយ ខ្ញុំសូមលើកប្រគល់ឲ្យអ្នក អណ្ដើកចាស់ទើបក្លាយជានាគ ហោះហើរបានទៅ។
អ្នកសុំទានយកគុជរាត្រី២៤គ្រាប់ ប្រញាប់ធ្វើដំណើរមកដល់លើកំពូលភ្នំ ជួបជាមួយភិក្ខុចាស់ជរា។ ភិក្ខុចាស់ជរាប្រញាប់សួរថា ព្រះពុទ្ធអង្គទ្រង់ត្រាស់ថាម៉េច? អ្នកសុំទាននិយាយពីមូលហេតុឲ្យស្តាប់។ ភិក្ខុចាស់ជរាបានស្តាប់ហើយត្រេរអរណាស់ ទើបប្រគល់ឈើច្រត់វិសេសនោះឲ្យដល់អ្នកសុំទាន ភិក្ខុចាស់ជរាទើបជិះដុំពពកឡើងកាន់អាកាសវេហាបាត់ទៅ។
អ្នកសុំទានធ្វើដំណើរមកដល់មុខផ្ទះសេដ្ឋី មួយរំពេចនោះ មានស្រ្តីក្រមុំរត់ចេញមក និងស្រែកសំនៀងដូចថា មនុស្សដែលទៅសួរព្រះពុទ្ធអង្គ ត្រឡប់មកវិញហើយ សេដ្ឋីក៏រត់ចេញមក គាត់រំភើបចិត្តណាស់ ដែលនៅសុខៗកូនស្រីគាត់និយាយបាន អ្នកសុំទានរៀបរាប់តាមដំណើរដើមទងទៅ សេដ្ឋីសប្បាយចិត្តជាខ្លាំង ទើបឲ្យកូនស្រីរៀបការជាមួយអ្នកសុំទាននោះ។
សេ្នហាដែលឲ្យចេញទៅ សេ្នហានោះក៏ត្រឡប់តបស្នងសងមកវិញ។
សេចក្ដីសុខដែលឲ្យចេញទៅ សេចក្ដីសុខនោះក៏ត្រឡប់តបស្នងសងមកវិញ។
គិតដើម្បីមនុស្សដទៃ រមែងនឹងត្រូវមានមនុស្សគិតដល់អ្នក។
នេះគឺជាហេតុ និងផល នេះគឺជាក្រិត្យក្រមច្បាប់។
ពេលប្រិយមិត្តបានអាននូវអត្ថបទចប់ហើយ ប្រិយមិត្តអាចមានជម្រើសពីរគឺ៖
១) ប្រិយមិត្តអ្នកអានចែករំលែកចេញទៅតាមសមត្ថភាព ញ៉ាំងឲ្យពិភពលោកនេះមានសេចក្ដីស្រឡាញ់ទ្វេរឡើង។
២) ប្រិយមិត្តអ្នកអានអាចមិនចាប់អារម្មណ៍ ដូចពេលមួយដែលប្រិយមិត្តអ្នកអាននៅមិនទាន់បានអានវា។
ការចែករំលែករបស់បន្តិចបន្តួចរបស់ប្រិយមិត្តអ្នកអាន អាចឆ្លុះបញ្ចាំងបំភ្លឺឲ្យជីវិតមនុស្សច្រើនណាស់។ មនុស្សដែលមានក្ដីសុបិន ទើបធ្វើរឿងធំធេងឡើងបាន។ ការធ្វើនេះសោត កាន់តែធ្វើឲ្យមានជោគជ័យ។ ការរៀនដឹងរបស់ប្រិយមិត្តអ្នកអាន អាចធ្វើឲ្យប្រិយមិត្តអ្នកអានមានបំប្រែបំប្រួលចេញពីសភាពដើមបានទៀតផង៕

ប្រភព៖ ផេក អត្ថបទនិងរូបភាព តេ.សិរិវំសោ
www. google.co.th
ប្រែ.ចាន់




No comments:

Post a Comment