Tuesday, January 31, 2017

បុគ្គលណាធ្វើហេតុ រមែងបានទទួលផលតាមហេតុនោះប្រាកដ


បុគ្គលណាធ្វើហេតុ រមែងបានទទួលផលតាមហេតុនោះប្រាកដ

ពេលមានហេតុរមែងមានផល ពេលធ្វើហេតុ រមែងបានទទួលផល និងផលរមែងត្រូវតាមហេតុជានិច្ច។ បុគ្គលណាធ្វើ បុគ្គលនោះនឹងជាអ្នកទទួលផលជាក់ជាមិនខានឡើយ។ ពេលណាកំពុងមានសេក្ដីសុខ មិនថាអ្នកកំពុងមានសេចក្ដីសុខនោះ នឹងជាយើង ឬជាគេទេ ពេលនោះគប្បីដឹងការពិតថា ហេតុល្អដែលធ្វើទុកពិត កំពុងឲ្យផលពិត បុគ្គលធ្វើហេតុល្អនោះ កំពុងសោយផលនៃហេតុល្អនោះហើយ។

សូម្បីតែបុថុជ្ជន នឹងមិនអាចវាស់ស្ទង់ដឹងឲ្យឃើញជាក់ច្បាស់បានថា ធ្វើហេតុល្អ ឬកម្មល្អណាទុក ប៉ុន្តែក៏គប្បីប្រាកដចិត្តថា ហេតុនៃសេចក្ដីសុខ ដែលកំពុងបានសោយ ជាហេតុល្អពិតមែន ជាកម្មល្អពិតមែន ផលល្អកើតពីហេតុល្អប៉ុណ្ណោះ ផលល្អមិនកើតពីហេតុអាក្រក់ឡើយ។

ពេលណាកំពុងមានសេចក្ដីទុក្ខ សេចក្ដីក្ដៅក្រហាយ មិនថាបុគ្គលកំពុងមានសេចក្ដីទុក្ខ សេចក្ដីក្ដៅក្រហាយនោះ នឹងជាយើង ឬជាគេទេ។ ពេលនោះគប្បីដឹងការពិតថា ហេតុមិនល្អដែលធ្វើទុកពិត កំពុងឲ្យផលពិត បុគ្គលធ្វើហេតុមិនល្អនោះ កំពុងសោយផលនៃហេតុមិនល្អនោះស្រាប់។

សូម្បីតែបុថុជ្ជននឹងមិនអាចវាស់ស្ទង់ដឹងឲ្យឃើញជាក់ច្បាស់បានថា ធ្វើហេតុមិនល្អ ឬកម្មមិនល្អណាទុក ប៉ុន្តែក៏គប្បីដឹង គប្បីមុតមាំក្នុងចិត្តថា ហេតុនៃសេចក្ដីទុក្ខ សេចក្ដីក្ដៅក្រហាយ ដែលកំពុងបានសោយនៅជាហេតុមិនល្អពិត ជាកម្មមិនល្អពិត ផលមិនល្អកើតតែជាហេតុមិនល្អប៉ុណ្ណោះ ផលមិនល្អមិនមានកើត តែហេតុល្អបានឡើយ។

ធ្វើល្អត្រូវបានល្អជានិច្ច មិនវៀរលែងដោយហេតុណាទាំងអស់

ពេលណាគិតថា យើងធ្វើល្អមិនបានល្អ ឬគេធ្វើល្អមិនបានល្អ ក៏គប្បីដឹងថា ពេលនោះកំពុងវង្វេងគិតពីការពិត កំពុងយល់ខុសពីការពិត ធ្វើល្អត្រូវបានផលល្អជានិច្ច មិនមានប្រការណាវៀរលែងដោយហេតុផលអ្វីទាំងអស់៕
------------------------------------
អប់រំដោយ
តេ.សំវរ

No comments:

Post a Comment