Saturday, January 21, 2017

ទោសរបស់វាចា


 “មនុស្សដែលចូលចិត្តជេរ ឬមូលបង្កាច់ទម្លាក់កំហុសឲ្យអ្នកដទៃ កម្មនោះនឹងរហ័សណាស់ ជាកម្មផ្លូវវាចា មានផលអាក្រក់ខ្លាំងណាស់។ តេជគុណ ប៉ូ លោកច្រើនមានថេរដីកាអំពីមង្គលដ៏សំខាន់ ដែលលោកចង់ឲ្យកូនសិស្សគណ បាននាំយកទៅប្រតិបត្តិនោះគឺ មង្គល៣៨ប្រការ។ មង្គលមួយក្នុងចំណោមមង្គលទាំង៣៨ប្រការនេះ លោកច្រើនតែមានថេរដីកាច្រើនជាងគេនោះគឺ សម្មាវាចា គឺវាចាដែលពោលត្រូវ ពោលតែរឿងដែលនាំមកនូវមង្គល។ លោកមានថេរដីកាថា មនុស្សភាគច្រើន ច្រើនតែសាងកម្មតាមផ្លូវវាចា ព្រោះថាផ្លូវនេះសាងឡើងបានងាយ បានឆាប់ ប៉ុន្តែខ្លួនគេមិនដឹងទេថា ផលរបស់កម្មនេះមានទម្ងន់។ តើពេលវាឲ្យផល នឹងអាក្រក់ខ្លាំងប៉ុនណាទៅ?

ពាក្យសម្ដីនោះសំខាន់ណាស់ អ្នកខ្លះនិយាយអាក្រក់ដាក់អ្នកដទៃ ទាល់តែកើតមានហេតុនាំឲ្យមានសេចក្ដីក្រោធខឹង ស្អប់គ្នាអស់មួយជីវិតក៏សឹងមាន។ ជួនកាលអ្នកខ្លះ និយាយមិនបានប៉ុន្មានពាក្យផង ក៏តមាត់តកគ្នា មិននិយាយរកគ្នា អស់ជាច្រើនឆ្នាំ។ មនុស្សមួយផ្នែកទៀត ឡើងក្ដីក្ដាំដល់ឃុំ ដល់ស្រុក ដល់ខេត្ត និងតុលាការ ឬឈ្លោះវិវាទគ្នារហូតដល់ធ្វើឃាតគ្នាសម្លាប់គ្នា ក៏ព្រោះតែពាក្យសម្តីដែលអាក្រក់នេះឯង ដែលជាតួអង្គបង្ករនូវភាពក្ដៅក្រហាយដល់គ្នានិងគ្នា។

តេជគុណប៉ូ លោកបានបង្រៀនអប់រំជារឿយៗថា កុំទៅនិយាយអាក្រក់ជាមួយអ្នកណា ប្រសិនបើមានមនុស្សស្ដីថា ឬជេរយើង តែយើងមិនស្តីថា ឬមិនជេរតបតវិញ វាក៏គ្មានរឿងអីកើតឡើើងជាមួយគ្នា  បើឯងទៅជេរបញ្ចោរគេពេលណា ពេលនោះឯងនឹងមានរឿងធំ។ លោកបង្រៀនអប់រំសិស្សគណជានិច្ចថា កុំទៅនិយាយបំផ្លាញក្ដីសង្ឃឹមរបស់គេ ព្រោះនោះអាចជាក្តីសង្ឃឹមតែមួយគត់ដែលគេមាន។ បើឯងទៅនិយាយពេលណា កម្មធ្ងន់ណាស់ នឹងធ្លាក់មកលើខ្លួនឯងវិញ។ លោកមានថេរដីកាបន្តទៀតថា មនុស្សដែលចូលចិត្តជេរ ឬមូលបង្កាច់ទម្លាក់កំហុសឲ្យដល់ជនដទៃ រួមទៅដល់ពាក្យសម្ដីអាក្រក់ផ្សេងៗជាមួយអ្នកដទៃនោះ កម្មនោះនឹងមកលឿនឆាប់រហ័សណាស់ ឬកម្មឃើញទាន់ហន់ទាន់លោកិយ។ ទាញជាឧទាហរណ៍ថា គេម្នាក់នោះនឹងជាមនុស្ស ដែលមានខ្មាំងសត្រូវទាំងខាងក្នុង និងខាងក្រៅ មិនជាទីស្រឡាញ់របស់មនុស្សទូទៅ មិនខុសពីមនុស្សដែលគួរឲ្យស្អប់ខ្ពើមដល់មនុស្សផងទាំងឡាយ។កម្មនេះ នឹងធ្វើឲ្យគេមានរឿងក្ដីក្ដាំ និងរឿងក្ដៅក្រហាយមកដល់ជារឿយៗទាំងផ្លូវកាយ និងផ្លូវចិត្ត។ 

ជួនកាលអ្នកខ្លះធ្វើកម្មនេះទៅរឿយៗ ដោយមិនដឹងខ្លួន ពេលកម្មល្អដែលខ្លួន ធ្លាប់កសាងសន្សំមកពីមុនក៏អស់ទៅ ឬនៅតិចទៅៗ កម្មអាក្រក់ដែលកំពុងសាងនេះ នឹងតមស្នងសងគុណគេបានយ៉ាងដំណំទាំងក្នុងភពនេះនិងភពខាងមុខ។ ក្នុងភពនេះ កម្មដែលធ្លាប់សាងមកកំពុងផ្តល់ផលឲ្យមានសេចក្ដីសុខក្សេមក្សាន្ត ឬមានលាភ យស បុណ្យស័ក្ដិ ទ្រព្យសម្បត្តិ កម្មអាក្រក់នឹងចូលមកកាត់ផ្ដាច់កម្មល្អ  ដូចជាតួយ៉ាង គេម្នាក់នោះទៅចាក់កន្ទុយលេខ ៥៦ ដល់ពេលឆ្នោតចេញ ចេញលេខ ៥៥ ឬ៥៧ទៅវិញ។  ជួនកាលទៅទាក់ទងការងាររកស៊ីលក់ដូរជួញប្រែ ឬកិច្ចការការងារផ្សេងៗ យល់ឃើញថា កិច្ចការងារនេះប្រាកដជាបាន ប៉ុន្តែដល់ពេលវេលាក៏ទៅមិនទាន់ខ្លះ ទៅដល់តែមិនបានជួប ឬមានហេតុផលផ្សេងទៅវិញ ដែលជាឧបសគ្គមករាំងស្ទះជាប់ជានិច្ច។

តាមពិតទៅ គេម្នាក់នោះ នឹងមានសំណាងត្រូវបានខ្ទង់រយលាន គេបែរជាទទួលបានត្រឹមតែម៉ឺនៗទៅវិញ ឬសំណាងត្រូវបានរាប់ម៉ឺនសែន តែបានមិនប៉ុន្មានម៉ឺនទៅវិញ ឬបានត្រឹមម៉ឺន តែបានមកត្រឹមតែប៉ុន្មានពាន់រៀលទៅវិញ នេះកើតមានព្រោះកម្មអាក្រក់ ចូលមកកាត់ផ្ដាច់កម្មល្អ រួមទាំងញាតិបងប្អូន កូនចៅ កូនក្មួយ  ពួកគេទាំងនោះក៏បង្ករភាពក្ដៅក្រហាយវិនាសហិនហោចមកឲ្យ បងប្អូន ឬញាតិមិត្តរហូតដល់មិត្តភក្ដ្រិក្លើម្រ័ក្ស ក៏កេបគេងបន្លំបំបាត់បោកប្រាសលុយកាក់ ទ្រព្យសម្បត្តិរបស់ខ្លួនទៅខ្លះ។ 

ជួនកាលពេលខ្លះ ក៏និយាយពាក្យសម្ដីមូលបង្កាច់ទម្លាក់កំហុសឲ្យសព្វគ្រប់ប្រការ។ ស្តីជេរថា បង្កជម្លោះវិវាទធ្វើឲ្យខ្លួន មិនសប្បាយកាយមិនសប្បាយចិត្តយ៉ាងខ្លាំង មានរឿងក្ដៅក្រហាយសព្វបែបយ៉ាង គ្រប់ពេលវេលា ដូចជាមិនចេះចប់មិនចេះហើយ កូនចៅនោះវិញ ក៏ចចេសរឹងរូស មិនសូវយកចិត្តទុកដាក់ក្នុងពាក្យសម្ដី ទៅបង្ករភាពក្ដៅក្រាយឲ្យដល់ខ្លួន បង់ខាតលុយកាក់ ពោលប្រដៅថា មិនសូវយកត្រចៀកស្ដាប់ មិនគោរពធ្វើតាម។ កូនចៅខ្លះទៀត អកត្តញ្ញូ មិនដឹងគុណ ខ្លួនឯង ហើយច្រើនតែនឹងឲ្យខ្លួនក្ដៅក្រហាយដោយកើតរោគអាក្រក់ ដែលរក្សាព្យាបាលបានជាសះស្បើយពិបាក ឬរក្សាព្យាបាលមិនជាសោះ ដូចជា ជម្ងឺងាប់ដៃជើង ងាប់មួយចំហៀងខ្លួន មហារីកគ្រាប់ឈាម មហារីកថ្លើម មហារីកខួរឆ្អឹងខ្នង ទឹកនោមផ្អែម រោគបេះដូង  និងរោគអាក្រក់ច្រើនប្រភេទទៀត។ 

តេជគុណប៉ូ លោកមានថេរដីការទុកថា  កម្មតាមផ្លូវវាចា មានផលអាក្រក់ខ្លាំងណាស់ ការណ៍ដែលយើងនិយាយមូលបង្កាច់ ឬនិយាយអាក្រក់ឲ្យអ្នកដទៃ ធ្វើឲ្យអ្នកដទៃក្ដៅក្រហាយ ឬខូចចិត្តថ្លើម ឬទៅនិយាយឲ្យគេអស់ក្ដីសង្ឃឹមរបស់គេ បើដឹងខ្លួនហើយឲ្យឈប់ បើមិនឈប់ទេ កម្មនោះ បើមិនតមស្នងឲ្យក្នុងជាតិនេះ ដល់ពេលស្លាប់ទៅ ក៏ត្រូវទៅរំដោះរំលោះផលកម្មនោះ ក្នុងនរកតាមរណ្ដៅផ្សេងៗទៀត។ 

លោកមានថេរដីការ និងបង្រៀនអប់រំសិស្សគណជារឿយៗថា មនុស្សល្អគេមិនវាយអ្នកណាទេ” ។ ពាក្យថាមនុស្សល្អមិនវាយអ្នកណា មានន័យថា មិនមែនទៅយកឈើរំពាត់ ថ្មោង ឈើរឹងទៅវាយដំគេទេ ប៉ុន្តែលោកមិនឲ្យនិយាយស្ដី មិនល្អ ជេរ មូលបង្កាច់ទម្លាក់កំហុស ដែលធ្វើឲ្យអ្នកដទៃ ក្ដៅក្រហាយ វិនាសបាត់បង់ និងចិត្តកើតទុក្ខ” ហ្នឹងឯង៕

ប្រភព៖ ពុទ្ធ ធម្មនាំចិត្ត

         


                                

No comments:

Post a Comment