Tuesday, January 3, 2017

ពេលវេលា


 “...ពាក្យថា ពេលវេលា នេះ កាលបើស្តាប់មើលដោយមិនបានគិតពិចារណានុ៎ះ វាមើលទៅហាក់ដូចជាពាក្យធម្មតាៗ គ្មានអ្វីណាពិសេសពិសាលសោះឡើយ ប៉ុន្តែតាមការពិតមែននោះ ពាក្យនេះ ជាពាក្យមួយដ៏មានអត្ថន័យជ្រាលជ្រៅបំផុត ដែលជាប្រស្នាមួយចង្អុលបង្ហាញប្រាប់ ទៅដល់រឿង ដែលមានសក្ដានុពលបំផុតនៅក្នុងលោក។ ចាស់បុរមបុរាណលោក ពោលប្រៀបធៀបប្រស្នានេះទុកថា


 មាន ស្តេចយក្ខមួយ មានភ្នែកពីរ ម្ខាងភ្លឺ ម្ខាងងងឹត មានមាត់១២ មានធ្មេញមិនច្រើន៣០ ទំពាស៊ីសព្វសត្វដែលរស់នៅលើប្រថពីមួយនេះ តើយក្ខមួយនេះមានឈ្មោះអ្វីទៅ? លោកបានផ្តល់ចម្លើយប្រស្នានេះថា ស្តេចយក្ខមួយនេះឈ្មោះថា ព្រះកាល បានដល់ពេលវេលា ដែលប្រកបទៅដោយ ថ្ងៃ ខែ និងឆ្នាំ។

មួយឆ្នាំមាន១២ខែ ស្មើនឹងមាត់១២
មួយខែមាន៣០ថ្ងៃ ស្មើនឹងធ្មេញ ៣០
ហើយមួយខែ មានខាងខ្នើត ស្មើនឹងភ្នែកភ្លឺ
ភ្នែកម្ខាងទៀតងងឹតស្មើនឹងរនោច។

ថ្ងៃ ខែ ឆ្នាំ ដែលមានចំណែកប្រកបដូចបានពោលមកខាងលើ មានភាពសាហាវឃោរឃៅស្មើនឹងស្តេចយក្ខ គឺអាចចាប់ទំពាស៊ីសព្វសត្វទាំអស់ឲ្យអស់រលីងធេងបាន។

ប្រការនេះ វាជាការពិត ព្រោះមនុស្ស និងសត្វដែលដល់ចាស់ស្លាប់ក្តី កុដិ វិហារ សាលា អាគារ ហាង សាសារៀន និងវត្ថុគ្រប់យ៉ាង ដែលដល់នូវសេចក្ដីចាស់គ្រាំគ្រា ទ្រុឌទ្រោម ធូរខេករខាក ធូររយីករយាក ពុកផុយក្តី កាលបើបានពិចារណាសរុបសន្និដ្ឋានមូលហេតុនេះទៅ នឹងមើលឃើញថា មកពីពេលវេលាដែលកន្លងផុតទៅនោះឯង។ ព្រះពុទ្ធអង្គទ្រង់ត្រាស់ គាំទ្រនូវប្រការនេះថា កាលរមែងទំពាស៊ីសព្វសត្វ ព្រមទាំងខ្លួនរបស់វាផង។ 

ទាំងដែលពេលវេលា ដែលមានអំណាច ប្រៀបដូចជាស្តេចយក្ខពោលមកខាងដើម ក៏នឹងមិនគួរបត់ជើងបត់ដៃ រួញខ្លួនប្រាណ បណ្ដែតបណ្តាយខ្លួនធ្វើជាភត្តាហាររបស់កាលវេលា ដោយគ្មានប្រយោជន៍ឡើយ។ សារៈប្រយោជន៍របស់ជីវិត ពុំបានស្ថិតនៅជាមួយនឹងការមានជីវិតរស់នៅ ក្នុងលោកនេះវែងឬខ្លី និងយូរឬឆាប់ទេ។  

សារៈប្រយោជន៍របស់ជីវិតស្ថិតនៅជាមួយនឹងការធ្វើ បើធ្វើល្អ ទុកណានឹងមានឱកាស រស់រានមានជីវិតនៅក្នុងលោកនេះ ត្រឹមតែមួយខណៈពេលខ្លី ក៏មានឈ្មោះថា ជីវិតនោះមានសារៈ មានខ្លឹមសារ មិនធ្លាក់ចុះក្នុងអំណាចនៃកាលវេលាឡើយ។ ដូចត្រង់ព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងថា អ្នកមិនមានសេចក្ដីប្រមាទ ទុកណាស្លាប់ទៅហើយ  ក៏ដូចជាមិនស្លាប់” ។ ផ្ទុយគ្នានឹងអ្នកខ្លះ ទោះបីជាមានឱកាស មានអាយុវែងដល់រយពាន់ ម៉ឺន សែនឆ្នាំ ប៉ុន្តែមានជីវិតរស់នៅជាមួយនឹងអំពើអាក្រក់ បាបលាមក ជីវិតនៅរស់ រាប់ថា មិនមានសារៈ គ្មានខ្លឹមសារ គង់មានជីវិតរស់នៅ ក៏ទុកដូចជាស្លាប់បាត់ទៅហើយ...”

អប់រំដោយ
ភិ.ចន្ទ កុសលោ
ប្រភព៖ ធម្មៈ ព្រះរ័តន៍


No comments:

Post a Comment