Tuesday, January 3, 2017

មុនចូលនិន្ទ្រា


 “...ក្រោយពីបំពេញកិច្ចការរួចពេញមួយថ្ងៃមក វេលានិន្ទ្រាគួរជាពេលវេលាមួយដល់ការសម្រាកកាយ សម្រាកចិត្ត(ខួរក្បាលភាសាឥឡូវនេះ) របស់យើងពិតណាស់ហើយ តែកុំឲ្យបណ្ដោយឲ្យកិច្ចការងារ ឬហេតុការណ៍នានាទាំងនោះ ដែលបានជួបប្រទះមកពេញមួយថ្ងៃ តាមមករំខានយើងទាំងកំពុងលង់លក់ ទាល់តែក្លាយជាយល់សប្តិយល់សូង រវើរវាយ សុបិនអាក្រក់ ឬដេកមិនលក់រសាប់រសល់ ពេញមួយយប់នោះអី។ មុនចូលនិន្រ្ទា ក្រៅពីការងូតទឹកងូតភក់ជម្រះអង្គប្រាណ ក្អែល ញើស ផង់ធូលីពីសារពាង្គកាយហើយ  គួររកពេលវេលាលាងជម្រះចិត្តឲ្យរួចផុតពីគ្រឿងសៅហ្មង កង្វល់ចិត្ត ដោយការអង្គុយធ្វើសមាធិ ធ្វើចិត្តឲ្យស្ងប់ មានខ្យល់ចេញចូល ដែលជាទីពឹងបង្អែករបស់ចិត្ត។ 

មិនថា អារម្មណ៍សញ្ជឹងគិតអំពីរឿងអ្វីក៏ទេ នឹងផុសចេញឡើងមក ក៏ឲ្យដឹងថា ឲ្យទំនេរ  ឲ្យមានសតិដឹងខ្លួនដោយខ្ជាប់ខ្ជួនជានិច្ច តែប្រសិនបើមានរឿងការរំខានចិត្តច្រើនពេក ក៏ឲ្យសាកល្បងរកមធ្យោបាយផ្សេងៗធ្វើសិន ដូចជា ថ្វាយបង្គំព្រះរតនត្រៃ អានសៀវភៅ ស្តាប់ធម៌ ជាដើម កាលបើអារម្មណ៍លែងមានការជ្រួលច្របល់ថមថយ ទ្រោមចុះហើយ ចាំមកអង្គុយធ្វើសមាធិ។ 

ការត្រៀមលក្ខណៈចិត្តម្យ៉ាងទៀត ដែលសមគួរធ្វើមុនចូលនិន្ទ្រា គឺដាស់តឿនចិត្តថា ជីវិតរបស់យើងនេះ វាមិនទៀងទាត់ មិនឋិតឋេរចេរកាលទេ ពេលណាមួយ ថ្ងៃណាមួយ ខែណាមួយ ឆ្នំាំណាមួយ យើងត្រូវចាកចេញពីលោកនេះ ដូចពាក្យលោកពោលទុកថា មនុស្សសត្វ រុក្ខជាតិនានា មិនមានសេចក្ដីស្លាប់មិនទេ, មិនមានពេលណា ថាមនុស្ស សត្វមិនស្លាប់មិនទេ, មិនមានកន្លែងណា មនុស្ស សត្វមិនស្លាប់មិនទេ ហើយថ្ងៃនោះ ពេលនោះ ប្រាកដជាកើតឡើងចំពោះខ្លួនយើងប្រាកដណាស់ ដែលយើងមិនអាចដឹងទុកជាមុនបាន អាចជាថ្ងៃនេះ ឬថ្ងៃស្អែក សប្ដាហ៍នេះ ឬសប្ដាហ៍ក្រោយ ខែនេះ ឬខែក្រោយ ឆ្នាំនេះ ឬឆ្នាំក្រោយក៏ថាបាន។

តើនរណាដឹងទៅហ្ន៎ថា អាចយប់នេះគឺជាយប់ចុងក្រោយ ឬសេចក្ដីស្លាប់នឹងមកមុនថ្ងៃស្អែករបស់យើង។ ពេលណា មើលឃើញពីសភាពបែបនេះ គួរណាស់តែសួរចិត្តខ្លួនឯងថា តើយើងសុខចិត្តយល់ព្រមនឹងរៀបចំខ្លួនដើម្បីចាកចេញពីលោកនេះ ឬបើថ្ងៃនោះមកដល់មែន? បើមិនទាន់សុខចិត្តយល់ព្រមទេ ចិត្តនៅព្រួយបារម្ភមនុស្សជាទីស្រឡាញ់ ឬចិត្តនៅជាប់ជំពាក់លើទ្រព្យសម្បត្តិផ្សេងៗច្រើនពេក យើងក៏គួរប្រើពេលវេលាមុនចូលដេកនេះ រៀនហ្វឹកហាត់ លត់ដំ អប់រំចិត្ត ឲ្យចេះទំនេរ ឬមានឥស្សរៈ ពីមនុស្សជាទីស្រឡាញ់ ទ្រព្យសម្បត្តិជាទីជាប់ចិត្តផ្សេងៗ ទុកដូចជាយប់នេះថា ជាយប់ចុងក្រោយបំផុតសម្រាប់យើងទៅចុះ។   

ដំបូងៗ អាចធ្វើរៀងពិបាកបន្តិច ប៉ុន្តែពេលណាបានធ្វើញឹកញយ ញឹកញាប់ទៅ ចិត្តក៏មានឥស្សរភាពងាយស្រួលឡើង។ ខណៈពេលដូចគ្នានេះ ប្រសិនណាបើមានរឿងណាមួយដាក់ចុះ ទម្លាក់ចោលដោយលំបាក ព្រោះនៅចាត់ចែងមិនទាន់បានស្រេចបាច់នោះ ឬនៅមានភារកិច្ចម្យ៉ាងដែលត្រូវកំពុងបានរាំងស្ទះ ក៏គួរតម្កល់ចិត្តថា ប្រសិនបើថ្ងៃស្អែកនៅមានជីវិតរស់បន្ត នឹងប្រញាប់ប្រញាល់ញាប់ជើងញាប់ដៃធ្វើកិច្ចការទាំងនោះឲ្យស្រេចបាច់ ប៉ុន្តែកុំគិតខ្វល់ខ្វាយជាប់នៅជាមួយកិច្ចការទាំងនោះជ្រុលពេក ទាល់តែដេកមិនលក់ តែទុកភារកិច្ចទាំងនោះថា ជារបស់ថ្ងៃស្អែកវិញទៅចុះ។

ចុងក្រោយ ក៏គួរឧទ្ទិសផ្សាយបុណ្យកុសល និងបំណងប្រាថ្នាល្អៗ ជូនទៅដល់អ្នកមានព្រះគុណរបស់យើង មិនចំពោះតែឪពុកម្តាយ គ្រូឧបជ្ឈាយ៍ ឬញាតិសាច់សាហិតប៉ុណ្ណោះទេ តែគួររួមទៅដល់មិត្តសម្លាញ់ប្អូនបងរួមអាជីពទាំងអស់ រហូតទៅដល់មនុស្សមានឋានៈតូចទាបជាងយើង ព្រមទាំងដោយវ័យ ដោយចំណេះចេះដឹង ឬកិច្ចការ មួយអន្លើទៅដល់សព្វសត្វដែលមានជីវិត ដែលបានជួយឧប្បត្ថម្ភគាំទ្រការពារដល់អាយុជីវិតយើងឲ្យមានផាសុក និងសេចក្ដីសុខចម្រើនមករហូតផងដែរ។ ក្រៅពីនោះ ក៏គួរផ្សាយមេត្តាចិត្តនេះ ទៅដល់គូភាគីករណី ឬបុគ្គលដែលមករំខាន បង្កភាពមួហ្មងចិត្តរបស់យើង មិនថា ជាមនុស្សជិតស្និត ឬអ្នកពីចម្ងាយទេ សូមឲ្យពួកគេទាំងនោះ មានសេចក្ដីសុខ រួចផុតទុក្ខភ័យ រោគាចង្រៃ ឧបទ្រុពផងទាំងឡាយ ឲ្យសះឲ្យជា ឲ្យរបេះចេញពីសរីរឥន្ទ្រីយ៍។

សេចក្ដីមេត្តា ដែលបានសាបព្រោះបណ្ដុះឡើងទុកក្នុងចិត្ត នឹងរំលត់ភាពក្ដៅរោលរាលក្នុងចិត្ត រម្ងាប់សេចក្ដីក្រោធ ស្អប់ខ្ពើម ដែលដុះជាប់មកពេញមួយថ្ងៃ ជួយឲ្យចិត្តយើងស្ងប់ត្រជាក់ និងអាចដេកលក់ដោយមានសេចក្ដីសុខ  ព្រមទាំងភ្ញាក់ឡើងមកថ្ងៃស្អែកមានសភាពរាងកាយស្រស់ស្រាយ និងចិត្តផូរផង់ស្រស់ថ្លាផងដែរ...

អប់រំដោយ
ព្រះគ្រូ វិសាលោ
ប្រភព៖ ធម្មៈ ព្រះត្រៃរ័តន៍

No comments:

Post a Comment