ភិក្ខុទាំងឡាយ!
បាណាតិបាត ដែលសេព(ប្រព្រឹត្ត)កន្លងហើយ ចម្រើនឡើងហើយ ធ្វើឲ្យច្រើនឡើងហើយ
រមែងប្រព្រឹត្តទៅដើម្បីនរក ប្រព្រឹត្តទៅដើម្បីកំណើតសត្វតិរច្ឆាន
ប្រព្រឹត្តទៅដើម្បីប្រេតវិស័យ។ វិបាកកម្ម (ផលនៃអំពើ) របស់បាណាតិបាត
របស់បុគ្គលដែលកើតមកជាមនុស្សនៅស្រាលជាង វិបាកកម្មទាំងឡាយទាំងពួង គឺជាវិបាកកម្មប្រព្រឹត្តទៅដើម្បីអាយុខ្លី។
ភិក្ខុទាំងឡាយ!
អទិន្នាទានៈ ដែលសេពកន្លងហើយ ចម្រើនឡើងហើយ ធ្វើឲ្យច្រើនឡើងហើយ
រមែងប្រព្រឹត្តទៅដើម្បីនរក ប្រព្រឹត្តទៅដើម្បីកំណើតសត្វតិរច្ឆាន
ប្រព្រឹត្តទៅដើម្បីប្រេតវិស័យ។ វិបាកកម្មរបស់អទិន្នាទានៈ
របស់បុគ្គលដែលកើតមកជាមនុស្សនៅស្រាលជាងវិបាកកម្មទាំងឡាយទាំងពួង គឺជាវិបាកកម្មប្រព្រឹត្តទៅដើម្បីបង់ខាតភោគទ្រព្យ។
ភិក្ខុទាំងឡាយ!
កាមេសុមិច្ឆាចារ ដែលសេពកន្លងហើយ ចម្រើនឡើងហើយ ធ្វើឲ្យច្រើនឡើងហើយ
រមែងប្រព្រឹត្តទៅដើម្បីនរក ប្រព្រឹត្តទៅដើម្បីកំណើតសត្វតិរច្ឆាន
ប្រព្រឹត្តទៅដើម្បីប្រេតវិស័យ។ វិបាកកម្មរបស់កាមេសុមិច្ឆាចារ
របស់បុគ្គលដែលកើតមកជាមនុស្សនៅស្រាលជាងវិបាកទាំងឡាយទាំងពួង គឺជាវិបាកកម្មប្រព្រឹត្តទៅដើម្បីបង្កពៀរវេរាដោយសត្រូវ។
ភិក្ខុទាំងឡាយ!
មុសាវាទ ដែលសេពកន្លងហើយ ចម្រើនឡើងហើយ ធ្វើឲ្យច្រើនឡើងហើយ រមែងប្រព្រឹត្តទៅដើម្បីនរក
ប្រព្រឹត្តទៅដើម្បីកំណើតសត្វតិរច្ឆាន ប្រព្រឹត្តទៅដើម្បីប្រេតវិស័យ។
វិបាកកម្មរបស់មុសាវាទ របស់បុគ្គលដែលកើតមកជាមនុស្សនៅស្រាលជាងវិបាកកម្មទាំងឡាយទាំងពួង
គឺជាវិបាកកម្មប្រព្រឹត្តទៅដើម្បីការត្រូវគេពោលមូលបង្កាច់ដោយពាក្យមិនពិត។
ភិក្ខុទាំងឡាយ!
បិសុណាវាទ(ញុះញង់ឲ្យបែកបាក់គ្នា) ដែលសេពកន្លងហើយ ចម្រើនឡើងហើយ ធ្វើឲ្យច្រើនឡើងហើយ
រមែងប្រព្រឹត្តទៅដើម្បីនរក ប្រព្រឹត្តទៅដើម្បីកំណើតសត្វតិរច្ឆាន
ប្រព្រឹត្តទៅដើម្បីប្រេតវិស័យ។ វិបាកកម្មរបស់បិសុណាវាទ
របស់បុគ្គលដែលកើតមកជាមនុស្សនៅស្រាលជាងវិបាកកម្មទាំងឡាយទាំងពួង គឺជាវិបាកកម្មប្រព្រឹត្តទៅដើម្បីជាការបែកចាកពីមិត្តសម្លាញ់។
ភិក្ខុទាំងឡាយ!
ផុរុសវាទ (សម្តីត្រគោះបោះបោក) ដែលសេពកន្លងហើយ ចម្រើនឡើងហើយ ធ្វើឲ្យច្រើនឡើងហើយ
រមែងប្រព្រឹត្តទៅដើម្បីនរក ប្រព្រឹត្តទៅដើម្បីកំណើតសត្វតិរច្ឆាន
ប្រព្រឹត្តទៅដើម្បីប្រេតវិស័យ។ វិបាកកម្មរបស់ផរុសវាទ
របស់បុគ្គលដែលកើតមកជាមនុស្សនៅស្រាលជាងវិបាកកម្មទាំងឡាយទាំងពួង គឺជាវិបាកកម្មប្រព្រឹត្តទៅដើម្បីជាការបានស្ដាប់សំឡេងដែលមិនជាទីរីករាយ។
ភិក្ខុទាំងឡាយ!
សម្ផប្បលាបវាទ (សម្តីរោយរាយឥតប្រយោជន៍) ដែលសេពកន្លងហើយ ចម្រើនឡើងហើយ ធ្វើឲ្យច្រើនឡើងហើយ
រមែងប្រព្រឹត្តទៅដើម្បីនរក ប្រព្រឹត្តទៅដើម្បីកំណើតសត្វតិរច្ឆាន
ប្រព្រឹត្តទៅដើម្បីប្រេតវិស័យ។ វិបាកកម្មរបស់សម្ផប្បលាបវាទ
របស់បុគ្គលដែលកើតមកជាមនុស្សនៅស្រាលជាងវិបាកកម្មទាំងឡាយទាំងពួង គឺជាវិបាកប្រព្រឹត្តទៅដើម្បីជាវាចាដែលគ្មានបុគ្គលណាមួយជឿស្តាប់។
ភិក្ខុទាំងឡាយ!
ការក្រេបផឹកទឹកស្រវឹងគឺ សុរា និងមេរ័យ ដែលសេពកន្លងហើយ ចម្រើនឡើងហើយ ធ្វើឲ្យច្រើនឡើងហើយ
រមែងប្រព្រឹត្តទៅដើម្បីនរក ប្រព្រឹត្តទៅដើម្បីកំណើតសត្វតិរច្ឆាន
ប្រព្រឹត្តទៅដើម្បីប្រេតវិស័យ។ វិបាកកម្មរបស់បិសុណាវាទ
របស់បុគ្គលដែលកើតមកជាមនុស្សនៅស្រាលជាងវិបាកកម្មទាំងឡាយទាំងពួង គឺជាវិបាកកម្មប្រព្រឹត្តទៅដើម្បីឆ្កួត
ឬវិកលចរិត(ឧម្មត្តកៈ)៕
ប្រភព៖
ធម្មៈ ព្រះត្រៃរ័តន៍
No comments:
Post a Comment