Tuesday, January 31, 2017

និទានរឿងគុណធម៌ “កញ្ចក់ចិត្ត”

មនុស្សយើង នឹងសម្លឹងមើលអ្នកដទៃ ឆ្លងកាត់កញ្ចក់គឺចិត្តខ្លួនឯង។ ប្រសិនបើចិត្តរបស់យើង ថ្លាស្អាត យើងក៏នឹងមើលឃើញតែអំពើល្អ គុណសម្បត្តិរបស់អ្នកដទៃ និងមើលឃើញវត្ថុវិស័យភាពនៅជុំវិញខ្លួនល្អសោភាទៅជាមួយដែរ ប៉ុន្តែបើចិត្តរបស់យើងល្អក់កករវិញនោះ យើងក៏នឹងមើលឃើញតែរូបភាពអាក្រក់ៗ មិនល្អរបស់អ្នកដទៃជានិច្ច ហើយមើលឃើញវត្ថុវិស័យភាព ដែលនៅជុំវិញអាក្រក់ មិនល្អទៅជាមួយដែរ។


មានរឿងនិទានដំណាលថា មានប្តីប្រពន្ធមួយគូ អាស្រ័យរស់នៅក្នុងផ្ទះមួយនៅឯទីក្រុង។ រាល់ៗព្រឹក អ្នកជាប្រពន្ធនឹងលួចចាំមើលអ្នកជិតខាង ទៅតាមកញ្ចក់មាត់បង្អួចជាន់លើ ហើយចាំទូលពិតប្តីឲ្យស្តាប់ជានិច្ចថា អ្នកជិតខាងជាប់ផ្ទះជាមួយម្នាក់នេះ ម្នាក់នោះបោកគក់ខោអាវមិនកើត ខោអាវគគ្រិចខាំងណាស់ មិនដឹងជាប្រើសាប៊ូម៉ាកយីហោអ្វី ឬប្រើវិធីបោកគក់តាមរបៀបណា? ចំណែកប្តីតែងតែនិយាយទៅកាន់ប្រពន្ធជានិច្ចថា កុំទៅចាប់អារម្មណ៍រឿងរបស់អ្នកដទៃអី យើងបោកគក់ខោអាវយើង ឲ្យស្អាតទៅវាចប់បាត់ទៅហើយ។ ប៉ុន្តែប្រពន្ធនៅតែលួចក្លំមើលអ្នកជិតខាង តាមកញ្ចក់មាត់បង្អួចជាន់លើរាល់ព្រឹក ហើយចាំរាយការណ៍ប្រាប់ប្តីខ្លួនដូចសព្វដង។
         
បន្ទាប់មក ថ្ងៃមួយបានរត់ចុះមករាយការណ៍ប្រាប់ប្ដី ដោយអាកប្បកិរិយាចម្លែកចិត្តថា ថ្ងៃនេះមានអ្វីកើតឡើងមិនដឹងទេ សំលៀកបំពាក់អ្នកជិតខាងសស្អាតខុសពីធម្មតា ចង់ដឹងខ្លាំងណាស់ថា គេប្ដូរមកប្រើសាប៊ូម៉ាកយីហោអ្វី ឬមួយគេធ្វើរបៀបណាហ្ន៎? ចំណែកឯប្ដីសើច ហើយនិយាយថា កាលពីព្រឹកមិញនេះ បងបានភ្ញាក់ពីដេកតាំងនៅភ្លឺស្រាងៗ និងបានទៅជួតកញ្ចក់មាត់បង្អួចជាន់លើ រហូតដល់ថ្លាស្អាត មុននេះកញ្ចក់វាគគ្រិចពេក ពេលអូនមើលទៅខាងក្រៅ ម្លោះហើយឃើញតែរូបភាពអាក្រក់ៗ ជានិច្ចជាមួយដែរ។
         
ក្នុងជ្រុងគតិនៃធម៌ មនុស្សយើងនឹងសម្លឹងមើលអ្នកដទៃ ឆ្លងកាត់តាមកញ្ចក់គឺ ចិត្តខ្លួនឯង ប្រសិនបើចិត្តរបស់យើងថ្លាស្អាត យើងក៏សម្លឹងមើលឃើញតែអំពើល្អ គុណសម្បត្តិរបស់មនុស្សដទៃ និងសម្លឹងឃើញវត្ថុវិស័យភាពដែលនៅជុំវិញខ្លួនល្អ ស្អាតទៅជាមួយដែរ ប៉ុន្តែបើចិត្តរបស់យើងល្អក់កករ យើងនឹងមើលឃើញតែរូបភាពអាក្រក់ៗ មិនល្អរបស់អ្នកដទៃ និងសម្លឹងមើលឃើញវត្ថុវិស័យភាព ដែលនៅជុំវិញខ្លួនមិនល្អ អាក្រក់ទាំងអស់ទៅជាមួយផងដែរ។ ការណ៍ដែលយើងមើលឃើញរូបភាពល្អ ឬអាក្រក់ដែលនៅជុំវិញខ្លួនរបស់យើង តាមពិតទៅ វត្ថុវិស័យភាពដែលយើងមើលឃើញ វាកើតមានឡើងនៅក្នុងចិត្តរបស់យើងនេះឯង។ ដូចនោះ យើងត្រូវព្យាយាមហ្វឹកហាត់ចិត្ត ធ្វើចិត្តឲ្យថ្លាស្អាត ប្រាសចាកកិលេសតណ្ហាឲ្យបានច្រើនបំផុត ព្រោះបើបណ្ដែតបណ្ដោយឲ្យចិត្តល្អក់កករ ខ្វល់ខ្វាយច្រើន នឹងជះផលវិបាកឲ្យយើងគិតអាក្រក់ ប្រើអារម្មណ៍ មើលឃើញតែវត្ថុវិស័យភាព ដែលនៅជុំវិញខ្លួន សុទ្ធតែអាក្រក់ទាំងអស់ និងគ្រប់ពេលវេលា និងកើតទុក្ខមិនសុខចិត្ត ជាប់មកជាមួយផងដែរ ប៉ុន្តែបើបានអប់រំហ្វឹកហាត់ចិត្ត ធ្វើចិត្តឲ្យថ្លាស្អាត នឹងហុចផលឲ្យយើងគិតល្អ ប្រើប្រាស់បញ្ញា សម្លឹងមើលឃើញវត្ថុវិស័យភាពដែលនៅជុំវិញខ្លួន សុទ្ធតែល្អស្អាតទាំងអស់ ហើយនឹងមានសេចក្ដីសុខមកជាមួយផង នៅក្នុងទីបំផុត៕
 ------------------------------------
ប្រភព៖ tammastory.blogspot
ប្រែ. លឿង ចាន់

No comments:

Post a Comment